អានតួអត្ថបទ
វៀតណាម-សហភាពអឺរ៉ុប

សហភាព​អឺរ៉ុប​នឹង​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម នៅ​ដាច់ខែ​មិថុនា

វៀតណាម និង​សហភាពអឺរ៉ុប នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាផ្លូវការ នៅទីក្រុង​ហាណូយ នៅ​ថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ។ នេះ​តាម​ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្ម នៅក្រោយ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប បោះឆ្នោត គាំទ្រ ជា​ឯកច្ឆន្ទ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ​វៀតណាម នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ ពីទីក្រុង​ហាណូយ រដ្ឋមន្រ្តី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​ស្វាគម​ការបោះជំហាន​របស់​អឺរ៉ុប ដែល​នឹង​ទទួល​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​រីកចម្រើន​របស់​វៀតណាម។ 

ក្រុមប្រឹក្សា​អឺរ៉ុប​បោះឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម នៅថ្ងៃទី​២៥​មិថុនា ២០១៩
ក្រុមប្រឹក្សា​អឺរ៉ុប​បោះឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម នៅថ្ងៃទី​២៥​មិថុនា ២០១៩ ©EU
ផ្សាយពាណិជ្ជកម្ម

វៀតណាម និង​សហភាព​អឺរ៉ុប​បាន​រកឃើញ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​គ្នា តាំង​ពី​ឆ្នាំ ២០១៥ ប៉ុន្តែ ប្រទេស​សមាជិក សហភាព​អឺរ៉ុប​ទើប​តែ​បោះឆ្នោត គាំទ្រ ជាផ្លូវការ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។ លោកស្រី ស្នងការ​អឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម បាន​និយាយ​ថា បន្ទាប់ពី​មាន​ភ្លើងខៀវ​របស់​សហភាពអឺរ៉ុប លោកស្រី និង​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស នឹង​ធ្វើ​ដំណើរ​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ជាមួយ វៀតណាម នៅទីក្រុង​ហាណូយ នៅថ្ងៃ​អាទិត្យ​ចុងសប្តាហ៍នេះ។ បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នៅទីក្រុង​ហាណូយ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហភាពអឺរ៉ុប វៀតណាម នឹងត្រូវដាក់​ឲ្យ​សភាអឺរ៉ុប ថ្មី បោះឆ្នោត លើក​ចុងក្រោយ នៅ​អំឡុង​ឆ្នាំនេះ មុន​នឹង​ចូល​ជា​ធរមាន។

កិច្ចព្រមព្រៀង ពាណិជ្ជកម្ម អឺរ៉ុប-វៀតណាម មាន​ចែង​ពីការលុបចោល ស្ទើរទាំងស្រុង (ប្រមាណ ៩៩%) អត្រា​ពន្ធគយ លើ​ផលិតផល​ទំនិញ នាំចូល​រវាង​ភាគី​ទាំងពី (សហភាពអឺរ៉ុប-វៀតណាម)។ គេ​អាច​និយាយ​ថា នៅ​ពេល​កិច្ចព្រមព្រៀង​ចាប់អនុវត្ត​ជា​ផ្លូវការ អត្រាពន្ធ​៦៥%​លើ​ទំនិញ អឺរ៉ុប​នាំចូល​ទៅ​វៀតណាម នឹង​ត្រូវ​លុបចោល ចំណែក​អឺរ៉ុប​វិញ នឹង​លែង​យកពន្ធ​លើ​ទំនិញ វៀតណាម នាំចូល​ទៅ​អឺរ៉ុប ដែល​សព្វថ្ងៃ​នេះ មាន​ចំនួន ៧១%។

នៅមុន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អឺរ៉ុប និង​វៀតណាម ទំហំដោះដូរ​ពាណិជ្ជកម្ម​អឺរ៉ុប និង​វៀតណាម មាន​ប្រមាណ ៥០ពាន់​លាន​អឺរ៉ូ។ តាម​លោកស្រី ស្នងការ​អឺរ៉ុប​ទទួល​បន្ទុក ពាណិជ្ជកម្ម Cecilia Malmström វៀតណាម​ជាទីផ្សារ​សំខាន់ និង​មាន​សន្ទុះខ្លាំង ជាមួយ​អតិថិជន ប្រើប្រាស់ ប្រមាណ​៩៥លាននាក់។

ប៉ុន្តែ សម្រាប់​ស្នងការ​អឺរ៉ុប លើស​ពីផលប្រយោជន៍​សេដ្ឋកិច្ច សហភាព​អឺរ៉ុប សំលឹង​ចង់​បាន​ផងដែរ ការគោរព សិទ្ធិមនុស្ស ការការពារ​បរិស្ថាន ហើយ​និង​សិទ្ធិ​របស់​ពលករ នៅទឹកដី​វៀតណាម។

លោកស្រី​Cecilia Malmström ផ្ទាល់​ធ្លាប់​បាន​សំដែង​ការព្រួយបារម្ភ​ពីការរំលោភ សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​វៀតណាម ជាទី មន្រ្តីរដ្ឋការ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស ត្រូវ​អាជ្ញាធរ​ចាប់ដាក់ពន្ធនាគារ ក្នុង​បទចោទប្រកាន់ ប្រព្រឹត្ត​អំពើពុករលួយ។ “កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នឹង​មិនធ្វើ​ឲ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងស្រុង ក្នុង​ពេល​តែ​មួយ ថ្ងៃ​នោះទេ” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី ស្នងការ​អឺរ៉ុប ទទួល​បន្ទុក​ពាណិជ្ជកម្ម។

នៅថ្ងៃ​អង្គារ ថ្លែង​ពីទីក្រុង​ហាណូយ រដ្ឋមន្រ្តី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ ស្វាគម កិច្ចព្រមព្រៀង ដ៏សំខាន់ ជាមួយ​សហភាពអឺរ៉ុប។ សម្រាប់​វៀតណាម អំណើះតទៅ អ្នកវិនិយោគ​ពី​សហភាព​អឺរ៉ុប​នឹង​ទទួល​ផលប្រយោជន៍​ពី​សេដ្ឋកិច្ច​ដ៏រីកចម្រើន​របស់​វៀតណាម។ វៀតណាម​ជា​ប្រទេស​ដំបូងគេ នៅក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ដែល​សហភាពអឺរ៉ុប​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយ។ ក្រៅតែ​ពីវៀតណាម អឺរ៉ុប​កំពុង​សំឡឹង និង​ចរចា​ចង់​បង្កើតផងដែរ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត ដូចជា ម៉ាឡេស៊ី និង​ថៃជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ