អានតួអត្ថបទ

អាមេរិក​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​យោធា​ភូមា ពីបទ​បោសសម្អាត​​ពូជសាសន៍​​រ៉ូហ៊ីងយ៉ា

សហរដ្ឋ​អាមេរិក បាន​ប្រកាស​ នៅ​ថ្ងៃ​អង្គារ​ទី ១៦​កក្កដា ជា​សាធារណៈ ដាក់​ទណ្ឌកម្ម​​​ប្រមុខ​ដឹកនាំ​យោធា និង​អ្នក​ទទួល​ខុស​ត្រូវ​យោធា​​ភូមា​បីនាក់ផ្សេង ពី​បទពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញជនជាតិ​ភាគតិច​​រ៉ូហ៊ីងយ៉ា។ ជន​ជាប់​ទណ្ឌកម្ម​នេះ គ្មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ទេ។

ឧត្តមសេនីយ៍ Min Aung Hlaing
ឧត្តមសេនីយ៍ Min Aung Hlaing AFP
ផ្សាយពាណិជ្ជកម្ម

អាមេរិក​​​ខក​ចិត្ត​​​ខ្លាំងណាស់​ចំពោះ​ភូមា ដែល​តាំង​ពី​ឆ្នាំ​២០១១​មក​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​នយោបាយ ​រហូត​បាន​មក​ស្និទ្ធនឹង​អាមេរិក និង​មាន​​រដ្ឋាភិបាលប្រសូត​ចេញ​ពី​ការ​បោះឆ្នោត ទើប​ការ​សម្រេច​ដាក់ទណ្ឌកម្ម​បែប​នេះ ! អាមេរិកដែល​​បាន​បញ្ចេញ​សកម្មភាព ដាក់​ទណ្ឌកម្ម​​ជា​សាធារណៈ​មុន​គេ។

អគ្គមេបញ្ជាការ​យោធា Min Aung Hlaing មេបញ្ជាការ​រង​ Soe Win ឧត្តមសេនីយ៍ Than Oo និង Aung Aung ព្រមទាំង​ប្រពន្ធកូន​ (គ្រួសារសាច់​ជាប់) ត្រូវ​ជាប់​បម្រាម​ មិន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ទេ ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក​ប្រមុខ​ការទូត​អាមេរិក មាឃ ប៉ុមប៉េអូ Mike Pompeo ដោយ​ពន្យល់​ទៀត​ថា ទណ្ឌកម្ម​របស់​អាមេរិក​ដែល​ដៅ​ចំ​ឈ្មោះ​បុគ្គល​ ធ្វើ​ឡើង​ដោយ​សំអាង​លើ​ព័ត៌មាន​គួរ​ជា​ទុក​ចិត្ត​ដែល​បង្ហាញ សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​របស់​​ក្រុម​មេដឹកនាំ​យោធា​ភូមា​ទាំង​នេះ។ តែ​លោកស្រី អ៊ុង សានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ ដែល​រងការ​រិះគន់​យ៉ាង​នោះ​ គ្មាន​ក្នុង​បញ្ជី​ទណ្ឌកម្ម​អាមេរិក​ទេ។

​នៅក្នុង​សេចក្តី​ថ្លែងការណ៍ ដែល​ប្រើ​ពាក្យ​ “បោសសម្អាត​ជាតិ​ពិន្ធុ” លោកប្រមុខ​ការ​ទូត​​ ប៉ុមប៉េអូ បាន​បរិហារ​ទង្វើ​របស់​លោក​អគ្គមេបញ្ជាការ​យោធា ដែល​បាន​​បញ្ជា​ឱ្យ​ដោះលែង​កាលពី​ខែ​ឧសភា ទាហាន​ជាប់​ទោស​​​​ធ្វើ​បាប​រ៉ូហ៊ីងយ៉ា បន្ទាប់​ពីត្រូវ​ជាប់​​ឃុំឃាំង​តែ​ប៉ុន្មាន​ខែ។ ឯ​អ្នក​កាសែត​វិញ​ គ្រាន់​តែ​ចុះ​អង្កេត​ ត្រូវ​ជាប់​ឃុំ​ដល់​ទៅ​ជាង​៥រយ​ថ្ងៃ។ អាជ្ញាធរ​អាមេរិក​កាន់​តែ​ព្រួយ​បារម្ភ​​ខ្លាំង​ទៀត ដោយ​ហេតុ​តែ​រដ្ឋាភិបាល​ភូមា​ មិន​បាន​បញ្ចេញ​សកម្មភាព​វែក​មុខ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​អំពើ​ហិង្សា​ កាលពី​ខែ​សីហា ២០១៧ ដែល​ជំរុញ​ឱ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង ជាង​៧៤០០០០​នាក់ រត់​ភៀស​ខ្លួន​ពីភូមា​ទៅ​ជ្រក​កោន​នៅ​បង់ក្លាដែស និង​រាប់​សិប​ពាន់​ទៀត ត្រូវ​ត្រដរ​រស់​នៅ​រដ្ឋ​រ៉ាក់ឃីន​ ក្នុង​ជំរំ​ដ៏​រខេករខាក។

ក្រុម​អ្នក​អង្កេត​អង្គការ​សហប្រជាជាតិ បានចាត់​ទុក​អំពី​ហិង្សា​របស់​យោធាភូមា ថា​ជា​​អំពើ​ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា។ រដ្ឋ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​ស្នើ​បើក​អង្កេត​ ដើម្បីអាច​ឈាន​ដល់​ការ​ចោទ​ប្រកាន់​យោធា​ភូមា​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ