អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ច្បាប់​ធ្វើបត្យាប័ន​ទៅ​ចិន៖ បាតុករ​ហុងកុង​ទាមទារ​ឲ្យ​លោកស្រី​ការី ឡាំ​ចុះចេញ​ពីតំណែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទោះ​ប្រមុខដឹកនាំ​ហុងកុង ដកថយ​មួយជំហាន ដោយ​យល់ព្រម​ផ្អាកទៅវិញ សេចក្តី​ព្រាងច្បាប់​ស្តីពី​ការធ្វើបត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន ប្រជាជន​ហុងកុង​រាប់សែននាក់ បានចុះ​ដើរតាម​ផ្លូវ ដង្ហែរ​ក្បួន​បាតុកម្ម ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ ហុងកុង នៅថ្ងៃ អាទិត្យ។ ប្រជាជន​ហុងកុង ដែល​ភាគច្រើន​ស្លៀកពាក់​ខោអាវ​ខ្មៅ បាន​ទៅ​ដាក់​ផ្កា​ផងដែរ​នៅ​កន្លែង​ដែល​បាតុករ​ម្នាក់​បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ កាលពី​យប់​ថ្ងៃ​សៅរ៍ នៅក្រោយ​ចងបដា ទាមទារ​ឲ្យ​គេលុបចោល ច្បាប់​ធ្វើបត្យាប័ន។ 

ប្រជាជន​ហុងកុង​ធ្វើ​បាតុកម្ម​នៅថ្ងៃទី អាទិត្យ ថ្ងៃទី ១៦ មិថុនា​២០១៩
ប្រជាជន​ហុងកុង​ធ្វើ​បាតុកម្ម​នៅថ្ងៃទី អាទិត្យ ថ្ងៃទី ១៦ មិថុនា​២០១៩ ©REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

តាម​ការព្រាងទុក ប្រជាជន​ហុងកុង​គ្រប់ស្រទាប់​វណ្ណៈ នៅ​ថ្ងៃអាទិត្យ បាន​ចុះថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង ច្បាប់​ធ្វើបត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន។ អ្នករៀបចំ បាតុកម្ម អះអាងថា នឹង​មានមនុស្ស​ច្រើន​ជាង​១លាននាក់ ចូលរួម​ធ្វើ​បាតុកម្ម​នៅថ្ងៃអាទិត្យនេះ។ នៅថ្ងៃ​សៅរ៍​ម្សិលមិញ ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ​បាន​ដកថយ មួយ ជំហាន ដោយ​បាន​ប្រកាស​ផ្អាក​ការធ្វើ​កំណែទម្រង់ សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើបត្យាប័ន​ជនសង្ស័យ​ទៅប្រទេស​ចិន។

ដោយ​សម្រេច​ចិត្ត​ផ្អាក មិន​ធ្វើ​កំណែទម្រង់ ច្បាប់​បត្យាប័ន ទៅ​ប្រទេស​ចិន ប្រមុខដឹកនាំ​ហុងកុង មាន​បំណង ចង់​បន្ថយកំហឹង​តវ៉ា​របស់​ប្រជាជន​ហុងកុង ដើម្បី​ស្តារ​ភាពស្ងប់ស្ងាត់​​ឡើងវិញ ឲ្យហុងកុង។ ប៉ុន្តែ លោកស្រី ការី ឡាំ​គិតខុស​ទាំងស្រុង។ ការសម្រេចចិត្ត​ផ្អាក ដោយ​គ្មាន​កាលកំណត់ ប៉ុន្តែ មិនលុបចោល​ទាំងស្រុង សេចក្តីព្រាងច្បាប់ ធ្វើ​បត្យាប័ន មានតែ​ទៅ​ដុត​កំហឹង​បន្ថែម ផ្តល់​ថាមពលថ្មី ជំរុញ ឲ្យ​ប្រជាជន​ហុងកុង​កាន់តែ​ច្រើន រឹតតែ​មាន​ចិត្ត ចុះថ្នល់ ធ្វើ​បាតុកម្ម​ប្រឆាំង នៅ​ថ្ងៃ​អាទិត្យ។

នៅថ្ងៃ​អាទិត្យនេះ នៅក្នុង​រូបភាព ទ្រង់ទ្រាយ ស្រដៀង​នឹង​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យមុន ប្រជាជន​ហុងកុង រាប់សែននាក់ ពាក់អាវ​ខ្មៅ បាន​ដើរ​ពេញផ្លូវ សំដៅ​ទីស្នាក់ការ​សភា និង​រដ្ឋាភិបាល ក្នុង​សង្កាត់ជំនួញ​របស់​ហុងកុង។ ពួកគេ​ជាច្រើន​បាន​ដើរទៅដាក់​ផ្កា និងអុជធូប​នៅ​កន្លែង ដែល បាតុករ​ម្នាក់ បាន​ធ្លាក់​ស្លាប់ពីលើ​អគារ កាលពី​យប់​ម្សិលមិញ នៅពេល​ឡើង​ទៅ​ចងបដា ដែល​មាន​សរសេរ ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ច្បាប់​ធ្វើ​បត្យាប័ន ទៅ​ប្រទេស​ចិន។

មរណភាព របស់​បាតុករ ហើយ​និង​ជំហរ​រឹងទទឹង​របស់​ប្រមុខដឹកនាំ​ហុងកុង រឹតតែ​ទៅ​បន្ថែម​កំហឹង​របស់​បាតុករ​ហុងកុង និង​ចំណុច​ទាមទារ​របស់​ពួកគេ​បន្ថែមទៀត។ ចំណុច​សំខាន់​ធំ​បី ដែល​បាតុករ​ទាមទារ​ជាទូទៅ នៅ​ថ្ងៃអាទិត្យនេះ គឺ រដ្ឋាភិបាល​ត្រូវ​លុបចោល​ទាំងស្រុង សេចក្តីព្រាងច្បាប់​ធ្វើបត្យាប័ន​ទៅប្រទេស​ចិន។ ទី២ ប៉ូលិស​ត្រូវ​សុំទោស ចំពោះ ការប្រើ​អំពើហិង្សា វាយដំ និង​បាញ់​ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើ​បាតុករ​កាលពី​ពុធ។ នៅក្នុង​ចំណុចទាមទារ​ទី៣ គណបក្ស​ប្រឆាំង និង​ចលនា​ដើម្បី​ជាប្រជាធិបតេយ្យ ដែល​គាំទ្រ​ដោយ​បាតុករ ផងដែរ​នោះ បាន​ស្រែក​ទាមទារ​ឲ្យ​លោកស្រី ការី ឡាំ ចុះចេញ​ពីមុខ​តំណែង ពីព្រោះ ពួកគេ​លែង​ជឿ​លើ​សមត្ថភាព​ដឹកនាំ​របស់លោកស្រី ដែល​ខកខាន​មិន​បាន​សុំទោស បាតុករ ដែល​រងគ្រោះ ដោយសារ ការប្រើកម្លាំងច្រើនជ្រុល​របស់​ប៉ូលិស​ទៅលើ​ហ្វូងបាតុកម្ម កាលពី​ថ្ងៃពុធ។

ប្រជាជន​ហុងកុង​រាប់សែន​ភ្លូកទឹក ភ្លូកដី​ធ្វើ​បាតុកម្ម​សាជាថ្មី​នៅថ្ងៃទី​១៦​មិថុនា ដើម្បី ទាមទារ​ផងដែរ​ឲ្យ​លោកស្រី ការី ឡាំ​ចុះចេញពីតំណែង
ប្រជាជន​ហុងកុង​រាប់សែន​ភ្លូកទឹក ភ្លូកដី​ធ្វើ​បាតុកម្ម​សាជាថ្មី​នៅថ្ងៃទី​១៦​មិថុនា ដើម្បី ទាមទារ​ផងដែរ​ឲ្យ​លោកស្រី ការី ឡាំ​ចុះចេញពីតំណែង REUTERS/Jorge Silva

អ្នករៀបចំ​បាតុកម្ម​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម និង​កូដកម្ម​ជារៀងរាល់ថ្ងៃ នៅហុងកុង

សម្រាប់​អ្នករៀបចំ​បាតុកម្ម ដែល​នាំមុខ​ដោយ​អ្នកនយោបាយ​បក្ស​ប្រឆាំង ក្រុមគាំទ្រ ប្រជាធិបតេយ្យ​នៅ​ហុងកុង បាតុកម្ម​លើកនេះ ជាឱកាស​សំខាន់​មួយ ដែល​ប្រជាជន​ហុងកុង​ត្រូវ​ឆក់យក​ឲ្យ​បាន ដើម្បី​សេរីភាពបញ្ចេញមតិ និង​ប្រព័ន្ធច្បាប់​ឯករាជ្យ នៅ​ហុងកុង ទៅថ្ងៃ​អនាគត។ គេ​បាន​លើកទឹកចិត្ត​ប្រជាជន​ហុងកុង ឲ្យ​បន្ត ធ្វើ​បាតុកម្ម ដើម្បី ដាក់សម្ពាធ​លើ​ប្រមុខដឹកនាំ​ហុងកុង ដែល​ពេលនេះ ហាក់​ចុះ​ខ្សោយ លែង​អាច​គ្រប់គ្រង​វិបត្តិ បានតទៅទៀត។ មានន័យថា បន្ទាប់ពី​បាតុកម្ម​នៅថ្ងៃ​អាទិត្យ ប្រជាជន​ហុងកុង​ទូទាំង​កោះ ត្រូវ​បាន​អំពាវនាវ​ឲ្យ​បន្តធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល តាមរយៈ ការធ្វើ​កូដកម្ម ជាប្រចាំ មិន​ទៅ​ធ្វើការ ឬ​មិន​ទៅ​សាលារៀន ជាដើម ដើម្បី​ដាក់សម្ពាធ ឲ្យ​ប្រមុខដឹកនាំ​ហុងកុង ត្រូវ​តែ លះបង់​ចោលទាំងស្រុង ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន។

បាតុកម្ម​ទ្រង់ទ្រាយ​ធំ របស់​ប្រជាជន​ហុងកុង​លើកនេះ មាន​ទម្ងន់​អាច​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង គឺ​ខុសពី​បដិវត្ត​ឆ័ត្រ របស់​ក្រុមនិស្សិត​ហុងកុង ដែលគ្មាន​បាន​ទទួល​លទ្ធផលអ្វី នៅក្រោយ​កាន់កាប់​សង្កាត់​ជុំវិញ សភា អស់​ជាង ២ខែ កាលពី​ឆ្នាំ ២០១៤។ ខុសពី​បដិវត្ត​ឆ័ត្រ ដែល​មនុស្ស​ចូលរួម​ភាគច្រើន ជា​និស្សិត និង​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត សកល​និង​ដោយ​សេរី ដើម្បី ជ្រើសរើស​មេដឹកនាំ​ហុងកុង បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​លើកនេះ មានការចូលរួម​ពី​មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ។ មនុស្ស​ប្រុសស្រី ចាស់ក្មេង ទាំងអស់​គ្នា​ចូលរួមធ្វើ​បាតុកម្ម ព្រោះ​ពួកគេ​គិតថា អនាគត​សេរីភាព ការរស់នៅ​របស់​ពួកគេ នឹង​ត្រូវ រង​គ្រោះថ្នាក់ បើសិន​ពួកគេ​ឈរឱបដៃ បណ្តែតបណ្តោយ ឲ្យ​ប៉េកាំង ចូលក្រសោប ប្រព័ន្ធ​តុលាការ​ឯករាជ្យ​របស់​ហុងកុង តាមរយៈ ច្បាប់ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន។ នរណាៗ​ក៏ដឹងហើយថា តុលាការ​ចិន គ្មាន​តម្លាភាពទេ។ ការរំលោភអំណាច របស់​ប៉ូលិស​ចិន ដែល​បាន​ចូល​មក​ចាប់ជំរិត អ្នកលក់​សៀវភៅ ប្រឆាំង​របបកុម្មុយនិស្ត ដល់​ទីក្រុង​ហុងកុង នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​គេ​រឹតតែ​បារម្ភ ភ័យខ្លាច​ថា បើសិន​ហុងកុង ធ្វើ​បត្យាប័ន ជនសង្ស័យ ទៅ​ប្រទេស​ចិន នោះ អ្នក​ដែល​អាជ្ញាធរ​ហុងកុង ចាប់បញ្ជូន មិនមែន​ឧក្រិដ្ឋជន សម្លាប់មនុស្ស​ទេ ប៉ុន្តែ គឺ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកជំនួញ មិនថា ជាតិ​ហុងកុង ឬ​សាសន៍​បរទេស រិះគន់​ចិន ដែល​រស់នៅ ធ្វើការ នៅ​ទឹកដី​ហុងកុង និង​ដែល​ប៉េកាំង​ចង់​ចាប់ខ្លួន ទាមទារ​ឲ្យ​ធ្វើ​បត្យាប័ន យក​ទៅ​កាត់ទោស​នៅ​ប្រទេស​ចិន។

មហាបាតុកម្ម​ដែល​អង្រួន​ឲ្យ​រង្គោះរង្គើ តំណែង​ប្រមុខ​ដឹកនាំ​ហុងកុង របស់​លោកស្រី ការី ឡាំ

នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​សៅរ៍ នៅពេល​អ្នកកាសែត​ចោទសួរ​ពីការចុះចេញពីមុខតំណែង លោកស្រី ការី ឡាំ​បាន​បែរ​ទៅ​ជា​និយាយ​សុំ​ឲ្យ​គេ​ទុក​ឱកាស​ឲ្យ​លោកស្រី​មួយលើក​ទៀត។ អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា ទោះបី លោកស្រី ការី ឡាំ​បដិសេធ​មិន​ព្រម​ចុះចេញពី​តំណែង ទៅតាម​ការទាមទារ​របស់​បាតុករ ប៉ុន្តែ លោកស្រី ក៏មិនអាច​ដឹកនាំ​ក្បាល​ម៉ាស៊ីន​ហុងកុង ដោយស្រណុក​ស្រួល​តទៅទៀតដែរ។

លោកស្រី ការី ឡាំ ដែល​បាន​ស្បថ​ចូល​កាន់តំណែង នៅ​ថ្ងៃទី ១​កក្កដាឆ្នាំ ២០១៧ បាន​សន្យា​ផ្សះផ្សារ​សង្គម​ហុងកុង ដែល​បែកបាក់ ខ្លាំង នៅពេល​កើតមាន​បដិវត្តន៍​ឆ័ត្រ​ឆ្នាំ ២០១៤។ ប៉ុន្តែ នៅក្នុង​ការដឹកនាំ ២ឆ្នាំមកនេះ លោកស្រី បរាជ័យ មិនបាន​ធ្វើ​តាមការសន្យា។ បាតុកម្ម​របស់​ប្រជាជន​ហុងកុង​លើកនេះ មិនមែន​សំដៅ​ប្រឆាំង​តែ​ច្បាប់​ធ្វើ​បត្យាប័ន​តែប៉ុណ្ណោះទេ ប៉ុន្តែ ប្រជាជន​ហុងកុង ឆ្លៀតឱកាស​បាតុកម្ម​លើកនេះ ដើម្បី​សំដែង​ការមិនពេញចិត្ត​របស់ពួកគេ ទៅនឹង លើ​រឿងជាច្រើន តាំង​ការលូកដៃ ការប្រើ​ឥទ្ធិពល​កាន់តែ​ខ្លាំង​របស់​ប៉េកាំង​លើ​រដ្ឋបាល​ហុងកុង ហើយ​និង​បរិហារ​ពី​ជីវភាព​រស់នៅ កាន់តែថ្លៃ និង​ភាពក្រីក្រ​នៅហុងកុង​ជាដើម។

នៅពេល​ប្រមុខដឹកនាំ​ហុងកុង អប្រជាប្រិយ មិនអាច​ដោះស្រាយ​វិបត្តិ យ៉ាងដូច្នេះ ទីក្រុង​ប៉េកាំង ដែល​បង្ហាញ​ជំហរ​គាំទ្រ លោកស្រីរហូតមក ក៏ទំនង​ជា​ប្តូរ​ចិត្ត​វិញដែរ។ វិបត្តិ​នៅហុងកុង​កំពុង​ធ្វើ​ឲ្យប៉េកាំង ​បាក់មុខ និង​ធ្វើ​ឲ្យ​ចិន​ស្ថិតនៅ​ក្នុង​ស្ថានភាព ចាញ់​ប្រៀប ជាពិសេស នៅក្នុង​កាៈទេសៈ​ដែល​ប្រធានាធិបតី​ចិន គ្រោង​នឹង​ជួបពិក្សា​ជាមួយ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ចិន នៅ​ក្រៅកិច្ចប្រជុំ​G20 នៅ​ប្រទេស​ជប៉ុន​នោះ។ ដោយសារ​តែ​លោកស្រី គ្មាន​សមត្ថភាព បន្ថយ​ភាពតានតឹង​នៅ​ហុងកុងយ៉ាងដូច្នេះ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង ដែល​មិនចូលចិត្ត​អ្នកដែល​ធ្វើការបរាជ័យ នឹង​អាច​សម្រេច​ដកស្រី ការី ឡាំ ពី​មុខតំណែង​ប្រមុខដឹកនាំ​ហុងកុង។ ប៉ុន្តែ​តាមទម្លាប់ ប៉េកាំង​នឹង​មិន​ធ្វើការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ហុងកុង ភ្លាមៗទេ ព្រោះ​មិនចង់​បង្ហាញថា​ខ្លួន​ខ្សោយ ប៉ុន្តែ នៅក្នុង​រយៈពេល​៣​ឆ្នាំ មុន​ចប់​អាណត្តិ​របស់​លោកស្រី ការី ឡាំ ប៉េកាំង​នឹង​អាច​រក​មេដឹកនាំ​ហុងកុង​ថ្មីណាម្នាក់ ដែល​ជាមនុស្ស​របស់​ប៉េកាំង ប៉ុន្តែ ដែល​អាច​ទៅ​កាត់​បន្ថយ ចលនា​ស្អប់ ប្រឆាំង​ចិន នៅ​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ