អានតួអត្ថបទ
បារាំង-ចិន

ភរិយា​របស់​លោកម៉េង ហុងវៃ ដាក់ពាក្យ​ប្តឹង​អាំងទែរប៉ូល ទៅតុលាការ​ឡាអេ

លោកស្រី ម៉េង​ ក្រាស ភរិយា​របស់លោកម៉េង ហុងវៃ ​​អតីត​មេប៉ូលិស​អាំងទែរប៉ូល ដែល​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ កាលពី​ចុងឆ្នាំ ២០១៨ បានសម្រេចចិត្ត​នៅ​ចុងសប្តាហ៍នេះ ដាក់​ពាក្យ​បណ្តឹង ប្តឹង​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ អាំងទែរប៉ូល ដែល​មានទីតាំង​នៅទីក្រុង​លីយ៉ុង​ប្រទេស​បារាំង។ នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​អាទិត្យ ភរិយា​របស់​លោកម៉េងហុងវៃ ចោទប្រកាន់​អង្គការ​ប៉ូលិស​អន្តរជាតិ​ពីបទ​ផ្សំគំនិត​ក្នុង​រឿង​ចាប់ខ្លួន​​ដោយ​ខុសច្បាប់ ​​លោក ម៉េងហុងវៃ ពីសំណាក់​ប្រទេស​ចិន ដែល​ជា​សមាជិកមួយ​របស់​អាំងទែរប៉ូល។ 

អតីត​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល នៅថ្ងៃ​ទី ៨ឧសភា ឆ្នាំ ២០១៨នៅទីស្នាក់ការ​របស់​អាំងទែរប៉ូល​នៅទីក្រុង​លីយ៉ុង​ប្រទេស​បារាំង
អតីត​ប្រធាន​ប៉ូលិស​អាំងទែរប៉ូល នៅថ្ងៃ​ទី ៨ឧសភា ឆ្នាំ ២០១៨នៅទីស្នាក់ការ​របស់​អាំងទែរប៉ូល​នៅទីក្រុង​លីយ៉ុង​ប្រទេស​បារាំង ©Jeff Pachoud/Pool via Reuters/File Picture
ផ្សាយពាណិជ្ជកម្ម

លោកស្រី Meng Grace ម៉េងក្រាស​ ភរិយា​របស់​លោក​ម៉េង ហុងវៃ ​បាន​រៀបចំ​ដាក់​ពាក្យបណ្តឹង ​ប្តឹង​អាំងទែរប៉ូល​ នៅ​​តុលាការ​អាជ្ញាកណ្តាល​អចិន្រ្តៃយ៍ដែល​មានទីតាំង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

នៅក្នុង​សេចក្តីប្រកាស ដែល​មេធាវី​ជាតិបារាំង​របស់​លោកស្រី បាន​បញ្ជូន​ដល់​ដៃ​របស់​អ្នកកាសែត កាលពី​ថ្ងៃ​អាទិត្យ លោកស្រី ម៉េង ក្រាស បាន​ចោទប្រកាន់​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ថា ខកខាន​មិន​បាន​ជួយ​ការពារ​លោក​ម៉េង ហុងវៃ ហើយ​និង​ក្រុមគ្រួសារ​។ ភរិយា​របស់​លោក​ម៉េង ហុងវៃ​បាន​ចោទប្រកាន់​ផងដែរ​អាំងទែរប៉ូល​ថា​ បាន​ចូលរួម​ផ្សំគំនិត​ក្នុង​សកម្មភាព​ខុសច្បាប់​របស់ប្រទេស​ជា​សមាជិក ដូចជាចិន។

លោកស្រី ម៉េង ក្រាស​បាន​ពន្យល់បន្ថែមថា លោកស្រី បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង ប្តឹង​អាំងទែរប៉ូលទៅ​តុលាការ​ក្រុង​ឡាអេ នោះ​បើទោះបី​ជា​មាន​ការគំរាម​​របស់​អាំងទែរប៉ូល​ដែល​ថា នឹង​អនុវត្ត​នីតិវិធី​ផ្លូវច្បាប់​ប្រឆាំង​លោកស្រី បើសិន​លោកស្រី និយាយ​បើកកកាយ​ពី​អាំងទែរប៉ូល។ សម្រាប់​លោកស្រី ម៉េង ក្រាស តុលាការ​នឹង​អាច​ចែង​សម្រេចថា តើ​ការបាត់ខ្លួន​ប្តីរបស់​លោកស្រី គឺលោក ម៉េង ហុងវៃ មានជាប់ទាក់ទង​តែ​នឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​នៅ បារាំង និង​នៅ​ចិន ដូច​ដែល​អាំងទែរប៉ូល​បាន​អះអាង​ប្រាប់លោកស្រី ឬ​មួយ​ក៏​ អាំងទែរប៉ូល​បាន​រំលោភ​ មិន​គោរពកាតព្វកិច្ច​ចំពោះ គ្រួសារ​របស់​លោកស្រី។

នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ញើ​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters កាលពី​ថ្ងៃ​អាទិត្យ អាំងទែរប៉ូល​បាន​សំដែង​ការសោកស្តាយ ដែល​លោកស្រី ម៉េង ក្រាស ហើយ​និង​មេធាវី​ បាន​រំលោភ​នីតិវិធី​សម្ងាត់​របស់​ស្ថាប័ន​​ប៉ូលិស​អន្តរជាតិ។ ​អាំងទែរប៉ូល​បាន​បដិសេធ​ផងដែរ ការចោទប្រកាន់​ដែលថា អាំងទែរប៉ូល​បានគំរាម បំបិទ​សំឡេង​របស់​លោកស្រី​ម៉េង ក្រាស។ មួយវិញទៀត អាំងទែរប៉ូលតាមរយៈ​អ្នកនាំពាក្យ​​បាន​អះអាង​យ៉ាងដាច់​អហង្កា​ថា ខ្លួន​មិន​បាន​ចូលរួមពាក់ព័ន្ធ ឬ​ផ្សំ​គំនិត​ក្នុង​សកម្មភាព​របស់​ប្រទេសចិន ទៅលើ​អតីត​មេប៉ូលិស​អាំងទែរប៉ូល លោក ម៉េង ហុងវៃ​នោះទេ។

នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៨ ប្រធាន​ប៉ូលិស​អាំងទែរប៉ូល ជនជាតិ​ចិន លោកម៉េង ហុងវៃបាន​បាត់ខ្លួន ដោយ​អាថ៌កំបាំង​នៅពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។ នៅក្រោយ​សំណើ​ជាផ្លូវការ​របស់​អាំងទែរប៉ូល​ដែលសុំ​ឲ្យ​ប្រទេស​ចិន​ឆ្លើយបំភ្លឺ​ជុំវិញ ការបាត់ខ្លួន​ លោក​ប្រធាន​ម៉េង ហុងវៃ អាំងទែរប៉ូលនៅ​ខែ​តុលា ​បាន​ទទួល​លិខិត​សុំលាលែងមុខតំណែង​ពី​លោកម៉េងហុងវៃ ពោល​គឺ​នៅ​តែ​ថ្ងៃ​តែមួយ​ដែល​​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យនៃ​គណៈកម្មការ​មជ្ឈិមបក្សដែល​ជា​​ ​ស្ថាប័ន​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​​អំពើ​ពុក​រលួយ​​ចិន​ បាន​​ប្រកាស​​ថា លោក ម៉េង ហុងវៃ ត្រូវ​ជាប់​អង្កេត ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ និង​វិន័យ​បក្ស​ ទទួល​សំណូក ប្រព្រឹត្ត​អំពើ​ពុក​រលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ