អានតួអត្ថបទ

អ.ស.ប. នឹងបូក​បញ្ជី ស្តីពីការ​រំលោភ​សិទ្ធិមនុស្ស​របស់​ហ្វីលីពីន

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១១​កក្កដា ២០១៩ នេះ សេចក្តី​សម្រេច​ចិត្ត​​មួយ​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ ​ធ្វើ​របាយការណ៍​ពេញ​លេញ​ ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហ្វលីពីន ជា​ពិសេស​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ក្របខ័ណ្ឌនៃ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​លោក ឌុយទែរតេ។

​ម្ខាយ​​របស់​ជនរងគ្រោះ​នៃ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​របស់ប្រធានាធិបតី​ឌុយទែរតេ
​ម្ខាយ​​របស់​ជនរងគ្រោះ​នៃ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​របស់ប្រធានាធិបតី​ឌុយទែរតេ © Reuters
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​ចិត្ត​ស្នើ​ឡើង​ដោយ​អ៊ីស្លង់ និងសហការ​​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប កាណាដា និង​នូវែលហ្សេឡង់។

បើ​តាម​ខ្លឹម​សារ​នៃ​សេចក្តីសម្រេចចិត្ត​ តាំង​ពី​​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន នៅ​ពាក់​កណ្តាល​​ឆ្នាំ២០១៦​មក ហ្វីលីពីន​រងការ​ចោទ​ប្រកាន់​​ថា​បាន​ធ្វើ​ឃាត​ជន​សង្ស័យ​ជា​អ្នក​ជួញដូរ និង​ប្រព្រឹត្ត​​គ្រឿង​ញៀនអស់​រាប់​ពាន់​នាក់។ យុទ្ធនាការ​បង្ក្រាប ដែល​ជា​អាទិភាព​របស់​រដ្ឋាភិបាល​លោក ឌុយទែរតេ បាន​ទទួល​ការ​ជោគជ័យ​ ក្នុង​រង្វង់​ពលរដ្ឋ​ហ្វីលីពីនក្នុង​ប្រទេស​ ប៉ុន្តែ​ការ​ធ្វើ​ឃាត​នៅ​ពេល​យប់ ពី​សំណាក់​ប៉ូលិស​ និង​ការ​បាញ់​សម្លាប់​មនុស្ស​ពី​សំណាក់​ខ្មាន់​កាំភ្លើង​ដៃ​ឆើត ត្រូវ​រង​ការ​ថ្កោល​ទោស​នៅ​អន្តរជាតិ។

រដ្ឋាភិបាល​ហ្វីលីពីន​ផ្ទាល់​បាន​ផ្តល់​តួលេខ​ថា​មាន​អ្នក​ពាក់​ព័ន្ធ​នឹងគ្រឿង​ញៀន ៥៣០០​នាក់​ត្រូវ​បាន​សម្លាប់ ប៉ុន្តែ​បើ​តាម​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ចំនួន​ជន​រងគ្រោះ​ទំនង​ច្រើន​ជាង​នេះ​ដល់​ទៅ​បួន​ដង​ឯណោះ។

សេចក្តី​សម្រេចចិត្ត​​បាន​ស្នើ​សុំ​ឱ្យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី មីស្ហែល បាស្ហឺឡេ ធ្វើ​របាយការណ៍​បូក​សរុប​ពេញ​លេញ​មួយ ស្តី​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន ឱ្យ​បាន​លទ្ធផល​​នៅ​ឆ្នាំ​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ សេចក្តី​សម្រេចចិត្ត​អង្គការសហប្រជាជាតិ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ ចាត់​វិធានការ​ចាំបាច់​គ្រប់យ៉ាង​​ ដើម្បី​ទប់​ស្កាត់​ការ​ប្រហារ​ជីវិត​​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​បាត់ខ្លួន​ដោយ​បង្ខំ ព្រមទាំង​ដឹកនាំ​អង្កេតដោយ​មិន​លម្អៀង​​​និង​បញ្ជូន​ជន​ដៃដល់​​ទៅឱ្យ​​តុលាការកាត់​ទោស។

អង្គការ​សហប្រជាជាតិ ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ហ្វីលីពីន សហការ​ជាមួយ​​ឧត្តមស្នងការ​សិទ្ធិមនុស្ស និង​សម្រួល​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​។ អ្នក​ជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​របស់​អង្គការ​សហប្រជាជាតិ ដែល​តាំង​ពី​ដើម​ខែ​មិថុនា​មក បាន​អំពាវនាវ​សុំ​បើក​អង្កេត​ករណី​រំលោភ​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។

ប៉ុន្តែ​​ហ្វីលីពីន​ ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់ បាន​ច្រាន​ចោល​ភ្លាម​សេចក្តី​សម្រេច​ចិត្ត​នេះ ដោយ​បរិហារ​ថា​ជា​ការ​ចោទ​ប្រកាន់​ខុស​ និង​ជា​ទង្វើ​ដ៏​គ្រោះ​ថ្នាក់​រុញ​ច្រានហ្វីពីលីន​ឱ្យ​ចេញ​ពី​ផ្លូវ​ចរចា។ អ្នក​នាំ​ពាក្យ​របស់​ប្រធានាធិបតី​ ឌុយទែរតេ បាន​ប្រកាស​រង់ចាំ​បរាជ័យ​នៃ​សេចក្តី​សម្រេចចិត្ត​នេះ​តាំង​ពី​សប្តាហ៍​មុនម្ល៉េះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ