អ្នកជំនាញទាញសញ្ញាអាសន្នពីការរីកសាយភាយនៃមេរោគគ្រុនចាញ់ ដែលស៊ាំនឹងថ្នាំពេទ្យ
មេរោគគ្រុនចាញ់ ដែលស៊ាំនឹងថ្នាំពេទ្យ បានឆ្លង រាលដាលខ្លាំង នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងការសិក្សាពីរផ្សេងគ្នា ដែលចុះផ្សាយដោយទស្សនាវដ្តីសុខភាព The Lancet កាលពីថ្ងៃអង្គារម្សិលមិញ អ្នកជំនាញ បានទាញសញ្ញាអាសន្នពីការធ្លាក់ចុះនៃប្រសិទ្ធិភាពថ្នាំពេទ្យ នៅចំពោះ មុខមេរោគគ្រុនចាញ់ដែលចេះផ្លាស់ប្តូរទម្រង់ និងស៊ាំកាន់តែខ្លាំង ទៅនឹងថ្នាំពេទ្យ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៣
ការសិក្សាពីរផ្សេងគ្នា ដែលចុះផ្សាយនៅក្នុងទស្សនាវដ្តីសុខភាព The Lancet បានបង្ហាញថា ប៉ារ៉ាស៊ីត Plasmodium Falciparum ដែលជាមេរោគគ្រុនចាញ់ ស៊ាំទៅនឹងថ្នាំពេទ្យ បានលេច រីកសាយភាព យ៉ាងលឿនរហ័ស នៅតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងការសិក្សាទី១ អ្នកជំនាញបានរកឃើញថា ជិត ៨០ភាគរយ នៃមេរោគគ្រុនចាញ់ដែលគេរកឃើញ នៅប្រទេសវៀតណាម ថៃ និងកម្ពុជា មានភាពស៊ាំនឹងថ្នាំពេទ្យ។
ប៉ារ៉ាស៊ីតដែលស៊ាំនឹងថ្នាំពេទ្យត្រូវបានគេរកឃើញដំបូងបង្អស់ នៅភាគខាងលិច ប្រទេសកម្ពុជា។ ដើម្បីទប់ទល់នឹងភាពស៊ាំនឹងមេរោគគ្រុនចាញ់ គេបានប្រើថ្នាំពេទ្យ ២ប្រភេទបញ្ចូលគ្នា គឺ Artemisinin និង Piperaquine។ ប៉ុន្តែ នៅឆ្នាំ ២០១៣ អ្នកជំនាញបានរកឃើញថា មេរោគគ្រុនចាញ់បានផ្លាស់ប្តូរមុខមាត់ថ្មី និងចាប់ស៊ាំនឹងថ្នាំទាំងពីរប្រភេទ។
សម្រាប់អ្នកជំនាញ ប៉ារ៉ាស៊ីត ដែលស៊ាំនឹងថ្នាំពេទ្យ បានឆ្លង រាលដាលយ៉ាងលឿន នៅប្រទេសកម្ពុជា វៀតណាម និងប្រទេសថៃ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្វីដែលធ្វើឲ្យគេខា្លច និងបារម្ភខ្លាំង គឺប៉ារ៉ាស៊ីត ដែលស៊ាំនឹងថ្នាំពេទ្យ អាចឆ្លងទៅដល់ទឹកដី អាហ្វ្រិក ជាទី ដែលមេរោគគ្រុនចាញ់ដែលស៊ាំនឹងថ្នាំពេទ្យ បានសម្លាប់មនុស្ស រាប់លាននាក់ នៅអំឡុង ឆ្នាំ ១៩៨០។
គ្រុនចាញ់ ជាជំងឺដែលចម្លងដោយមូសដែកគោល ញី និងដែលអាចធ្វើឱ្យអ្នកជំងឺស្លាប់បាន។ គេវាយតម្លៃថា នៅក្នុងមួយឆ្នាំៗ មនុស្សជាង ២០០លាននាក់ នៅក្នុងពិភពលោក បានឆ្លងមេរោគគ្រុនចាញ់ប្រភេទ Plasmodium Falciparum ដែល សម្លាប់មនុស្ស ខ្លាំងជាង គេ គឺ ៩នាក់ ក្នុងចំណោម អ្នកកើតជម្ងឺគ្រុនចាញ់ ១០នាក់ និងដែលស៊ាំនឹងថ្នាំពេទ្យខ្លាំងជាងគេដែរ។
តាមសាស្រា្តចារ្យម្នាក់របស់អង្គភាពស្រាវជ្រាវនៃមហាវិទ្យាល័យអង់គ្លេស Oxford ការរកឃើញ ភាពស៊ាំរបស់មេរោគគ្រុនចាញ់ ជាសញ្ញាជួដាស់តឿន ឲ្យគេត្រូវប្រើប្រភេទ ថ្នាំថ្មី ច្រើនមុខ ជាជាងថ្នាំចាស់ ដែលលែងមានប្រសិទ្ធិភាពលើប៉ារ៉ាស៊ីតគ្រុនចាញ់តទៅទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ