អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

ចុះផ្សាយ​នៅ​ថ្ងៃ៖

១ខែកក្កដា​ឆ្នាំ១៩៩៧-១ កក្កដា​ ២០១៩ ! ថ្ងៃ​នេះ​ជា​ខួប ២២ឆ្នាំ នៃ​ការ​ផ្ទេរ​ដែនដី​ហុងកុង​ពី​អង់គ្លេស​​មក​ឲ្យ​ចិន​វិញ។ ​ជា​រៀង​រាល់​ឆ្នាំ​ សកម្មជន​ប្រជាធិបតេយ្យ តែង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​ទី​១​ កក្កដា​នេះ ដើម្បី​រំលឹក​ទាមទារ​លទ្ធិប្រជាធិបេតយ្យ​នៅហុងកុង។ ឆ្នាំ​នេះ​ក៏​ដូចឆ្នាំ​មុន ប៉ុន្តែ​បរិបទ​ហាក់​កាន់​តែ​តាន​តឹង​និង​ហិង្សា​ខ្លាំង។ បាតុកម្ម​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន។ ​ប៉ូលិស​បាន​ចេញ​បង្ក្រាប​ និង​បំបែក ដោយ​ប្រើ​ដំបង​វាយ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ក្រុម​បាតុករដែល​​ព្យាយាម​ បិទ​ខ្ទប់​ច្រក​ផ្លូវ​សំខាន់ៗ​របស់​ក្រុង និង​​សំរុក​ចូល​វិមាន​សភា​ហុងកុង តាំង​ពីមុន​ការ​ដង្ហែក្បួន​បាតុកម្ម​ធំ​ទៅ​ទៀត។

ប៉ូលិស​បំបែក​ហ្វូង​បាតុករហុងកុង ថ្ងៃទី​១​កក្កដា ២០១៩
ប៉ូលិស​បំបែក​ហ្វូង​បាតុករហុងកុង ថ្ងៃទី​១​កក្កដា ២០១៩ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ហុងក្រុង​ បាន​​ប្រារព្ធ​​​ខួប​២២​ឆ្នាំ​ ជា​ផ្លូវការ​នេះ ​ក្នុងទី​លាន​ ផ្នែក​ខាង​ក្នុង​ទាំង​អស់ ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន​ពី​សំណាក់​ក្រុមបាតុករ។

តាំង​ពី​ព្រលឹម​អុល​ ម៉ោង​ប្រមាណ​៦​កន្លះ​ព្រឹក ប៉ូលិស​បាន​ពង្រឹង​កម្លាំង បំពាក់​ខែល​ការពារខ្លួន​ និង​ចេញ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ ដោយ​ប្រើ​ដំបងវាយ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ទៅ​លើ​បាតុករ​ដែល​នាំ​គ្នា​ វាយ​បំបែក​កញ្ចក់​ទ្វារ​ និង​សំរុក​ចូល​វិមាន​រដ្ឋ​សភាហុងកុង។ បាតុករ​ខ្លះ​ទៀត ភាគ​ច្រើន​ជា​ក្មេង ពាក់មុខ ​បាន​នាំ​គ្នា​ដាក់​រនាំង​បាំង​ផ្លូវ​ធំ សំខាន់​របស់​រដ្ឋ​ធានី ក៏​ត្រូវ​ប៉ូលិស​បំបែក​ភ្លាម​ដែរ។ ការ​ប៉ះទង្គិច​រវាង​បាតុករ​និង​កង​កម្លាំង​ប្រឆាំង​អំពើ​ហិង្សា​បាន​បង្ក​ឱ្យ​បាតុករ​ជា​ច្រើន​នាក់​រងរបួស។

ថ្ងៃ​ខួប​ផ្ទេរ​ហុងកុង​ទៅ​ឱ្យ​ចិន ​ជា​ឱកាស​មួយ​ដែល​អ្នក​ប្រជាធិបតេយ្យ តែង​ធ្វើ​បាតុកម្ម ដើម្បី​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ដើម្បីការពារ​​សិទ្ធិសេរីភាព​នៅ​ហុងកុង ដែល​ហុងកុង​ធ្លាប់​មាន​ក្រោមការ​គ្រប់គ្រង​របស់​អង់គ្លេស តាម​គោលការណ៍​ ប្រទេសមួយ​ប្រព័ន្ធ​ពីរ។ កាលពី​ឆ្នាំ ២០១៤ ​ បាតុករបាន​ទាមទារ​ឱ្យ​មានកា​របោះឆ្នោត​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ហុងកុង ជា​សកល មិន​មែន​លើក​បន្តុប​ដោយ​ប៉េកាំង។ បាតុកម្ម​នោះ​មិន​បាន​សម្រេច​ទេ បាន​ត្រឹម​ក្លាយ​ជា​ចលនា​ឆ័ត្រ​។

នៅថ្ងៃនេះ ក្រុម​អ្នក​ប្រជាធិបតេយ្យ ​ ប្រមាណ​ពី ៥សែន ទៅ​១​លាន​នាក់ តិច​ជាង​កាលពី​ថ្ងៃទី ១៦​មិថុនា​ ដែល​មាន​ដល់​ជាង​ពីរលាននាក់ទេ​។ តែ​ហុងកុង​ស្ថិត​ក្រោម​សម្ពាធតាំង​ពី​តែ​ពីរ​បី​សប្តាហ៍។ ពលរដ្ឋ​ហុងកុង​បាន​ផ្ទុះ​កំហឹង​ នាំ​គ្នា​ធ្វើ​បាតុកម្ម​ដ៏​ធំ មិនធ្លាប់​មាន ​​​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជន​សង្ស័យ​ទៅ​កាត់​ទោស​នៅ​ចិន ដែល​មាន​ប្រព័ន្ធ តុលាការ​ខុស​ពី​នៅ​ហុងកុង។ ច្បាប់​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​ហុងកុងសម្រេច​​ព្យួរ​​ហើយ។ តែ​បាតុករ​លែង​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​ ដែល​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​ ទើប​​​បន្ត​ប្រមូល​ផ្តុំ​គ្នា​ដដែល​ និង​រាល​ដាល​ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ហុងកុង ចុះ​ចេញ​ពី​តំណែង និង​ កុំ​ប្តឹង​ផ្តល់​ដាក់​ទោស​បាតុករ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន កាលពី​សប្តាហ៍​មុន។ ហើយ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ជាពិសេស​សម្រាប់​ឆ្នាំ​នេះ គឺ​ពលរដ្ឋ​ហុងកុង នាំ​គ្នា​ធ្វើ​បាតុកម្ម​​ បញ្ចេញ​កំហឹង​​ប្រឆាំង​នឹង​​អំពើហិង្សា​របស់​ប៉ូលិស​មួយទៀត។

​ប្រវត្តិ​នៃការ​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន

​អង់គ្លេស​មក​ដល់​​ទឹក​ដី​ហុងកុង​ជា​លើកទី​មួយ កាលពី​ឆ្នាំ ១៦៩៩ នៅ​ពេល​ចូល​ជ្រក​ព្យុះ។ ប៉ុន្តែ អ្វីៗ​បាន​ប្តូរ​ផ្លាស់ ចាប់​ពី​ឆ្នាំ​១៨៤១​មក ដោយ​សារជំនួញ​គ្រឿង​ញៀន អាភៀន។ ហុងកុង​ក្លាយ​ជា​​កន្លែង​ស្តុក​គ្រឿន​ញៀន ដែល​ផលិត​នៅ​ឥណ្ឌា សម្រាប់​លក់​ទៅ​ចិន។ ជំនួញ​គ្រឿង​ញៀន​ដែល​បាន​នាំ​ឱ្យ​អង់គ្លេស​និង​ចិន​ធ្វើ​សង្គ្រាម​នឹង​គ្នា។ ចិន​ចាញ់ ក៏​ព្រម​ផ្តល់​ដី​មួយ​ដុំ​នេះ​ឱ្យ​អង់គ្លេស​រហូត។

​ការ​ពង្រីក​ទីតាំងបន្ថែម បាន​ជំរុញ​អង់គ្លេស​ឱ្យ​​មាន​សង្គ្រាម​ជាមួយ​ចិន​ម្ត​ងទៀត។ ចិន​ចាញ់​ទៀត អង់គ្លេសក៏​កាន់​កាប់​ទឹក​ដី​Kowloon​។ តម្រូវ​ការ​​កាន់​តែ​ធំ អង់គ្លេសក៏​ទៅ​ស្វែង​រក​ដី​បន្ថែម​ នៅ​ឆ្នាំ​១៨៩៨ ចិនព្រម​​ឱ្យ​ដី​អង់គ្លេស​មួយ​ដុំ​ទៀត តែលើក​នេះ​ជាមួយ​កិច្ច​សន្យា​​រយៈ​ពេល​៩៩​ឆ្នាំប៉ុណ្ណោះ។ ចប់​កិច្ច​សន្យា ថ្ងៃទី ១ កក្កដា​ ១៩៩៧ អង់គ្លេស​ត្រូវ​ប្រគល់​ដី​មក​ឱ្យ​ចិន​វិញ។

ប៉ុន្តែ​ប្រធានាធិបតី​ចិន ​លោក តេង ស៊ាវពីង សម័យ​នោះ​ មិន​ត្រូវ​ការ​ចរចា​ទេ ! សម្រាប់​ប៉េកាំង ដី​ទាំង​អស់​​ជា​របស់​ចិន អង់គ្លេស​ត្រូវ​តែ​ប្រគល់មក​ឱ្យ​ចិន​វិញ។ ​ដើម្បី​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​​អង់គ្លេស មេដឹកនាំ​ចិន​ បាន​សន្យា​ថា​ ហុងកុង​ជា​របស់​ចិន​មែន ប៉ុន្តែ​បញ្ហា​រដ្ឋបាល​នឹង​ស្ថិត​នៅលើ​ដៃ​អង់គ្លេស​ដដែល។ នេះ​ហើយ​ជា​កំណើត​នេះ​គោលការណ៍​ ប្រទេស​មួយ​ប្រព័ន្ធ​ពីរនោះ។ នាយករដ្ឋមន្ត្រី​អង់គ្លេស​ ក៏​លង់​បាន​​យោបល់​របស់​ចិន និង​ព្រម​ចុះ​កិច្ចព្រមព្រៀង នៅ​ឆ្នាំ ១៩៨៤ ប្រគល់​ហុងកុង​ទាំង​មូល​ទៅ​ចិន​វិញ នៅ​ពេល​ចប់​កិច្ចសន្យា ត្រូវ​នឹង​ថ្ងៃ​ទី ១ កក្កដា ឆ្នាំ​១៩៩៧។​ តាម​កិច្ចព្រមព្រៀង គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ ដែ​ល​ធានា​ឯករាជ្យភាព និង​ប្រព័ន្ធ​នយោបាយ​​ខុសស្រលះ​ពី​ចិន​ដី​គោក ត្រូវ​មាន​សុពលភាព​ ៥០​ឆ្នាំ (២០៤៧)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ