ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​

ហេតុផល​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​នៃ​សង្គម​សិង្ហបុរី​
 
សិង្ហបុរី​ REUTERS/Loriene Perera

គិត​​មក​ទល់​​នឹង​​ពេល​​​​បច្ចុប្បន្ន​ សិង្ហបុរី​​មាន​​អាយុកាល​​ប្រមាណ​​ជាង​៥០​ឆ្នាំ​ទៅ​ហើយ​ ក្រោយ​​ពី​បុរី​កោះ​មួយ​​នេះ ​បាន​​ផ្តាច់​ខ្លួន​ចេញ​ពី​​ប្រទេស​​ម៉ាឡេស៊ី។ ​ត្រឹម​​រយៈ​ពេល​​មិន​ដល់​​​​បី​ជំនាន់​​មនុស្ស​ផង​ បុរី​រដ្ឋ​​​នេះ​​បាន​​អភិវឌ្ឍ​ខ្លួន​​ពី​ប្រទេស​តតិយលោក​ ឬ​ជា​ប្រទេស​មួយ​ក្នុង​​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​​លើ​លោក​ មក​​ក្លាយ​​ជា​​ប្រទេស​​មួយ​​ក្នុង​​ចំណោម​​ប្រទេស​​ដែល​​មាន​​បំផុត​​ នា​ពេល​​បច្ចុប្បន្ន។​ តើ​​អ្វី​​ជា​ហេតុ​ផល​នៅ​ពីក្រោយ​​សម្រាប់​ការ​​ពន្យល់​ពី​​ភាព​ជោគជ័យ​​ដ៏​មិន​​គួរ​ឱ្យ​​ជឿ​នេះ?​

សម្រាប់​រដ្ឋបុរីកូនកោះតូច​មួយ ដែលត្រូវ​ប្រឈម​នឹង​កង្វះខាត​ធនធាន​ធម្មជាតិ និង​សូម្បី​​តែទឹកសាបសម្រាប់ប្រើប្រាស់ សាធារណៈ​រដ្ឋ​សិង្ហបុរីជាករណី​ប្រទេស​មួយ​ដែល​​សម្រេចបាន​ភាពជោគជ័យ​ដ៏​មិន​គួរ​ឱ្យ​ជឿ។ សិង្ហបុរីបច្ចុប្បន្ន ជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ធំបំផុត​ទីបួន​របស់​ពិភពលោក ជាដែនទីមួយ​ដែល​មាន​​កំពង់ផែពាណិជ្ជកម្ម​​ដ៏មមាញឹកបំផុត ហើយ​ក៏ជា​ប្រទេស​អាស៊ីទីមួយ​ដែលមានមហាសេដ្ឋីច្រើនបំផុត​ធៀប​នឹងប្រជាជនសរុប និង​ជាប្រទេស​អាស៊ីតែមួយគត់ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​​បំផុត​គឺចំណាត់ថ្នាក់ AAA ពីស្ថាប័នកំពូលៗ ទទួល​បន្ទុកវាយតម្លៃ​ចំណាត់​ថ្នាក់​ហានិភ័យ​លើប្រទេស​ក្នុង​​ពិភពលោក តួយ៉ាងស្ថាប័ន Standard & Poor's Moody's និង Fitch។​

​គេអាច​នឹង​បន្តរៀប​រាប់​ពី​បញ្ហាប្រឈមនានាក្នុង​ការអភិវឌ្ឍប្រទេស ឬក៏សមិទ្ធិផល​ជោគជ័យរបស់​សិង្ហបុរី ​ជាពិសេស​ក្នុង​វិស័យ​សេដ្ឋកិច្ច តាមរយៈ​សំណេរ​ជាសៀវភៅ​រាប់​សិប​ក្បាល ឬក៏​ជា​សុន្ទរកថារាប់សិបម៉ោង ក៏ប៉ុន្តែសំនួរ​ដែល​ត្រូវសួរ​រក​ហេតុ​រក​ផល​នៃកត្តា​ចម្បងៗនៅពីក្រោយភាពជោគជ័យទាំងនោះតែងតែស្ថិត​ជាអាទិភាព។

ប្រាកដណាស់ អាច​មាន​ហេតុផលច្រើន ដែល​អាច​ឆ្លើយបាន​ដោយមនុស្ស​ច្រើននាក់ មិនថាជាជនបរទេស ឬ​ជនជាតិ​សិង្ហបុរីខ្លួនឯងផ្ទាល់ តួយ៉ាង ពីអតីតបិតារដ្ឋ លោក លី ក្វាន់យូ តាមរយៈសៀវភៅរបស់គាត់ “From Third World to First: The Singapore ​Story - 1965-2000” ឬជាភាសាខ្មែរ “ពីប្រទេសតតិយលោក​ទៅកាន់​ប្រទេស​ទីមួយ៖ ប្រវត្តិរបស់សិង្ហបុរី ឆ្នាំ​១៩៦៥ ដល់​ ២០០០”។

ទោះជាយ៉ាងណា បើផ្អែកតាមបទសម្ភាសន៍មួយ ដោយសាកលវិទ្យា​ល័យ​ដ៏​ល្បី​ល្បាញ​​​​របស់ចិន សាកលវិទ្យាល័យ Fudan ​ជាមួយ លោក Kishore Mahbubani អតីត​ឯកអគ្គរដ្ឋទូតរបស់សិង្ហបុរីប្រចាំអង្គការសហប្រជាជាតិ និង​បច្ចុប្បន្ន​ជា​សាស្រ្ដាចារ្យ​​នៃ​សាកលវិទ្យាល័យជាតិសិង្ហបុរី ចម្លើយអាចសង្ខេបដូចខាងក្រោម។ នៅពេលដែលគេនិយាយដល់ ភាពជោគជ័យរបស់សិង្ហបុរី គេអាចគិត​ដល់​បន្សំ​ប៉ូល​បី​ គឺ “MPH”។

ប៉ូលទាំងបី​នេះ​ជារូបមន្តមួយ​ដែល​ប្រទេស​មួយ​អាច​នឹង​ជោគជ័យដូចជាសិង្ហបុរី នៅពេល​ដែល​ប្រទេស​នោះអនុវត្តវា។

ប៉ូលដំបូងតំណាងដោយអក្សរ “M” មានន័យស្មើនឹង “Meritocracy”។ នៅក្នុង​ភាសា​ក្រិក​បុរាណ ពាក្យថា “Meritocracy” មានឬសគល់ពីពាក្យ “Merito” ប្រែថា “ទេពកោសល្យ​ ឬក៏ភាពវៃឆ្លាត” ចំណែកឯពាក្យ “Cracy” ដែលប្រែមកថា “អំណាច”។ ពាក្យនេះសំដៅដល់គោលគំនិតមួយដែលយល់ថា “អំណាច ឬក៏ទំនុកចិត្ត ក្នុង​ការ​សម្រេចកិច្ច​ការចម្បងណាមួយ គួរតែត្រូវផ្តល់ទៅឱ្យបុគ្គលណា ដែលមានការ​ប៉ិន​ប្រសប់​ ឬក៏ភាពវៃឆ្លាតបំផុត។ ហើយ អំណាច ឬទំនុកចិត្តទាំងនោះ មិនគួរ​រារាំង​ដោយ​ក្របខ័ណ្ឌ ក្រុម បក្សពួក ពូជសាសន៍ ឋានៈសង្គម ភាពមានបាន ឬភាពក្រីក្រ​នៃ​បុគ្គលម្នាក់នោះទេ”។​ ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋ​ជ្រើសរើស​មនុស្ស​ដែលពូកែ​បំផុត​ដើម្បី​ដឹកនាំប្រទេស ហើយមូលហេតុ​ដែល​ប្រទេស​តតិយលោក​បរាជ័យ គឺដោយ​សារ​ នៅពេល​ដែលប្រទេស​ទាំងនោះ​ជ្រើសរើសរដ្ឋមន្ដ្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួក​គេ​ជ្រើសរើសតែបងប្អូនសាច់ញាតិរបស់ខ្លួន។

ប៉ូលទីពីរតំណាងដោយអក្សរ “P” មានន័យស្មើនឹង “Pragmatism” ប្រែមកថា ភាព​ជាក់​ស្ដែងនិយមដែលអាចអនុវត្តបាន។ ពាក្យនេះជាភាសាអង់គ្លេស ក៏ប៉ុន្តែ និយម​ន័យ​នៃពាក្យនេះត្រូវ​បាន​អនុវត្តបានយ៉ាងល្អដោយ មេដឹកនាំចិន លោក Deng Xiaoping ដែលយល់ថា មិនសំខាន់ថាឆ្មានោះស​ឬខ្មៅ សំខាន់​ថា​តើ​ឆ្មា​នោះ​ចាប់​កណ្តុរ​បានឬយ៉ាងណា។ ក្នុង​ករណីសិង្ហបុរី ដោយមិន​ប្រកាន់​និន្នាការ​មនោគមវិជ្ជា ឱ្យ​តែអាចអនុវត្តបាន ទាំងទ្រឹស្ដី​មូលធននិយម ឬ​ទ្រឹស្ដីសង្គមនិយម គឺ​សិង្ហបុរី​ផ្សែផ្សំ​គ្នា​អនុវត្ត​ឱ្យចេញជាប្រយោជន៍។

ប៉ូលចុងក្រោយ តំណាងដោយអក្សរ “H” ជាប៉ូលដ៏ពិបាកបំផុតក្នុង​ការអនុវត្ត។ អក្សរ “H” មានន័យថា “Honesty” សំដៅដល់ភាពស្មោះត្រង់​របស់មន្ដ្រីរដ្ឋាភិបាល។ ប្រទេស​តតិយលោក​ក្រីក្រទទួលរងបរាជ័យក្នុងការអភិវឌ្ឍដោយសារតែអំពើពុករលួយ។ មូលហេតុនេះហើយនៅពេល​ដែល​ លោក លី ក្វាន់យូ បាន​ក្លាយជា​នាយក​រដ្ឋមន្រ្ដី​របស់សិង្ហបុរី គាត់បានដាក់ពិន័យមិនត្រឹមតែមន្រ្ដីធម្មតា តែរហូតដល់​រដ្ឋមន្រ្តី​ជាន់​ខ្ពស់​ នៅពេល​ពួកគេទៅសម្រាកលំហែកាយជាមួយ​នឹងអ្នកជំនួញ។ ក្រោយពេល​ពួកគេត្រលប់មកវិញ ពួកគេត្រូវបានចាប់ខ្លួន ព្រោះថា អ្នក​ជំនួញ​ទាំង​នោះ​ជា​អ្នក​ចេញ​ចំណាយលើការសម្រាកលំហែកាយរបស់ពួកគេ ហើយនេះវា​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ។ ដូច្នេះហើយ នៅពេលដែលអ្នក​ផ្សេង​ឃើញ ពួកគេនឹងមានការ​ប្រុងប្រយ័ត្ន​ លែងហ៊ានប្រព្រឹត្ត។

សរុបជារួម ការអនុវត្តបន្សំគ្នារវាង “Meritocracy” “Pragmatism” និង “Honesty” ឬ “MPH” គឺជារូបមន្ដសម្ងាត់នៃភាពជោគជ័យរបស់សិង្ហបុរី៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ