ថៃ បិទបញ្ចប់ការប្រើប្រព័ន្ធតុលាការយោធាលើជនស៊ីវិល
ប្រមុខដឹកនាំយោធាថៃ ដែលបច្ចុប្បន្នបានក្លាយជានាយករដ្ឋមន្ត្រី បានប្រកាសនៅថ្ងៃអង្គារម្សិលមិញ បិទបញ្ចប់ការប្រើប្រាស់ច្បាប់មួយចំនួន ដែលតាក់តែងឡើងក្រោយរដ្ឋប្រហារឆ្នាំ២០១៤ភ្លាម។ តាមរយៈវិធានការនោះ ការកាត់ទោសជនស៊ីវិលដោយប្រើប្រព័ន្ធតុលាការយោធានឹងលែងមានអនុវត្តទៀតហើយ ប៉ុន្តែ ច្បាប់ឃុំខ្លួនដោយមិនឆ្លងកាត់ប្រព័ន្ធតុលាការត្រូវបានរក្សាទុកដដែល។
ចុះផ្សាយនៅថ្ងៃ៖
ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ មានមនុស្សប្រមាណ២ពាន់នាក់ ត្រូវរងការជំនុំជម្រះ ដោយតុលាការយោធា ពីបទមានជំហរប្រឆាំងនឹងរបបសឹក ឬពីបទប្រមាថរាជានិយម ដែលអាចនាំជនជាប់ចោទឱ្យជាប់ទោសក្នុងពន្ធនាគារ ជាច្រើនឆ្នាំ។ ប៉ុន្តែចាប់ពីពេលនេះទៅ រាល់គ្រប់សំណុំរឿងស៊ីវិលដែលក្នុងដៃតុលាការយោធា ត្រូវផ្ទេរសមត្ថកិច្ចទៅឱ្យតុលាការស៊ីវិលវិញទាំងអស់ ! នេះបើតាមការជូនដំណឹងជាផ្លូវការរបស់អាជ្ញាធរថៃ។
វិធានការនេះ ធ្វើឡើងតាមបញ្ជារបស់មេដឹកនាំសឹក លោក ប្រាយុទ្ធ ចាន់អូចា ដែលបានក្លាយនាយករដ្ឋមន្ត្រីថៃ តាមរយៈការបោះឆ្នោតសភាដ៏ចម្រូងចម្រាស កាលពីខែមីនា។ លោកនាយករដ្ឋមន្ត្រី បានសម្រេច លុបចោលច្បាប់ជាង១០ ដែលក្រុមយោធាបានតាក់តែងឡើងនៅពេលបានឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារភ្លាម។ ប៉ុន្តែ ក្រុមយោធាថៃ នៅរក្សាសិទ្ធិចុះឆែកឆេរ ចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យក្នុងទីតាំងសម្ងាត់ រយៈពេល៧ថ្ងៃ នូវរាល់សំណុំរឿងសង្ស័យប៉ះពាល់ដល់សន្តិសុខជាតិ ដោយមិនចាំបាច់មានដីកាពីតុលាការឡើយ។
“ប៉ះពាល់ដល់សន្តិសុខជាតិ” គឺជាប្រយោគដែលមានន័យទូលំទូលាយណាស់ ! នេះជាការព្រួយបារម្ភរបស់ក្រុមអង្គការការពារសិទ្ធិមនុស្ស ដោយអះអាងបន្ថែមនៅថ្ងៃនេះថា ក្រុមមេដឹកនាំយោធា ទំនងជាមិនទាន់អាចគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យបាន ទើបត្រូវរក្សាច្រកមួយ ដែលអនុញ្ញាតឱ្យពួកគេអាចចាប់ក្រុមអ្នកប្រឆាំងបាន នៅពេលមានចលនាបាតុកម្មផ្ទុះឡើង។ សម្រាប់អង្គការក្រៅរដ្ឋាភិបាល វិធានការលុបច្បាប់សម័យដឹកនាំបែបយោធា មិនទាន់គ្រប់គ្រាន់ទេ។ វិធានការនេះ ក៏ធ្លាក់មកជួនចំពេល ដែលអង្គការក្រៅរដ្ឋាភិបាលកំពុងបរិហារ ទង្វើបង្ក្រាបកាន់តែខ្លាំងឡើងៗនិងជាស្វ័យប្រវត្តិ ការរិះគន់រដ្ឋាភិបាលរបស់ក្រុមអតីតយោធា។
សូមបញ្ចាក់ថា តាំងខ្លួនជាមេដឹកនាំប្រទេស ស្របច្បាប់ ប្រសូតចេញពីការបោះឆ្នោត លោក ប្រាយុទ្ធ ចាន់អូចា ត្រូវរៀបចំបង្កើតរដ្ឋាភិបាលថៃស៊ីវិលថ្មី ប៉ុន្តែលោកកំពុងជួបការលំបាកខ្លាំងក្នុងការរួបរួម ចងសម្ព័ន្ធភាពជាមួយបក្សតូចៗដើម្បីប្រមូលឱ្យសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ