អានតួអត្ថបទ
កូរ៉េខាងជើង-អូស្ត្រាលី

កូរ៉េខាងជើង៖ និស្សិត​អូស្រា្តលី​សារភាពថា ខ្លួន​ជា​ចារកិច្ច

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង KCNA នៅថ្ងៃ​សៅរ៍ទី ៦កក្កដា បាន​ចុះផ្សាយ​ថា និស្សិត​អូស្ត្រាលី ដែល​កូរ៉េខាងជើង ចាប់ខ្លួន កាលពី​សប្តាហ៍មុន បាន​សារភាព ទទួលស្គាល់ថា ខ្លួន​បានធ្វើ​ចារកម្ម​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ក្រោម​ជំនួយ​អន្តរាគមន៍​ពី​ស៊ុយអែត ប្រទេស​លោកខាងលិច​តែមួយ ដែល​មាន​ស្ថានទូត​នៅ​ កូរ៉េខាងជើង និស្សិត អូស្ត្រាលី Alek Sigley ត្រូវ​បាន​ក្រុង​ព្យុងយ៉ាង​ដោះលែង​ឲ្យ​មាន​សេរីភាព និង​បាន​ធ្វើដំណើរ​ដោយ​សុវត្ថិភាព​ទៅដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ព្រហស្បតិ៍។ 

និស្សិតអូស្ត្រាលី Alek Sigley ដែល​ត្រូវ​កូរ៉េខាងជើង ចាប់ដាក់ឃុំ​មួយ​សប្តាហ៍​មុន​នឹង​ដោះលែង​ ហើយ​ធ្វើដំណើរ​ទៅដល់​ព្រលាន​យន្តហោះ​ប៉េកាំងថ្ងៃទី ៤​កក្កដា ២០១៩
និស្សិតអូស្ត្រាលី Alek Sigley ដែល​ត្រូវ​កូរ៉េខាងជើង ចាប់ដាក់ឃុំ​មួយ​សប្តាហ៍​មុន​នឹង​ដោះលែង​ ហើយ​ធ្វើដំណើរ​ទៅដល់​ព្រលាន​យន្តហោះ​ប៉េកាំងថ្ងៃទី ៤​កក្កដា ២០១៩ ©Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​ក្រោយ​និស្សិត​អូស្ត្រាលី ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព និង​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន កាសែត​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ចុះផ្សាយ​ថា និស្សិត Alek Sigley បាន​សារភាព​ប្រាប់​អាជ្ញាធរ​កូរ៉េខាងជើង​ថា ខ្លួន​ពិត​ជា​បាន​ធ្វើ​ចារកម្ម​នៅ​ទឹកដី​កូរ៉េខាងជើង។

និស្សិត អូស្ត្រាលី ត្រូវ​បាន​ចាប់ខ្លួន កាលពី​ថ្ងៃ ទី ២៥​មិថុនា ក្នុង​បទចោទប្រកាន់ ថា បាន​បង្ហោះ ផ្សព្វផ្សាយ​ព័ត៌មាន​ឃោសនា​ប្រឆាំង​របបកុម្មុយនិស្ត​ព្យុងយ៉ាង នៅតាម​អ៊ីនធ័រនែត។ តាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA Alek Sigley បាន​ផ្ទេរ​ព័ត៌មាន ជាច្រើន​ជាលើក​ទៅ ឲ្យ​វិបសៃតិ៍​ព័ត៌មាន​អាមេរិកាំង NK ដែលមានទីតាំង​នៅទីក្រុង​សេអ៊ូល។ KCNA បាន​បន្ថែមថា Alek Sigley បាន​ប្រើ​កាតនិស្សិត​អន្តរជាតិ ដើម្បី ធ្វើដំណើរ​ ពេញក្រុង​ព្យុងយ៉ាង ក្នុង​គោលដៅ ប្រមូល​ព័ត៌មាន​របស់​ទីក្រុង ដែលនៅក្នុង​នោះ​ទាំង រូបភាព ហើយនិង​ទិន្នន័យ​វិភាគ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញផ្សាយ​នៅថ្ងៃ​សៅរ៍ម្សិលមិញ វិបសៃតិ៍​ព័ត៌មាន​អាមេរិក NK បាន​ទាត់ចោល​ការចោទប្រកាន់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង។ តាម​វិបសៃតិ៍​អាមេរិក អត្ថបទ​ដែល​ Alek Sigley​សរសេរ និង​ចុះ​នៅក្នុង​វិបសៃតិ៍ ទាំងអស់​ជាអត្ថបទ​ដែល​លក្ខណៈ​នយោបាយ។ និស្សិត​អូស្ត្រាលី ដែល​មាន​ទីភ្នាក់ងារ​ទេសចរណ៍​ផ្ទាល់ខ្លួន តែង​សរសេរ​ចែករំលែក​ឲ្យគេ​ស្គាល់​ពីភោជនីយដ្ឋាន និង​ ជីវិត​រស់នៅ​ដ៏​សាមញ្ញ នៅ​ព្យុងយ៉ាង។

ក្នុង​វ័យ ២៩ឆ្នាំ Alek Sigley​ជា​និស្សិត​ស្បែកស ដែល​កម្រ​នឹង​មាន នៅ​ទីក្រុងព្យុងយ៉ាង​ជាទី​ដែល​ខ្លួនគេ​បាន​បន្ត​រៀន​អក្សរសិល្បិ៍​កូរ៉េ​នៅ​សកលវិទ្យាល័យ​គីម អ៊ីលស៊ុង​ជាង ១ឆ្នាំ​មកហើយ។ នៅសប្តាហ៍មុន ក្រុមគ្រួសារ​របស់​Alek Sigley​កើតក្តីបារម្ភ​ពី​សុវត្ថិភាព សន្តិសុខ នៅពេល និស្សិត​រូបនេះ បាន​បាត់ខ្លួន​ដោយ​អាថ៌កំបាំង នៅ​ទីក្រុង​ព្យុងយ៉ាង។

“Alek Sigley បាន​ឆ្លើយ​សារភាព​ដោយ​ស្មោះត្រង់​ថា ខ្លួន​ស៊ើប​យកការណ៍​សម្ងាត់​ផ្ទៃក្នុង​របស់​កូរ៉េខាងជើង ទៅ​ចែករំលែក​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ ដែល​ប្រឆាំង​កូរ៉េខាងជើង។ រូបគេ​បាន​ទទូច​សុំទោស​ជា​ច្រើនលើក ពីការ​ដែលបាន​រំលោភបំពាន​អធិបតេយ្យភាព របស់​កូរ៉េខាងជើង។ រដ្ឋាភិបាល​កូរ៉េខាងជើង ដែល​យោគយល់​ផ្នែកមនុស្សធម៌​បាន​ដោះលែង និង​បណ្តេញ​និស្សិត​អូស្រ្តាលី កាលពី​ថ្ងៃទី ៤​កក្កដា” នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​KCNA។

នៅ​ថ្ងៃ​ទី​៤​កក្កដា និស្សិត​អូស្ត្រាលី អម​ដំណើរ​ដោយ​ប្រេសិត ស៊ុយអែត ដែល​ជាអ្នកជួយ​អន្តរាគមន៍ ក្នុង​ការដោះលែង បាន​លេច​មុខ​នៅទីក្រុង​ប៉េកាំង មុន​នឹង​ធ្វើដំណើរ​ទៅ​រស់នៅ​ជាមួយ​ភរិយា​ជប៉ុន នៅ​ទីក្រុង​តូក្យូ។ នៅថ្ងៃ​សុក្រ តាមរយៈ សារ​ដែលផ្សព្វផ្សាយ​ដោយ​អ្នកតំណាង​របស់ខ្លួន Alek Sigley​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វីច្រើន​ពី​រឿង​ចាប់ខ្លួន​លោក នៅ​កូរ៉េខាងជើង​នោះទេ។ ក្រៅតែ​ពីសំដែង​ការដឹងគុណ​ដល់​ប្រេសិត​ស៊ុយអែត ដែលជួយ​អន្តរាគមន៍​ក្នុង​ការដោះលែង​រូបលោក​នោះ Alek Sigleyបាន​អំពាវនាវ​ឲ្យ​កាសែត​អន្តរជាតិ​គោរព ជីវិត​ឯកជន​របស់លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ