អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ទៅ​អាមេរិក​ដើម្បី​ដើរ​ចេញ​ពី​ភាពឯកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​កំពុង​បំពេញ​​​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូងនៅ​សហរដ្ឋ​អាមេរិក។ ​លោក អ៊ីមរ៉ាន់ ខាន់ ត្រូវ​ជួប​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មួយ​ទល់​នឹង​មួយ ជា​លើក​ទី​មួយ នៅ​ថ្ងៃចន្ទ​នេះ នៅ​សេតវិមាន។ ក្រៅ​អំពី​ក្តី​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​បន្ធូរបន្ថយគំនាប​សេដ្ឋកិច្ច​របស់​អាមេរិក​​មកលើ​ប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ រំពឹង​ថា​​ទស្សនកិច្ច​នេះ​នឹង​អាចស្តារ​ទំនាក់ទំនង​អាមេរិក-ប៉ាគីស្ថាន ឱ្យ​ប្រសើរ​ឡើង​វិញ​។

លោក Imran Khanនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន រូប​ថត​ថ្ងៃទី ១៤ មិថុនា ២០១៩
លោក Imran Khanនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន រូប​ថត​ថ្ងៃទី ១៤ មិថុនា ២០១៩ ALEXEY DRUZHININ / SPUTNIK / AFP
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​របស់​លោក អ៊ីមរ៉ាន់ ខាន់ នៅ​សហរដ្ឋ​អាមេរិក។ ជា​ទស្សនកិច្ច​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ដុនដាប​ និងឯកា​ការ​ទូត​បំផុតជាមួយ​អាមេរិក។ គេ​អាច​មើល​​ឃើញ​ដោយ​ផ្ទាល់​នឹង​ភ្នែកតែ​ម្តង អំពី​ភាព​សោះកក្រោះ និង​សោះ​អង្គើយ​នៃ​ទំនាក់ទំនង​​អាមេរិក​និង​ប៉ាគីស្ថាន។ បើ​តាម​រូបភាព​ផ្សព្វផ្សាយ​ដោយ​​ប្រព័ន្ធឃោសនា​ព័ត៌មាន​​ឥណ្ឌា លោក​នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​អាមេរិក​តាម​ជើង​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធម្មតា ​របស់​ក្រុមហ៊ុន​កាតា ​ចុះ​នៅ​ចំណត​យន្តហោះ​ក្រុង​វ៉ាស៊ីនតោន ដូច​អ្នក​ដំណើរ​ដទៃ ដោយ​គ្មាន​ឥស្សរជន​ ឬ​តំណាង​រដ្ឋាភិបាល​អាមេរិក​ណា​ម្នាក់​មក​ទទួលទេ។ គ្មាន​ទេ កម្រាល​ព្រំ​ក្រហម​ គ្មាន​ទេ​រថយន្ត​ផ្លូវការ​ហែហម​ ...

ការ​ស្តារ​ទំនាក់ទំនង​

គ្មានពិធី​​ការ​ទទួល​ គ្មាន​ការ​គួរសម​ ក៏​មិន​ថ្វី​ដែរ ! ព្រោះ កម្មវត្ថុ​ចំបងមួយ​នៃ​ទស្សនកិច្ច​របស់លោក​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន គឺ​ស្តារ​ទំនាក់ទំនង​ និង​ផ្តល់​ទំនុក​ចិត្តអាមេរិក​ឡើងវិញ ក្នុង​នាម​ជា​អតីត​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​ពី​មុនផង និង​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក​ផង ព្រមទាំង​ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​ទៀត។

មួយ​ឆ្នាំ ក្រោយ​ពី​បាន​ឡើង​ដឹកនាំ​ប្រទេស​មក លោកនាយករដ្ឋមន្ត្រី​ អ៊ីមរ៉ាន់ ខាន់ ចង់​ភ្ជាប់​ចំណង​ជាមួយ​អាមេរិក​វិញ។ ដល់​ពេល​ដែល​ប៉ាគីស្ថាន ត្រូវ​បើក​ទំព័រ​ថ្មី និង​សង់គ្រឹះ​ថ្មី​ឱ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក ព្រោះ​ប៉ាគីស្ថាន​មាន​រដ្ឋាភិបាល​ថ្មី សភា​ថ្មី ដូច្នេះ​ការ​គិត​ក៏​ថ្មី មិន​មែន​ដូច​ប៉ាគីស្ថាន​ដែល​គ្រប់គ្រង​ឆ្លាស់​គ្នា​ដោយ​ក្លង់​សម្ព័ន្ធ​អារ៉ាប​របស់​លោក ស្ហារីហ្វ និង​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន នៃ​ត្រកូល​ប៊ូតូ​ទៀត​ទេ។

មកដល់​អាមេរិកតាំងពី​ថ្ងៃ​សៅរ៍​ទី ២០ កក្កដា​ តាមកម្មវិធី លោក​អ៊ីរ៉ាន់​ខាន់ ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ ប្រមុខ​ដឹកនាំ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI និង​ប្រធាន​ធនាគារ​ពិភពលោក ព្រោះ​ប៉ាគីស្ថាន​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច​​ធ្ងន់ធ្ងរ​ស្ទើរ​ក្ស័យ​ធន និង​កំពុង​រស់​រំពឹង​កាន់តែ​ខ្លាំង​ឡើងៗ​លើ​ចិន។ ហើយ​ជំនួប​ដែល​សំខាន់ និង​ដែល​គេរង់ចាំ​ជាងគេ ព្រមទាំង​មាន​ការ​លំបាក​ជាងគេ គឺ​​ជំនួប​ជាមួយ លោក ​ដូណាល់ ត្រាំ នៅ​សេតវិមាន ​​​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ជជែក​អំពី​បញ្ហា​សន្តិសុខ​ ​និង​សេដ្ឋកិច្ច ដោយ​ផ្តោត​ជាពិសេស​ទៅ​លើ​តួនាទី​របស់​ប៉ាគីស្ថាន​ ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម។

​​បញ្ហា​អាហ្វហ្កានីស្ថាន

​អាមេរិក​-ប៉ាគីស្ថានមើល​មុខ​គ្នា​មិន​ចំ! ដោយ​ហេតុ​​អាហ្វហ្កានីស្ថាន ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​​ បាន​​ធ្លាក់​ដុនដាប​ខ្លាំងមែន​ទែន​ ​ រហូត​ដល់​ថ្នាក់​អាមេរិក​បាន​សម្រេច​បង្កក​ជំនួយ​យោធា​៣០០​លាន​ដុល្លារ តាំង​ពី​ខែ​មករា ២០១៨មក។ អាមេរិក​បាន​ចោទ​និង​​ខឹង​ប៉ាគីស្ថាន​ ថា​បាន​ផ្តល់​ជម្រក​ឱ្យ​ពួកតាលីបង់ និង​ពួក​​ភេរវនិយម​ ដែល​មក​បង្ក​អស្ថិរភាព​​នៅអាហ្វហ្កានីស្ថាន។ ប៉ុន្តែ​​ដោយ​ជាក់​ស្តែង​នារយៈ​ពេល​ចុងក្រោយ​នេះ ទាំង​អាមេរិក ទាំង​ប៉ាគីស្ថាន សុទ្ធ​តែ​បាន​បង្កើន​កាយវិការ​ និង​បង្ហាញ​ឆន្ទៈ​ល្អ​​ក្នុង​សម្របសម្រួល​ទំនាក់ទំនង​ឡើង​វិញ។

សម្រាប់​​អាមេរិក ទស្សនកិច្ច​​របស់​លោក អ៊ីមរ៉ាន់​ ខាន់ នេះ​ គឺជា​ឱកាស​​​​រុញច្រាន​​ប៉ាគីស្ថាន​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​​ជាមួយ​អាមេរិក ក្នុងដំណើរ​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន។ អាមេរិក​ចង់​លើក​ទឹក​ចិត្ត​ប៉ាគីស្ថាន​ឱ្យ​ពង្រឹង​និង​រក្សា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​នៅ​ក្នុង​ប្រទេស ដែល​ប៉ាគីស្ថាន​បាន​ធ្វើ​ក្នុង​ពេល​ថ្មីៗ​កន្លង​មក​នេះ ​ជា​បន្ត​ទៅ​ទៀត។ នេះ​បើ​តាម​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ពោល​គឺ​វ៉ាស៊ីនតោន បាន​យក​បញ្ហា​អាហ្វហ្កានីស្ថាន​មក​ធ្វើ​ជា​លក្ខខណ្ឌ​ជា​ថ្នូរ​នឹង​កម្មវត្ថុ​របស់​ប៉ាគីស្ថាន​ដែល​ចង់​បាន​និ​ងមាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើងវិញ​ជាមួយ​អាមេរិក។

មាន​ទៅ​មាន​មក

ប៉ាគីស្ថាន​បាន​បញ្ចេញ​ស្នាដៃ ចាប់​ខ្លួន Hafiz Saeed ភេរវជន​ដែល​ជា​មេ​គំនិត​រៀប​ចំភេរវកម្ម​នៅទីក្រុង​ប៊ុមបេ កាលពី​ឆ្នាំ​២០០៨។ ការចាប់​ខ្លួន​ស្ថាបនិកអ្នក​បង្កើត​​ក្រុម​ភេរវនិយម​មួយ​ប៉ាគីស្ថាន កាលពី​សប្តាហ៍​មុន សុទ្ធ​សឹង​ជា​ទង្វើ​វិជ្ជមាន​ និង​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​សម្រាប់​ក្រសែភ្នែក​អាមេរិក។ ក្រៅ​ពី​ឈប់លាក់​ ដោយ​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹងពួក​ភេរវជន ​អាមេរិក​រង់ចាំ​​ និង​ត្រូវ​ការ​ជំនួយ​ពី​ប៉ាគីស្ថាន​ ក្នុង​បិទ​បញ្ចប់​សង្គ្រាម​​នៅ​អាហ្វហ្កានីស្ថាន។ អាមេរិក​មិន​ត្រូវ​ការ​ឱ្យ​ប៉ាគីស្ថានទៅ​ចរចា​ជាមួយ​ពួកតាលីបង់​ដែលវ៉ាស៊ីនតោន​បាន​ចាប់​ផ្តើម​ជួប​ជជែក​បណ្តើរៗ​ខ្លះនោះ​ទេ តែ​ត្រូវការ​ឱ្យ​ប៉ាគីស្ថាន​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល ដែល​ពួកតាលីបង់​បដិសេធ​មិន​និយាយ​រក។ ហើយ​មាន​ប៉ាគីស្ថាន​ទេ ដែល​អាច​ធ្វើ​កើត។ ប៉ាគីស្ថាន​ធ្លាប់​បាន​ដើរ​តួ​ជា​អ្នក​សម្រួល​ការ​ឱ្យ​មាន​ជំនួប​ប៉ុន្មាន​លើក​ហើយ ពិត​ជា​អាច​បន្ត​ដើរ​តួនាទី​នេះ​ទៀត​បាន​។ គ្រាន់​តែ​ថា​សមត្ថភាព​របស់​ប៉ាគីស្ថាន​មាន​កំរិត ! ពួកតាលីបង់​មិន​ស្តាប់​ប៉ាគីស្ថាន​រហូត​ឡើយ។

តែ​ចំណុច​មួយ​ទៀត​ដែលប៉ាគីស្ថាន​អាច​បំពេញ​ចិត្ត​អាមេរិក​បាន​ ហើយ​ឆ្លើយ​តប​បាន​ទាំង​ស្រុង​នឹង​ផល​ប្រយោជន៍​អាមេរិក​ និង​ដែល​អាមេរិក​ត្រូវ​ការ​កិច្ចសហការ​ជា​ចាំបាច់​ពី​ប៉ាគីស្ថាន ហើយ​ ​នោះ គឺ ​ដក​កងទ័ព​អាមេរិក​ចេញ​ពីអាហ្វហ្កានីស្ថាន។​​ លោក​ដូណាល់ ត្រាំ ចង់នាំ​កងទ័ព​អាមេរិក​ត្រលប់​មក​ផ្ទះវិញ​ឱ្យ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។

ក្នុង​ទស្សនៈ​វិស័យ​បែប​នេះ អាមេរិក​ចាំ​បាច់​ត្រូវ​តែ​ស្តារ​ទំនាក់ទំនង​ជាមួយ​ប៉ាគីស្ថានដែល​ជាប្រទេស​​យុទ្ធសាស្ត្រ​​ ឱ្យ​បាន​ប្រសើរ​ឡើង​ ទើប​អាហ្វហ្កានីស្ថាន​អាច​ដើរ​ទៅ​មុខ​រក​សន្តិភាព​ឃើញ។ អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​ព្រលយ​ឱ្យ​ដឹង​រួច​ទៅ​ហើយ ថា​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​ និង​លោក អ៊ីមរ៉ាន់​ខាន់​ នៅ​ថ្ងៃ​នេះ គឺ​ជា​ចាក់​ស្រេស​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ ដើម្បី​នាំ​សន្តិភាព​ ស្ថិរភាព​​និង​ភាពសម្បូរសប្បាយ​ដល់​តំបន់ ដែល​រស់​ក្នុង​សង្គ្រាម​អូសបន្លាយ​យូរ​ជ្រុល​ពេកកូវ។ វ៉ាស៊ីនតោន​បាន​បង្ហើប​អំពី​ចេតនា​ចង់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប៉ាគីស្ថាន ដើម្បី​បញ្ចៀស​ការ​ក្ស័យធន។ ជំនួយ​៣០០​លាន​ដែល​អាមេរិក​បាន​បង្កក​តាំង​ពី​ខែ​មករា​២០១៨​មក ទំនង​ជា​នឹង​ត្រូវបើក​​ប្រគល់​ទៅ​ឱ្យ​ប៉ាគីស្ថាន​វិញ​ មួយភាគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ