ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

អវកាស៖បន្ទាប់ពីបេសកកម្ម Apollo អាមេរិកត្រៀមបេសកកម្ម Artemis ទៅកាន់ឋានព្រះចន្ទនៅឆ្នាំ ២០២៤

media  
ទិដ្ឋភាព​ពិព័រណ៌​យន្តហោះ​ក្នុង​ប្រទេសបារាំង ថ្ងៃទី១៧ មិថុនា ២០១៩ REUTERS/Pascal Rossignol

ជិត ៥០ឆ្នាំ​ក្រោយ​បេសកកម្ម Apollo ទៅ​កាន់​ឋានព្រះចន្ទ អាមេរិក​កំពុង​ត្រៀម​បេកសកកម្ម​ថ្មី​មួយ​ទៀត​ឈ្មោះ Artemis ទៅ​កាន់​ឋានព្រះចន្ទ​នៅ​ឆ្នាំ ២០២៤។ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​នាយក​ទីភ្នាកងារ​អវកាស​អាមេរិកាំង​ណាហ្សា​លោក Jim bridenstine នា​ឱកាស​ដែល​លោក​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ពិព័ណ៌​យន្តហោះ​ក្នុង​ប្រទេស​បារាំង។ ក្រៅ​ពី​អាមេរិក ប្រទេស​រុស្ស៊ី និង​ចិន​ក៏​ចង់​បញ្ជូន​អវកាសយានិក​របស់​ខ្លួន​ទៅ​កាន់​ឋានព្រះចន្ទ​ដែរ តែ​មក​ទល់​ពេល​នេះ ប្រទេស​នីមួយៗ​បាន​ធ្វើ​ការងារ​មួយ​នេះ​រៀងៗ​ខ្លួន និង​មាន​កាលវិភាគ​ខុស​គ្នា។ ខណៈ​ពេល​ដែល​អាមេរិក​គ្រោង​បញ្ជូន​នៅ​ឆ្នាំ ២០២៤ ចិន​គ្រោង​បញ្ជូន​ពី​ពេល​នេះ​ទៅ ១០ឆ្នាំ​ខាង​មុខ ហើយ​រុស្ស៊ី​ក្នុង​រង្វង់​ទសវត្ស​ឆ្នាំ ២០៣០ ឬ ២០៣១។

បន្ទាប់​ពី​បេសកកម្ម Apollo ទៅ​កាន់​ឋានព្រះចន្ទ​ប្រកប​ដោយ​ជោគជ័យ​ជា​ប្រវតិ្តសាស្រ្ត​ក្នុង​លោក​កាល​ពី​ជិត ៥០ឆ្នាំ​មុនមក អាមេរិក​កំពុង​រៀបចំ​បេសកកម្ម​ថ្មី​មួយ​ទៀត​សម្រាប់​ឆ្នាំ ២០២៤ ក្រោម​ឈ្មោះ​ថា Artemis។ តែ ៥ឆ្នាំ​មុន​នឹង​បេសកម្ម Artemis ចាប់​ផ្តើម នៅ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ពិសេស​ការ​ផលិត​យាន​សម្រាប់​ចុះ​ចត​លើ​ដីព្រះចន្ទ។ នៅ​ត្រង់​ចំណុច​នេះ នាយកទីភ្នាក់ងារ​អវកាស​អាមេរិក​ណាហ្សា​លោក Jim Bridenstine បាន​យល់​ឃើញ​យ៉ាង​ដូច្នេះ​ថា « កូន​យានសម្រាប់ចុះចតលើ​ដីព្រះចន្ទ... នេះ​គឺ​ជា​អ្វីដែល​យើង​ចាំបាច់​​ត្រូវ​ផលិត​ឲ្យ​បាន នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ ដើម្បី​អាច​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ហើយ​បញ្ហា​ដែល​អាច​ចោទ គឺ​បញ្ហា​នយោបាយ។ កាលណា​យើង​ចំណាយពេល​កាន់តែ​យូរ ដើម្បី​ធ្វើគម្រោងនេះ រដ្ឋាភិបាល​អាច​មាន​ការ​ផ្លាស់ប្តូរ ហើយ​រដ្ឋាភិបាល​ថ្មី​​អាច​នឹងបង្វែរ​អាទិភាព​ទៅ​រឿងផ្សេង។ ដូច្នេះ តើ​ធ្វើ​ដូចម្តេច​ដើម្បី​​កាត់បន្ថយ​ហានិភ័យ​នយោបាយនេះ? គឺ​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ឲ្យ​បានលឿន »។

លោក Jim Bridenstine ចង់​ធ្វើ​ឲ្យ​បាន​លឿន ព្រោះ​ក្រៅ​ពី​អាមេរិក ចិន និង​រុស្ស៊ី​ក៏​ចង់​បញ្ជូន​អវកាសយានិក​របស់​ខ្លួន​ទៅ​កាន់​ឋានព្រះចន្ទ​ដែរ។ តែ​រហូត​មក​ទល់​ពេល​នេះ ប្រទេស​នីមួយៗ​បាន​ធ្វើ​ការងារ​មួយ​នេះ​រៀងៗ​ខ្លួន​ដោយ​នៅ​មិន​ទាន់​មាន​ការ​រួមសហការណ៍​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ឡើយ​ទេ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ និង​ជា​លើកទី១ ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​អវកាស​អាមេរិក ចិន និង​រុស្ស៊ី​បាន​អង្គុយ​ជជែក​រួម​គ្នា​នា​ឱកាស​ចូលរួម​ពិព័ណ៌​យន្តហោះ​ដែល​កំពុង​រៀបចំ​ក្នុង​ប្រទេស​បារាំង។ ការ​ចូលរួម​ជជែក​គ្នា​ជា​លក្ខណៈ​ត្រីភាគី​មួយ​នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក Jean Yves le Gall នាយក​មជ្ឈមណ្ឌលជាតិ​នៃ​ការ​សិក្សា​អវកាស​បារាំង។

គោលដៅ​របស់​លោក Jean Yves le Gall គឺ​ព្យាយាម​ប្រមូល​ភាគី​ទាំង ៣ ឲ្យ​រួម​សហការណ៍​គ្នា​ជា​ជាង​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ពី​គ្នា​ស្តីពី​បេសកកម្ម​ទៅ​កាន់​ឋានព្រះចន្ទ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាមេរិក ចិន និង​រុស្ស៊ី​យល់ព្រម​សហការណ៍​គ្នា​ឬ​អត់​ទេ អ្វី​ដែល​គេ​ដឹង ប្រទេស​ទាំង ៣ មាន​កាលវិភាគ​ខុស​គ្នា​សម្រាប់​ជាន់ដីព្រះចន្ទ អាមេរិក​នៅ​ឆ្នាំ ២០២៤ ចិន​ពី​ពេល​នេះ​ទៅ ១០ឆ្នាំ​ខាង​មុខ ហើយ​រុស្ស៊ី​នៅ​ក្នុង​រង្វង់​ទសវត្ស​ឆ្នាំ ២០៣០ ឬ ២០៣១៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ