អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ១២មិថុនា​នេះ គឺ​ជា​ថ្ងៃ​គម្រប់​១ឆ្នាំ​គត់​នៃ​ជំនួបកំពូល រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​នេះ​បាន​ធ្វើ​ឲ្យ​គេ​ដាក់​ក្តី​សង្ឃឹម​មិន​តិចទេ​ថា ការ​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​អាច​នឹង​មាន​​ដំណោះស្រាយ ហើយ​​អាច​នឹង​ឈាន​ទៅ​ដល់​ការ​បិទបញ្ចប់​ជា​ផ្លូវការ​នៃ​សង្រ្គាម​កូរ៉េ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ក្តីសង្ឃឹម​បាន​ត្រឹមតែ​ជា​ការ​ខកចិត្ត ហើយ​អ្វីៗ​ហាក់ដូចជា​កំពុងតែ​ត្រូវ​ជាប់គាំង​ទាំងស្រុង។

លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន ក្នុង​អំឡុង​ជំនួបកំពូល នៅសិង្ហបុរី ថ្ងៃទី១២ មិថុនា ២០១៨
លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន ក្នុង​អំឡុង​ជំនួបកំពូល នៅសិង្ហបុរី ថ្ងៃទី១២ មិថុនា ២០១៨ SAUL LOEB / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​​បើក​ធ្វើ​ជំនួបកំពូល នៅ​សិង្ហបុរី កាល​ពីថ្ងៃ​ទី១២​មិថុនា ឆ្នាំ២០១៨ ថ្វីដ្បិត​តែ​គេ​នៅ​នឹកឃើញ​ អំពី​ភាព​រអាក់រអួល​មិនចេះ​ចប់ នៅ​ក្នុង​ដំណើរការ​ចរចា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង កាល​ពី​ពេល​កន្លងមក ក៏ប៉ុន្តែ ទោះ​ជា​យ៉ាងណា គេ​នៅតែ​ដាក់​ក្តី​សង្ឃឹម​ច្រើន​ ដោយសារ​តែ​​វា​ជា​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​​មួយ ដែល​មិន​ធ្លាប់​មាន​ពីមុន ហើយ​នៅ​ក្នុង​អំឡុង​ជំនួបកំពូល​នេះ ប្រមុខដឹកនាំ​ទាំងពីរ​បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​មិន​ធ្លាប់មាន ហើយ​ថែម​ទាំង​បាន​ធ្វើការ​សន្យា​ជាច្រើន​នឹងគ្នា។

ជាការពិតណាស់​ថា ការ​សន្យា​នៅ​សិង្ហបុរី​នោះ វា​មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង ហើយ​​មិន មាន​អ្វី​ដែល​ជាក់​លាក់​​នៅឡើយ តែ​គេ​ចាត់ទុក​ថា​ វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ សម្រាប់​ការ​ចរចា​នៅ​ក្នុង​ដំណាក់​កាល​បន្ទាប់ៗ​ទៅទៀត ហើយ​គេ​នាំគ្នា​ដាក់​ក្តីរំពឹង​ថា កិច្ចព្រមព្រៀង​មួយ​អាច​នឹង​ត្រូវ​ភាគី​ទាំងពីរ​រកឃើញ នៅ​ពេល​ដែល​ប្រមុខ​ដឹកនាំ​ទាំងពីរ​ជួប​គ្នា​សា​ជាថ្មី។

ជាង៨ខែ​ក្រោយ​ម​ក នៅ​ខែ​កុម្ភៈ​ឆ្នាំ២០១៩ លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន ក៏​បាន​ជួបគ្នា​សាជាថ្មី​ម្តងទៀត នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក៏ប៉ុន្តែ ផ្ទុយ​ពី​ការ​រំពឹង​ទុក ជំនួបកំពូល​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយ​ប្រមុខដឹកនាំ​ទាំងពីរ​​ចរចា​មិន​ត្រូវ​គ្នា រហូត​មាន​ការ​ដើរចេញ​ពីការ​ចរចា មុន​ពេល​ជំនួបកំពូល​ត្រូវ​បិទ​បញ្ចប់​ទៅទៀត។

ចាប់​ពីពេលនោះមក អ្វីៗ​ចាប់ផ្តើម​វិលត្រឡប់​ទៅ​រក​គន្លង​ផ្លូវ​ដូច​ពី​មុនវិញ។ កូរ៉េ​ខាងជើង​ដែល​ធ្លាប់​តែ​មាន​ពាក្យ​សម្តី​ទន់ភ្លន់​ជាមួយ​អាមេរិក ក៏​បែរ​ជា​ដំឡើង​សំឡេង​បរិហារ​រិះគន់​អាមេរិក​ដូច​ពី​មុន​វិញ ដោយ​បាន​ចោទ​អាមេរិក​ថា “គ្មានសុឆន្ទៈ​ក្នុងការ​ចរចា” ហើយ​ចាត់​ទុក​​ឥរិយាបថ​អាមេរិក​នៅ​ក្នុងការ​ចរចា​គ្នា​នេះ​ថា​ប្រៀបដូចជា “បងធំ”។

បន្ថែម​ពីលើ​នេះ​ទៅទៀត កូរ៉េ​ខាងជើង ដែល​បាន​ផ្អាក​រាល់​ការ​សាកល្បង​មីស៊ីល​បាលីស្ទិក​​តាំង​ពី​ចុងឆ្នាំ២០១៧​មក​នោះ ក៏​បាន​ចាប់ផ្តើម​​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​ឡើងវិញ កាល​ពី​ខែ​មុននេះ។

ជា​ផ្លូវការ ​ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង ក៏​ដូចជា​លោក​ដូណាល់ ត្រាំ ​នៅ​តែ​បង្ហាញ​ពី​ជំហរ​ចង់​បន្ត​ចរចា​ដូចគ្នា។ ក៏ប៉ុន្តែ មន្រ្តី​​មួយ​ចំនួន នៅ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ធ្លាប់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា ចាប់តាំង​ពី​បរាជ័យ​នៅ​ហាណូយ​មក កូរ៉េ​ខាង​ជើង​បាន​បញ្ឈប់​រាល់​ការ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក ទាំង​ការ​ទាក់ទង​ រវាង​ថ្នាក់ដឹកនាំ​កំពូល និង​ទាំង​ការ​ទាក់ទង រវាង​គណៈប្រតិភូ​ទទួល​បន្ទុក​ចរចា​ទ្វេភាគី។

ផ្ទុយ​ទៅវិញ របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​បានប្រើប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ខ្លួន ដើម្បី​ធ្វើការ​វាយប្រហារ​លើ​អាមេរិក ដោយ​បាន​ទាមទារ​ឲ្យ​ដក​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ ហើយ​ព្រមទាំង​បាន​គំរាម​ថា​នឹង​ដើរ​ចេញ​ពី​ការចរចា ហើយ​ទៅ​រក​ “ផ្លូវថ្មី” ប្រសិន​បើ​អាមេរិក​មិន​ផ្លាស់ប្តូរ​ជំហរ​​របស់​ខ្លួន​នៅ​មុន​ដំណាច់​ឆ្នាំ២០១៩​​នេះ។

នៅល្ងាចថ្ងៃ​អង្គារ ១១មិថុនា លោក​ដូណាល់ ត្រាំ បាន​អះអាង​ថា លោក​បាន​ទទួល "លិខិតដ៏ល្អ" មួយ​ច្បាប់​ពី​លោក​គីម ជុងអ៊ុន។

ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ គេ​នៅតែ​មិនទាន់​ឃើញ​សញ្ញា​ណាមួយ​​នៅឡើយថា ភាគី​ទាំងពីរ​​សុខចិត្ត​ធ្វើ​សម្បទាន​​ឲ្យ​គ្នា​ទៅវិញទៅមក នៅ​ក្នុង​ទំហំ​មួយ​​គ្រប់គ្រាន់​ល្មម​នឹង​អាច​​នាំ​ទៅ​ដល់​ការ​ចរចា​មួយ ដែល​អាច​ចេញ​ជា​កិច្ចព្រមព្រៀង​នឹង​គ្នា។

បើ​យើង​ស្តាប់​តាម​ការ​បកស្រាយ​របស់​ភាគី​ម្ខាងៗ បរាជ័យ​​នៅ​ហាណូយ និង​ការ​ជាប់​គាំង​​ក្នុង​ដំណើរការ​ចរចា​រហូត​មក​ទល់​នឹង​ពេលនេះ គឺ​ដោយសារ​តែ​ភាគី​ទាំងពីរ​មាន​ទស្សនៈ​ផ្ទុយគ្នា​ទាំងស្រុង ទៅលើ​ដំណើរការ​នៃ​ការ​​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ។

កូរ៉េ​ខាងជើង​ទាមទារ​ឲ្យ​ធ្វើ​ជា​ដំណាក់កាល ដោយ​ក្នុង​ដំណាក់កាល​នីមួយៗ​ កូរ៉េ​ខាង​ជើង​បិទ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មួយ​ផ្នែក ហើយ​ជា​ថ្នូរ​មកវិញ អាមេរិក​ក៏​ត្រូវតែ​ដក​ទណ្ឌកម្ម​ចេញ​វិញ​មួយ​ផ្នែក​ដូចគ្នា។

អាមេរិក​វិញ​ទាមទារ​ឲ្យ​​កូរ៉េ​ខាងជើង​បិទបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងស្រុង ដោយ​​មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់​ថា កម្មវិធី​នុយក្លេអ៊ែរ​នេះ​មិន​អាច​ចាប់ផ្តើម​ឡើងវិញ​បាន ទើប​សុខចិត្ត​ដក​ទណ្ឌកម្ម​ចេញ​វិញ​ទាំងស្រុង​ដូចគ្នា។ យើង​អាច​យល់​បាន​ថា ការណ៍​ដែល​អាមេរិក​ទាមទារ​បែបនេះ គឺ​ដោយសារ​តែ​អាមេរិក​មិន​ទុកចិត្ត​ ខ្លាច​កូរ៉េ​ខាងជើង​យកការ​ចរ​ចា​នេះ​ធ្វើ​ជា​ល្បិចកល ដើម្បី​ដក​សម្ពាធ​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​អូសបន្លាយពេល ក្នុងការ​អភិវឌ្ឍកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​តទៅមុខទៀត។

មែនទែនទៅ បើទោះបីជា​​អាមេរិក និង​កូរ៉េ​ខាងជើង អាច​វិលត្រឡប់​មក​រក​តុចរចា​​ឡើង​វិញ ​ហើយ​រហូត​ដល់​មាន​ការ​បើក​ធ្វើ​ជំនួបកំពូល​​ រវាង​​​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន សាជាថ្មី​ទៀត​ក៏ដោយ ក៏គេ​ពិបាក​នឹង​រំពឹង​ថា ភាគី​ទាំងពីរ​អាច​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក ដែល​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​​បិទបញ្ចប់វិបត្ត​នុយក្លេអ៊ែរ​​ជា​ស្ថាពរ​បាន​នោះដែរ ដោយសារ​តែ​ភាគី​មាន​គោលដៅ​ជា​យុទ្ធសាស្រ្ត​ពីរ​ដែល​ដើរ​បញ្ច្រាសគ្នា គឺ​អាមេរិក​នឹង​មិន​សុខចិត្ត​ឲ្យ​កូរ៉េ​ខាងជើង​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ ចំណែក​ឯ​កូរ៉េ​ខាងជើង​វិញ​មិន​សុខចិត្ត​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ ដែល​ខ្លួន​ចាត់​ទុក​ថា​​ជា​ចំណុច​ស្លាប់​រស់​របស់​ខ្លួន ដែល​មិន​អាច​បោះបង់​ចោល​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ