ហេតុផលនៅពីក្រោយភាពជោគជ័យនៃសង្គមសិង្ហបុរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៤
គិតមកទល់នឹងពេលបច្ចុប្បន្ន សិង្ហបុរីមានអាយុកាលប្រមាណជាង៥០ឆ្នាំទៅហើយ ក្រោយពីបុរីកោះមួយនេះ បានផ្តាច់ខ្លួនចេញពីប្រទេសម៉ាឡេស៊ី។ ត្រឹមរយៈពេលមិនដល់បីជំនាន់មនុស្សផង បុរីរដ្ឋនេះបានអភិវឌ្ឍខ្លួនពីប្រទេសតតិយលោក ឬជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតលើលោក មកក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបំផុត នាពេលបច្ចុប្បន្ន។ តើអ្វីជាហេតុផលនៅពីក្រោយសម្រាប់ការពន្យល់ពីភាពជោគជ័យដ៏មិនគួរឱ្យជឿនេះ?
សម្រាប់រដ្ឋបុរីកូនកោះតូចមួយ ដែលត្រូវប្រឈមនឹងកង្វះខាតធនធានធម្មជាតិ និងសូម្បីតែទឹកសាបសម្រាប់ប្រើប្រាស់ សាធារណៈរដ្ឋសិង្ហបុរីជាករណីប្រទេសមួយដែលសម្រេចបានភាពជោគជ័យដ៏មិនគួរឱ្យជឿ។ សិង្ហបុរីបច្ចុប្បន្ន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតទីបួនរបស់ពិភពលោក ជាដែនទីមួយដែលមានកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុត ហើយក៏ជាប្រទេសអាស៊ីទីមួយដែលមានមហាសេដ្ឋីច្រើនបំផុតធៀបនឹងប្រជាជនសរុប និងជាប្រទេសអាស៊ីតែមួយគត់ដែលទទួលបានការវាយតម្លៃខ្ពស់បំផុតគឺចំណាត់ថ្នាក់ AAA ពីស្ថាប័នកំពូលៗ ទទួលបន្ទុកវាយតម្លៃចំណាត់ថ្នាក់ហានិភ័យលើប្រទេសក្នុងពិភពលោក តួយ៉ាងស្ថាប័ន Standard & Poor's Moody's និង Fitch។
គេអាចនឹងបន្តរៀបរាប់ពីបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍប្រទេស ឬក៏សមិទ្ធិផលជោគជ័យរបស់សិង្ហបុរី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច តាមរយៈសំណេរជាសៀវភៅរាប់សិបក្បាល ឬក៏ជាសុន្ទរកថារាប់សិបម៉ោង ក៏ប៉ុន្តែសំនួរដែលត្រូវសួររកហេតុរកផលនៃកត្តាចម្បងៗនៅពីក្រោយភាពជោគជ័យទាំងនោះតែងតែស្ថិតជាអាទិភាព។
ប្រាកដណាស់ អាចមានហេតុផលច្រើន ដែលអាចឆ្លើយបានដោយមនុស្សច្រើននាក់ មិនថាជាជនបរទេស ឬជនជាតិសិង្ហបុរីខ្លួនឯងផ្ទាល់ តួយ៉ាង ពីអតីតបិតារដ្ឋ លោក លី ក្វាន់យូ តាមរយៈសៀវភៅរបស់គាត់ “From Third World to First: The Singapore Story - 1965-2000” ឬជាភាសាខ្មែរ “ពីប្រទេសតតិយលោកទៅកាន់ប្រទេសទីមួយ៖ ប្រវត្តិរបស់សិង្ហបុរី ឆ្នាំ១៩៦៥ ដល់ ២០០០”។
ទោះជាយ៉ាងណា បើផ្អែកតាមបទសម្ភាសន៍មួយ ដោយសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់ចិន សាកលវិទ្យាល័យ Fudan ជាមួយ លោក Kishore Mahbubani អតីតឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិ និងបច្ចុប្បន្នជាសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី ចម្លើយអាចសង្ខេបដូចខាងក្រោម។ នៅពេលដែលគេនិយាយដល់ ភាពជោគជ័យរបស់សិង្ហបុរី គេអាចគិតដល់បន្សំប៉ូលបី គឺ “MPH”។
ប៉ូលទាំងបីនេះជារូបមន្តមួយដែលប្រទេសមួយអាចនឹងជោគជ័យដូចជាសិង្ហបុរី នៅពេលដែលប្រទេសនោះអនុវត្តវា។
ប៉ូលដំបូងតំណាងដោយអក្សរ “M” មានន័យស្មើនឹង “Meritocracy”។ នៅក្នុងភាសាក្រិកបុរាណ ពាក្យថា “Meritocracy” មានឬសគល់ពីពាក្យ “Merito” ប្រែថា “ទេពកោសល្យ ឬក៏ភាពវៃឆ្លាត” ចំណែកឯពាក្យ “Cracy” ដែលប្រែមកថា “អំណាច”។ ពាក្យនេះសំដៅដល់គោលគំនិតមួយដែលយល់ថា “អំណាច ឬក៏ទំនុកចិត្ត ក្នុងការសម្រេចកិច្ចការចម្បងណាមួយ គួរតែត្រូវផ្តល់ទៅឱ្យបុគ្គលណា ដែលមានការប៉ិនប្រសប់ ឬក៏ភាពវៃឆ្លាតបំផុត។ ហើយ អំណាច ឬទំនុកចិត្តទាំងនោះ មិនគួររារាំងដោយក្របខ័ណ្ឌ ក្រុម បក្សពួក ពូជសាសន៍ ឋានៈសង្គម ភាពមានបាន ឬភាពក្រីក្រនៃបុគ្គលម្នាក់នោះទេ”។ ក្នុងប្រទេសសិង្ហបុរី រដ្ឋជ្រើសរើសមនុស្សដែលពូកែបំផុតដើម្បីដឹកនាំប្រទេស ហើយមូលហេតុដែលប្រទេសតតិយលោកបរាជ័យ គឺដោយសារ នៅពេលដែលប្រទេសទាំងនោះជ្រើសរើសរដ្ឋមន្ដ្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួកគេជ្រើសរើសតែបងប្អូនសាច់ញាតិរបស់ខ្លួន។
ប៉ូលទីពីរតំណាងដោយអក្សរ “P” មានន័យស្មើនឹង “Pragmatism” ប្រែមកថា ភាពជាក់ស្ដែងនិយមដែលអាចអនុវត្តបាន។ ពាក្យនេះជាភាសាអង់គ្លេស ក៏ប៉ុន្តែ និយមន័យនៃពាក្យនេះត្រូវបានអនុវត្តបានយ៉ាងល្អដោយ មេដឹកនាំចិន លោក Deng Xiaoping ដែលយល់ថា មិនសំខាន់ថាឆ្មានោះសឬខ្មៅ សំខាន់ថាតើឆ្មានោះចាប់កណ្តុរបានឬយ៉ាងណា។ ក្នុងករណីសិង្ហបុរី ដោយមិនប្រកាន់និន្នាការមនោគមវិជ្ជា ឱ្យតែអាចអនុវត្តបាន ទាំងទ្រឹស្ដីមូលធននិយម ឬទ្រឹស្ដីសង្គមនិយម គឺសិង្ហបុរីផ្សែផ្សំគ្នាអនុវត្តឱ្យចេញជាប្រយោជន៍។
ប៉ូលចុងក្រោយ តំណាងដោយអក្សរ “H” ជាប៉ូលដ៏ពិបាកបំផុតក្នុងការអនុវត្ត។ អក្សរ “H” មានន័យថា “Honesty” សំដៅដល់ភាពស្មោះត្រង់របស់មន្ដ្រីរដ្ឋាភិបាល។ ប្រទេសតតិយលោកក្រីក្រទទួលរងបរាជ័យក្នុងការអភិវឌ្ឍដោយសារតែអំពើពុករលួយ។ មូលហេតុនេះហើយនៅពេលដែល លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្រ្ដីរបស់សិង្ហបុរី គាត់បានដាក់ពិន័យមិនត្រឹមតែមន្រ្ដីធម្មតា តែរហូតដល់រដ្ឋមន្រ្តីជាន់ខ្ពស់ នៅពេលពួកគេទៅសម្រាកលំហែកាយជាមួយនឹងអ្នកជំនួញ។ ក្រោយពេលពួកគេត្រលប់មកវិញ ពួកគេត្រូវបានចាប់ខ្លួន ព្រោះថា អ្នកជំនួញទាំងនោះជាអ្នកចេញចំណាយលើការសម្រាកលំហែកាយរបស់ពួកគេ ហើយនេះវាជាទម្រង់នៃអំពើពុករលួយ។ ដូច្នេះហើយ នៅពេលដែលអ្នកផ្សេងឃើញ ពួកគេនឹងមានការប្រុងប្រយ័ត្ន លែងហ៊ានប្រព្រឹត្ត។
សរុបជារួម ការអនុវត្តបន្សំគ្នារវាង “Meritocracy” “Pragmatism” និង “Honesty” ឬ “MPH” គឺជារូបមន្ដសម្ងាត់នៃភាពជោគជ័យរបស់សិង្ហបុរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ