ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

តៃវ៉ាន់​សន្យា​ការពារ​បាតុករ​ហុងកុង

media បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​របស់​ហុងកុង ថ្ងៃទី ១៤​ កក្កដា ២០១៩ Philip FONG / AFP

ក្រុង​ហុងកុង​បាន​ក្លាយ​ជា​ទីលាន​បាតុកម្ម ជា​ថ្មីនៅ​ថ្ងៃទី ២០ កក្កដា​ ២០១៩ នេះ​ ! ​ តែ​ជា​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ហិង្សា និង​ដើម្បី​គាំទ្រ​ប៉ូលិស ដូច្នេះ​មាន​ន័យ​ថា​ជា​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ហុងកុងដែល​ស្និទ្ធ​នឹង​ប៉េកាំង មិន​មែន​ជា​បាតុកម្ម​របស់​ចលនា​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ចិន​ឡើយទេ។ មេដឹកនាំ​ចលនា​ប្រឆាំង​ជា​ច្រើន បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចេញ​ពី​ហុងកុង ទៅ​​តៃវ៉ាន់​។ តៃវ៉ាន់ ដែល​បាន​ប្រកាស​សន្យា​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ថា​នឹងជួយ​ក្រុមបាតុករ​ទាំ​ងនោះ​។ សេចក្តី​សម្រេច​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ចិន​ខឹង​សម្បារ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ជាក់​ជាពុំ​ខាន។

បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក មាន​បាតុករ​ហុងកុង​ប្រមាណ​ពី​១០ ទៅ​៣០​នាក់ ដែលសុទ្ធ​សឹង​ជា​​សកម្មជន​ នាំ​គ្នា​សម្រុក​ចូល​កាន់​កាប់ បំផ្លិចបំផ្លាញ​​រដ្ឋសភាហុងកុង ក្នុង​ពេល​ថ្ងៃ​ខួប​ប្រគល់​ហុងកុង​មក​ឱ្យ​ចិន ថ្ងៃ​ទី ១​កក្កដា ២០១៩ បាន​រត់​ទៅ​ដល់​តៃវ៉ាន់ ដើម្បី​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ និង​​បានទទួលជំនួយ​ពី​​​អង្គការ​ក្រៅ​រដ្ឋាភិបាលតៃវ៉ាន់ហើយ។

​ក្រុម​ប្រឹក្សាតៃវ៉ាន់​ដែល​មាន​បន្ទុក​ចាត់​ចែង​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង មិនបាន​បញ្ជាក់​អំពី​ការ​សុំ​សិទ្ធិជ្រកកោន​របស់​ក្រុមបាតុករ​ទាំងនោះទេ។​ ប៉ុន្តែ​ ក្រុមប្រឹក្សា​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ធានា​អះអាង​ថា ប្រសិន​បើ​បាតុករ​សុំ នោះ​តៃវ៉ាន់​នឹង​សិក្សា​​​សំណើ​ ដោយ​ឈរ​លើ​គោលការណ៍​គោរព ការពារសិទ្ធិមនុស្ស និង​មនុស្សធម៌។ គណៈកម្មការ​នឹង​​ផ្តល់​ជំនួយ​ចាំ​បាច់​ដល់គ្រប់​ពលរដ្ឋ​ហុងកុងណា​ដែល​កំពុង​រង​ការ​គំរាមកំហែង​សន្តិសុខ​និង​សេរីភាព ដោយ​សារ​ទស្សនៈ​នយោបាយ។

លោកស្រីប្រធានាធិបតី​តៃវ៉ាន់ផ្ទាល់ ក៏​បាន​ប្រកាស​គាំទ្រ គំនិត​ផ្តួច​ផ្តើម​ខាង​លើ ជួយ​មិត្ត​​ហុងកុង តាំង​ពី​ប្រទេស​សាំងលុយស៊ី​ដែល​លោកស្រី​កំពុង​បំពេញ​ទស្សនកិច្ច។

តៃវ៉ាន់ មិន​ដែល​ទទួល​ស្វាគមន៍​ជន​ភៀស​ខ្លួន​​ពី​ចិន​ដីគោក​ឡើយ ដោយ​មិន​ចង់​ឃើញ​​​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​ដុនដាប​ខ្លាំង​ផង និង​ខ្លាច​មាន​ចរន្ត​ភៀសខ្លួន​ជា​គំហុក​មក​ពី​ចិន​ផង។ រដ្ឋធម្មនុញ្ញ​តៃវ៉ាន់ មិន​ទទួល​ស្គាល់​សិទ្ធ​ជ្រកកោន​ទេ។ តៃវ៉ាន់​អាច​ត្រឹម​តែ​ផ្តល់​ទិដ្ឋាការ​មនុស្សឬ​រយៈ​ពេល​វែង​ ម្តងម្កាល​ដល់​ជន​បះបោរ​នយោបាយ​តែប៉ុណ្ណោះ។

តែ​នៅ​ថ្ងៃ​នេះ​ តៃ​វ៉ាន់បាន​ប្តូរ​ជំហរ ​ហ៊ាន​ប្រកាស​​​​​​​ទទួលយក​ពលរដ្ឋ​​ហុងកុង ដោយ​ចំហ។ បូក​ផ្សំ​នឹង​បរិបទ​នៃ​ការ​រៀប​ចំ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​កាន់​តែ​ខិត​មក​ដល់ (នៅ​ខែ​មករា ២០២០ផង) ​ប៉េកាំង ពិត​ជា​នឹង​ខឹង​សម្បារ​ខ្លាំងជាក់​ជា​មិន​ខាន។ ទំនាក់ទំនង​ជាមួយ​ចិន ​​ជា​ប្រធានបទ​ដ៏​រសើប​បំផុត និង​​​ជា​ប្រធាន​បទ​ស្នូល រាល់​គ្រប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​តៃវ៉ាន់។

តាំង​ពីឡើង​ដឹកនាំ​ប្រទេស នៅ​​ឆ្នាំ​២០១៦​មក តៃវ៉ាន់​​របស់​លោកស្រី Tsai Ing-wen ​ ដែល​ឈរ​ឈ្មោះ​ជា​បេក្ខនារី​​ប្រធានាធិបតី​ជា​ថ្មី មាន​ទំនាក់ទំនង​ធ្លាក់​ចុះ​ជា​លំដាប់​ជាមួយ​ចិន មិន​ថា​ជា​ទំនាក់ទំនង​ការទូត យោធា និង​សេដ្ឋកិច្ច​ឡើយ ព្រោះ​លោកស្រី និង​គណបក្ស​លោក​ស្រី មិន​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ ដែល​ថា​តៃវ៉ាន់​ជា​ចំណែក​មួយ​របស់​ចិន​ទេ ផ្ទុយ​ស្រលះ​ពី​ជំហរ​របស់​​បក្ស​ប្រឆាំង​តៃវ៉ាន់ Kuomintang ដែល​មាន​និន្នាការ​ទេរ​ទៅ​ស្និទ្ធ​នឹង​ប៉េកាំង៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ