សហភាពអឺរ៉ុបនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម នៅដាច់ខែមិថុនា
វៀតណាម និងសហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាផ្លូវការ នៅទីក្រុងហាណូយ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នេះតាមស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម នៅក្រោយ ប្រទេសសមាជិកសហភាពអឺរ៉ុប បោះឆ្នោត គាំទ្រ ជាឯកច្ឆន្ទ កិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយវៀតណាម នៅថ្ងៃអង្គារម្សិលមិញ។ ពីទីក្រុងហាណូយ រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានស្វាគមការបោះជំហានរបស់អឺរ៉ុប ដែលនឹងទទួលផលប្រយោជន៍ពីសេដ្ឋកិច្ចរីកចម្រើនរបស់វៀតណាម។
ចុះផ្សាយនៅថ្ងៃ៖
វៀតណាម និងសហភាពអឺរ៉ុបបានរកឃើញ កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងគ្នា តាំងពីឆ្នាំ ២០១៥ ប៉ុន្តែ ប្រទេសសមាជិក សហភាពអឺរ៉ុបទើបតែបោះឆ្នោត គាំទ្រ ជាផ្លូវការ នៅថ្ងៃអង្គារម្សិលមិញ។ លោកស្រី ស្នងការអឺរ៉ុប ទទួលបន្ទុក ពាណិជ្ជកម្ម បាននិយាយថា បន្ទាប់ពីមានភ្លើងខៀវរបស់សហភាពអឺរ៉ុប លោកស្រី និងរដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេស នឹងធ្វើដំណើរទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយ វៀតណាម នៅទីក្រុងហាណូយ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ បន្ទាប់ពីពិធីចុះហត្ថលេខានៅទីក្រុងហាណូយ កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សហភាពអឺរ៉ុប វៀតណាម នឹងត្រូវដាក់ឲ្យសភាអឺរ៉ុប ថ្មី បោះឆ្នោត លើកចុងក្រោយ នៅអំឡុងឆ្នាំនេះ មុននឹងចូលជាធរមាន។
កិច្ចព្រមព្រៀង ពាណិជ្ជកម្ម អឺរ៉ុប-វៀតណាម មានចែងពីការលុបចោល ស្ទើរទាំងស្រុង (ប្រមាណ ៩៩%) អត្រាពន្ធគយ លើផលិតផលទំនិញ នាំចូលរវាងភាគីទាំងពី (សហភាពអឺរ៉ុប-វៀតណាម)។ គេអាចនិយាយថា នៅពេលកិច្ចព្រមព្រៀងចាប់អនុវត្តជាផ្លូវការ អត្រាពន្ធ៦៥%លើទំនិញ អឺរ៉ុបនាំចូលទៅវៀតណាម នឹងត្រូវលុបចោល ចំណែកអឺរ៉ុបវិញ នឹងលែងយកពន្ធលើទំនិញ វៀតណាម នាំចូលទៅអឺរ៉ុប ដែលសព្វថ្ងៃនេះ មានចំនួន ៧១%។
នៅមុនមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម អឺរ៉ុប និងវៀតណាម ទំហំដោះដូរពាណិជ្ជកម្មអឺរ៉ុប និងវៀតណាម មានប្រមាណ ៥០ពាន់លានអឺរ៉ូ។ តាមលោកស្រី ស្នងការអឺរ៉ុបទទួលបន្ទុក ពាណិជ្ជកម្ម Cecilia Malmström វៀតណាមជាទីផ្សារសំខាន់ និងមានសន្ទុះខ្លាំង ជាមួយអតិថិជន ប្រើប្រាស់ ប្រមាណ៩៥លាននាក់។
ប៉ុន្តែ សម្រាប់ស្នងការអឺរ៉ុប លើសពីផលប្រយោជន៍សេដ្ឋកិច្ច សហភាពអឺរ៉ុប សំលឹងចង់បានផងដែរ ការគោរព សិទ្ធិមនុស្ស ការការពារបរិស្ថាន ហើយនិងសិទ្ធិរបស់ពលករ នៅទឹកដីវៀតណាម។
លោកស្រីCecilia Malmström ផ្ទាល់ធ្លាប់បានសំដែងការព្រួយបារម្ភពីការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ នៅវៀតណាម ជាទី មន្រ្តីរដ្ឋការ និងសកម្មជនការពារសិទ្ធិមនុស្ស ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្នុងបទចោទប្រកាន់ ប្រព្រឹត្តអំពើពុករលួយ។ “កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនធ្វើឲ្យវៀតណាមក្លាយជាប្រទេសប្រជាធិបតេយ្យទាំងស្រុង ក្នុងពេលតែមួយ ថ្ងៃនោះទេ” នេះជាប្រសាសន៍របស់លោកស្រី ស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម។
នៅថ្ងៃអង្គារ ថ្លែងពីទីក្រុងហាណូយ រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្ម ស្វាគម កិច្ចព្រមព្រៀង ដ៏សំខាន់ ជាមួយសហភាពអឺរ៉ុប។ សម្រាប់វៀតណាម អំណើះតទៅ អ្នកវិនិយោគពីសហភាពអឺរ៉ុបនឹងទទួលផលប្រយោជន៍ពីសេដ្ឋកិច្ចដ៏រីកចម្រើនរបស់វៀតណាម។ វៀតណាមជាប្រទេសដំបូងគេ នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលសហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ។ ក្រៅតែពីវៀតណាម អឺរ៉ុបកំពុងសំឡឹង និងចរចាចង់បង្កើតផងដែរកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដូចជា ម៉ាឡេស៊ី និងថៃជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ