ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

លោក​ខាមេណី​​ប្រាប់​លោក​អាបេ​ថា ​លោក​ដូណាល់ត្រាំមិន​សក្តិសម​នឹង​បាន​សារ​ឆ្លើយឆ្លង​ពីលោកទេ

media  
ប្រមុខដឹកនាំសាសនា​អ៊ីរ៉ង់ លោក Ali Khamenei ទទួលជួប​ជាលើកទី១ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅរដ្ឋធានី​តេហេរ៉ង់ ថ្ងៃទី ១៣​មិថុនា ២០១៩ ©Official Khamenei website/Handout via REUTERS

លោក​ស្ហ៊ីនហ្សូ អាបេ នៅថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី ជប៉ុន​ដំបូងគេ​ដែល​បាន​ចូលជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​សាសនា​កំពូល​របស់​អ៊ីរ៉ង់ នៅក្នុង​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ភាពតានតឹង​រវាង​វ៉ាស៊ីនតោន​ហើយ​និង​ទីក្រុង​តេហេរ៉ង់។ ប៉ុន្តែ ឆ្លើយតប​នឹង​លោកនាយករដ្ឋមន្រ្តី ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ជាអ្នកនាំសារ របស់​លោកដូណាល់ ត្រាំ ប្រមុខដឹកនាំ​សាសនា​អ៊ីរ៉ង់ លោក អាលី ខាមេណី បាន​និយាយ​ថា លោកដូណាល់ ត្រាំ មិនសក្តិសម​នឹង​ទទួល​បាន​សារឆ្លើយឆ្លង​ពី​លោក​នោះទេ។

 

ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់ បាន​បដិសេធ មិនទទួល​យកសំណើ​ចរចា​ជាមួយ​អាមេរិក និង​មិន​ផ្ញើសារ ឆ្លើយតប​ទៅ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ វិញទេ មិនថា នៅពេលនេះ ឬ​ទៅ​ថ្ងៃអនាគត។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានអ៊ីរ៉ង់ Fars។

នៅក្នុង​ជំនួប​ពិភាក្សា​នៅថ្ងៃ នេះ ជាមួយ លោកនាយករដ្ឋមន្រ្តី ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ ដែល​បាន​នាំយក​សារ របស់​លោក​ប្រធានាធិបតី ដូណាល់​ត្រាំ លោក​អាលី ខាមេណី ប្រមុខ​សាសនា​អ៊ីរ៉ង់ បាន​ឆ្លើយតបថា លោកដូណាល់ ត្រាំ ជាមនុស្ស​ដែល​មិន​សក្តិសម​នឹង​ទទួល​បាន​សារឆ្លើយឆ្លើយ​ពី​លោកនោះទេ។

សម្រាប់​ប្រមុខ​សាសនា​អ៊ីរ៉ង់ អាលី ខាមេណី អ៊ីរ៉ង់​នឹង​មិន​បង្កើត​ឲ្យ​មាន​សាជាថ្មី បទពិសោធន៍​ដ៏ល្វីងជូចត់ នៃ​ការចរចា​ជាមួយ​អាមេរិក​នោះទេ ព្រោះថា អ៊ីរ៉ង់ មិនជឿថា អាមេរិក​នឹង​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការចរចា​ជាមួយអ៊ីរ៉ង់។

យោងតាម ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ ដដែល មេដឹកនាំ​កំពូល​របស់​បដិវត្ត​អ៊ីរ៉ង់ នៅ​បាន​ចាត់ទុក​សំដី​របស់ប្រធានាធិបតី​អាមេរិក ថា ជា​ការភូតកុហក នៅពេល​លោកដូណាល់ ត្រាំ និយាយ​ថា លោក​គ្មាន​បំណង​ចង់​ឲ្យ​មាន​ការផ្លាស់ប្តូរ​របប​នៅ​អ៊ីរ៉ង់​នោះ។

ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ ជាអតិថិជន​ទិញប្រេង​សំខាន់​របស់​អ៊ីរ៉ង់ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ​បាន​ធ្វើ​ទស្សនកិច្ច ជាលើកទី១ ក្នុង​នាមជា​មេដឹកនាំ​ជប៉ុន ចាប់តាំង​ពីមាន​បដិវត្តន៍​សាសនា​នៅអ៊ីរ៉ង់។ នៅក្នុង​សន្និសីទ​កាសែត ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាសាន់ រ៉ូហានី នៅថ្ងៃ​ពុធ​ម្សិលមិញ លោកនាយករដ្ឋមន្រ្តី ជប៉ុន​បាន​លើកឡើង​ពី​ការចង់​បាន​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់​ដើមបូព៌ា ហើយ​និង​ការចូលរួម ដើរតួ​សំខាន់ របស់​ជប៉ុន ដើម្បី​កាត់បន្ថយ​ភាពតានតឹង។

ជប៉ុន ដែលនាំចូល​ប្រេង​ប្រមាណ ៥ភាគរយ ពី​ប្រទេស​អ៊ីរ៉ង់ បាន​សម្រេច​ឈប់​ទិញប្រេង​ពីអ៊ីរ៉ង់ តាំង​ពី​ខែ​ឧសភា ទៅតាមហាមឃាត់​របស់​អាមេរិក ដែល​បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សាជាថ្មី​លើ​របបអ៊ីរ៉ង់។ ជប៉ុន​ដែល​មាន​សេដ្ឋកិច្ច ពឹងផ្អែក​សំខាន់ លើ​ការនាំចូល​ទិញប្រេង ពីឈូងសមុទ្រ​ពែរក្ស ប្រាថ្នា​ចង់​ឃើញ​ស្ថិរភាព​នៅក្នុង​តំបន់ ដែល​ពេលនេះ​កាន់តែ​ធ្លាក់ចុះ​ជ្រៅ ទៅ​ក្នុង​ភាពតានតឹង រវាង​អ៊ីរ៉ង់ ជាមួយ​នឹង​អាមេរិក ហើយ​និង​អ៊ីរ៉ង់ ជាមួយ​ប្រទេស​ផលិតប្រេង​មួយចំនួនទៀត នៅក្នុង​តំបន់។

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ អារ៉ាប៊ី សាអូឌីត ប្រទេស​ប្រជែង​ខ្លាំង​របស់​អ៊ីរ៉ង់ បាន​គំរាម​អ៊ីរ៉ង់​ផងដែរ ពី​ផលវិបាក​ធ្ងន់ធ្ងរ បន្ទាប់​ពី​ក្រុមឧទ្ទាម ហ៊ូទី នៅ​ប្រទេស​យេម៉ែន ដែល​គាំទ្រ​ដោយ​យោធា​អ៊ីរ៉ង់ បាន​បាញ់​មីស៊ីល​សំដៅ ព្រលានយន្តហោះ អារ៉ាប៊ី សាអូឌីត និង​ធ្វើ​ឲ្យ​មនុស្ស​របួស ២៦នាក់ កាលពីថ្ងៃ​ពុធ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ