អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​ផ្តើម​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៤ មិថុនា។ លោក​អាបេ​គ្រោង​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី និង​ប្រមុខ​សាសនាអ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី។ គេ​នៅ​មិន​ទាន់​ដឹង​ពី​គោលដៅ​នៃ​ទស្សនកិច្ច​របស់​លោក​អាបេ​នៅ​អ៊ីរ៉ង់​ទេ។ អ្វី​ដែល​គេ​ដឹង ទស្សនកិច្ច​មួយ​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​កំពុង​ឡើង​ដល់​កំពូល​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា ជប៉ុន​អាច​ដើរ​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា តើ​ប្រទេស​មហាយក្សអាស៊ី​មួយ​នេះ​មាន​ទឹកមាត់ប្រៃ​ត្រឹមណា និង​មាន​ឥទ្ធិពល​កម្រិត​ណា​ដែរ​ក្នុង​ការ​បង្រួបបង្រួម​អ៊ីរ៉ង់ និង​អាមេរិក?។

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ
នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ JOE KLAMAR / AFP
ផ្សាយពាណិជ្ជកម្ម

រឿង​ចាប់​បង្ខំ​អាមេរិក​ឲ្យ​ល្អូតល្អឺន​ជាមួយ​អ៊ីរ៉ង់ ឬ​មួយ​ក៏​ចាប់​បង្ខំ​អ៊ីរ៉ង់​ឲ្យ​ទន់ភ្លន់​ជាមួយ​អាមេរិក​ប្រហែល​ជា​ពិបាក​បន្តិច ព្រោះ​វា​មិន​ខុស​អ្វី​នឹង​ការ​ព្យាយាម​បញ្ចូល​ទឹក និង​ប្រេង​ឲ្យ​រលាយ​ចូល​គ្នា​ទេ។ តែ​បើ​និយាយ​ពី​ការ​បញ្ចុះបញ្ចូល​សត្រូវ​ទាំង​ពីរ​ឲ្យ​បន្ថយ​ការ​សង្កៀត​ធ្មេញ​ដាក់​គ្នា​វិញ​ប្រហែល​ជា​អាច​មាន​សង្ឃឹម​ខ្លះ។ នេះ​ហើយ​ជា​បេសកកម្ម​ការទូត​មួយ​ដ៏​ពិបាក​ដែល​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​កំពុង​សាកល្បង​បំពេញ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី១៤ មិថុនា។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល​ជាង ៤០ឆ្នាំ ពោល​តាំង​ពី​ការ​ប្រសូត្រ​បដិវត្ត​អ៊ីស្លាម​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ ដែល​មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ម្នាក់​ដាក់ជើង​ជាន់​លើ​ទឹកដី​ជង្រុក​ប្រេងកាត​នៅ​ដើមបូព៌ា​មួយ​នេះ។

តាម​ពិត​ទៅ គឺ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ទេ​តើ​ដែល​បាន​ស្នើ​ចុង​មាត់ ចុង ក ឲ្យ​លោក​អាបេ​ជួយ​ធ្វើ​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ។ គួរ​រម្លឹក​ថា តាំង​ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ និង​តាំង​ពី​រដ្ឋបាល​របស់​លោក​ត្រាំ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​មក ក្រុង​តេហេរ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​ការ​ផ្ទុះ​សង្រ្គាម​ដាក់​គ្នា​ជា​យថាហេតុ នោះ​បើ​ទោះ​បី​ជា​ភាគី​នីមួយៗ​បាន​ប្រកាស​ពី​ការ​មិន​ចង់​មាន​សង្រ្គាម​ក៏​ដោយ។ ហេតុអ្វី​បាន​ជា​អាមេរិក​ងាក​រក​ជប៉ុន​ឲ្យ​ជួយ​អន្តរាគមន៍ និង​ថា ហេតុអ្វី​បាន​ជា​ជប៉ុន​យល់ព្រម​ធ្វើ​អាជ្ញាកណ្តាល?។ ចូរ​កុំ​ភ្លេច​ថា ជប៉ុន​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ក៏​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ដែរ។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ជប៉ុន​មាន​នយោបាយការទូត​ផ្ទាល់ខ្លួន​ចំពោះ​តំបន់​មជ្ឈិមបូព៌ា​ដោយ​មិន​ត្រូវ​ការ​ចម្លង​មេរៀន​ពី​ប្រទេស​មហាអំណាច​ណា​មួយ ហើយ​ក៏​មិន​ត្រូវ​ការ​ឲ្យ​ប្រទេស​មហាអំណាច​ណា​មួយ​ផ្តល់​មេរៀន​ឲ្យ​ខ្លួន​ដែរ។ គឺ​ជំហរ​អព្យាក្រឹត​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​លោក​អាបេ​ស្ថិត​នៅ​ទីតាំង​កណ្តាល​មួយ​ល្អ​ណាស់​ដើម្បី​អាច​និយាយ​ជាមួយ​អ៊ីរ៉ង់​ផង និង​អាមេរិក​ផង។ ថ្នាក់ដឹកនាំ​ក្នុង​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ច្បាស់ៗ​រួច​ហើយ​ថា ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​របស់​លោក​អាបេ​ពេល​នេះ មិនមែន​ធ្វើ​ឡើង​ក្នុង​នាម​ជា​អ្នក​នាំ​ពាក្យ​របស់​លោក​ត្រាំ​ទេ ហើយ​ក៏​មិន​បាន​នាំ​ទៅ​ជាមួយ​នូវ​បញ្ជីទាមទារ ឬ​អនុសាសន៍​អ្វី​ពី​រដ្ឋបាល​របស់​លោក​ត្រាំ​ដែរ។

ក៏​ប៉ុន្តែ គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ទោះ​បី​ជា​ក្រុង​តូក្យូ​បាន​អួតអាង តាំង​ខ្លួន​ជា​អ្នក​មាន​ទំនាក់ទំនង​ល្អ និង​យូរ​លង់​ជាមួយ​ក្រុង​តេហេរ៉ង់ ហើយ​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច និង​រឹងមាំ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ជប៉ុន​អាច​មាន​ទឹកមាត់ប្រៃ និង​មាន​ឥទ្ធិពល​ក្នុង​ការ​រំងាប់​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​បាន​ទេ។ ទន្ទឹម​គ្នា​នេះ ជប៉ុន​ក៏​មិន​អាច​ទុក​ប្រយោជន៍​ផ្ទាល់​ខ្លួន​មួយ​កន្លែង​ដែរ ព្រោះ​ក្នុង​នាម​ជា​ប្រទេស​ក្សត់​ធនធាន​ធម្មជាតិ ជប៉ុន​ត្រូវ​ការ​ប្រេង​ពី​បណ្តា​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​ដែល​មាន​អ៊ីរ៉ង់​មួយ​ដែរ។ ជប៉ុន​យល់​មិន​ច្រឡំ​ទេ​ថា ក្នុង​ពេល​ដែល​ជម្លោះ​នៅ​ទីប្រជុំ​កោះ​គូរីល​រវាង​ខ្លួន និង​ប្រទេស​រុស្ស៊ី​កំពុង​បន្ត​ជាប់គាំង​គ្មាន​ច្រក​ចេញ ខ្លួន​ត្រូវ​ការ​ចាំ​បាច់​នូវ​សន្ទុះ​ការទូត​អន្តរជាតិ​មួយ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​មើល​ឃើញ​ថា

ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​របស់​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​អាបេ​ជា​ឱកាស​ដ៏​កម្រ​មួយ​ដើម្បី​ដើរ​តួនាទី​ជា​រដ្ឋបុរស​នៅ​លើ​ឆាកអន្តរជាតិ។ ជប៉ុន​ដែល​មិន​ធ្លាប់​បាន​ដើរ​តួនាទី​សកម្ម​នៅ​ក្នុង​បញ្ហា​នៅ​មជ្ឈិមបូព៌ា​បាន​ដឹង​ជា​មុន​ថា ជម្លោះ​នៅ​ក្នុង​តំបន់​មួយ​នេះ​ច្រើន​ជា​ជម្លោះ​អូសបន្លាយ ស្មុគស្មាញ រ៉ាំរ៉ៃ និង​មិន​ងាយ​ដោះស្រាយ ដូច​ករណី​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ តែ​អ្វី​ដែល​ជា​បន្ទាន់​នៅ​ចំពោះ​ជម្លោះ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​អាបេ​ចង់​សាក​ល្បង​ប្រើ​កាណាល់​ការទូត​របស់​ខ្លួន​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ប្រឈម​មុខ​ផ្លូវ​សង្រ្គាម។ លោក​អាបេ​សង្ឃឹម​ថា​យ៉ាង​ហោច​ណាស់ ក៏​អាច​ជួយ​ឲ្យ​អ៊ីរ៉ង់ និង​អាមេរិក​បន្ត​រក្សា​ទំនាក់ទំនង​រវាង​គ្នា​ជា​ជាង​អង្គុយ​បែរ​ខ្នង​ផ្លោង​សម្តី​ដាក់​គ្នា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ