អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី ប្រមុខ​ដឹកនាំ​ហុងកុង ផ្អាក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន នៅពេលនេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅចំពោះមុខ​បាតុកម្ម​ទាមទារ​ដ៏ធំ មិនធ្លាប់មាន ប្រមុខ​ដឹកនាំ​ហុងកុង នៅថ្ងៃសៅរ៍​ទី ១៥ មិថុនា បាន​ដកថយ​មួយ​ជំហាន ដោយ​បាន​ប្រកាស ផ្អាក សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន ដែល​ជា​ដើមចម នៃ​មហាបាតុកម្ម​របស់​ប្រជាជន​ហុងកុង​មួយ​សប្តាហ៍​មកហើយ។ ប៉ុន្តែ ក្រុមប្រជាធិបតេយ្យ ដែល​ប្រឆាំង​នឹង​ច្បាប់ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន បាន​ប្រកាស​រួចហើយថា ពួកគេ​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​នៅថ្ងៃអាទិត្យ រហូត​ដល់​រដ្ឋាភិបាល សុខចិត្ត លះបង់​ចោល​ទាំងស្រុង ច្បាប់​ដែល​គំរាមកំហែង​ឯករាជ្យភាព​នៃប្រព័ន្ធ​យុត្តិធម៌​ហុងកុង។

ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ​ប្រកាស​ផ្អាក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន ដ៏ចម្រូងចម្រាស នៅថ្ងៃសៅរ៍ ទី ១៥ មិថុនា ២០១៩
ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ​ប្រកាស​ផ្អាក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន ដ៏ចម្រូងចម្រាស នៅថ្ងៃសៅរ៍ ទី ១៥ មិថុនា ២០១៩ © REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត នៅល្ងាច​ថ្ងៃសៅរ៍នេះ ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំបាន​ប្រកាស​ព្យួរ​សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើបត្យាប័ន​ទៅ​ប្រទេស​ចិន។ លោកស្រី ការី ឡាំ​បាន​ថ្លែងថា លោកស្រី​មានអារម្មណ៍​ទុក្ខព្រួយ និង​សោកស្តាយ​ដែល​ឃើញ ចន្លោះ​ខ្វះខាត ក្នុង​ការងារ​របស់​រដ្ឋាភិបាល បានបង្ក​ឲ្យ​មាន​ភាពចម្រូងចម្រាស និង​ជម្លោះ នៅក្នុង​សង្គម​ហុងកុង ដែល​ធ្លាប់តែ​សុខសន្តិភាព។ សម្រាប់​លោកស្រី រដ្ឋាភិបាល​ហុងកុង បាន​គិត​ខុស​ពី​អារម្មណ៍ របស់​ប្រជាជន​ហុងកុង។

តាម​លោកស្រី ការី ឡាំ រដ្ឋាភិបាល នឹង​ចាប់ផ្តើម​ការងារ ស្តាប់ ពិគ្រោះ​យោបល់​ជាមួយ គ្រប់មជ្ឈដ្ឋាន នៅក្នុង​សង្គម​ហុងកុង មុន​នឹង​ធ្វើ​កំណែទម្រង់​ច្បាប់​ធ្វើបត្យាប័ន។ សម្រាប់​ប្រមុខដឹកនាំ​ហុងកុង រដ្ឋាភិបាល​គ្មាន​ចេតនា​កំណត់​ថ្ងៃ​ថ្មី ដើម្បី​ពិភាក្សា​ស្តីពី​ច្បាប់​ធ្វើ​បត្យាប័ន នោះទេ ហើយ ច្បាប់ធ្វើ​បត្យាប័ន ​ក៏ទំនង​ជា​មិនអាច​ត្រូវ​ពិភាក្សា និង​បោះឆ្នោត ឲ្យ​ចេញ​ជា​រូបរាង​ដែរ នៅ​ឆ្នាំ​នេះ។ សភាហុងកុង ដែល​បិទទ្វារ​ដើម្បី​វិស្សមកាល នៅ​ខែ​កក្កដា នឹង​បើកទ្វារ​វិញ នៅខែតុលា។

ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ​ធ្លាប់​បាន​បដិសេធ មិន​លះបង់​ចោល សេចក្តី​ព្រាងច្បាប់​ស្តីពី​បត្យាប័នទៅ​ប្រទេស​ចិន ​ដែល​រដ្ឋាភិបាល​របស់​លោកស្រី បាន​ដាក់​ស្នើ​ឲ្យ​សភា​ហុងកុង បោះឆ្នោត​អនុម័ត។ ដោយសារ​តែ​ហេតុហ្នឹងហើយ បាន​កើត​ផ្ទុះ​មាន​មហាបាតុកម្ម ប្រឆាំង របស់​ប្រជាជន​ហុងកុង​រាប់សែននាក់ កាលពី​ថ្ងៃ​ពុធ កន្លងទៅ។

នៅថ្ងៃ​ព្រហស្បតិ៍ នៅ​ក្រោយ​បាតុកម្ម​ហិង្សា ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រងរបួស ជាង​៧០នាក់ ទាំង​ក្នុង​ចំណោមប៉ូលិស និង​បាតុករ​ហុងកុងកាលពី​ពុធ លោកស្រី ការី ឡាំ ទាំងទឹកភ្នែក បាន​ថ្លែងសារ​សោកស្តាយ​ពី​ហេតុការណ៍​ដែល​កើតឡើង ប៉ុន្តែ នៅពេលនោះ លោកស្រី បាន​ស្តីបន្ទោស ទម្លាក់​កំហុស​ទៅលើ​ក្រុមតវ៉ា​ថា ជាអ្នករៀបចំ កុប្បកម្ម។ ជំហរ​មិន​ផ្លាស់ប្តូរ​របស់​លោកស្រី ប្រមុខ​ដឹកនាំ​ហុងកុង ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន រួមផ្សំ​នឹង​ការប្រើអំពើហិង្សា​ច្រើនជ្រុល​របស់​ប៉ូលិស​ទៅលើ​បាតុករ រឹតតែ​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង​ខឹងក្រោធ និង​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ​មួយទៀត នៅ​ថ្ងៃ​អាទិត្យស្អែកនេះ។

តាមកាសែត​ហុងកុង​លោកស្រី ប្រមុខដឹកនាំ​ហុងកុង ចេញមុខ​មក​ប្រកាស​ផ្អាក ព្យួរ សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើបត្យាប័ន​ទៅ​ប្រទេស​ចិន នៅពេលនេះ ក៏ដោយសារ​តែ លោកស្រី កំពុង​រង​ការរិះគន់ និង​ការដាក់​សម្ពាធ​ពី​សម្ព័ន្ធមិត្ត​របស់​លោកស្រី ក្នុង​រង្វង់​គណបក្ស​កាន់អំណាច ដែល​បាន​ស្តីបន្ទោស លោកស្រី ពី​វិបត្តិ​នយោបាយ​លើក​នេះ។ សមាជិក​សភា​ហុងកុង​មួយចំនួន ដែល​មាន​និន្នាការ គាំទ្រ​ក្រុង​ប៉េកាំង នៅ​បាន​ផ្តល់​យោបល់ ​ដំបូន្មាន​ឲ្យ​លោកស្រី ចាត់វិធានការ រំងាប់​កំហឹង​របស់​មហាជន​ហុងកុង​នៅពេលនេះ។

ការបន្ទន់ជំហរ​របស់​ប្រមុខរដ្ឋាភិបាល មិន​បានរំងាប់កំហឹង​របស់​បាតុករ​ហុងកុង

សម្រាប់​ក្រុមប្រជាធិបតេយ្យ ដែល​ជាអ្នករៀបចំបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ននៅ ហុងកុង ដោយសារតែ លោកស្រី ការី ឡាំ​ប្រកាស​ថា ផ្អាក សេចក្តី​ព្រាង​ច្បាប់ នឹង​អាច​វិល​ត្រលប់​មក​វិញ សាជាថ្មី គ្រប់ពេលវេលា។

ដោយសារ​តែ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាលបោះបង់​ចោល​ទាំងស្រុង ច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន ប៉ុន្តែ មិនមែន​ត្រឹម​តែ​ផ្អាកនោះទេ ក្រុមប្រជាធិបតេយ្យ ហុងកុង បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ហើយនេះ ថា ពួកគេ​នៅ​តែ​ស្លៀកពាក់ខ្មៅ បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះទៀត ពោល គឺ​ រហូត​ដល់​រដ្ឋាភិបាល​យល់ព្រម លះបង់ចោល​ទាំងស្រុង ច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន។

សម្រាប់​ក្រុមប្រជាធិបតេយ្យ​ហុងកុង ច្បាប់​ធ្វើ​បត្យាប័នទៅ​ប្រទេស​ចិន គឺ​ជា លេស​មួយទៀត របស់អំណាច​ចិនប៉េកាំង ក្នុង​ការបង្រ្កាប​សំឡេង​ប្រឆាំង​តវ៉ា នៅហុងកុងតែប៉ុណ្ណោះ។ ពួកគេ​គិតថា ច្បាប់បត្យាប័ននេះ នឹងធ្វើឲ្យ​រលំ​រលាយ នូវ​ឯករាជភាពរបស់​ប្រព័ន្ធ​យុត្តិធម៌​ហុងកុង ដែល​ត្រូវ​បាន​ធានា​ដោយ​កិច្ចព្រមព្រៀង ចិន និង​អង់គ្លេស នៅពេល​ហុងកុង​ត្រូវ​បាន​អង់គ្លេស ប្រគល់​ទៅ​ឲ្យ​ចិន​កាន់កាប់​វិញ កាលពី​ឆ្នាំ ១៩៩៧៕

ហេតុអ្វី​ប៉េកាំង​ដកខ្លួន ដោះដៃ​ពី​ប្រមុខដឹកនាំ​ហុងកុង?

រហូត​មកដល់​ថ្ងៃ​សៅរ៍ ទីក្រុង ​ប៉េកាំង​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ​ទៅ​នឹង​ការសម្រេចចិត្ត​របស់​ប្រមុខដឹកនាំ​ហុងកុង​នៅឡើយទេ។ ប៉េកាំង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ធ្លាប់ បាន​បង្ហាញ ជំហរ នៅ​ខាង​ភាគី​លោកស្រី ប្រមុខរដ្ឋាភិបាល​ហុងកុង ដោយ​បាន​ចាត់ទុក បាតុកម្ម​ហិង្សា កាលពី​ថ្ងៃ​ពុធ ថា ជា​កុប្បកម្ម ដែល​មាន​ការលូកដៃ​ពី​ជនបរទេស។

ប៉ុន្តែ នៅពេល ឃើញ កំហឹង​របស់​ប្រជាជន​ហុងកុង ដែល​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន កាន់តែ​រីកធំឡើង ជាពិសេស​នៅពេល​ឃើញ​ប្រជាជន​ហុងកុង រាប់ពាន់​នាក់ នៅតែប្តេជ្ញាចិត្ត​ខ្ពស់ បន្ត​ធ្វើ​បាតុកម្ម រៀងរាល់​ថ្ងៃ និង​គ្រោង​ធ្វើ​មហាបាតុកម្ម​ទ្រង់ទ្រាយ​ធំ មិនធ្លាប់​មាន នៅថ្ងៃ អាទិត្យ​ស្អែកនេះ ទៀតនោះ ប៉េកាំង បាន​ប្តូរជំហរ​ទៅ​វិញ ដោយ​បាន​ដាក់​ខ្លួន​ឃ្លាតឆ្ងាយ និង​ទម្លាក់​ការទទួល​ខុសត្រូវ​ទាំងស្រុង​ទៅលើ​ប្រមុខ​រដ្ឋាភិបាល​ហុងកុង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អង់គ្លេស នៅ​សប្តាហ៍នេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​មិន​បាន​បញ្ជា ឲ្យ​មាន​កំណែទម្រង់​ច្បាប់​ធ្វើបត្យាប័ន​ទៅ​ប្រទេស​ចិន​នោះទេ។ គឺ​រដ្ឋាភិបាល​ហុងកុង​ដែល​ផ្តួចផ្តើម​គំនិត​នេះ​ដោយខ្លួនឯង នៅក្រោយ មានសំណុំរឿង​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​ជនជាតិ​ហុងកុង នៅ​ទឹកដី​តៃវ៉ាន់។

ទីក្រុង​ហុងកុង​ដែល​ត្រូវ​បាន​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ នៅ​ឆ្នាំ ១៩៩៧  ដោយ​ផ្អែក​លើ​គោលការណ៍​ “ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ” ពោល​គឺ​ហុងកុង​ ត្រូវ​ស្ថិត​នៅ​ជា​តំបន់​មាន​ស្វ័យភាព​ពេញ​លេញ សិទ្ធិ​សេរីភាពជា​មូលដ្ឋាន​គ្រឹះ​របស់​មនុស្ស​ជាតិ​​ និង​មានប្រព័ន្ធ​តុលាការ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​ចិន ​រហូត​ដល់​ឆ្នាំ ២០៤៧។

ដោយ​ដកខ្លួន ឆ្ងាយ​ទៅវិញ ពី​ប្រមុខដឹកនាំ​ហុងកុង នៅ​ក្នុង​សំណុំរឿង​ច្បាប់​ដ៏​ចម្រូងចម្រាស លើកនេះ នេះ​ជា​លើកទី​១ ដែល​ទីក្រុង​ប៉េកាំង សុខចិត្ត ធ្វើ​សម្បទាន នៅចំពោះមុខ ការទាមទារ​របស់​ប្រជាពលរដ្ឋ​ហុងកុង ដែល​ខ្លាចរអា​រហូតមក មិនចង់​ឲ្យ​ប្រព័ន្ធច្បាប់​ឯករាជ្យ របស់​ហុងកុង ធ្លាក់ទៅក្នុង​ដៃ​របស់​ប៉េកាំង។ សម្រាប់​អ្នកវិភាគ​មួយចំនួន ការបន្ទន់ជំហរ​របស់​ប៉េកាំង ដោយ​មិន​លូកដៃ​កាន់តែ​ជ្រៅ ទៅក្នុង​វិបត្តិ​នយោបាយហុងកុង​នៅពេលនេះ អាច​មានជាប់ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​បក្ស​កុម្មុយនិស្តចិន។ គេ​វាយតម្លៃថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​កំពុង​រងការរិះគន់ និង​សម្ពាធ​ពី​ក្រុមប្រជែង​របស់​លោក​នៅក្នុង​បក្ស​កុម្មុយនិស្ត ដោយសារ​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​ការដើរថយក្រោយ​សេដ្ឋកិច្ច​ចិន ទំនង​ជា​គ្មាន​ចេតនា​បង្កើត បង្កាត់រឿង​ថ្មី​នៅ​ហុងកុង ដើម្បី ឲ្យ​ក្រុមប្រឆាំង​នឹង​លោក រឹតតែ​បាន​លេស យក​ទៅ​ប្រើដើម្បី គាបសង្កត់​លោក​នោះទេ។

គេ​វាយតម្លៃថា វិធានការ​ដៃដែកណាមួយ របស់​មេដឹកនាំ​ចិន ដើម្បី​បង្រ្កាប​ប្រជាជន​ហុងកុង ដូចដែ​​ប៉េកាំង​ធ្លាប់​បាន​ធ្វើ នៅ​ទីលាន​ធានអានមេន នឹង​រឹតតែ​ធ្វើ​ឲ្យ​លោក​ស៊ី ជីនពីង​បាត់បង់​ប្រជាប្រិយភាព ហើយ​មិនតែប៉ុណ្ណោះ វា​និង​អាច​បំផ្លាញ បំបាក់​មុខមាត់​ក្រុងពាណិជ្ជកម្ម​​ហុងកុង ដែល​ប៉េកាំង​ប្រើ​ជា​ដៃ សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ