ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

ហុងកុង៖សេចក្តីព្រាងច្បាប់របស់លោកស្រីការី ឡាំបានរងការរិះគន់នៅផ្ទៃក្នុងគណបក្សរបស់លោកស្រី

media  
ប្រមុខដឹកនាំហុងកុងលោកស្រីការី ឡាំ Reuters

នៅ​ហុងកុង សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ឲ្យ​ចិន​ប៉េកាំង​កំពុង​បន្ត​ទទួល​រង​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ពី​គ្រប់​ទិសទី។ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស​ក្នុង​ថ្ងៃ​ពុធ ទី១២ មិថុនា​មក ឥឡូវ​នេះ​ការ​ប្រឆាំង និង​ការ​រិះគន់​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​របស់​ប្រមុខដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​បាន​កើត​ចេញ​ពី​ផ្ទៃក្នុង​គណបក្ស​ខ្លួន​ឯង​តែ​ម្តង។ នៅ​ថ្ងៃ​សុក្រ ទី១៤ មិថុនា លោក​ម៉ៃខល តៀន សមាជិក​សភា​គាំទ្រ​ចិនប៉េកាំង​បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​លោកស្រី​ការី ឡាំ​ទម្លាក់​សេចក្តីព្រាងច្បាប់​នោះ​ចោល​វិញ​តែ​ម្តង។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ពលរដ្ឋ​ហុងកុង​ត្រៀម​ធ្វើ​បាតុកម្ម​ជាថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី១៦ មិថុនា​ចុង​សប្តាហ៍​នេះ និង​ត្រៀម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ ទី១៧ មិថុនា​ដើម​សប្តាហ៍​ក្រោយ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ឲ្យ​ចិន​ប៉េកាំង​របស់​លោកស្រី​ការី ឡាំ​នឹង​អាច​អនុម័ត​ចេញ​រួច​ដែរ​ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ហាក់​កំពុង​ទទួល​រង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ពី​មហាជន​ហុងកុង​គ្រប់​ស្រទាប់​វណ្ណៈ រួម​ទាំង​ក្រុម​អ្នកតំណាងរាស្រ្ត​នៅ​ក្នុង​គណបក្ស​របស់​លោកស្រី​ការី ឡាំ​ផង។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត សមាជិកសភា​មាន​ទំនោរ​រក​ចិន​ប៉េកាំង​លោក​ម៉ៃខល តៀន​បាន​អំពាវនាវ​ត្រង់​ជា​ចំហ​ដល់​លោកស្រី​ការី ឡាំ​ឲ្យ​បោះបង់​សេចក្តីព្រាងច្បាប់​នោះ​ចោល​វិញ។ លោក​ម៉ៃខល តៀន​យល់​ថា អ្វីៗ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ក្នុង​ការ​ប្តូរ​ជំហរ​វិញ ហើយ​បើ​លោកស្រី​ឡាំ​ទម្លាក់​សេចក្តីព្រាងច្បាប់​នោះ​ចោល​វិញ លោកស្រី​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន។

ខុស​ពី​លោក​ម៉ៃខល តៀន​ដែល​បាន​ស្នើ​ឲ្យ​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​វិញ លោក​ប៊ែរណារ ចាន់​ដែល​ជា​ទីប្រឹក្សាជាន់ខ្ពស់​របស់​លោកស្រី​ការី ឡាំ​បាន​ស្នើ​ឲ្យ​ពន្យារ​ការ​អនុម័ត។ លោក​ប៊ែរណារ ចាន់​យល់​ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​ប្រញិបប្រញាប់​ដាក់​សេចក្តីព្រាងច្បាប់​ទៅ​ឲ្យ​សភា​ហុងកុង​អនុម័ត​នឹង​មិន​អាច​ទៅ​រួច​ឡើយ។ មិន​អាច​ទៅ​រួច ព្រោះ​គេ​មិន​អាច​បន្ត​ជជែក​លើ​សេចក្តីព្រាងច្បាប់​មួយ​ដែល​កំពុង​បង្ក​ឲ្យ​មាន​ជម្លោះ​តានតឹង​ខ្លាំង​ពេល​នេះ​បាន​ឡើយ។ តាំង​ពី​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​បាតុករ និង​កម្លាំង​ប៉ូលិស​ក្នុង​ថ្ងៃ​ពុធ ទី១២ មិថុនា​មក នេះ​ជា​លើកទី១ ដែល​មាន​សមាជិកសភា​ក្នុង​ក្រុម​សម្លេង​ភាគច្រើន​បាន​ចេញ​មុខ​រិះគន់​ជា​ចំហ​លើ​សេចក្តីព្រាងច្បាប់​របស់​លោកស្រី​ការី ឡាំ។

តែ​គេ​នៅ​មិន​ដឹង​ថា តើ​ប្រតិកម្ម​ចេញ​ពី​គ្នា​ឯង​មួយ​នេះ​នឹង​អាច​ប្តូរ​ជំហរ​របស់​លោកស្រី​ការី ឡាំ​ឬ​អត់​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ពលរដ្ឋ​ហុងកុង​គ្រប់​ស្រទាប់​វណ្ណៈ​មិន​ថយ​ក្រោយ​ទេ​ដោយ​ត្រៀម​ធ្វើ​មហាបាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី១៦ មិថុនា​ចុង​សប្តាហ៍​នេះ និង​បន្ត​ដោយ​កូដកម្ម​នៅ​ថ្ងៃ​ចន្ទ ទី១៧ មិថុនា​ដើម​សប្តាហ៍​ក្រោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ