អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​កំណើន​សេដ្ឋកិច្ច​​ចិនធ្លាក់​ទាប​បំផុត​មិន​ធ្លាប់ជួប​តាំងពី​២៧ឆ្នាំមក

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាម​ពាណិជ្ជកម្ម​​ចិន-​អាមេរិក កំពុង​បញ្ចេញ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ចិន​ហើយ​ឬ ?! ការិយាល័យ​ស្ថិតិ​ជាតិ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទនេះថា កំណើន​សេដ្ឋកិច្ច​ចិន​បាន​បន្ថយ​ល្បឿន​ មក​ត្រឹម​កំរិត​៦,២% នៅ​ត្រីមាស​ទីពីរ​ឆ្នាំ​២០១៩។ ពោល​គឺ​ជា​ល្បឿន​ដ៏​ទាប​បំផុត​មិន​ធ្លាប់​ជួប​ប្រទះ តាំង​ពី​២៧​ឆ្នាំ​មក បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប្រឹង​ប្រែង​ចាត់​វិធានការ​ទប់ទល់​យ៉ាងក៏​ដោយ។

កំណើនសេដ្ឋកិច្ចចិន​ធ្លាក់ទាបបំផុតមិនធ្លាប់មានតាំងពី២៧ឆ្នាំមក
កំណើនសេដ្ឋកិច្ចចិន​ធ្លាក់ទាបបំផុតមិនធ្លាប់មានតាំងពី២៧ឆ្នាំមក REUTERS/Stringer/Files
ផ្សាយពាណិជ្ជកម្ម

បើ​តាម​តួលេខ​ផ្លូវការ​ចិន កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​​២០១៩របស់​ចិន នៅ​ត្រីមាស​ទីពីរ ដែល​ទើប​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បង្ហាញ​ឱ្យឃើញ​​ អំពីការ​បន្ថយ​ល្បឿន​មិន​ធ្លាប់​មាន គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០​ (ដែល​ចិន​កាលណោះ​មាន​កំណើន​សេដ្ឋកិច្ច​តែ​៣,៩%ទេ) ឬ​យ៉ាង​ហោច​គិត​ចាប់​តាំងពី​ ចិន​ផ្តើម​ផ្សព្វផ្សាយ​ទិន្នន័យ​សេដ្ឋកិច្ច​ប្រចាំ​ត្រីមាស​នៅ​ឆ្នាំ ១៩៩២​មក។

សម្រាប់​អ្នក​វិភាគ​សេដ្ឋកិច្ចមួយ​ចំនួន​ធំ ការ​​បន្ថយ​ល្បឿនកំណើន​សេដ្ឋកិច្ចនេះ គឺ​ជា​បណ្តាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ការ​ចរចា​​​ពាណិជ្ជកម្ម​ដែល​គ្មាន​ការ​ជឿន​លឿន​​គួរ​ឱ្យ​កត់​សម្គាល់ទេ​ ៖ ក្រោយ​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​ចិន​និងអាមេរិក​ ​នៅជំនួប​​ហ្សេ២០ តំណាង​អាមេរិក​និង​ចិន​បាន​ចាប់​ជជែក​គ្នា​តាម​ទូរស័ព្ទ​ឡើង​វិញ តែ​គ្មាន​ឃើញ​ប្រកាស​ជំនួប​ជាន់​ខ្ពស់​ថ្មី​សោះ។ ប៉េកាំង​ប្រើ​ផ្ទាល់​ក៏​បាន​​​​ទទួល​ស្គាល់​ថាកំណើន​សេដ្ឋកិច្ចចិន​ចុះ​ស្រអាប់​ក៏​ព្រោះ​តែ​ ​ ​បរិបទសេដ្ឋកិច្ច​តែង​តែ​ស្មុគស្មាញ​ជានិច្ច មិន​ថា​នៅ​ចិន​ឬ​នៅ​បរទេស​ទេ ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដើរ​យឺត និង​មាន​អស្ថិរភាព​និង​ភាព​មិន​ប្រាកដប្រជា​ខាង​ក្រៅ​កើន​ឡើងច្រើន​ទៀត។ តែការិយាល័យ​ស្ថិតិ​ចិន បាន​ធានា​អះអាង​អំពី​​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ចិនថា​ នៅ​តែ​ល្អ ដោយ​មាន​ចំណុច​បង្ហាញ​ គួរ​ជា​ទីទុកចិត្ត​ច្រើន​។

​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ មាន​​កំរិត​ដ៏ទាប​ខ្លាំង​ពុំជួប​ប្រទះមែន ប៉ុន្តែ​ ៦,២% វា​ត្រូវ​នឹង​អ្វី​ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​​ព្យាករ​ និង​ដែល​រដ្ឋាភិបាល​ប៉េកាំង​បានកំណត់​ជា​កម្មវត្ថុ​ត្រូវ​សម្រេច រក្សា​កំណើន​សេដ្ឋកិច្ច ឱ្យ​នៅ​ចន្លោះ​ ពី ៦ទៅ​៦,៥% (ទល់​នឹង​៦,៦%​កាលពី​ឆ្នាំ​២០១៨)។ នេះ​ជា​សញ្ញា​មួយ !

សញ្ញា​វិជ្ជមាន​ផ្សេង​ទៀត គឺ សេចក្តី​ត្រូវការ​ ការ​ចាយវាយ​ទិញ​ដូរ លក់​រាយ​​ក្នុង​ស្រុក មានសកម្មភាព​រឹង​មាំ ​​និងបាន​​​កើន​ឡើង​ខ្លាំង ក្នុង​កំរិត​+៩,៨%​នៅ​ខែ​មិថុនា និង​+៨,៦%​កាលពី​ខែ​ឧសភា។ មិន​តែ​ប៉ុណ្ណោះ ផលិតផល​ឧស្សាហកម្មចិន​មាន​កំណើន​​ខ្លាំងមែន​ទែន​នៅ​ខែ​មិថុនា ដោយ​មាន​កំរិត​សន្ទុះ​ប្រចាំ​ឆ្នាំ​​​ដល់​ទៅ ៦,៣% ពោល​គឺ​ឡើង​១,៣​ បើប្រៀប​ទៅនឹង​ខែ​មុន។

ដំណើរ​​ឆ្ពោះ​ទៅ​រក​ស្ថិរភាព​សេដ្ឋកិច្ច ?

តួលេខ​នៃ​កត្តាទាំង​បី​នេះ បាន​ផ្តល់​ទំនុក​ចិត្ត​ខ្លាំង​ដល់​អ្នក​វិនិយោគ​ ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស ដែលជំរុញ​​ឱ្យ​ទីផ្សារភាគហ៊ុន​អឺរ៉ុប​កើន​ថ្លៃ​ទាំង​អស់ នៅថ្ងៃ​នេះ​ និង​ជា​សញ្ញា​បញ្ជាក់​ថា​កំណើន​សេដ្ឋកិច្ច​ចិន​កំពុង​តែ​ចាប់​មាន​​ស្ថិរភាព។

តាំង​ពី​ខែ​មីនា​មក ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាក់ស្តែង និង​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​ រដ្ឋាភិបាល​ចិន បាន​ផ្តើមបន្ធូរបន្ថយ​​​​សម្ពាធ​ពន្ធ​ ​ ដែលដាក់​​លើ​ក្រុមហ៊ុន​សហគ្រាស ដោយ​បញ្ចុះ​ក្នុងកំរិត​ ប្រមាណ​២៦៥​ពាន់​លាន​អឺរ៉ូ និង​កាត់​បន្ថយ​ចំណាយទាំង​ផែនៗ​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​។

ប៉េកាំង​ថែម​ទាំង​ជ្រើសរើស​ប្រើ​វិធី​រក្សា​លំនឹង​សេដ្ឋកិច្ច ដោយ​ប្រឹង​ជួយ​ក្រុមហ៊ុន​ណា​ដែ​លត្រូវ​ការ​កម្ចី​ថវិកា ប៉ុន្តែ​ដោយ​មិន​ឱ្យ​ជ្រុល​ និ​ង​ដោយ​មិន​បំប៉ោង​បំណុល។ ដើម្បី​អាច​សម្រេច​យុទ្ធសាស្ត្រ​នេះ ធនាគារ​ចិន​បាន​លើក​ចិត្ត​ និង​គិត​គូរ​ខ្លាំង ឱ្យ​​ក្រុមហ៊ុន​សហគ្រាស​ ខ្នាត​តូច​និង​មធ្យម អាច​ខ្ចី​ប្រាក់​បាន​ខ្ពស់ ហើយព្រ​លែងដៃ​ លែង​​សូវ​ទៅ​ជួយ​ក្រុមហ៊ុន​សាធារណៈ​ធំៗ​វិញ។ វិធានការ​​ចាំបាច់​មួយ​ទៀតដែលជា​កត្តា​ចំបង​នៃ​ការ​ធានា​សន្តិភាព​សង្គម ​និង​ដែល​​រដ្ឋាភិបាល​ចិនមិន​ភ្លេច​គិត​គូរ​ដោះស្រាយដែរ​នោះ គឺ​​រក្សាស្ថិរភាពនៃ​​អត្រា​អ្នក​ការងារធ្វើ​នៅ​តាម​ក្រុង។

កាលពី​ថ្ងៃពុធ​ នាយក​រដ្ឋមន្ត្រី​ចិន លោក លីខឺឈាំង បានប្រកាស​អំពាវនាវ ពង្រឹង​ការ​គាំទ្រ​ និង​​​បាន​សន្យា​បន្ធូរបន្ថយ​ពន្ធ ដល់​ក្រុមហ៊ុន​សហគ្រាស​ដែល​ងាក​ទៅ​រកស៊ី​ជាមួយ​​អន្តរជាតិ ដើម្បី​ទ្រទ្រង់​ការនាំ​ចេញ ព្រោះ​ជាមួយ​នឹង​វិបត្តិ​សង្គ្រាមពាណិជ្ជកម្ម ការនាំ​ចេញ​មាន​ការ​យ៉ាប់​យឺន​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ