អានតួអត្ថបទ
បារាំង

អ្នកជំនាញ​ទាញសញ្ញា​អាសន្ន​ពី​ការរីកសាយភាយ​នៃ​មេរោគ​គ្រុនចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យ

មេរោគ​គ្រុនចាញ់ ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យ បាន​ឆ្លង រាលដាល​ខ្លាំង នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ នៅក្នុង​ការសិក្សា​ពីរ​ផ្សេងគ្នា ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្តី​សុខភាព The Lancet កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នកជំនាញ បាន​ទាញ​សញ្ញាអាសន្ន​ពី​ការធ្លាក់ចុះ​នៃ​ប្រសិទ្ធិភាព​ថ្នាំពេទ្យ នៅចំពោះ មុខ​មេរោគ​គ្រុនចាញ់​ដែល​ចេះ​ផ្លាស់ប្តូរ​ទម្រង់ និង​ស៊ាំ​កាន់តែ​ខ្លាំង ទៅ​នឹង​ថ្នាំពេទ្យ។ 

មូសដែកគោល​ជាប្រភពចម្លងមេរោគគ្រុនចាញ់
មូសដែកគោល​ជាប្រភពចម្លងមេរោគគ្រុនចាញ់ AFP/PHILIPPE HUGUEN
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ពីរផ្សេងគ្នា ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី​សុខភាព The Lancet បាន​បង្ហាញ​ថា ប៉ារ៉ាស៊ីត Plasmodium Falciparum ដែល​ជា​មេរោគ​គ្រុនចាញ់ ស៊ាំ​ទៅ​នឹង​ថ្នាំពេទ្យ បាន​លេច រីកសាយភាព យ៉ាងលឿនរហ័ស នៅ​​តំបន់​អាស៊ី​អាគ្នេយ៍។ នៅក្នុង​ការសិក្សា​ទី១ អ្នកជំនាញ​បាន​រកឃើញ​ថា ជិត ៨០ភាគរយ នៃ​មេរោគ​គ្រុនចាញ់​ដែល​គេ​រកឃើញ នៅ​ប្រទេស​វៀតណាម ថៃ និង​កម្ពុជា មានភាពស៊ាំ​នឹង​ថ្នាំពេទ្យ។

ប៉ារ៉ាស៊ីត​ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យ​ត្រូវ​បាន​គេរកឃើញ​ដំបូងបង្អស់ នៅ​ភាគខាងលិច ប្រទេស​កម្ពុជា។ ដើម្បី​ទប់ទល់​នឹង​ភាពស៊ាំ​នឹង​មេរោគ​គ្រុន​ចាញ់ គេ​បាន​ប្រើ​ថ្នាំពេទ្យ ២ប្រភេទ​បញ្ចូលគ្នា គឺ Artemisinin និង Piperaquine។ ប៉ុន្តែ នៅឆ្នាំ ២០១៣ អ្នកជំនាញ​បាន​រកឃើញ​ថា មេរោគ​គ្រុនចាញ់​បាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី និង​ចាប់ស៊ាំ​នឹង​ថ្នាំ​ទាំង​ពីរ​ប្រភេទ។

សម្រាប់​អ្នកជំនាញ ប៉ារ៉ាស៊ីត ដែល​ស៊ាំ​នឹង​ថ្នាំ​ពេទ្យ បាន​ឆ្លង រាលដាល​យ៉ាងលឿន នៅ​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ខា្លច និង​បារម្ភ​ខ្លាំង គឺ​ប៉ារ៉ាស៊ីត ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យ អាច​ឆ្លង​ទៅដល់​ទឹកដី អាហ្វ្រិក ជាទី ដែល​មេរោគ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំពេទ្យ បាន​សម្លាប់​មនុស្ស រាប់លាននាក់ នៅ​អំឡុង ឆ្នាំ ១៩៨០។

គ្រុនចាញ់ ជា​ជំងឺ​ដែល​ចម្លង​ដោយ​មូស​ដែកគោល ញី និង​ដែល​អាច​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់​បាន។ គេ​វាយតម្លៃថា នៅក្នុង​មួយឆ្នាំៗ មនុស្ស​ជាង ២០០​លាន​នាក់ នៅក្នុង​ពិភពលោក បាន​ឆ្លង​មេរោគ​គ្រុនចាញ់​ប្រភេទ Plasmodium Falciparum ដែល សម្លាប់​មនុស្ស ខ្លាំង​ជាង គេ គឺ ៩នាក់ ក្នុង​ចំណោម អ្នកកើត​ជម្ងឺ​គ្រុនចាញ់ ១០នាក់ និង​ដែល​ស៊ាំនឹង​ថ្នាំពេទ្យ​ខ្លាំងជាងគេដែរ។

តាម​សាស្រា្តចារ្យម្នាក់​របស់​អង្គភាពស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ​អង់គ្លេស Oxford ការរកឃើញ​ ភាពស៊ាំ​របស់​មេរោគ​គ្រុនចាញ់ ជា​សញ្ញាជួ​ដាស់តឿន ឲ្យ​គេ​ត្រូវ​ប្រើប្រភេទ ថ្នាំថ្មី ច្រើន​មុខ ជា​ជាង​ថ្នាំ​ចាស់ ដែល​លែង​មាន​ប្រសិទ្ធិភាព​លើ​ប៉ារ៉ាស៊ីត​គ្រុនចាញ់តទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ