ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

តាលីបង់ និង អាហ្វហ្កានីស្ថាន សន្យារៀបចំផែនទីនាំទៅរកសន្តិភាព

media  
ទិដ្ឋភាព​នៃ​កិច្ចប្រជុំ​អន្តរអាហ្វហ្កានីស្ថាន​នៅ​ដូហា ថ្ងៃទី ៧-៨ កក្កដា ២០១៩ © Reuters

នៅ​ថ្ងៃ​អង្គារ​នេះ កាតាបាន​​ប្រកាស​អំពី​ជោគជ័យ​នៃ​កិច្ចពិភាក្សា​អន្តរភាគី​អាហ្វហ្កានិស្ថាន ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ពី​រថ្ងៃ​នៅ​ទីក្រុង​ដូហា​។ ជំនួប​ពិភាក្សា​អន្តរអាហ្វហ្កានីស្ថាន ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុង​កម្មវត្ថុ​​សម្រួល​កិច្ចចរចា​រវាងអាមេរិក​និង​តាលីបង់ ដើម្បី​ឈាន​ទៅ​ដល់​ការ​បិទ​បញ្ចប់​ជម្លោះ​នៅអាហ្វហ្កានីស្ថាន។

មិនមែន​ជា​កិច្ចព្រមព្រៀង​​ទេ តែ​ជា​តំណាងនៃ​ភាព​​ជោគជ័យ​និង​ជា​​ដំណាក់កាល​ទី​មួយ នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព​។ តំណាង​តាលីបង់ និង​ប្រតិភូ​​អាហ្វហ្កានិស្ថានជាង​៦០​រូប (ជា​​សមាជិក​រដ្ឋាភិបាល ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់ ជា​តំណាង​​​សង្គមស៊ីវិល បក្ស​ប្រឆាំង ​ព្រមទាំងស្ត្រីផង)​​ បាន​សម្រេច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម សន្យា​កាត់​បន្ថយ​អំពើ​ហិង្សា បញ្ចុះ​ចំនួន​ជន​រងគ្រោះ​ស៊ីវិល ឱ្យ​ដល់​កំរិត​សូន្យ និង​ ​ដំឡើង​គម្រោង​ផែនទី​​ចង្អុល​ផ្លូវ​ទៅ​រក​សន្តិភាព ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​បើកកិច្ច​​ចរចាសន្តិភាព ​ការ​វិល​ត្រលប់​របស់​ជនធ្វើ​បំលាស់​ទី​ក្នុង​ផ្ទៃ​ប្រទេស និង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​មិន​ជ្រៀតជ្រែក​របស់​មហាអំណាច​ក្នុង​តំបន់។

សេ​ចក្តី​ថ្លែងការណ៍​រួម ​៧០០​ពាក្យ ក៏​បាន​សន្យា​គោរព​​ការ​ពារ​​​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន ជីវិត អចលនៈ​ទ្រព្យ និង​មាន​ចែង​អំពី​គម្រោង​ ធានា​សិទ្ធិ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ សង្គម​សេដ្ឋកិច្ច អប់រំ និង​វប្បធម៌ ក្នុង​ក្របខ័ណ្ឌ​អ៊ីស្លាម។

ជួប​ពិភាក្សា​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃនៅដូហា ដែល​​សហការ​រៀប​ចំ​ឡើង​ដោយ​អាល្លឺម៉ង់ និង​កាតា ជា​ជំនួប​លើក​ទី​បី។ កម្មវត្ថុ​នៃ​កិច្ច​ពិភាក្សា​ គឺ​ស្វែងរក​ការ​​ត្រូវ​រ៉ូវ​គ្នា​អំពី​លក្ខខណ្ឌ​នៃ​កា​រចរចា​សន្តិភាព។ ប៉ុន្តែ​កិច្ចពិភាក្សាអន្តរអាហ្វហ្កានីស្ថាននេះ​ប្រព្រឹត្តទៅ​ដោយ​គ្មាន​តំណាងអាមេរិក​ និង​តំណាង​​រដ្ឋាភិបាល​ក្រុង​កាប៊ូល​​ជា​​ផ្លូវការ​ទេ​ គឺ​មាន​ត្រឹម​តែ​ជា​លក្ខណៈ​បុគ្គលប៉ុណ្ណោះ។ តាលីបង់​បាន​បដិសេធ​ជា​រហូត​មក​មិន​ចរចា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កាន់​អំណាច​អាហ្វហ្កានីស្ថាន​ទេ។

យ៉ាងណា​ក៏​ដោយ​ក៏​ជំនួប​ពិភាក្សា​ប្រកប​ដោយ​ជោគជ័យ​ គឺ​ជា​ការបើកផ្លូវ​ ​សម្រួល​ឱ្យ​អាមេរិក​និ​ងតាលីបង់ អាចឈាន​​បញ្ចប់​​​កិច្ចព្រមព្រៀង​ ដើម្បី​សន្តិភាព​អាហ្វហ្កានីស្ថាន។ អាមេរិក​បាន​សន្យា​​ដកទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន ឯ​តាលីបង់​បាន​សន្យា​​មិន​បណ្តោយ​ឱ្យ​ប្រទេស​ធ្លាក់​ខ្លួន​ជា​ជម្រកក​របស់​ពួក​ភេរវជន។ អាមេរិក​ និង​តាលីបង់ ក៏​ចាប់​ផ្តើម​បន្តកិច្ចចរចា​របស់​ខ្លួន​ទៀត ដោយ​សង្ឃឹម​ថា​នឹង​អាច​សម្រេច​ផ្តល់ជា​​រូប​រាងនៃ​កិច្ចព្រមព្រៀង​ពេញ​លេញ​មួយ ឱ្យ​បាន​មុខ​ថ្ងៃ​២៨​កញ្ញា ២០១៩ ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ