ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៨
១ខែកក្កដាឆ្នាំ១៩៩៧-១ កក្កដា ២០១៩ ! ថ្ងៃនេះជាខួប ២២ឆ្នាំ នៃការផ្ទេរដែនដីហុងកុងពីអង់គ្លេសមកឲ្យចិនវិញ។ ជារៀងរាល់ឆ្នាំ សកម្មជនប្រជាធិបតេយ្យ តែងនាំគ្នាធ្វើបាតុកម្ម នៅថ្ងៃទី១ កក្កដានេះ ដើម្បីរំលឹកទាមទារលទ្ធិប្រជាធិបេតយ្យនៅហុងកុង។ ឆ្នាំនេះក៏ដូចឆ្នាំមុន ប៉ុន្តែបរិបទហាក់កាន់តែតានតឹងនិងហិង្សាខ្លាំង។ បាតុកម្មមិនអាចប្រព្រឹត្តទៅបានដោយរលូន។ ប៉ូលិសបានចេញបង្ក្រាប និងបំបែក ដោយប្រើដំបងវាយ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្រុមបាតុករដែលព្យាយាម បិទខ្ទប់ច្រកផ្លូវសំខាន់ៗរបស់ក្រុង និងសំរុកចូលវិមានសភាហុងកុង តាំងពីមុនការដង្ហែក្បួនបាតុកម្មធំទៅទៀត។
រដ្ឋាភិបាលហុងក្រុង បានប្រារព្ធខួប២២ឆ្នាំ ជាផ្លូវការនេះ ក្នុងទីលាន ផ្នែកខាងក្នុងទាំងអស់ ដើម្បីកុំឱ្យមានការរំខានពីសំណាក់ក្រុមបាតុករ។
តាំងពីព្រលឹមអុល ម៉ោងប្រមាណ៦កន្លះព្រឹក ប៉ូលិសបានពង្រឹងកម្លាំង បំពាក់ខែលការពារខ្លួន និងចេញធ្វើប្រតិបត្តិការបង្ក្រាប ដោយប្រើដំបងវាយ ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើបាតុករដែលនាំគ្នា វាយបំបែកកញ្ចក់ទ្វារ និងសំរុកចូលវិមានរដ្ឋសភាហុងកុង។ បាតុករខ្លះទៀត ភាគច្រើនជាក្មេង ពាក់មុខ បាននាំគ្នាដាក់រនាំងបាំងផ្លូវធំ សំខាន់របស់រដ្ឋធានី ក៏ត្រូវប៉ូលិសបំបែកភ្លាមដែរ។ ការប៉ះទង្គិចរវាងបាតុករនិងកងកម្លាំងប្រឆាំងអំពើហិង្សាបានបង្កឱ្យបាតុករជាច្រើននាក់រងរបួស។
ថ្ងៃខួបផ្ទេរហុងកុងទៅឱ្យចិន ជាឱកាសមួយដែលអ្នកប្រជាធិបតេយ្យ តែងធ្វើបាតុកម្ម ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងដើម្បីការពារសិទ្ធិសេរីភាពនៅហុងកុង ដែលហុងកុងធ្លាប់មានក្រោមការគ្រប់គ្រងរបស់អង់គ្លេស តាមគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរ។ កាលពីឆ្នាំ ២០១៤ បាតុករបានទាមទារឱ្យមានការបោះឆ្នោតជ្រើសរើសប្រមុខដឹកនាំហុងកុង ជាសកល មិនមែនលើកបន្តុបដោយប៉េកាំង។ បាតុកម្មនោះមិនបានសម្រេចទេ បានត្រឹមក្លាយជាចលនាឆ័ត្រ។
នៅថ្ងៃនេះ ក្រុមអ្នកប្រជាធិបតេយ្យ ប្រមាណពី ៥សែន ទៅ១លាននាក់ តិចជាងកាលពីថ្ងៃទី ១៦មិថុនា ដែលមានដល់ជាងពីរលាននាក់ទេ។ តែហុងកុងស្ថិតក្រោមសម្ពាធតាំងពីតែពីរបីសប្តាហ៍។ ពលរដ្ឋហុងកុងបានផ្ទុះកំហឹង នាំគ្នាធ្វើបាតុកម្មដ៏ធំ មិនធ្លាប់មាន ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាត់ទោសនៅចិន ដែលមានប្រព័ន្ធ តុលាការខុសពីនៅហុងកុង។ ច្បាប់នោះត្រូវបានរដ្ឋាភិបាលហុងកុងសម្រេចព្យួរហើយ។ តែបាតុករលែងមានទំនុកចិត្តលើរដ្ឋាភិបាលកំពុងកាន់អំណាច ដែលគាំទ្រដោយក្រុងប៉េកាំង ទើបបន្តប្រមូលផ្តុំគ្នាដដែល និងរាលដាលទាមទារឱ្យប្រមុខរដ្ឋាភិបាលហុងកុង ចុះចេញពីតំណែង និង កុំប្តឹងផ្តល់ដាក់ទោសបាតុករដែលអាជ្ញាធរចាប់ខ្លួន កាលពីសប្តាហ៍មុន។ ហើយអ្វីគួរឱ្យកត់សម្គាល់ជាពិសេសសម្រាប់ឆ្នាំនេះ គឺពលរដ្ឋហុងកុង នាំគ្នាធ្វើបាតុកម្ម បញ្ចេញកំហឹងប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសមួយទៀត។
ប្រវត្តិនៃការប្រគល់ហុងកុងមកឱ្យចិន
អង់គ្លេសមកដល់ទឹកដីហុងកុងជាលើកទីមួយ កាលពីឆ្នាំ ១៦៩៩ នៅពេលចូលជ្រកព្យុះ។ ប៉ុន្តែ អ្វីៗបានប្តូរផ្លាស់ ចាប់ពីឆ្នាំ១៨៤១មក ដោយសារជំនួញគ្រឿងញៀន អាភៀន។ ហុងកុងក្លាយជាកន្លែងស្តុកគ្រឿនញៀន ដែលផលិតនៅឥណ្ឌា សម្រាប់លក់ទៅចិន។ ជំនួញគ្រឿងញៀនដែលបាននាំឱ្យអង់គ្លេសនិងចិនធ្វើសង្គ្រាមនឹងគ្នា។ ចិនចាញ់ ក៏ព្រមផ្តល់ដីមួយដុំនេះឱ្យអង់គ្លេសរហូត។
ការពង្រីកទីតាំងបន្ថែម បានជំរុញអង់គ្លេសឱ្យមានសង្គ្រាមជាមួយចិនម្តងទៀត។ ចិនចាញ់ទៀត អង់គ្លេសក៏កាន់កាប់ទឹកដីKowloon។ តម្រូវការកាន់តែធំ អង់គ្លេសក៏ទៅស្វែងរកដីបន្ថែម នៅឆ្នាំ១៨៩៨ ចិនព្រមឱ្យដីអង់គ្លេសមួយដុំទៀត តែលើកនេះជាមួយកិច្ចសន្យារយៈពេល៩៩ឆ្នាំប៉ុណ្ណោះ។ ចប់កិច្ចសន្យា ថ្ងៃទី ១ កក្កដា ១៩៩៧ អង់គ្លេសត្រូវប្រគល់ដីមកឱ្យចិនវិញ។
ប៉ុន្តែប្រធានាធិបតីចិន លោក តេង ស៊ាវពីង សម័យនោះ មិនត្រូវការចរចាទេ ! សម្រាប់ប៉េកាំង ដីទាំងអស់ជារបស់ចិន អង់គ្លេសត្រូវតែប្រគល់មកឱ្យចិនវិញ។ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអង់គ្លេស មេដឹកនាំចិន បានសន្យាថា ហុងកុងជារបស់ចិនមែន ប៉ុន្តែបញ្ហារដ្ឋបាលនឹងស្ថិតនៅលើដៃអង់គ្លេសដដែល។ នេះហើយជាកំណើតនេះគោលការណ៍ ប្រទេសមួយប្រព័ន្ធពីរនោះ។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏លង់បានយោបល់របស់ចិន និងព្រមចុះកិច្ចព្រមព្រៀង នៅឆ្នាំ ១៩៨៤ ប្រគល់ហុងកុងទាំងមូលទៅចិនវិញ នៅពេលចប់កិច្ចសន្យា ត្រូវនឹងថ្ងៃទី ១ កក្កដា ឆ្នាំ១៩៩៧។ តាមកិច្ចព្រមព្រៀង គោលការណ៍ប្រទេសមួយប្រព័ន្ធពីរ ដែលធានាឯករាជ្យភាព និងប្រព័ន្ធនយោបាយខុសស្រលះពីចិនដីគោក ត្រូវមានសុពលភាព ៥០ឆ្នាំ (២០៤៧)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ