ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT
អាស៊ី

ចិនប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឱ្យ​តៃវ៉ាន់

media  
ចិន​ប្រកាស​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ REUTERS/Jason Lee/Illustration/File Photo

ចិន​តប​ត​នឹង​អាមេរិកដោយ​ជាក់ស្តែង​ហើយ​ ! នៅ​ថ្ងៃ​សុក្រ​នេះ ប៉េកាំង​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ភ្លាមៗ​លើ​ក្រុមហ៊ុន​​អាមេរិក​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​លក់​អាវុធ​តម្លៃ​២២០០​លាន​ដុល្លារ​​ឱ្យ​តៃវ៉ាន់។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។ ចិន​ ដែល​​​​ចាត់​ទុក​ជាកោះ​តៃវ៉ាន់​ជា​​បូរណភាព​ដែន​ដី​របស់​ខ្លួនទាំង​មូល។ តើ​ជា​ទណ្ឌកម្ម​អ្វី​ខ្លះ ?

“អាមេរិក​លក់​អាវុធ​ទៅតៃវ៉ាន់​ គឺ​ជាការ​​រំលោភ​បទដ្ឋាន​គ្រឹះ​នៃ​ច្បាប់​ និង​ទំនាក់​ទំនង​អន្តរជាតិ។ ដូច្នេះដើម្បីការពារ​ផល​ប្រយោជន៍​ជាតិ​ ចិន​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រាល់​ក្រុមហ៊ុន​អាមេរិក​ដេល​មាន​ពាក់​ព័ន្ធ​នឹង​ការ​លក់​អាវុធ​ទៅ​តៃវ៉ាន់” ! ​។ នេះ​ជា​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លី របស់​ចិន។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិន មិន​បាន​បញ្ជាក់​លម្អិត​អំពី​ប្រភេទ​នៃ​ទណ្ឌកម្ម និង​អំពី​ឈ្មោះ​នៃក្រុមហ៊ុន​ដែល​រង​វិធានការ​សងសឹក​ទេ។

អាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​អាមេរិក​ព្រម​លក់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់។ ហើយ​ជា​រៀង​រាល់​លើក​ចិន​តែង​សម្តែង​ការ​ប្រឆាំង​ជា​និច្ច ប៉ុន្តែ​នៅ​លើក​នេះ ខុស​ពី​ទម្លាប់ ចិន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​អាមេរិក​តែ​ម្តង។

ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ ស្ទើរ​ក្នុង​ម៉ោង​តែ​មួយ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក​ វ៉ង់ យី ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី បាន​ព្រមាន​អាមេរិក​ដោយ​ចំៗ កុំ​ឱ្យសំណុំ​រឿង​តៃវ៉ាន់ មក​ជ្រលរ​លេង​នឹង​ភ្លើង។ ពាក្យ​គំរាម​ដែល​គ្រលាស់​ចេញ​ឡើង​ក្នុង​ពេល​លោក​ប្រមុខ​ការទូតចិន កំពុង​ធ្វើ​សន្និសីទ​កាសែត​រួម​ជាមួយ​សមភាគី​ហុងគ្រី​តែម្តង។

សេចក្តី​ប្រកាស​ទណ្ឌកម្ម​នេះ ក៏​ធ្លាក់​មក​ជួន​ចំពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវ៉េន អ្នក​ឯករាជ្យ​និយម​តៃវ៉ាន់ កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ មុន​នឹង​បន្ត​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ការទូត​នៅ​ក្នុង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​​ក្នុង​តំបន់​ការ៉ាអ៊ីប។ ចិន​ខឹង​សម្បារ​ខ្លាំង​ណាស់ នឹង​ទស្សនកិច្ច​នេះ ជាពិសេស​ចិន​ហាម​ហាត់​ខាត​មិន​ឱ្យ​អាមេរិក​ទទួល​អ្នក​ដឹកនាំ​នយោបាយ​ជាន់​ខ្ពស់​តៃវ៉ាន់​ឡើយ។

សូម​បញ្ជាក់​ថា សាធារណរដ្ឋ​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ដែន​កោះ​ ឬ​ខេត្ត​មួយ​​របស់​ខ្លួន។​ ជា​ដែន​កោះ​ដ៏​ធំ​ មាន​ប្រជាជន​រស់​នៅ​ប្រមាណ​ជាង ២៣​លាន​នាក់ ភាគ​ច្រើន​ជា​ជនជាតិហាន ពូជ​សាសន៍​តែមួយ​នឹង​ពលរដ្ឋ​ចិន​ដីគោក ​តៃវ៉ាន់ ត្រូវ​បាន​ដឹកនាំនិង​ប្រកាន់​របប​នយោបាយ​ផ្ទុយ​ពី​ប៉េកាំង និង​ដោយ​ក្រុម​​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត តាំង​ពី​ឆ្នាំ​១៩៤៩​មក។ នៅ​ឆ្នាំ​១៩៧៩ ដើម្បី​អាច​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ សហរដ្ឋ​អាមេរិក​បាន​ផ្តាច់​ទូត​ពី​តៃវ៉ាន់ តាម​គោលការណ៍​ចិន​តែ​មួយ។ តែ​​មិន​ដាច់​ប៉ិត​ដូច​កាត់​ក្រដាស​ឡើយ អាមេរិក​នៅ​តែ​រក្សា​ភាព​ជា​សម្ព័ន្ធ​មិត្ត និងជា​​អ្នក​ផ្គត់ផ្គង់អាវុធ​​ដ៏​ចំបង​របស់​តៃវ៉ាន់​ដដែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ