ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

ប្រមុខដឹកនាំ​ហុងកុង៖ សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័នទៅ​ប្រទេស​ចិន “ស្លាប់បាត់ហើយ”

media ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​អង្គារ​ទី ៩ កក្កដា ២០១៩ ©REUTERS/Tyrone Siu

ប្រមុខ​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ប្រទេស​ចិន ដែល​ជា​ដើមហេតុ​នៃ​មហាបាតុកម្ម រហូត​មក​នៅ​ហុងកុង នោះ​បាន​”ស្លាប់”​បាត់ទៅ​ហើយ។ ការអះអាង​របស់​លោកស្រី​ការី ឡាំ នៅ​តែ​មិនទាន់​អាច​បញ្ចុះបញ្ចូល​ក្រុមប្រឆាំង ដែលបាន​ចោទ​ប្រមុខដឹកនាំ​ហុងកុង ថា កំពុងលេងពាក្យ ដើម្បី​បិទបាំង ភូតកុហក ប្រជាជន​ហុងកុង។

 

២ថ្ងៃ​ក្រោយ មហាបាតុកម្ម​របស់​ក្រុមប្រឆាំង នៅមុខ​ស្ថានីយ៍​រថភ្លើង​ចិន ក្នុងទឹកដី ហុងកុង ប្រមុខដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ចេញមុខ​អះអាង នៅថ្ងៃ​អង្គារ​នេះ ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការធ្វើ​បត្យាប័ន​ជនសង្ស័យ ទៅ​ប្រទេស​ចិន ដែល​ប្រជាជន​ហុងកុង​បានធ្វើ​បាតុកម្ម​ប្រឆាំង តាំង​ពី​ខែ ចុងខែ​មីនា​មកនោះ គឺ​ស្លាប់​បាត់​ទៅ​ហើយ។

តាម​ប្រមុខ​ដឹកនាំ​ហុងកុង នៅ​តែ​មន្ទិល​សង្ស័យ ពី​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល និង​ការបារម្ភដែលថា រដ្ឋាភិបាល​អាច​ត្រលប់​មក​ស្នើច្បាប់​ធ្វើ​បត្យាប័ន​សាជាថ្មី។ “ប៉ុន្តែ ខ្ញុំ​សូមបញ្ជាក់​ជាថ្មីថា គ្មាន​ផែនការ​បែបនោះទេ។ ច្បាប់​នេះ​បាន​ស្លាប់​ហើយ” នេះជា​ប្រសាសន៍​អះអាង​របស់​លោកស្រី ការី ឡាំ។

នៅក្នុង​សន្និសីទ​កាសែត ប្រមុខ​ដឹកនាំ​ហុងកុងដែល​ទម្លាក់កំហុស​លើខ្លួន​ឯង​រហូតមក ទទួល​ស្គាល់​ដែរ​ថា រដ្ឋាភិបាល​ជួប​បរាជ័យ​ទាំងស្រុង ដែល​បាន​ប៉ុនប៉ង​ស្នើ​ឲ្យមាន​ច្បាប់​ធ្វើ​បត្យាប័ន និង​ថា ទីក្រុង​ហុងកុង កំពុង​ជួបប្រទះ​បញ្ហា​ប្រឈមដ៏​សំខាន់ ជា​លើកទី ១ មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិ​ហុងកុង។ សម្រាប់​លោកស្រី ការី ឡាំ មាន​បញ្ហា​ធ្ងន់ធ្ងរ ដែល​កំពុង​ចាក់គ្រឹះ ក្នុង​សង្គម​ហុងកុង ដែល​មាន​តាំង​ពី​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សង្គម ហើយ​និង​ការបែកបាក់​ខាង​នយោបាយ នៅក្នុង​សង្គម​ហុងកុង។

ប្រមុខដឹកនាំ​ហុងកុង បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង ទុកឱកាស ពេលវេលា និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី ជួយ​ស្រោចស្រង់​ហុងកុង ចេញ​ពី​ផ្លូវទាល់ច្រក។ ប៉ុន្តែ លោកស្រី​បាន​បដិសេធ​មិន​ចុះចេញ​ពីតំណែង ទៅតាម​ការទាមទារ​របស់​ក្រុមបាតុករ​នោះទេ។ សម្រាប់​លោកស្រី​ការី ឡាំ ការលាលែង​ពីមុខ​តំណែង មិនមែន​ជា​រឿង​សាមញ្ញ​សម្រាប់​មេដឹកនាំ​អំណាចប្រតិបត្តិ។ ម្យ៉ាងទៀត លោកស្រី​នៅ​ចង់​បំរើ​ប្រជាពលរដ្ឋ​ហុងកុង។

លោកស្រី ការី ឡាំ​បាន​និយាយ​យល់ព្រម ផងដែរថា នឹង​ទទួល​ជួប​ចរចា ជា​សាធារណៈ​ជាមួយ​ក្រុមនិស្សិតបាតុករ ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ លោកស្រី បដិសេធ​មិន​ទម្លាក់ចោល ការចោទប្រកាន់ ទៅ​លើ​បាតុករ ដែលត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅក្រោយ ការវាយសម្រុកចូល ដោយ​ហិង្សា ទៅក្នុង​អគាររដ្ឋសភា កាលដើម​ខែ​កក្កដា​នេះ។

សម្រាប់​លោកស្រី ការី ឡាំ ការឈប់ប្តឹងផ្តល់ ជនល្មើស​ច្បាប់ គឺ​ជារឿង​ដែល​មិនអាច​ទទួលយកបាន ហើយ​និង​វាផ្ទុយនឹង​ច្បាប់ជា​មូលដ្ឋាន​របស់​ហុងកុង។

ក្រុមនិស្សិត និង​ក្រុមប្រឆាំង​នឹង​ច្បាប់​ធ្វើបត្យាប័ន វិញ នៅតែ​មិនជឿទុកចិត្ត​សំដី​របស់​ប្រមុខដឹកនាំ​ហុងកុង និង​នៅតែ​ទាមទារ​ឲ្យ​លោកស្រី ប្រកាស​ដកចោល​ទាំងស្រុង​សេចក្តីព្រាងច្បាប់​ស្តីពីការធ្វើ​បត្យាប័ន​ទៅ​ប្រទេសចិន។ ប្រធាន​ចលនា​និស្សិត​ហុងកុង លោក Joshua Wong បាន​ចោទប្រកាន់​លោកស្រី ការី ឡាំ​ថា កំពុង​លេងពាក្យ ដើម្បី​ភូតកុហក ប្រជាជន​ហុងកុង។ ប្រតិកម្ម​ទៅនឹង​ការប្រកាស​របស់​លោកស្រី ការី ឡាំ សមាជិកសភា មក​ពីគណបក្ស​ប្រឆាំង និយាយ​ថា គេ​នៅតែ​មិនយល់ ហេតុអ្វី លោកស្រី​ការី ឡាំ បដិសេធ​មិន​ប្រកាស​លុបចោល សេចក្តីព្រាង ប៉ុន្តែ បែរ​ជាទៅ​ប្រើ​ពាក្យ​ស្លាប់ទៅវិញ។ សម្រាប់ សមាជិក​ក្រុមប្រឆាំង ទៅតាម​បច្ចេកទេស សេចក្តីព្រាង​ច្បាប់ នៅតែ​មាន​ក្នុង​កម្មវិធី​របស់​សភា ដែល​នឹង​អាច​ត្រូវ​គេ​លើក​យក​មក​ពិភាក្សា បោះឆ្នោត អនុម័ត​នៅថ្ងៃណាមួយ នាពេលអនាគត៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ