ហេតុអ្វីជប៉ុននិងកូរ៉េខាងត្បូងមិនអាចផ្សះផ្សាស្នាមរបួសពីសម័យសង្រ្គាមបាន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
កាលពីថ្ងៃចន្ទកន្លងទៅនេះ ជប៉ុនបានប្រកាសរឹតបន្តឹងការនាំចេញទៅកាន់កូរ៉េខាងត្បូង នូវវត្ថុធាតុដើមសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុនកូរ៉េខាងត្បូងត្រូវការជាចាំបាច់នៅក្នុងការផលិតផលិតផលអេឡិចត្រូនិច។ ការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើង ក្រោយពីតុលាការកូរ៉េខាងត្បូងបានចេញសេចក្តីសម្រេចជាបន្តបន្ទាប់តម្រូវឲ្យក្រុមហ៊ុនជប៉ុនដែលបានប្រើប្រាស់កម្លាំងពលកម្មកូរ៉េដោយបង្ខំនៅក្នុងសម័យសង្រ្គាម ត្រូវសងជំងឺចិត្តដល់ជនរងគ្រោះ។ តើហេតុអ្វីបានជាជិតមួយសតវត្សរ៍កន្លងទៅហើយនេះ ជប៉ុន និងកូរ៉េខាងត្បូងនៅតែមិនអាចរកផ្សះផ្សាស្នាមរបួសចាស់តាំងពីសម័យសង្រ្គាមនេះបាន?
ភាពតានតឹងមិនចេះចប់ រវាងជប៉ុន និងកូរ៉េខាងត្បូង ដែលបង្កឡើងដោយស្នាមរបួសចាស់ សម័យសង្រ្គាម តាំងពីជិតមួយសតវត្សរ៍មុននេះ គឺកើតមានឡើង ដោយសារតែប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាស្រឡះ ជុំវិញការទទួលខុសត្រូវ និងវិធានការរបស់ជប៉ុនក្នុងការលុបលាងកំហុសរបស់ខ្លួនពីអតីតកាល។
គួរបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងត្បូង ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីឆ្នាំ១៩៦៥ ដោយតាមរយៈកិច្ចព្រមព្រៀងនោះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើការដោះស្រាយបញ្ចប់នូវរាល់ការទាមទារ និងជម្លោះទាំងប៉ុន្មានដែលបន្សល់ទុកពីសម័យសង្រ្គាម ជាថ្នូរនឹងការភ្ជាប់ទំនាក់ទំនងការទូត ព្រមទាំងការផ្តល់នូវជំនួយខាងសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ពីជប៉ុនទៅឲ្យកូរ៉េខាងត្បូង។
ពីខាងភាគីជប៉ុន គេយល់ឃើញថា ជំនួយសេដ្ឋកិច្ចអស់ទាំងនេះ គឺស្មើនឹងសំណងជំងឺចិត្តទៅដល់កូរ៉េខាងត្បូង ហើយរាល់ការទាមទារសំណងខូចខាតពីសម័យសង្រ្គាមក៏ត្រូវដោះស្រាយចប់សព្វគ្រប់តែត្រឹមនោះដែរ។
ក៏ប៉ុន្តែ ពីខាងកូរ៉េខាងត្បូងវិញ គេយល់ឃើញថា កិច្ចព្រមព្រៀងឆ្នាំ១៩៦៥នោះ ដោះស្រាយតែជម្លោះ និងការទាមទារ ជាលក្ខណៈរដ្ឋនិងរដ្ឋតែប៉ុណ្ណោះ ហើយវាមិនត្រូវក្លាយជាឧបសគ្គ រារាំងមិនឲ្យមានការទាមទារសំណងខូចខាតជាលក្ខណៈបុគ្គល ពីសំណាក់ពលរដ្ឋកូរ៉េខាងត្បូងនោះទេ។ ម្យ៉ាងវិញទៀត សម្រាប់រដ្ឋាភិបាលក្រុងសេអ៊ូល បញ្ហាដាច់ដោយឡែក ហើយដែលសុទ្ធតែជាបញ្ហារសើបៗជាច្រើន រួមមានដូចជារឿងចាប់បង្ខំស្ត្រីជប៉ុនឲ្យបម្រើផ្លូវភេទទាហានជប៉ុន ជាដើមនោះ មិនមានចែងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៦៥នោះទេ ដែលចាំបាច់ត្រូវឲ្យការឲ្យមានដំណោះស្រាយផ្សេង ក្រៅយន្តការនៃកិច្ចព្រមព្រៀងឆ្នាំ១៩៦៥នេះ។
លើសពីសំណងជំងឺចិត្ត ចំណុចដ៏សំខាន់មួយ ដែលកូរ៉េខាងត្បូងទាមទារពីជប៉ុន គឺទាមទារឲ្យជប៉ុនសារភាពទទួលស្គាល់កំហុសរបស់ខ្លួនពីអតីតកាល។ នេះជាអ្វីដែលរដ្ឋាភិបាលជប៉ុនបានធ្វើ នៅឆ្នាំ១៩៩៥ ដោយនាយករដ្ឋមន្រ្តីជប៉ុនពេលនោះ (លោក តូមីអ៊ីឈី មូរ៉ាយ៉ាម៉ា) បានចេញសេចក្តីថ្លែងការណ៍មួយធ្វើការសូមទោសចំពោះបណ្តាប្រទេស ដែលរងគ្រោះដោយអាណានិគមជប៉ុន ព្រមទាំងបានបង្ហាញនូវវិប្បដិសារី និងការសោកស្តាយចំពោះអ្នកដែលរងនូវការឈឺច្បាប់ក្រោមការត្រួតត្រារបស់ជប៉ុន។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ កូរ៉េខាងត្បូងក៏នៅតែមិនស្កប់ចិត្តនោះដែរ ដោយគេយល់ឃើញថា នៅក្នុងការថ្លែងសូមទោសនេះ ជប៉ុនលើកឡើងជាលក្ខណៈទូទៅ ហើយមិនបាននិយាយសូមទោសដោយចំឈ្មោះកូរ៉េខាងត្បូង។ លើសពីនេះទៅទៀត កូរ៉េខាងត្បូងនៅតែយល់ថា ការសូមទោសរបស់ជប៉ុននេះ គឺមិនបានធ្វើឡើងដោយសុទ្ធចិត្តនោះទេ ដោយសារតែគេសង្កេតឃើញថា ក្រោយៗមកទៀត មេដឹកនាំជប៉ុនជាច្រើននៅតែបន្តធ្វើដំណើរទៅគោរពវិញ្ញានក្ខន្ធនៅវិហារយ៉ាស៊ូគូនី ដែលជាទីសក្ការៈរំឭកដល់កងទ័ពជប៉ុន ក្នុងនោះក៏មានដែរ អតីតមេទ័ពជប៉ុនក្នុងសម័យសង្រ្គាម ហើយដែលត្រូវបានតុលាការកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។
នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០នោះដែរ ជប៉ុនក៏បានស្នើផងដែរ ចង់ផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះដោយការបង្ខំឲ្យបម្រើផ្លូវភេទក្នុងសម័យសង្រ្គាម តាមរយៈមូលនិធិស្រ្តីអាស៊ីដែលជប៉ុនបង្កើតឡើង ក៏ប៉ុន្តែ សំណើនេះត្រូវបានកូរ៉េខាងត្បូងច្រានចោល ក្នុងហេតុផលថា សំណងជំងឺចិត្តនេះមិនភ្ជាប់មកជាមួយនូវការទទួលស្គាល់កំហុសដ៏ពេញលេញមួយ ពីសំណាក់រដ្ឋាភិបាលជប៉ុន។
រហូតមកដល់ឆ្នាំ២០១៥ ទើបកូរ៉េខាងត្បូង និងជប៉ុនបានចរចាត្រូវរ៉ូវគ្នា ដោយជប៉ុនសុខចិត្តសងសំណងជាលុយផង ហើយសូមទោសដោយចំពោះជនរងគ្រោះដោយទាសភាពផ្លូវភេទនេះផង ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងតូក្យូក៏នៅតែមិនទទួលស្គាល់ការទទួលខុសត្រូវដោយផ្ទាល់ខ្លួននោះដែរ ដោយលើកឡើងថា ការចាប់បង្ខំឲ្យបម្រើផ្លូវភេទនៅពេលនោះមិនមែនធ្វើឡើងដោយអាជ្ញាធររដ្ឋនោះទេ តែធ្វើឡើងដោយបណ្តាញពេស្យាចារឯកជន។
ក្រោយពីលោកមូន ចែអ៊ីនឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៧ រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានប្រកាសសើរើកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះឡើងវិញ ដោយបានទាមទារឲ្យជប៉ុនប្រកាសទទួលស្គាល់ថា ការបង្ខំស្ត្រីឲ្យបម្រើផ្លូវភេទនៅសម័យសង្រ្គាមនោះ គឺជាឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងដោយរដ្ឋជប៉ុន។ ជប៉ុនបដិសេធ ហើយបញ្ហានេះ ក៏នៅជាប់គាំងគ្មានដំណោះស្រាយ ហើយក្រោយមកទៀត ជម្លោះនេះបានរាលដាលទៅដល់រឿងប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំក្នុងសម័យសង្រ្គាម។
ប្រឈមនឹងបណ្តឹងជាច្រើននៅចំពោះមុខតុលាការកូរ៉េខាងត្បូង ជប៉ុនប្រកាន់ជំហរយ៉ាងតឹងរ៉ឹង ដូចអ្វីដែលខ្លួនធ្លាប់លើកឡើងជារឿយៗកាលពីពេលកន្លងមក ពោលគឺ រាល់បញ្ហាសំណងការខូចខាតដោយសង្រ្គាម ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ គឺត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ តាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩៦៥។ ក៏ប៉ុន្តែ តុលាការកំពូលកូរ៉េខាងត្បូងវិញ នៅក្នុងសេចក្តីសម្រេច កាលពីខែតុលាឆ្នាំ២០១៨កន្លងទៅនេះ បានលើកឡើងថា កិច្ចព្រមព្រៀងឆ្នាំ១៩៦៥នេះ មិនអាចដកសិទ្ធិជនរងគ្រោះ ក្នុងការទាមទារសំណងជាលក្ខណៈឯកជននោះទេ ដូច្នេះហើយបានជាតុលាការសម្រេចឲ្យក្រុមហ៊ុនជប៉ុនត្រូវសងជំងឺចិត្តទៅតាមការទាមទាររបស់ជនរងគ្រោះ។
សរុបជារួមមកវិញ កូរ៉េខាងត្បូងយល់ថាជប៉ុនមិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីទទួលខុសត្រូវ និងសងការខូចខាតដល់ជនរងគ្រោះ ស្របទៅតាមកំហុសដ៏ធ្ងន់ធ្ងរដែលខ្លួនបានធ្វើ ចំណែកឯភាគីជប៉ុនវិញយល់ថាខ្លួនបានសារភាពទទួលកំហុស ថែមទាំងបានថ្លែងសូមទោស ព្រមទាំងបានដោះស្រាយបញ្ហាសំណងរួចរាល់អស់ហើយតាមរយៈកិច្ចព្រមព្រៀងឆ្នាំ១៩៦៥កន្លងទៅ ក៏ប៉ុន្តែ កូរ៉េខាងត្បូងនៅតែមិនស្កប់ចិត្ត ហើយបន្តទាមទារឥតឈប់។ ការយល់ឃើញផ្ទុយគ្នានេះហើយ ដែលជាចំណុចចម្បងមួយធ្វើឲ្យជប៉ុន និងកូរ៉េខាងត្បូង នៅតែបន្តឈ្លោះគ្នា ដោយសាររឿងអតីតកាលសម័យសង្រ្គាម រហូតមកទល់នឹងសព្វថ្ងៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ