នាយករដ្ឋមន្ត្រីប៉ាគីស្ថានទៅអាមេរិកដើម្បីដើរចេញពីភាពឯកា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៨
នាយករដ្ឋមន្ត្រីប៉ាគីស្ថានកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅសហរដ្ឋអាមេរិក។ លោក អ៊ីមរ៉ាន់ ខាន់ ត្រូវជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មួយទល់នឹងមួយ ជាលើកទីមួយ នៅថ្ងៃចន្ទនេះ នៅសេតវិមាន។ ក្រៅអំពីក្តីសង្ឃឹមថានឹងអាចទទួលបានបន្ធូរបន្ថយគំនាបសេដ្ឋកិច្ចរបស់អាមេរិកមកលើប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ រំពឹងថាទស្សនកិច្ចនេះនឹងអាចស្តារទំនាក់ទំនងអាមេរិក-ប៉ាគីស្ថាន ឱ្យប្រសើរឡើងវិញ។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក អ៊ីមរ៉ាន់ ខាន់ នៅសហរដ្ឋអាមេរិក។ ជាទស្សនកិច្ចដែលប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងដុនដាប និងឯកាការទូតបំផុតជាមួយអាមេរិក។ គេអាចមើលឃើញដោយផ្ទាល់នឹងភ្នែកតែម្តង អំពីភាពសោះកក្រោះ និងសោះអង្គើយនៃទំនាក់ទំនងអាមេរិកនិងប៉ាគីស្ថាន។ បើតាមរូបភាពផ្សព្វផ្សាយដោយប្រព័ន្ធឃោសនាព័ត៌មានឥណ្ឌា លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅអាមេរិកតាមជើងយន្តហោះដឹកអ្នកដំណើរធម្មតា របស់ក្រុមហ៊ុនកាតា ចុះនៅចំណតយន្តហោះក្រុងវ៉ាស៊ីនតោន ដូចអ្នកដំណើរដទៃ ដោយគ្មានឥស្សរជន ឬតំណាងរដ្ឋាភិបាលអាមេរិកណាម្នាក់មកទទួលទេ។ គ្មានទេ កម្រាលព្រំក្រហម គ្មានទេរថយន្តផ្លូវការហែហម ...
ការស្តារទំនាក់ទំនង
គ្មានពិធីការទទួល គ្មានការគួរសម ក៏មិនថ្វីដែរ ! ព្រោះ កម្មវត្ថុចំបងមួយនៃទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គឺស្តារទំនាក់ទំនង និងផ្តល់ទំនុកចិត្តអាមេរិកឡើងវិញ ក្នុងនាមជាអតីតសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នាពីមុនផង និងដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិកផង ព្រមទាំងដើម្បីប្រយោជន៍ពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការទៀត។
មួយឆ្នាំ ក្រោយពីបានឡើងដឹកនាំប្រទេសមក លោកនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ចង់ភ្ជាប់ចំណងជាមួយអាមេរិកវិញ។ ដល់ពេលដែលប៉ាគីស្ថាន ត្រូវបើកទំព័រថ្មី និងសង់គ្រឹះថ្មីឱ្យទំនាក់ទំនងជាមួយអាមេរិក ព្រោះប៉ាគីស្ថានមានរដ្ឋាភិបាលថ្មី សភាថ្មី ដូច្នេះការគិតក៏ថ្មី មិនមែនដូចប៉ាគីស្ថានដែលគ្រប់គ្រងឆ្លាស់គ្នាដោយក្លង់សម្ព័ន្ធអារ៉ាបរបស់លោក ស្ហារីហ្វ និងគណបក្សប្រជាជនប៉ាគីស្ថាន នៃត្រកូលប៊ូតូទៀតទេ។
មកដល់អាមេរិកតាំងពីថ្ងៃសៅរ៍ទី ២០ កក្កដា តាមកម្មវិធី លោកអ៊ីរ៉ាន់ខាន់ ត្រូវជួបពិភាក្សាជាមួយ ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI និងប្រធានធនាគារពិភពលោក ព្រោះប៉ាគីស្ថានកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរស្ទើរក្ស័យធន និងកំពុងរស់រំពឹងកាន់តែខ្លាំងឡើងៗលើចិន។ ហើយជំនួបដែលសំខាន់ និងដែលគេរង់ចាំជាងគេ ព្រមទាំងមានការលំបាកជាងគេ គឺជំនួបជាមួយ លោក ដូណាល់ ត្រាំ នៅសេតវិមាន ថ្ងៃចន្ទនេះ ដើម្បីជជែកអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដោយផ្តោតជាពិសេសទៅលើតួនាទីរបស់ប៉ាគីស្ថាន ក្នុងការបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន និងការប្រយុទ្ធប្រឆាំងនឹងពួកភេរវជនអ៊ីស្លាមជ្រុលនិយម។
បញ្ហាអាហ្វហ្កានីស្ថាន
អាមេរិក-ប៉ាគីស្ថានមើលមុខគ្នាមិនចំ! ដោយហេតុអាហ្វហ្កានីស្ថាន ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ដុនដាបខ្លាំងមែនទែន រហូតដល់ថ្នាក់អាមេរិកបានសម្រេចបង្កកជំនួយយោធា៣០០លានដុល្លារ តាំងពីខែមករា ២០១៨មក។ អាមេរិកបានចោទនិងខឹងប៉ាគីស្ថាន ថាបានផ្តល់ជម្រកឱ្យពួកតាលីបង់ និងពួកភេរវនិយម ដែលមកបង្កអស្ថិរភាពនៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែដោយជាក់ស្តែងនារយៈពេលចុងក្រោយនេះ ទាំងអាមេរិក ទាំងប៉ាគីស្ថាន សុទ្ធតែបានបង្កើនកាយវិការ និងបង្ហាញឆន្ទៈល្អក្នុងសម្របសម្រួលទំនាក់ទំនងឡើងវិញ។
សម្រាប់អាមេរិក ទស្សនកិច្ចរបស់លោក អ៊ីមរ៉ាន់ ខាន់ នេះ គឺជាឱកាសរុញច្រានប៉ាគីស្ថានឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាមេរិក ក្នុងដំណើរការស្វែងរកសន្តិភាពឱ្យអាហ្វហ្កានីស្ថាន។ អាមេរិកចង់លើកទឹកចិត្តប៉ាគីស្ថានឱ្យពង្រឹងនិងរក្សាកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយមនៅក្នុងប្រទេស ដែលប៉ាគីស្ថានបានធ្វើក្នុងពេលថ្មីៗកន្លងមកនេះ ជាបន្តទៅទៀត។ នេះបើតាមគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ។ ពោលគឺវ៉ាស៊ីនតោន បានយកបញ្ហាអាហ្វហ្កានីស្ថានមកធ្វើជាលក្ខខណ្ឌជាថ្នូរនឹងកម្មវត្ថុរបស់ប៉ាគីស្ថានដែលចង់បាននិងមានទំនាក់ទំនងល្អប្រសើរឡើងវិញជាមួយអាមេរិក។
មានទៅមានមក
ប៉ាគីស្ថានបានបញ្ចេញស្នាដៃ ចាប់ខ្លួន Hafiz Saeed ភេរវជនដែលជាមេគំនិតរៀបចំភេរវកម្មនៅទីក្រុងប៊ុមបេ កាលពីឆ្នាំ២០០៨។ ការចាប់ខ្លួនស្ថាបនិកអ្នកបង្កើតក្រុមភេរវនិយមមួយប៉ាគីស្ថាន កាលពីសប្តាហ៍មុន សុទ្ធសឹងជាទង្វើវិជ្ជមាន និងគួរឱ្យលើកទឹកចិត្តសម្រាប់ក្រសែភ្នែកអាមេរិក។ ក្រៅពីឈប់លាក់ ដោយបញ្ចេញសកម្មភាពប្រយុទ្ធប្រឆាំងនឹងពួកភេរវជន អាមេរិករង់ចាំ និងត្រូវការជំនួយពីប៉ាគីស្ថាន ក្នុងបិទបញ្ចប់សង្គ្រាមនៅអាហ្វហ្កានីស្ថាន។ អាមេរិកមិនត្រូវការឱ្យប៉ាគីស្ថានទៅចរចាជាមួយពួកតាលីបង់ដែលវ៉ាស៊ីនតោនបានចាប់ផ្តើមជួបជជែកបណ្តើរៗខ្លះនោះទេ តែត្រូវការឱ្យប៉ាគីស្ថានទៅចរចាជាមួយរដ្ឋាភិបាលក្រុងកាប៊ូល ដែលពួកតាលីបង់បដិសេធមិននិយាយរក។ ហើយមានប៉ាគីស្ថានទេ ដែលអាចធ្វើកើត។ ប៉ាគីស្ថានធ្លាប់បានដើរតួជាអ្នកសម្រួលការឱ្យមានជំនួបប៉ុន្មានលើកហើយ ពិតជាអាចបន្តដើរតួនាទីនេះទៀតបាន។ គ្រាន់តែថាសមត្ថភាពរបស់ប៉ាគីស្ថានមានកំរិត ! ពួកតាលីបង់មិនស្តាប់ប៉ាគីស្ថានរហូតឡើយ។
តែចំណុចមួយទៀតដែលប៉ាគីស្ថានអាចបំពេញចិត្តអាមេរិកបាន ហើយឆ្លើយតបបានទាំងស្រុងនឹងផលប្រយោជន៍អាមេរិក និងដែលអាមេរិកត្រូវការកិច្ចសហការជាចាំបាច់ពីប៉ាគីស្ថាន ហើយ នោះ គឺ ដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ លោកដូណាល់ ត្រាំ ចង់នាំកងទ័ពអាមេរិកត្រលប់មកផ្ទះវិញឱ្យមុនយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ក្នុងទស្សនៈវិស័យបែបនេះ អាមេរិកចាំបាច់ត្រូវតែស្តារទំនាក់ទំនងជាមួយប៉ាគីស្ថានដែលជាប្រទេសយុទ្ធសាស្ត្រ ឱ្យបានប្រសើរឡើង ទើបអាហ្វហ្កានីស្ថានអាចដើរទៅមុខរកសន្តិភាពឃើញ។ អ្នកទទួលខុសត្រូវអាមេរិកបានព្រលយឱ្យដឹងរួចទៅហើយ ថាជំនួបរវាងលោកដូណាល់ ត្រាំ និងលោក អ៊ីមរ៉ាន់ខាន់ នៅថ្ងៃនេះ គឺជាចាក់ស្រេសចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ ដើម្បីនាំសន្តិភាព ស្ថិរភាពនិងភាពសម្បូរសប្បាយដល់តំបន់ ដែលរស់ក្នុងសង្គ្រាមអូសបន្លាយយូរជ្រុលពេកកូវ។ វ៉ាស៊ីនតោនបានបង្ហើបអំពីចេតនាចង់ផ្តល់ជំនួយហិរញ្ញវត្ថុដល់ប៉ាគីស្ថាន ដើម្បីបញ្ចៀសការក្ស័យធន។ ជំនួយ៣០០លានដែលអាមេរិកបានបង្កកតាំងពីខែមករា២០១៨មក ទំនងជានឹងត្រូវបើកប្រគល់ទៅឱ្យប៉ាគីស្ថានវិញ មួយភាគ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ