អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

ចុះផ្សាយ​នៅ​ថ្ងៃ៖

បារាំង នៅ​សុក្រទី ១២ កក្កដា សម្ពោធ​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នាវាមុជទឹក​នុយក្លេអ៊ែរ​ដ៏ទំនើប​របស់ខ្លួន នៅ​ទីក្រុងស៊ែរបួរ Cherbourg ភាគខាងជើង​ប្រទេស​បារាំង។ លោក​ប្រធានាធិបតី បារាំង អេម៉ានុយអែល ម៉ាក្រុង នឹង​ចូលរួម​ជាអធិបតី នៅក្នុង​ពិធីសម្ពោធ នាវា​មុជទឹកថ្មី ​ឈ្មោះ ស៊ូហ្វ្រាំង Suffren ដែល​កើតចេញ​មកពី កម្មវិធី​ផលិត​នាវាមុជទឹក ប្រភេទ​បារ៉ាគូដា Barracuda តម្លៃ ៩ពាន់លាន​អឺរ៉ូ។  

នាវា​មុជទឹក​ដ៏ទំនើប​របស់​បារាំងឈ្មោះ Suffren​ ដែល​ប្រធានាធិបតី បារាំង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​សុក្រ​ទី ១២​កក្កដា ២០១៩
នាវា​មុជទឹក​ដ៏ទំនើប​របស់​បារាំងឈ្មោះ Suffren​ ដែល​ប្រធានាធិបតី បារាំង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​សុក្រ​ទី ១២​កក្កដា ២០១៩ ©REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នាវាមុជទឹក ឈ្មោះ Suffren ដែល​ប្រធានាធិបតី បារាំង សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅថ្ងៃ​នេះ ជា​លទ្ធផល​នៃ​ការងារ​កសាង ផលិត របស់​ក្រុមវិស្វករ​អ្នកជំនាញ បារាំង អស់​រយៈពេល ២០​ឆ្នាំ។ នាវា​មុជទឹក ស៊ូហ្វ្រាំង យកតាម​ឈ្មោះ​របស់​ឧត្តមនាវី​បារាំង Pierre-André Suffren ដែល​បាន​ចេញមុខ​ច្បាំង​ទប់ទល់​កងទ័ព​ជើងទឹក​អង់គ្លេស នៅសតវត្សរ៍​ទី​១៨។ នាវាមុជទឹក​ទំនើប​ថ្មី របស់​បារាំង​នឹង​ទៅជំនួស​នាវា​មុជទឹក​ជំនាន់​មុន ទាំង​៦គ្រឿង ប្រភេទ Rubisដែល​កងទ័ពជើងទឹក​បបារាំង​ប្រើប្រាស់ តាំង​ពី​ឆ្នាំ ១៩៨០។

ក្នុង​ចំណោម​នាវា​មុជទឹក​៦ គ្រឿង សម្រាប់​កម្មវិធីន​នាវា​មុជទឹក ប្រភេទ Barracuda ដែល​មាន​តម្លៃ ៩ពាន់​លាន​អឺរ៉ូ នាវា​មុជទឹក Suffren  នឹង​ទៅ​ជំនួស​នាវាមុជទឹក​ចាស់ នៅ​មូលដ្ឋាន​ទ័ពជើងទឹក​បារាំង ​នៅ​Toulon យ៉ាងយូរ​បំផុត នៅ​ខែ​កក្កដា​ឆ្នាំក្រោយ។

បារាំង​មាន​មោទនភាព​ដែល​ទើប​ផលិត​បានសម្រេច នាវា​មុជទឹក​មួយ ដែលទំនើប មាន​សមត្ថភាព និង​ប្រសិទ្ធិភាព ខ្ពស់​ជាង​នាវា​មុជទឹក​មុនៗ​របស់​បារាំង។

ជា​នាវា​មុជទឹក​ដែល​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ Suffren អាច​ស្ថិតនៅ​ក្នុង​ទឹក បាន​រយៈពេល​យូរ គឺ ៧០ថ្ងៃ ច្រើន​ជាង​នាវាមុជទឹក​បច្ចុប្បន្ន​របស់​បារាំង ដែល​អាចផ្គត់ផ្គង់ ស្បៀង និងថាមពល​បាន​តែ ៤៥​ថ្ងៃ។ ប្រៀបធៀប​នឹង​នាវាមុជទឹក​ចាស់​ដែល​ខ្លះ​ដោយ​ថាមពល​ប្រេង ឬ​អគ្គិសនី នាវាមុជទឹក នុយក្លេអ៊ែរ Suffren​អាច​បើក​ក្នុង​ល្បឿន​លឿន ៥០គីឡូម៉ែត្រ ក្នុង​មួយម៉ោង។ ខុសពី​នាវាមុជទឹក​មុនៗ នាវាមុជទឹក​ថ្មី​របស់​បារាំង ដែល​មាន​ប្រវែង ៩០ម៉ែត្រ មានទម្ងន់​ធ្ងន់ជាង នាវាមុជទឹកមុនៗ ដល់​ទៅ ២ដង​កន្លះ ហើយ​អាច​មុជក្នុងជម្រៅទឹក ៣៥០ម៉ែត្រ។ នាវាមុជទឹក​មុន ប្រភេទRubis មាន​ទម្ងន់តែ​២៥០០តោន រីឯ​ប្រភេទ​ Barracuda វិញ មានទម្ងន់​ដល់ទៅ​៥៣០០តោន។

សម្រាប់​នាវា​មុជទឹក​ថ្មី វិស្វករ​បារាំង​បាន​លុបបំបាត់​ចោល បរិទស្សន៍ ដែល​ជា​ឧបករណ៍​សម្រាប់ ឆ្លុះមើល​ឧបសគ្គ សត្រូវ នៅលើ​ផ្ទៃសមុទ្រ ប៉ុន្តែ ដែល​ងាយ​ឲ្យ​សត្រូវ​ចាប់សញ្ញាបាន។ ដើម្បី​ចាប់បាន​រូបភាព នៅលើ​ផ្ទៃសមុទ្រ នាវា​មុជទឹក​បារាំង​មិនចាំ​បាច់ ត្រូវ​បណ្តែត​នៅផ្ទៃសមុទ្រ​ទៀតទេ។ ជាមួយ​នឹង​បច្ចេកវិទ្យា ឌីជីថល កាម៉េរ៉ា​ដ៏តូច​អាច​ថត និង​បញ្ជូន​រូបភាព​នៅលើ​ផ្ទៃសមុទ្រ​ទៅក្នុង​អេក្រង់​វិភាគ​របស់​ទាហាន នៅក្នុង​នាវាមុជទឹក។

លក្ខណៈពិសេស​របស់​វា​មួយទៀត គឺវាជា​នាវាមុជទឹក ដែល​ស្ងាត់ ជាង នាវា​មុជទឹក​ធម្មតា​ដល់​ទៅ​១០ដង។ ស្ងាត់ គ្មាន​សំឡេង​ខ្លាំង គឺ​ជា​គុណសម្បត្តិ​មួយ​ខ្ពស់​ដែល​នាវាមុជទឹក​ត្រូវការ ជាចាំបាច់ ដើម្បី ជៀសវាង​កុំ​ឲ្យ​សត្រូវ​ងាយ​ចាប់សញ្ញាបាន។

មាន​នាទី​ការពារ​នាវាចម្បាំង នាវា​ផ្ទុកយន្តហោះចម្បាំង ឬ​ក៏ការពារ​នាវាមុជទឹក​ដែល​មានគ្រាប់​មីស៊ីល​នុយក្លេអ៊ែរ នាវា​មុជទឹក ប្រភេទ​ថ្មី​ឈ្មោះ Suffren នេះ មាន​តួនាទី​ថ្មី​២​ទៀត។ ទីមួយ​ គឺ​វា​អាច​បើក​ប្រតិបត្តិការ​វាយប្រហារ ទៅលើ​ដីគោក តាមរយៈ​ការបាញ់គ្រាប់​មីស៊ីល​ចំងាយ​មធ្យម ១០០០​គីឡូម៉ែត្រ។ ទី​២ទៀត Suffren អាច​បញ្ជូន ពី​ក្នុង​នាវាមុជទឹក នូវ​ក្រុម​កងកុម្មង់ដូរ​ពិសេស តាមរយៈ កូននាវា​តូចមួយ ដើម្បី ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការទ័ព​នៅលើ​ផ្ទៃទឹក។

នាវាមុជទឹក​ថ្មី​ដែល​រចនា សង់ឡើង ដើម្បី ដាក់​ដឹក​នាវិក​ស្រី

ជាលើកទី១ នាវាមុជទឹក​បារាំង​ត្រូវ​បាន​គិតគូរ ប្លង់ និង​ផលិត​ឡើង​ដើម្បី​នាវិក​ទាំងពីរ​ភេទ។ គំនិត​ចង់​ឲ្យ​មាន​មនុស្ស​ស្រី ក្នុងចំណោម​នាវិក របស់​កប៉ាល់​ចម្បាំង បារាំង កើតមាន​តាំង​ពី​ឆ្នាំ ២០១៤ ទៅតាម​ការផ្តួចផ្តើម ចង់បាន​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង​អាណត្តិ​មុន គឺ លោក Jean Yves Le Drian។

ទៅតាម​ការចង់បាន​របស់​រដ្ឋាភិបាល គេ​បាន​គិតគូរ ​ដល់​មនុស្ស​ស្រី ដូចជា​បង្កើត​កន្លែង ធ្វើការ ឬ​រស់នៅ សម្រាប់មនុស្ស​ស្រី នៅក្នុង​នាវាចម្បាំង ជាដើម។ ដូច្នេះ នាវាមុជទឹក Suffren ជា​នាវាមុជទឹក​បារាំង​មុនគេ​ដែល​នឹង​មាន​មនុស្ស​ស្រី ធ្វើការ​ក្នុង​ចំណោមនាវិក​បុរស។ តាម​ក្រសួងការពារ​ជាតិ​បារាំង ចាប់តាំង​ពី​ឆ្នាំមុន បារាំង​មាន​មនុស្ស​ស្រី ៦នាក់ ដែលធ្លាប់​ធ្វើការ​ក្នុង​នាវា​មុជទឹក ក្នុង​នាម​ជា​គ្រូពេទ្រ ជំនួយការ​របស់​ប្រធាន​ក្រុមសន្តិសុខជ្រមុជទឹក ឬ ប្រធាន​ក្រុម​ទទួលបន្ទុក​ផ្នែក​ប្រតិករ​ជាដើម។

នាវាមុជទឹក​បារាំង ជាទីចាប់អារម្មណ៍​របស់​ប្រទេស​នៅអាស៊ី

ពិភពលោក​សព្វថ្ងៃ មាន​នាវាមុជទឹក ៤៥០គ្រឿង គឺ កើនឡើង ៦%​ក្នុង​រយៈពេល ៥ឆ្នាំ។ ដោយ​ផលិត​បាន​នាវាមុជទឹក ដែល​ស្ងាត់ល្អ មាន​បំពាក់​មីស៊ីល​ចម្ងាយមធ្យម យ៉ាងដូច្នេះ បារាំង ចូលរួម​ក្នុង​ក្លិប​របស់​ប្រទេសធំ ៥ ចិន អាមេរិក រុស្ស៊ី អង់គ្លេស ដែល​មាន​នាវា​មុជទឹក ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ និង​ដែល​មាន​សមត្ថភាព​បាញ់មីស៊ីល វាយប្រហារ​បាន​យ៉ាងដូច្នេះ។ ប្រទេស​ផ្សេងទៀត ដូចជា​ឥណ្ឌា អូស្រ្តាលី​ជាដើម​មាន​សមត្ថភាព​ផលិត ឬ​មាន​តែ​នាវាមុជទឹក ដែល​ដើរដោយ​ថាមពល​ប្រេង ឬ​អគ្គិសនី​តែប៉ុណ្ណោះ។

បារាំង​បញ្ចេញ​ឲ្យឃើញ នាវាមុជទឹក​ទំនើប ថ្មី នៅពេលនេះ នៅ​ក្នុង​បរិបទ​មួយ ដែល​នាវា​មុជទឹក ដើរតួរ​កាន់តែ​សំខាន់ នៅក្នុង​ហេតុផល​ភូមិសាស្រ្ត​នយោបាយ ពិភពលោក​បច្ចុប្បន្ន។ ក្នុង​ហេតុផល​ការពារ​ផលប្រយោជន៍ ទឹកដី នាយសមុទ្រ​របស់ខ្លួន នៅ​តំបន់​អាស៊ី បារាំង​ចាំបាច់ ត្រូវ​ធ្វើ​ទំនើបកម្ម​នាវា​មុជទឹក​របស់ខ្លួន។ បារាំង​ផលិត​នាវាមុជទឹក​ថ្មី ប្រភេទ Barracuda មុនដំបូងឡើយ ដើម្បី បំពាក់ ឲ្យ​កងទ័ព​ជើងទឹក​របស់ខ្លួន។ បន្ទាប់ពីនេះ បារាំង​ដែល​មាន​ជំនាញខ្លាំង​ខាងបច្ចេកវិទ្យា​នុយក្លេអ៊ែរ ចង់​ផលិត​នាវាមុជទឹក​ប្រភេទថ្មី សម្រាប់​ការនាំចេញ​ផងដែរ។ នាវាមុជទឹក​ទំនើប មាន​សមត្ថភាព ខ្ពស់​របស់​បារាំង អាច​ធ្វើ​ឲ្យ​ប្រទេស​ផ្សេងទៀត​ចាប់អារម្មណ៍​ចង់​ទិញខ្លាំងណាស់។ ឧទាហរណ៍ ប្រទេស​មួយចំនួន ជាពិសេស​នៅ​អាស៊ី ខាងត្បូង ឬ​អាស៊ី​អាគ្នេយ៍ ដូចជា​ម៉ាឡេស៊ី បង់ក្លាដែស ឬ​វៀតណាម ដែល​កំពុង​ប្រឈម​នឹង​ការពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន នៅក្នុង​តំបន់ អាច​ចាប់អារម្មណ៍ ចង់ទិញ នាវាមុជទឹក​របស់​បារាំងដែរ ដើម្បី ទប់ទល់​ការពារខ្លួន ពីការវាយប្រហារ​ពីខាងក្រៅ។ អូស្ត្រាលី វិញ ដែល​កំពុង​បារម្ភ​ខ្លាច​នឹង​ការវាយប្រហារ​ណាមួយ​ពីប្រទេស​ចិន បាន​កុម្មង់ទិញ​រួចហើយ នាវាមុជទឹក​របស់​បារាំង ប្រភេទ Barracuda ប៉ុន្តែ ដែល​ដើរ​ដោយ​ថាមពល​បានមកពីប្រេង ឬ​អគ្គិសនី គឺ​មិនមែន​ដោយ​ថាមពល​នុយក្លេអ៊ែរ​នោះទេ។ បារាំង​ដែល​បាន​ចុះកិច្ច​សន្យា​លក់នាវាមុជទឹក ទំនើបថ្មី Barracuda ១២​គ្រឿង​ទៅ​ឲ្យ​អូស្ត្រាលី កំពុង​ចរចា​ផងដែរ បញ្ចុះបញ្ចូល​ឲ្យ​ហូឡង់​ម្នាក់ទៀត ទិញ​នាវាមុជទឹក​របស់ខ្លួន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ