អានតួអត្ថបទ
ហុងកុង

ហុងកុង៖គ្រាន់តែបានចេញពីគុកភ្លាម លោក Joshua Wong បានទាមទារឲ្យលោកស្រីការី ឡាំចុះចេញពីតំណែង

នៅ​ហុងកុង លោក Joshua Wong សកម្មជន​ប្រជាធិបតេយ្យ និង​អតីត​មេដឹកនាំ​ចលនា​បះបោរ​ឆ័ត្រ​ឆ្នាំ ២០១៤ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នា​ថ្ងៃ​ចន្ទ ទី១៧ មិថុនា។ គ្រាន់​តែ​ទទួល​បាន​សេរីភាព​ភ្លាម សកម្មជន​ប្រជាធិបតេយ្យ​វ័យ ២២ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ទៅ​កាន់​ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​ដោយ​បាន​ទាមទារ​ឲ្យ​លោកស្រី​ចុះ​ចេញ​ពី​តំណែង។ សម្រាប់​លោក Wong លោកស្រី​ឡាំ​លែង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បន្ត​ជា​ប្រមុខ​ដឹកនាំ​ហុងកុង​ទៀត​ឡើយ។ គួរ​រម្លឹក​ថា លោក Wong បាន​ទទួល​ទោស​ជាប់​គុក​ក្នុង​វ័យ ១៧ឆ្នាំ​ពី​បទ​ដឹកនាំ​ចលនា​បះបោរ​ឆ័ត្រ​កាល​ពី​ឆ្នាំ ២០១៤។ តាម​រដ្ឋអំណាច ការ​ដោះលែង​លោក Wong មុន​ពេល​កំណត់​ពេល​នេះ​ក៏​ដោយសារ​តែ​លោក​មាន​ឥរិយាបទ​ល្អ​ក្នុង​ពេល​ជាប់​គុក។

នៅ​ហុងកុង គ្រាន់តែបានចេញពីគុកភ្លាម លោក Joshua Wong បានទាមទារឲ្យលោកស្រីការី ឡាំចុះចេញពីតំណែង
នៅ​ហុងកុង គ្រាន់តែបានចេញពីគុកភ្លាម លោក Joshua Wong បានទាមទារឲ្យលោកស្រីការី ឡាំចុះចេញពីតំណែង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ការ​ដោះលែង​លោក Joshua Wong ត្រូវ​បាន​រដ្ឋអំណាច​លើក​យក​ហេតុផល​អ្វី​ទៅ​ពន្យល់​ក៏​ដោយ​ក៏​គេ​ដឹង​ថា ការ​ដោះលែង​ពេល​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ហុងកុង​កំពុង​ឡើង​កំដៅ​ខ្លាំង។ សម្រាប់​លោក Wong នេះ​ជា​ឱកាស​មួយ​ល្អ​ណាស់​ដើម្បី​បន្ត​ការ​តស៊ូ​របស់​លោក។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ដាក់​ជើង​នៅ​ក្រៅ​គុក​ភ្លាម លោក Wong ក៏​បាន​ចាប់​អារម្មណ៍​ភ្លាមភ្លែត​លើ​មហាបាតុកម្ម​របស់​ពលរដ្ឋ​ហុងកុង​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិន​ប៉េកាំង។ « ក្នុង​ពេល​ខ្ញុំ​នៅ​ក្នុង​គុក ខ្ញុំ​បាន​ឃើញ​លោកស្រី​ការី ឡាំ​យំ​នៅ​តាម​កញ្ចក់​ទូរទស្សន៍។ អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន ខណៈ​ពេល​ដែល​លោកស្រី​បង្ហួរ​ទឹកភ្នែក ពលរដ្ឋ​ហុងកុង​បង្ហូរ​ឈាម » នេះ​ជា​ការ​ថ្លែង​របស់​លោក Wong នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត។

លោក Wong ចង់​និយាយ​លើ​អំពើហឹង្សា​របស់​កម្លាំង​ប៉ូលិស​ដែល​បាន​វាយប្រហារ​លើ​ហ្វូង​បាតុករ​ហុងកុង​ក្នុង​ថ្ងៃ​ពុធ ទី១២ មិថុនា​កន្លង​ទៅ។ បន្ទាប់​មក សកម្មជន​ប្រជាធិបតេយ្យ និង​អតីត​មេដឹកនាំ​ចលនា​បះបោរ​ឆ័ត្រ​ឆ្នាំ ២០១៤ វ័យ ២២ឆ្នាំ​រូប​នេះ​បាន​អំពាវនាវ​ត្រង់​ឲ្យ​ប្រមុខ​ដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ​ចុះ​ចេញ​ពី​តំណែង​ដោយ​លោក Wong យល់​ថា លោកស្រី​ឡាំ​លែង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បន្ត​ជា​ប្រមុខ​ដឹកនាំ​ហុងកុង​ទៀត​ឡើយ។ « យើង​ស្នើ​ឲ្យ​លោកស្រី​ការី ឡាំ​លា​ឈប់​ពី​តំណែង ដក​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ធ្វើ​បត្យាប័ន​ចេញ​ចេញ និង​ដក​ពាក្យ​កុប្បកម្ម​ដែល​លោកស្រី​បាន​ប្រើ​ចំពោះ​ក្រុមបាតុករ​នា​សប្តាហ៍​កន្លង​ទៅ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក Wong។

គួរ​រម្លឹក​ថា មាន​អាយុ ១៧ឆ្នាំ​នៅ​ពេល​ផ្តើម​មាន​ចលនា​បះបោរ​ឆ័ត្រ​ក្នុង​ឆ្នាំ ២០១៤ លោក Joshua Wong ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣ខែ​ពី​បទ​មិន​គោរព​តាម​ដីការ​តុលាការ​ដែល​បញ្ជា​ឲ្យ​ជម្លៀស​ជំរំ​ប្រមូលផ្តុំ​​ដោយ​ចលនាឆ័ត្រ។ បន្ទាប់​ពី​ដេក​ក្នុង​គុក​បាន ៦ថ្ងៃ លោក Wong ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​ពេល​រងចាំ​ការ​ពិនិត្យ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក។ បន្ទាប់​មក​នៅ​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ ២០១៩ ចៅក្រម​បាន​សម្រេច​ឲ្យ​ឃុំ​ខ្លួន​លោក Wong ជា​បន្ត​ទៀត តែ​បន្ថយ​បន្ទោស​នៅ​ត្រឹម ២ខែ។ តែ​ការ​ដោះលែង​មុន​ពេល​កំណត់​ពេល​នេះ​ត្រូវ​បាន​រដ្ឋអំណាច​ពន្យល់​ថា មក​លោក Wong មាន​ឥរិយាបទ​ល្អ​ក្នុង​ពេល​ជាប់​គុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ