សេរីភាពសារព័ត៌មានកំពុងរងការគំរាមកំហែង នៅឥណ្ឌា ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៥
រងការយាយី ចាប់ខ្លួន បង្កឧបសគ្គឱ្យធ្វើការមិនកើត ផ្តាច់ហិរញ្ញវត្ថុ ... នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសគិតចាប់តាំងឥណ្ឌាស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកជាតិនិយមហិណ្ឌូ ណារិនដ្រា ម៉ូឌី មក លក្ខខណ្ឌការងាររបស់អ្នកសារព័ត៌មាន នៅតំបន់កាស្មៀ កាន់តែលំបាកខ្លាំងឡើងៗ។ អ្នកកាសែតស្ថិតក្រោមសម្ពាធជាងពេលណាៗទាំងអស់។
ក្រៅអំពីត្រូវធន់នឹងគំនាប ម្ខាងមកពីកងកម្លាំងរក្សាសន្តិសុខដែលបង្ហាញវត្តមានកាន់តែច្រើនឡើងៗជាប្រចាំ និងម្ខាងទៀតជាក្រុមបះបោរចង់ផ្តាច់ទឹកដីកាស្មៀ អ្នកកាសែត អ្នកយកការណ៍ អ្នកថតរូប អ្នកថតវីដេអូ អ្នកយកព័ត៌មានគ្រប់រូប គ្រប់សណ្ឋាន ត្រូវរងសម្ពាធ កាន់តែខ្លាំង និងជាស្វ័យប្រវត្តិទៀត ពីសំណាក់អាជ្ញាធរឥណ្ឌា។ ចំណែកដៃគូសន្ទនា អ្នកធ្វើអន្តរាគមន៍ លែងហ៊ានបញ្ចេញមតិ ដោយចំហ ដោយបញ្ចេញអត្តសញ្ញាណទៀតហើយ ព្រោះខ្លាចមានការសងសឹក។
អាជ្ញាធរក្រុងញូវដាលី ដែលត្រូវការឱ្យអ្នកឯករាជ្យនិយមស្ងាត់មាត់ ឬ ត្រូវប្រកាន់ជំហរ ស្របតាមបន្ទាត់នយោបាយរបស់រដ្ឋាភិបាល មិនខ្លាចនឹងប្រើគ្រប់វិធី ដើម្បីឃុំគ្រងគ្រប់ស្រទាប់ក្នុងសង្គមទេ។
ស្ថានភាពកាន់តែតានតឹង និងលក្ខខណ្ឌការងាររបស់អ្នកកាសែត កាន់តែដុនដាបមួយកំរិតបន្ថែមទៀត ក្រោយពីមានភេរវកម្មអត្តឃាតស្លាប់កងស្វ័យត្រានឥណ្ឌាជាង៤០នាក់ កាលពីខែកុម្ភៈដើមឆ្នាំ២០១៩ ដែលធ្វើឱ្យរដ្ឋាភិបាលឥណ្ឌាផ្ទុះកំហឹងយ៉ាងខ្លាំង។
កាស្មៀ ជាអតីតរាជាណាចក្រ ដែលត្រូវពុះចែកជាពីរចំរៀក មួយជារបស់ឥណ្ឌា មួយទៀតជារបស់ប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។ តាំងពីពេលនោះមកទល់នឹងថ្ងៃនេះ មហាអំណាចនុយក្លេអ៊ែរជាប់របងគ្នាទាំងពីរ នៅតែបន្តជម្លោះទាមទារគ្រប់គ្រងតំបន់កាស្មៀទាំងមូលរៀងខ្លួន ជាហេតុធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពតានតឹងជាប្រចាំ។ ហើយដោយជាក់ស្តែងទៅ សេរីភាពសារព័ត៌មាននៅក្នុងតំបន់កាស្មៀ រងគំនាបខ្លាំងជាងតំបន់ដទៃនៃប្រទេស តាំងតែពីដើមរៀងមករហូតមកដែរ។ ប៉ុន្តែអ្នកកាសែតសង្កេតឃើញ បាតុភូតដាក់គំនាប កាន់តែច្បាស់ថែមទៀត តាំងពីអ្នកជាតិនិយមហិណ្ឌូ លោក ណារិនដ្រា ម៉ូឌី ដែលប្រកាន់ជំហរនយោបាយតឹងតែងខ្លាំង ជាប់ឆ្នោតក្លាយនាយករដ្ឋមន្ត្រីឥណ្ឌាមក។
ចាប់ខ្លួន
អ្នកកាសែតរងសម្ពាធក្នុងទម្រង់ច្រើនយ៉ាង ៖ សម្រាប់អ្នកសារព័ត៌មាននៅតាមមូលដ្ឋាន ការចាប់ខ្លួនអ្នកទទួលខុសត្រូវកាសែតដ៏មានប្រជាប្រិយភាព សរសេរជាភាសាតំបន់Afaaq កាលពីចុងខែមិថុនា គឺជាសារព្រមានសំដៅលើអាជីពអ្នកកាសែតតែម្តង។ ការចាប់ខ្លួនត្រូវបានធ្វើឡើងដោយឈរលើបណ្តឹងមួយពាក់ព័ន្ធនឹងអត្ថបទចំណាស់ជិត៣០ឆ្នាំទៅហើយ ហើយដែលពុំធ្លាប់មាននរណាព្រួយបារម្ភថាជាខ្លឹមសាររសើបសោះ។ នៅសុខៗស្រាប់តែ ប៉ូលិសស៊ីវិលបានចូលដល់គេហដ្ឋានរបស់អ្នកកាសែតម្ចាស់អត្ថបទ ទាំងកណ្តាលអាធ្រាត្រ ហើយស្នើនាំទៅការិយាល័យ ដោយគ្មានពន្យល់ហេតុផលអ្វីទាំងអស់។ តើមានការប្តឹងផ្តល់ប្រឆាំងនរណា ? នរណាជាដើមបណ្តឹង នរណាជាចុងចោទ ? គ្មានទេចម្លើយ ! អ្នកកាសែតបានទទួលសេរីភាពមកវិញជាថ្នូរនឹងការបង់ប្រាក់ធានានៅតុលាការ។
ខ្ទប់ព័ត៌មាន
ក្រៅអំពីមធ្យោបាយចាប់ខ្លួន រដ្ឋាភិបាលឥណ្ឌាដាក់បង្ខំឱ្យអ្នកឆ្លើយឆ្លងព័ត៌មានបរទេស ប្រចាំការនៅឥណ្ឌា ត្រូវសុំសិទ្ធិពិសេស ដើម្បីអាចចូលទៅយកព័ត៌មាននៅតំបន់កាស្មៀ។ ដំណើរការបែបបទសុំសិទ្ធិដែលមិនប្រាកដថានឹងបានចម្លើយវិជ្ជមាន និងអាចស៊ីពេលរាប់សប្តាហ៍។ អ្នកថតរូបធ្វើការឱ្យភ្នាក់ងារអន្តរជាតិ បានអះអាងធ្លាប់ឃើញអំពើឃោរឃៅ ប៉ុន្តែមិនអាចថតរូបជាសាក្សីបានទេ ! ព្រោះអាជ្ញាធរឥណ្ឌា មិនត្រូវការរឿងហេតុកើតនៅក្នុងតំបន់នេះ ធ្លាយទៅពិភពលោកខាងក្រៅ និងសូម្បីតែក្នុងផ្ទៃឥណ្ឌាខ្លួនឯងផ្ទាល់ក៏មិនឱ្យធ្លាយដល់។
ទៅតាមដានយកព័ត៌មាននៅដោយផ្ទាល់ជាក់ស្តែងទាន់ហេតុការណ៍ នៅផ្ទាល់កន្លែងកើតហេតុ ស្ទើរក្លាយជាបេសកកម្មដែលមិនអាចធ្វើទៅបាន ! អ្នកកាសែត ត្រូវឃាត់ឱ្យនៅឆ្ងាយរាប់គីឡូម៉ែត្រ។ គ្មានអ្នកកាសែតណាម្នាក់អាចចូលធ្វើអង្កេតបានឡើយ។ ប្រព័ន្ធឃោសនាព័ត៌មាន អាចផ្សាយនតែរូបភាព និងព័ត៌មានដែលរដ្ឋាភិបាលចង់បង្ហាញតែប៉ុណ្ណោះ។ អ្នកកាសែតដើមកំណើតកាស្មៀម្នាក់ ល្មើសហ៊ានផ្សាយបទសម្ភាសន៍ជាមួយមេកន្ទ្រាញឧទ្ទាម ត្រូវជាប់ឃុំក្នុងពន្ធនាគារ តាំងពីខែសីហា ២០១៨មក។
ផ្តាច់ប្រភពហិរញ្ញវត្ថុ
ពីមុនមក ឱ្យមានភាពតានតឹង រដ្ឋាភិបាលផ្អាកពាណិជ្ជកម្ម តែតាំងដើមខែកុម្ភៈឆ្នាំ២០១៩មក ពោលគឺពីរបីថ្ងៃមុនភេរវកម្មអត្តឃាត ប្រឆាំងក្បួនយោធាឥណ្ឌា រដ្ឋាភិបាលបានសម្រេចឈប់ទិញសិទ្ធិផ្សាយពាណិជ្ជកម្មនៅក្នុងទំព័រកាសែត Kashmir Reader និង Greater Kashmir កាសែតជាភាសាអង់គ្លេស ដែលគេនិយមអានបំផុតនៅកាស្មៀ។ សេចក្តីសម្រេចនេះ បានធ្វើឱ្យកាសែតបាត់បង់ប្រភពចំណូលដ៏សំខាន់របស់ខ្លួន និងត្រូវបង្ខំចិត្តកាត់បន្ថយទំព័រផ្សាយ និងបញ្ចុះប្រាក់ខែអ្នកកាសែតចំនួន៦០%។ បើតាមគណៈកម្មការការពារអ្នកសារព័ត៌មាន មិនថាដឹកនាំដោយរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមកពីខាងបក្សនយោបាយណាទេ វិធីគាបបំពង់ហិរញ្ញវត្ថុ ជាមធ្យោបាយបង្ក្រាបមួយរបស់គ្រប់រដ្ឋាភិបាលឥណ្ឌា មកលើតំបន់កាស្មៀ ដើម្បីបំបិទពាក្យរិះគន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ