អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ FAO មាន​ប្រមុខ​ដឹកនាំ​ជា​ជនជាតិ​ចិន​ជាលើក​ទីមួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​អង្គការ FAO -អង្គការ​កសិកម្ម​និង​ស្បៀង​អាហារ​ពិភពលោក។ ជា​ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភាព​អត់​ឃ្លាន​នៅ​​លើ​ពិភពលោក អង្គការ​FAO បាន​បោះឆ្នោត​ជ្រើសរើស​លោក ស្ហឺ តុងអ៊ុយ (Qu Dongyu) ឱ្យ​កាន់​តំណែង​ជា​អគ្គនាយក​របស់​អង្គការ តាំង​ពី​ជុំ​ទី​មួយ សម្រាប់​អាណត្តិ​បួន​ឆ្នាំ។ តើ​លោក ស្ហឺ តុងអ៊ុយ ជា​នរណា ? លោក​មាន​ទិសដៅ​នយោបាយ​ដឹកនាំ​អង្គការ​យ៉ាង​ណា ?!

លោកQu Dongyu អគ្គនាយក​អង្គការ​ FAO ទើប​ជាប់​ឆ្នោត​ថ្មី ថ្ងៃទី ២៣ មិថុនា ២០១៩
លោកQu Dongyu អគ្គនាយក​អង្គការ​ FAO ទើប​ជាប់​ឆ្នោត​ថ្មី ថ្ងៃទី ២៣ មិថុនា ២០១៩ Vincenzo PINTO / AFP
ផ្សាយពាណិជ្ជកម្ម

អាយុ​៥៥​ឆ្នាំ លោក ស្ហឺ តុងអ៊ុយ ធ្លាប់​បាន​ទទួល​ការ​សិក្សា​មាន​សញ្ញាប័ត្រ​ផ្នែក​​​ជីវវិទ្យា។ លោក ស្ហឺ តុងអ៊ុយ ចាប់​មាន​មុខ​មាត់និង​តួនាទី ជួរ​​បក្សកុម្មុយនិស្ត​ ​តាម​រយៈ​ស្នាដែ​បង្កើត​ប្រព័ន្ធ​កម្ចី​ឥណទាន​​ដល់​​យុវវ័យ​និង​ស្ត្រី​កសិករ​ នៅ​ក្នុង​តំបន់​ស្វយ័ត​ Hui du Ningxia​។ លោក ជា​អ្នក​ជំនាញ​ផ្នែក​ទំនើបកម្ម​កសិកម្ម​និង​ចំណូល​ក្នុង​តំបន់​ជនបទ។ បច្ចុប្បន្ន​លោក​​​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ចិន​។

នៅថ្ងៃ​អាទិត្យ​ទី ២៣​មិថុនា ល្ងាច​មិញ លោក​​ ស្ហឺ តុងអ៊ុយ បាន​ជាប់​ឆ្នោត​​​ជា​អគ្គនាយក​របស់​អង្គការកសិកម្ម​និ​ងស្បៀង​អាហារ​ពិភពលោក តាំង​ពី​ជុំ​ទី​មួយ ដោយ​បាន​ទទួល​​ការ​គាំទ្រ​ ក្នុង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ដល់​ទៅ ១០៨ លើ​​​សំឡេងសរុប​១៩៧​ ​ប្រទេស​ ជា​សមាជិក​របស់​អង្គការFAO។ បេក្ខនារី​ជា​គូប្រជែង​ ជាតិ​បារាំង​បាន​ទទួល​ការ​គាំទ្រ​តែ​ពី៧១​​ប្រទេស​ និង​១២​សំឡេង​សម្រាប់​​បេក្ខជន​ទីបី​ ជាតិ​ហ្សកហ្ស៊ី។

ប៉ុន្តែ​ការ​បោះឆ្នោត​ជ្រើសរើស​អគ្គ​នាយក​អង្គការ​នេះ ក៏​មាន​បង្កប់​ទៅដោយ​ពាក្យ​​មិន​ល្អ​ជា​មួយ​ចំនួន ​! ​ប្រភព​ការទូត​អឺរ៉ុប ថាលោក ស្ហឺ តុងអ៊ុយ បាន​ដឹកនាំ​ធ្វើ​យុទ្ធនាការ ​បែប​វាយលុក​យ៉ាង​កំណាច​ ដែល​ពុំ​ធ្លាប់​មាន​នរណា​អាច​ធ្វើ​បាន​ទេ​​។ ភាគី​ចិនពូកែ​ខ្លាំង​ក្នុងការ​ប្រើ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ទាក់ទាញ​​ប្រទេស​ក្រីក្រ។ បញ្ជី​​សំណង ឬ​ប្រាក់​បំណុល​ប្រទេស​សមាជិក​FAOមួយ​ចំនួន ស្រាប់រលុប ដោះ​រួច​​ អស់​រលីង​តែ​មួយ​ប៉ប្រិច​ភ្នែក​មុន​ការ​ពេល​បោះឆ្នោត​។ FAO និង​ប្រតិភូចិន​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​​ទាំង​អស់​ចំពោះពាក្យ​ចចាម​អារាម​នេះ។

តែយ៉ាង​ណាក៏​ដោយ​ ក៏​ ការ​ជាប់​ឆ្នោត​របស់លោក ស្ហឺ តុងអ៊ុយ ជោគជ័យ​ដ៏​ត្រចះត្រចង់​មួយ​​ មិនមែន​​​ត្រឹមចំពោះ​​​​បុគ្គលលោក​ស្ហឺ​ តែ​ម្នាក់​ឯង​ទេ តែ​ជា​ជ័យ​ជំនះ​របស់​ប្រទេស​ចិន​ទាំងមូល​តែ​ម្តង ! ព្រោះ​ចិន​កំពុង​រៀប​យុទ្ធសាស្ត្រ​ចង់​មាន​មុខ​សដឹកនាំ​ស្ថាប័ន​អន្តរជាតិធំៗ។ ពេល​នេះ មាន​ឥស្សរជន​ជា​ច្រើន​បាន​ឡើង​ដឹកនាំ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ដូច​ជា ភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល OACI ភ្នាក់ងារ​អភិវឌ្ឍ​ឧស្សាហកម្ម ONUDI ភ្នាក់ងារ​ទូគមនាគមន៍​អន្តរជាតិ UIT ... អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទើប​បាន​តែង​ជន​ជាតិ​ម្នាក់​ទៀត ឱ្យ​ដឹកនាំ​ដេប៉ាតែម៉ង់​កិច្ចការ​សង្គម​និង​សេដ្ឋកិច្ច​។ ហើយ​ថ្ងៃ​នេះ​ ឥលូវ​ លោក ស្ហឺតុត អ៊ុយ បាន​ក្លាយ​​ជា​​ដឹកនាំ​ភ្នាក់ងារ​​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អត់​ឃ្លាន​លើ​ពិភពលោក និង​ដែល​​ជាអ្នក​ផ្តល់​យោបល់​ ​តម្រង់​ទិស​នយោបាយ​កសិកម្ម​របស់​ក្រុមប្រទេស​ក្រីក្រភាគ​ច្រើន។ គឺ​ពិត​ជា​ត្រូវ​ចំ​ចំណុច​ជា​អាទិភាព​របស់​ខ្លួន​តែ​ម្តង។

FAO មាន​ទិសដៅ​ ទាក់ទាញ​វិស័យ​ឯកជន

ឮ​ចិន​ដែល​ធ្លាប់​តែ​មាន​រឿង​អាស្រូវ​ចំណីអាហារ​​តាំង​ពី​ជា​យូរយារមក ឡើង​ដឹកនាំ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ យ៉ាងដូច្នេះ គេ​ពិត​ជា​មាន​ការ​សង្ស័យ​ច្រើន​ហើយ ! ប៉ុន្តែ​លោក ស្ហឺ តាំង​អ៊ុយ ជា​មនុស្ស​ដែល​ស្វែង​រក​​គុណភាព​ ដោយ​បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​វាយតម្លៃ​និង​សម្រង់​ប្រភព​ដើម​នៃ​ផលិតផល​។

នៅ​ក្នុង​សន្ទរកថា​ ដ៏​ខ្លី​ពេល​ដឹង​លទ្ធផល​ឈ្នះ​ភ្លាម លោកដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​ផ្នែក​វិទ្យាសាស្ត្រ​កសិកម្ម​ចិន បាន​បញ្ជាក់​ឡើង​វិញ​នូវរាល់​ពាក្យ​​សន្យាក្នុង​​ពេល​ឃោសនា​ថា លោក​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាជន និង​កសិករ ព្រមទាំងធ្វើ​គ្រប់​យ៉ាង ដើម្បី​រក្សា​អព្យាក្រិត្យ​ និងភាព​មិន​លម្អៀង។

លោក​បាន​សន្យា​ នឹង​ធ្វើការ​ដោយ​ជាក់ស្តែង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភាព​អត់ឃ្លាន និ​ងក្រីក្រ​នៅ​លើ​ពិភពលោក ដោយ​ត្រូវធ្វើ “​កំណែទម្រង់​​” និង​ "ប្តូរផ្លាស់” ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ FAO ​មួយ​នេះ ក្លាយ​ជា​ស្ថាប័ន​​ ​ថ្មី​ស្រឡាង​ ក្មេង​ និង​ស្វាហាប់​ជាង​មុន។

អគ្គនាយក​អង្គការ​FAO ថ្មី​ជាតិ​ចិន ដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ សីហា ២០១៩ ដល់​ថ្ងៃទី ៣១​កក្កដា ២០២៣ គម្រប់​មួយ​​អាណត្តិ​បួន​ឆ្នាំ បន្ត​អគ្គនាយក ផុត​អាណត្តិ​​ជាតិ​ប្រេស៊ីល​ មាន​គោល​នយោបាយ​ទាក់ទាញ​​​​វិស័យ​ឯកជន​​​ឱ្យ​មក​ចូល​រួម​សម្រេច​​និង​ផ្តល់​ហរិញ្ញវត្ថុ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ លោក​បាន​លើក​ឡើង​អំពី​លទ្ធភាព​ភ្ជាប់កិច្ចសហប្រតិបត្តិការ​ របស់ក្រុមហ៊ុន​​អ៊ីនធ័រនែត Alibaba នឹង​​មូលនិធិ ​Billនិង Melinda Gates ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​ស្រាវជ្រាវ​កសិឧស្សាហកម្ម​នៅអាហ្វ្រិក។

លោក បាន​សន្យា​ការពារ​កម្មវត្ថុរបស់​អង្គការ ក្នុង​កា​រលុប​បំបាត់​ភាព​អត់​ឃ្លាន នៅ​លើ​ភពលោក ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​រាំងស្ងួត អភិវឌ្ឍ​កសិកម្ម​ត្រូពិក ព្រមទាំង​កសិកម្ម​ឌីជីថល​នៅ​ជនបទ។

​អង្គការ​សហប្រជាជាតិ​បាន​កំណត់​​កម្មវត្ថុ​ចង់​លុប​បំបាត់​ភា​ព​អត់​ឃ្លាន​ឱ្យ​អស់​នៅ​ឆ្នាំ​២០៣០។ ប៉ុន្តែ​កម្មវត្ថុ​កាន់​តែពិបាក​សម្រេច​ឡើងៗ ដោយ​ហេតុ​តែ​ចំនួន​ប្រជាពលរដ្ឋ​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ៧ពាន់​៧​លាន​នាក់​នៅ​ថ្ងៃ​នេះ និង​កើន​ដល់​៩៧០០​លាន​នាក់​នៅ​ឆ្នាំ​២០៥០។ បើ​តាម​FAO ៨២១​លាន​នាក់​រស់​ក្នុង​អស្ថិរភាព​ចំណី​អាហារ​ (មានគ្រោះ​ទុរ្ភិក្ស រ៉ាំរ៉ៃ)​។ ចំនួន​អ្នក​អត់​ឃ្លាន​បានចាប់​កើន​ឡើង​តាំង​ពី​ឆ្នាំ​២០១៥មក​ ពោល​គឺ​ត្រលប់​ទៅ​ស្មើ​នឹង​ចំនួន​កាលពី​១០​ឆ្នាំ​មុន។

មូលហេតុ​គឺ​ ​ពិភពលោកជួប​នឹង​វិបត្តិ​​ប្រែប្រួលអាកាសធាតុ​ (ការឡើង​កម្តៅ​នៃ​ភព​ផែនដី​បានធ្វើ​ទិន្នផល​កសិកម្ម​ធ្លាក់)​ ឯមនុស្សក៏កើន​ ​​ជម្លោះក៏​កើន ការ​ប្រជែងគ្នា​ក៏​កាន់​តែ​ខ្លាំង​។

ប៉ុន្តែ​បើ​តាម​អ្នក​សង្កេតការណ៍​មួយ​ចំនួន វាជាការ​ល្អ​ម្យ៉ាង​ដែរ​ដែល​ចិន​ឡើង​មក​ដឹកនាំ​ស្ថាប័នមួយ​នេះ ព្រោះ​ចិនកុម្មុយនិស្ត​​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេសបាន​ ​និង​ធ្លាប់​ឆ្លង​កាត់​គ្រោះ​​ទុរ្ភិក្ស​ (​ស្លាប់​​ជាង​៣០​លាន​នាក់ ​នេះ​បើ​តាម​តួលេខ​របស់​អ្នក​ជំនាញ​ឯករាជ្យ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ