អានតួអត្ថបទ

ថៃ បិទ​បញ្ចប់ការប្រើ​ប្រព័ន្ធ​តុលាការ​យោធា​លើ​ជន​ស៊ីវិល

ប្រមុខ​ដឹកនាំ​យោធា​ថៃ ដែលបច្ចុប្បន្នបានក្លាយ​​​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ម្សិលមិញ បិទ​បញ្ចប់​ការ​ប្រើប្រាស់​ច្បាប់​​មួយ​ចំនួន​ ដែល​តាក់តែង​ឡើង​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ភ្លាម។ តាម​រយៈ​​វិធានការ​នោះ ការ​កាត់ទោស​ជន​ស៊ីវិល​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​យោធា​នឹង​លែង​មាន​អនុវត្ត​ទៀត​ហើយ​ ប៉ុន្តែ​ ​ច្បាប់​ឃុំ​ខ្លួន​ដោយ​មិន​ឆ្លង​កាត់​ប្រព័ន្ធ​តុលាការត្រូវ​បាន​រក្សា​ទុក​​ដដែល។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា
នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ក្រោយ​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ​២០១៤​ មាន​មនុស្ស​ប្រមាណ​២ពាន់​នាក់ ត្រូវរងការ​ជំនុំ​ជម្រះ ដោយ​តុលាការយោធា​ ពី​បទ​​មាន​ជំហរ​ប្រឆាំង​នឹង​របប​សឹក ឬ​ពី​បទ​ប្រមាថ​រាជានិយម ដែល​អាច​នាំ​ជន​ជាប់​ចោទ​ឱ្យ​ជាប់​ទោស​ក្នុង​ពន្ធនាគារ ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ ​រាល់​គ្រប់​សំណុំ​រឿងស៊ីវិល​​ដែល​ក្នុង​ដៃ​តុលាការយោធា​ ត្រូវ​ផ្ទេរសមត្ថកិច្ច​ទៅ​ឱ្យ​តុលាការ​​ស៊ីវិល​វិញ​ទាំង​អស់ ! នេះ​បើ​តាម​ការ​ជូន​ដំណឹង​ជា​ផ្លូវការ​របស់​អាជ្ញាធរ​ថៃ។

វិធានការ​នេះ ធ្វើ​ឡើង​តាម​បញ្ជា​​របស់​មេដឹកនាំ​សឹក​ លោក ប្រាយុទ្ធ ចាន់​អូចា ដែល​បាន​ក្លាយ​នាយករដ្ឋមន្ត្រី​ថៃ តាម​រយៈ​ការ​បោះឆ្នោត​សភា​ដ៏​ចម្រូង​ចម្រាស កាលពី​ខែ​មីនា។ លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេច​ លុប​ចោល​ច្បាប់​ជាង​១០​ ដែល​ក្រុមយោធា​បាន​​តាក់តែង​ឡើង​នៅ​ពេល​បាន​ឡើង​កាន់​អំណាច​ តាម​រយៈ​រដ្ឋ​ប្រហារ​ភ្លាម។ ប៉ុន្តែ ក្រុម​​យោធាថៃ នៅ​រក្សា​សិទ្ធិ​ចុះ​ឆែកឆេរ ​ចាប់​ខ្លួន​ និង​ឃុំខ្លួន​ជន​សង្ស័យក្នុង​ទីតាំង​សម្ងាត់​ រយៈ​ពេល​៧​ថ្ងៃ នូវ​រាល់​សំណុំ​រឿង​សង្ស័យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដោយ​មិន​ចាំបាច់​មាន​ដីកា​ពី​តុលាការ​ឡើយ។

“ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ” គឺ​ជា​ប្រយោគ​ដែល​មាន​ន័យ​ទូលំទូលាយ​ណាស់ ! នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស ដោយ​អះអាង​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា ក្រុម​មេដឹកនាំ​យោធា ទំនង​ជា​មិន​ទាន់​អាច​គ្រប់គ្រងប្រទេស​តាម​បែប​​ប្រជាធិបតេយ្យ​បាន​ ទើប​ត្រូវ​រក្សា​ច្រក​មួយ​ ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​ចាប់​ក្រុម​អ្នក​ប្រឆាំង​បាន​ នៅ​ពេល​មាន​ចលនា​បាតុកម្ម​ផ្ទុះ​ឡើង។ សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ វិធានការ​លុប​ច្បាប់​សម័យ​ដឹកនាំ​បែប​យោធា មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ​វិធានការ​នេះ ក៏​ធ្លាក់​មក​ជួន​ចំពេល​ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​​កំពុង​​​បរិហារ​ ទង្វើ​បង្ក្រាបកាន់​តែ​ខ្លាំងឡើងៗ​និង​​ជា​ស្វ័យប្រវត្តិ​ ​ការ​រិះគន់​រដ្ឋាភិបាល​របស់ក្រុម​អតីត​យោធា។

សូម​បញ្ចាក់​ថា តាំង​​ខ្លួន​ជា​មេដឹកនាំ​ប្រទេស​ ស្របច្បាប់ ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត លោក ប្រាយុទ្ធ​ ចាន់​អូចា ត្រូវ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថៃ​ស៊ីវិល​ថ្មី​ ប៉ុន្តែ​លោក​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រួបរួម ចង​សម្ព័ន្ធភាព​​ជាមួយ​បក្ស​តូចៗ​ដើម្បី​​ប្រមូល​ឱ្យ​សំឡេង​ភាគ​ច្រើនដាច់​ខាត​នៅ​ក្នុង​សភា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ