ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​

ហេតុអ្វី​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​​មិន​អាចផ្សះផ្សា​ស្នាម​របួស​ពី​សម័យ​សង្រ្គាម​បាន?​
 
ជនរងគ្រោះ​ដោយ​ត្រូវ​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើការ​កាល​ពី​សម័យសង្រ្គាម នៅ​មុខ​តុលាការ​កំពូល​កូរ៉េ​ខាង​ត្បូង (រូបថតឯកសារ) REUTERS/Kim Hong-Ji

កាលពីថ្ងៃចន្ទ​​កន្លងទៅនេះ ជប៉ុន​បាន​ប្រកាស​រឹតបន្តឹង​ការនាំចេញ​​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង នូវ​វត្ថុធាតុដើម​សំខាន់ៗ​មួយ​ចំនួន ដែល​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ត្រូវការ​ជា​​ចាំបាច់​នៅ​ក្នុងការ​ផលិត​ផលិតផល​អេឡិចត្រូនិច។ ការ​រឹតបន្តឹង​ការនាំចេញ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​តុលាការ​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​សេចក្តីសម្រេច​​ជា​បន្តបន្ទាប់​​​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​​​កូរ៉េ​ដោយ​បង្ខំ​នៅ​ក្នុង​សម័យ​សង្រ្គាម ត្រូវ​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ។ តើ​ហេតុអ្វី​បាន​ជា​ជិត​មួយ​សតវត្សរ៍​​កន្លង​ទៅហើយ​នេះ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​​នៅតែ​មិន​អាច​រក​ផ្សះផ្សា​ស្នាម​របួស​ចាស់​​តាំង​ពី​សម័យ​សង្រ្គាម​នេះ​បាន?

ភាពតានតឹង​មិនចេះចប់ រវាង​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​បង្កឡើង​ដោយ​ស្នាម​របួស​ចាស់​ ​សម័យ​សង្រ្គាម ​តាំង​ពី​ជិត​មួយ​សតវត្សរ៍​មុននេះ គឺ​កើតមានឡើង ​ដោយសារ​តែ​ប្រទេស​ទាំងពីរ​មាន​ទស្សនៈ​ផ្ទុយគ្នា​ស្រឡះ ជុំវិញ​​ការទទួលខុសត្រូវ និង​វិធានការ​របស់​ជប៉ុន​ក្នុងការ​លុបលាង​កំហុស​របស់​ខ្លួន​ពី​អតីតកាល។

គួរបញ្ជាក់​ថា ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា កាល​ពី​ឆ្នាំ១៩៦៥​ ដោយ​តាមរយៈ​កិច្ចព្រមព្រៀង​នោះ ប្រទេស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​លើ​ការ​ដោះស្រាយ​បញ្ចប់​នូវ​​រាល់ការទាមទារ និង​ជម្លោះ​ទាំង​ប៉ុន្មាន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្រ្គាម ​ជា​ថ្នូរ​នឹង​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត ព្រមទាំង​ការ​ផ្តល់​នូវ​ជំនួយ​ខាង​សេដ្ឋកិច្ច​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ជប៉ុន​​ទៅ​ឲ្យ​កូរ៉េ​ខាង​ត្បូង។

ពី​ខាង​ភាគី​ជប៉ុន គេ​យល់ឃើញ​ថា ជំនួយ​សេដ្ឋកិច្ច​អស់ទាំងនេះ​ គឺ​ស្មើ​នឹង​​សំណង​ជំងឺ​ចិត្ត​ទៅដល់​កូរ៉េ​ខាង​ត្បូង ហើយ​​រាល់​ការ​ទាមទារ​សំណង​ខូចខាត​ពី​សម័យ​សង្រ្គាម​​ក៏​​ត្រូវ​ដោះស្រាយ​ចប់​សព្វគ្រប់​​​តែ​ត្រឹមនោះ​ដែរ។

ក៏ប៉ុន្តែ ពី​ខាង​កូរ៉េ​ខាង​ត្បូង​វិញ គេ​យល់ឃើញ​ថា កិច្ចព្រមព្រៀង​​ឆ្នាំ១៩៦៥​នោះ ដោះស្រាយ​តែ​ជម្លោះ និង​ការទាមទារ ជាលក្ខណៈ​រដ្ឋ​និង​រដ្ឋ​តែ​ប៉ុណ្ណោះ ហើយ​វា​មិន​ត្រូវ​ក្លាយ​ជា​ឧបសគ្គ រារាំង​មិន​ឲ្យ​មាន​ការ​ទាមទារ​សំណង​ខូចខាត​​ជា​លក្ខណៈ​បុគ្គល​ ពី​សំណាក់​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​នោះទេ។ ម្យ៉ាងវិញ​ទៀត សម្រាប់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល បញ្ហា​ដាច់ដោយឡែក ហើយ​ដែល​សុទ្ធតែ​ជា​បញ្ហា​​រសើបៗ​ជាច្រើន រួមមាន​ដូចជា​រឿង​ចាប់បង្ខំស្ត្រីជប៉ុន​ឲ្យ​បម្រើផ្លូវភេទ​ទាហាន​ជប៉ុន ជាដើមនោះ មិន​មាន​ចែង​នៅ​ក្នុង​​​​កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៥​នោះទេ ដែល​ចាំបាច់​ត្រូវ​ឲ្យ​ការឲ្យ​មាន​​ដំណោះស្រាយ​ផ្សេង ក្រៅ​យន្តការ​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៥​នេះ។

លើស​ពី​សំណងជំងឺ​ចិត្ត ចំណុច​ដ៏​សំខាន់​មួយ ដែល​កូរ៉េ​ខាង​ត្បូង​ទាមទារ​ពី​ជប៉ុន គឺ​ទាមទារ​ឲ្យ​ជប៉ុន​សារភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ពី​អតីតកាល។ នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ នៅ​​ឆ្នាំ១៩៩៥ ដោយ​នាយករដ្ឋមន្រ្តី​ជប៉ុន​ពេលនោះ (លោក​ តូមីអ៊ីឈី មូរ៉ាយ៉ាម៉ា) បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ធ្វើការ​សូមទោស​ចំពោះ​បណ្តា​ប្រទេស ដែល​រងគ្រោះ​ដោយ​​អាណានិគម​ជប៉ុន ព្រមទាំង​បាន​បង្ហាញ​នូវ​វិប្បដិសារី និង​ការ​សោកស្តាយ​ចំពោះ​អ្នក​ដែល​រង​នូវការ​ឈឺច្បាប់​ក្រោម​ការត្រួតត្រា​របស់​​ជប៉ុន។

ក៏ប៉ុន្តែ បើ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ កូរ៉េ​ខាង​ត្បូង​​ក៏​នៅតែ​មិន​ស្កប់ចិត្ត​នោះដែរ ដោយ​គេ​យល់​ឃើញ​ថា នៅ​ក្នុងការ​ថ្លែង​សូមទោស​នេះ​ ជប៉ុន​លើកឡើង​ជា​លក្ខណៈ​ទូទៅ ហើយ​មិនបាន​និយាយ​សូមទោស​ដោយ​ចំឈ្មោះ​កូរ៉េ​ខាង​ត្បូង។ ​លើស​ពីនេះ​ទៅទៀត កូរ៉េ​ខាង​ត្បូង​នៅតែ​យល់ថា ការ​សូមទោស​របស់​ជប៉ុន​នេះ គឺ​មិនបាន​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​នោះទេ ដោយ​សារតែ​គេ​សង្កេតឃើញ​ថា ក្រោយៗមកទៀត មេដឹកនាំ​ជប៉ុន​ជាច្រើន​នៅតែ​បន្ត​​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញានក្ខន្ធ​នៅ​វិហារ​យ៉ាស៊ូគូនី ដែល​ជា​ទីសក្ការៈ​រំឭក​ដល់​កងទ័ព​ជប៉ុន ក្នុងនោះ​ក៏មានដែរ អតីត​មេទ័ព​ជប៉ុន​ក្នុង​សម័យ​សង្រ្គាម ហើយ​ដែល​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​នោះ​ដែរ ជប៉ុន​ក៏​បាន​ស្នើ​ផងដែរ​ ចង់​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ដោយ​ការ​បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាម តាមរយៈមូលនិធិ​ស្រ្តី​អាស៊ី​ដែល​ជប៉ុន​បង្កើតឡើង ក៏ប៉ុន្តែ សំណើនេះ​ត្រូវ​បាន​កូរ៉េ​ខាង​ត្បូង​ច្រាន​ចោល ក្នុងហេតុផល​ថា សំណង​ជំងឺចិត្ត​នេះ​មិន​ភ្ជាប់​មក​ជាមួយ​នូវ​ការ​ទទួលស្គាល់​កំហុស​ដ៏ពេញលេញ​មួយ ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន។

រហូត​មក​ដល់​ឆ្នាំ២០១៥ ទើប​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ចរចា​ត្រូវ​រ៉ូវគ្នា ដោយ​ជប៉ុន​សុខចិត្ត​សងសំណង​ជា​លុយ​ផង ហើយ​សូមទោស​ដោយ​ចំពោះ​ជនរងគ្រោះ​ដោយ​ទាសភាព​ផ្លូវភេទ​នេះ​ផង ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​តូក្យូ​ក៏​នៅតែ​មិន​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ខ្លួននោះដែរ ដោយ​លើកឡើង​ថា ​ការ​ចាប់បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​​នៅ​ពេលនោះ​មិនមែន​ធ្វើឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​នោះទេ តែ​​ធ្វើឡើង​ដោយ​​បណ្តាញ​ពេស្យាចារ​ឯកជន។

ក្រោយ​ពី​លោក​មូន ចែអ៊ីន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​​​នៅ​ឆ្នាំ២០១៧ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​បានប្រកាស​សើរើ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥​នេះ​ឡើងវិញ ដោយ​បាន​ទាមទារ​ឲ្យ​ជប៉ុន​ប្រកាស​ទទួលស្គាល់​ថា ការបង្ខំ​ស្ត្រី​ឲ្យ​បម្រើ​ផ្លូវភេទ​នៅ​សម័យ​សង្រ្គាម​នោះ គឺ​ជា​ឧក្រិដ្ឋកម្ម​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋ​ជប៉ុន។ ជប៉ុន​បដិសេធ​ ហើយ​បញ្ហា​នេះ​ ក៏​នៅ​ជាប់គាំង​គ្មាន​ដំណោះស្រាយ ហើយ​ក្រោយ​មក​ទៀត ជម្លោះ​នេះ​បាន​រាលដាល​ទៅដល់​រឿង​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សម័យ​សង្រ្គាម។

ប្រឈម​នឹង​បណ្តឹង​ជាច្រើន​នៅ​ចំពោះ​មុខ​តុលាការ​កូរ៉េ​ខាង​ត្បូង ជប៉ុន​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់លើកឡើង​ជា​រឿយៗ​កាល​ពី​ពេលកន្លងមក ពោលគឺ រាល់​បញ្ហា​សំណងការ​ខូចខាត​ដោយ​សង្រ្គាម ពី​ឆ្នាំ១៩១០​ ដល់​ឆ្នាំ១៩៤៥ គឺ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់អស់ហើយ តាមរយៈ​កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៥។ ក៏ប៉ុន្តែ តុលាការ​កំពូល​កូរ៉េ​ខាង​ត្បូង​វិញ នៅ​ក្នុង​សេចក្តីសម្រេច កាល​ពី​ខែ​តុលា​ឆ្នាំ២០១៨​កន្លងទៅនេះ​ បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៥​នេះ មិន​អាច​ដកសិទ្ធិ​ជនរងគ្រោះ ក្នុងការ​ទាមទារ​សំណង​ជាលក្ខណៈ​ឯកជន​នោះទេ ដូច្នេះហើយ​បានជា​តុលាការ​សម្រេច​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ត្រូវ​សង​ជំងឺ​ចិត្ត​ទៅតាម​ការ​ទាមទារ​របស់​ជនរងគ្រោះ។

សរុប​ជា​រួម​មក​វិញ ​​កូរ៉េ​ខាងត្បូង​យល់ថា​ជប៉ុន​មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ទទួលខុសត្រូវ និង​សងការ​ខូចខាត​ដល់​ជនរងគ្រោះ ស្រប​ទៅ​តាម​កំហុស​ដ៏ធ្ងន់ធ្ងរ​ដែ​លខ្លួន​បាន​ធ្វើ ចំណែក​ឯ​​ភាគី​ជប៉ុន​វិញ​យល់ថា​ខ្លួន​បាន​សារភាព​ទទួលកំហុស ​ថែម​ទាំង​បាន​ថ្លែង​សូមទោស ព្រម​ទាំង​បាន​ដោះស្រាយ​បញ្ហា​សំណង​រួចរាល់​អស់ហើយ​តាមរយៈ​កិច្ចព្រមព្រៀង​ឆ្នាំ១៩៦៥​កន្លងទៅ ក៏ប៉ុន្តែ កូរ៉េ​ខាង​ត្បូង​នៅតែ​មិន​ស្កប់​ចិត្ត ហើយ​បន្ត​ទាមទារ​ឥតឈប់។ ការយល់ឃើញ​ផ្ទុយ​គ្នា​​នេះហើយ ដែល​​ជា​ចំណុច​ចម្បងមួយធ្វើ​ឲ្យ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង នៅតែ​បន្ត​ឈ្លោះគ្នា​ ដោយសារ​​រឿង​អតីតកាល​សម័យសង្រ្គាម រហូត​មក​​ទល់​នឹង​សព្វថ្ងៃ​នេះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ