អានតួអត្ថបទ
ចិន-អ.ស.ប.

ចិនបានអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិឲ្យទៅទស្សនកិច្ចនៅតំបន់ស៊ីនជាំង

លោក​ចេន ស៊ូ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ពី​ការ​អញ្ជើញ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីសែល បាឈើឡេ​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ស៊ីនជាំង។ តំបន់​ភាគពាយព្យ​នៃ​ប្រទេស​ចិន​មួយ​នេះ​សម្បូរ​ដោយ​ពលរដ្ឋ​អ៊ុយហ្គួរ​រស់នៅ និង​ដែល​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បើ​តាម​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស មាន​ពលរដ្ឋ​អ៊ុយហ្គួរ​ប្រមាណ​ជា ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំ​នៅ​ក្នុង​ជំរំ​លត់ដំ។ តែ​ចិន​ធ្លាប់​បាន​ប្រតិកម្ម​បដិសេធ និង​អះអាង​ជា​ថ្មី​ថា គឺ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រីមីសែល បាឈើឡេ ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ
លោកស្រីមីសែល បាឈើឡេ ឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

« មើល​ឃើញ​ផ្ទាល់ភ្នែក​ទើប​ជឿ។ លិខិត​អញ្ជើញ​មាន​នៅ​លើ​តុ ហើយ​យើង​សង្ឃឹម​រក​ឃើញ​ពេល​វេលា​សមស្រប​មួយ​រវាង​ភាគី​ទាំង​ពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ចេន ស៊ូ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នា​ឱកាស​សន្និសីទកាសែត​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ទន្ទឹម​គ្នា​នេះ លោក​ចេន ស៊ូ​ក៏​បាន​ឆ្លៀត​ឆ្លើយ​បដិសេធ​លើ​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ដែល​ថា រដ្ឋាភិបាល​ចិន​បាន​យក​ជនជាតិ​អ៊ុយហ្គួរ​ប្រមាណ​ជា ១លាននាក់​ទៅ​ឃុំឃាំង​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ។ តាម​លោក​ចេន ស៊ូ ជំរំ​នោះ​មិនមែន​ជា​ជំរំ​លត់ដំ​ទេ តែ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​ក្រុម​យុវជន​ដែល​កំពុង​ប្រឈម​នឹង​មនោគមន៍វិជ្ជា​ជ្រុលនិយម។

ការ​អញ្ជើញ​ឧត្តម​ស្នងការសិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីសែល បាឈើឡេ​ឲ្យ​ចូល​តំបន់​ស៊ីនជាំង​ពី​សំណាក់​ចិន​ពេល​នេះ​ជា​ដំណឹង​ល្អ​មួយ​ដែល​លោកស្រី​បាន​រងចាំ​តាំង​ពី​ខែ​មីនា​មក​ម្ល៉េះ។ តែ​អ្វី​ដែល​លោកស្រី​កំពុង​បន្ត​ចង់​បាន​បន្ថែម​ពេល​នេះ គឺ​ដំណើរ​ទៅ​កាន់​គ្រប់​ទីកន្លែង​ទាំង​អស់​នៅ​ក្នុង​តំបន់​ស៊ីនជាំង​ដោយ​គ្មាន​កំហិត។ អ្នកនាំពាក្យ​របស់​លោកស្រី​មីសែលបាន​ប្រាប់​ឲ្យ​ដឹង​ថា លោកស្រី​មីសែល​កំពុង​បន្ត​ជជែក​ជាមួយ​ភាគី​ចិន​នៅ​ក្នុង​បញ្ហា​នេះ។ ដោយ​ឡែក​នៅ​ក្នុង​ទីក្រុង​ញូយ៉ក អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ មិថុនា​ថា អ្នកទទួល​ខុសត្រូវ​អង្គការសហប្រជាតិ​ម្នាក់​ជា​ជនជាតិ​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ វ៉ូរ៉ុងកូវ​ទទួល​បន្ទុក​ប្រឆាំង​ភេរវនិយម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ស៊ីនជាំង​ក្នុង​សប្តាហ៍​នេះ។

តែ​ដំណើរ​ទៅ​កាន់​តំបន់​ស៊ីនជាំង​របស់​លោក​វ៉ូរ៉ុងកូវ​បាន​រង​ការ​រិះគន់​ខ្លាំង​ពី​អង្គការ Human Rights Watch ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​យល់​ថា អ្នក​ដែល​ត្រូវ​ទៅ​មើល​តំបន់​ស៊ីនជាំង​មិនមែន​អ្នក​ទទួល​ខុសត្រូវ​អង្គការសហប្រជាតិ​ផ្នែក​ប្រឆាំង​ភេរវនិយម​ទេ តែ​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​សិទ្ធិមនុស្ស។ គួរ​រម្លឹក​ថា ស៊ីនជាំង​ដែល​ស្ថិត​ប៉ែក​ភាគពាយព្យ​ប្រទេស​ចិន​សម្បូរ​ដោយ​ពួក​អ៊ុយហ្គួរ​រស់នៅ​ជា​តំបន់​តានតឹង​ខ្លាំង​រវាង​ជាតិពិន្ធុ ពិសេស​រវាង​ពួក​អ៊ុយហ្គួរ និង​ពួក​ហាន​ដែល​ជា​ពលរដ្ឋ​ចិន​សព្វថ្ងៃ។ គឺ​ទើប​តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដែល​រដ្ឋអំណាច​ចិន​បាន​ពង្រឹង​សន្តិសុខ​ក្រោម​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម អ៊ីស្លាមនិយមជ្រុល និង​ការ​ទាមទារ​ផ្តាច់ទឹកដី​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ