អានតួអត្ថបទ
ហុងកុង

លោក​Mike Pompeo៖ លោកដូណាល់ ត្រាំ​នឹង​និយាយ​ពីបាតុកម្ម ​នៅ​ហុងកុង ជាមួយ​លោក​ស៊ី ជីនពីងនៅG20

ប្រធានាធិបតី អាមេរិក​មាន​ចេតនា​ចង់​និយាយ​ពី​បាតុកម្ម​របស់​ប្រជាជន​ហុងកុង នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅក្នុង​កិច្ចប្រជុំកំពូល​ប្រទេស​មហាឧស្សាហកម្ម G20 នៅទីក្រុង​អូសាកា​ប្រទេស​ជប៉ុន។ នេះ​បើតាម​លោករដ្ឋមន្រ្តី​ការបរទេស​អាមេរិក Mike Pompeo ដែល​បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ឲ្យ​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នៅទីក្រុង​ហុងកុង អ្នករៀបចំ​បាតុកម្ម​បានអះអាងថា មាន​​ប្រជាជន​ហុងកុងប្រមាណ ២លាននាក់ ចូលរួម​ធ្វើ​បាតុកម្ម​ កាលពី​ថ្ងៃ​អាទិត្យដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​លុបចោល​ទាំងស្រុង​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​ទៅ​ប្រទេស​ចិន។ ចំណែក ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ដែរ​បាន​ចេញមុខ សុំទោស ពលរដ្ឋហុងកុង។ 

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​សេតវិមាន ថ្ងៃទី ១៤មិថុនា ២០១៩
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ នៅ​សេតវិមាន ថ្ងៃទី ១៤មិថុនា ២០១៩ ©REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ហុងកុង ចេញផ្សាយ​នៅល្ងាច​ថ្ងៃ​អាទិត្យ ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ​បាន​ចេញមុខ​សុំទោស ប្រជាជន​ហុងកុង និង​សន្យា​ទទួល​យក​ពាក្យរិះគន់ ដោយ​ស្មោះអស់​ពីចិត្ត និង​ដោយ​ការគោរព​បំផុត។ ប្រមុខ​ដឹកនាំ​ហុងកុង ទទួល​ស្គាល់ផងដែរថា ការប្រញាប់ប្រញាល់ របស់​រដ្ឋាភិបាល​ក្នុង​ការស្នើ​សេចក្តី​ព្រាងច្បាប់ ស្តីពី​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ខ្វាយខ្វល់ ខកចិត្ត និង​បណ្តាល​ឲ្យ​ជម្លោះ ឈ្លោះប្រកែក​គ្នា​នៅក្នុង​សង្គមហុងកុង។

លោកស្រី ប្រមុខ​ដឹកនាំ​ហុងកុង ចេញមុខ​សុំទោស ប៉ុន្តែ ហាក់ធ្វើ​មិនដឹង មិនលឺ​ការទាមទារ​របស់​បាតុករ​ហុងកុង ដែល​កាលពី​ថ្ងៃ​អាទិត្យ បាន​ស្រែក​ទាមទារ​ឲ្យ​លោកស្រី ចុះចេញពីអំណាច លុបចោល​ច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន និង​ចេញមុខ​សុំទោស ចំពោះ​អំពើហិង្សា ដែល​ប៉ូលិស​ហុងកុង​បាន​រំលោភប្រើ​ទៅលើ​ក្រុមបាតុករ កាលពី​ថ្ងៃ​ពុធ។

សម្រាប់​នយោបាយ​វិទូ Dixon Sing កំហឹង​របស់​បាតុករ​ហុងកុង​នៅតែ​មិនថមថយចុះ។ ​ប្រជាជន​ហុងកុង​មានអារម្មណ៍​ថា លោកស្រី ការី ឡាំ​គ្មាន​ចិត្ត​ស្មោះត្រង់ និង​នៅតែ​បន្ត​វាយឫកខ្ពស់ មិនខ្វល់​ការទាមទារ របស់​បាតុករ។

នៅ​ថ្ងៃ​អាទិត្យ នៅក្នុង​មហាបាតុកម្ម ជា​លើក​ទី២ ប្រឆាំង សេចក្តី​ព្រាងច្បាប់ ធ្វើ​បត្យាប័ន ទៅ​ប្រទេស​ចិន ក្រុមគាំទ្រ ប្រជាធិបតេយ្យ​បាន​អះអាងថា ពួកគេ​ នឹង​ឆ្លៀត​យក​កម្លាំងកម្លាំង​បាតុកម្ម​របស់​ពលរដ្ឋ​ហុងកុង​លើកនេះ ទៅ​ដាក់​សម្ពាធ លើ​លោកស្រី ការី ឡាំ ឲ្យ​ បោះបង់​ចោល ទាំងស្រុង វិសោធនកម្ម​ច្បាប់​ស្តីពីបត្យាប័ន។

នៅពេល​មហាបាតុកម្ម​នៅ​ហុងកុង ជាព័ត៌មាន​នាំមុខ របស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ពិភពលោក នៅ​ប្រទេស​ចិន​វិញ ប្រព័ន្ធផ្សព្វផ្សាយ និង​បណ្តាញ​សង្គម ស្ងាត់ជ្រៀប មិន​និយាយ​ច្រើន​ពី​ចលនា​តវ៉ា​នៅ​ហុងកុង​នោះទេ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP រហូត​មក​ដល់​ថ្ងៃ​អាទិត្យ កាសែត​ចិន មិន​បាន​និយាយ​ពី បាតុកម្ម​របស់​ពលរដ្ឋ​ហុងកុងនៅ​ថ្ងៃអាទិត្យ​ទេ។ ព័ត៌មាន​ស្តីពីការប្រកាស​ផ្អាក ព្យួរ សេចក្តី​ព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​ក៏គ្មានដែរ។ កាសែត​រដ្ឋ​ចិន គ្រាន់តែ​ចុះផ្សាយ​ពី​ជំហរ​របស់​ប៉េកាំង​ដែល​គាំទ្រ សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន តែ​ប៉ុណ្ណោះ។

នៅ​ទីក្រុង​វ៉ាស៊ីនតោន ប្រមុខការបរទេស​អាមេរិក លោក​Mike Pompeo បាន​និយាយ​ប្រាប់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នឹង​លើក​និយាយ​ពី​មហាបាតុកម្ម​របស់​ប្រជាជន​ហុងកុង ជាមួយ ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​លោក​គ្រោង​នឹង​បើកជំនួប​ទ្វេភាគី​នៅ​ឱកាស​ជំនួបកំពូល G20 នៅ​ប្រទេស​ជប៉ុន នៅ​ចុងខែ​មិថុនានេះ។ នៅក្រោយ​បាតុកម្ម​ហិង្សា កាលពី​ថ្ងៃ​ពុធ​នៅទីក្រុង​ហុងកុង លោកដូណាល់ ត្រាំ បាន​ធ្លាប់​បាន​និយាយ​ហើយ​ថា លោក​សង្ឃឹមថា បាតុករ​ហុងកុង ដែល​ស្រែកតវ៉ា​ប្រឆាំង ច្បាប់​ធ្វើ​បត្យាប័ន​ដ៏ចម្រូងចម្រាស នឹង​អាច​រកដំណោះស្រាយ​រួម​មួយ ជាមួយ​ទីក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ