ឥណ្ឌាបដិសេធថា មិនបានសុំឲ្យលោកដូណាល់ ត្រាំ អន្តរាគម ក្នុងជម្លោះតំបន់កាស្មៀរ
ឥណ្ឌានៅថ្ងៃអង្គារនេះ បានបដិសេធការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានសុំឲ្យប្រធានាធិបតីអាមេរិក ចូលខ្លួនធ្វើជាអ្នកសម្របសម្រួល ឬអាជ្ញាកណ្តាលក្នុងជម្លោះទឹកដីកាស្មៀរ។ នៅថ្ងៃចន្ទ នៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅសេតវិមាន លោកដូណាល់ ត្រាំ បាននិយាយថា បើសិនជាអាច លោកចង់ធ្វើជាសម្របសម្រួលនៅក្នុងជម្លោះនៅតំបន់កាស្មៀរ ដែលឥណ្ឌា និងប៉ាគីស្ថាន បានប្រយុទ្ធដណ្តើមគ្នា អស់ ៧ទសវត្សរ៍មកហើយ នោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រតិកម្មយ៉ាងរហ័សទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះបានអះអាងថា គ្មានទេ ការស្នើឡើង របស់នាយករដ្ឋមន្រ្តីឥណ្ឌា ដែលចង់ឲ្យលោកដូណាល់ ត្រាំ ដើរតួ ជាអ្នកសម្របសម្រួលក្នុងជម្លោះនៅតំបន់កាស្មៀរ។
តាមអ្នកនាំពាក្យដដែល ឥណ្ឌានៅតែប្រកាន់ ជំហរចាស់ដែលចង់ឲ្យការចរចា ដោះស្រាយជម្លោះជាមួយភាគីប៉ាគីស្ថាន នៅត្រង់តំបន់កាស្មៀរ ធ្វើឡើងដោយទ្វេភាគី និងគ្មានការជ្រៀតជ្រែក អន្តរាគមន៍ពីអន្តរជាតិ។
នៅថ្ងៃចន្ទ ម្សិលមិញ នៅក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងចង់ធ្វើជាអ្នកសម្របសម្រួល ក្នុងជម្លោះនៅតំបន់កាស្មៀរ ដែលឥណ្ឌា និងប៉ាគីស្ថានបានធ្វើសង្រ្គាមបង្ហូរឈាម ដើម្បី ដណ្តើមគ្នាគ្រប់គ្រង តាំងពីឆ្នាំ ១៩៤៧មក។
តាមលោកដូណាល់ត្រាំ គឺលោកនាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលកាលពី ២សប្តាហ៍មុន បានសុំឲ្យលោកធ្វើជាអ្នកសម្របសម្រួល ឬជាអាជ្ញាកណ្តាល ដោះស្រាយជម្លោះនៅតំបន់កាស្មៀរ។ លោកដូណាល់ ត្រាំ បង្ហាញការជឿជាក់ថា លោកនឹងអាចជួយដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ រវាងភាគីទាំងពីរ ដោយផ្អែកទៅលើទំនាក់ទំនងល្អរវាងលោក ហើយនិងលោកនាយករដ្ឋមន្រ្តី ឥណ្ឌា ហើយនិងអនាគតទំនាក់ទំនងល្អប្រសើរជាមួយ លោកនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់។
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ បានលើកដៃ គាំទ្រគំនិតរបស់លោកដូណាល់ ត្រាំ។ សម្រាប់ នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន លោកដូណាល់ ត្រាំ នឹងទទួលបានការគាំទ្រ ធ្វើបុណ្យឧទ្ទិសពីប្រជាជនរាប់ពាន់លាននាក់ បើសិន លោកអាចសម្របសម្រួល ដោះស្រាយជម្លោះនៅ កាស្មៀរ។
តាំងពីទទួលឯករាជ្យ ពីអាណានិគមអង់គ្លេស ឥណ្ឌា និងប៉ាគីស្ថាន ដែលឈ្លោះ ចង់គ្រប់គ្រង តំបន់កាស្មៀរទាំងមូល បានប្រយុទ្ធធ្វើសង្រ្គាមនឹងគ្នា ដល់ទៅ ២លើក។ នៅក្នុងរយៈពេល ៣ទសវត្សរ៍ មកនេះ ការប្រយុទ្ធ បះបោររបស់ក្រុមអ៊ីស្លាម នៅក្នុងតំបន់កាស្មៀរឥណ្ឌា បានសម្លាប់មនុស្សច្រើនជាង ៧ម៉ឺននាក់ ដែលនៅក្នុងនោះភាគច្រើនជាប្រជាជនស៊ីវិល។
ការចូលខ្លួនណាមួយ របស់ភាគី អាមេរិក ក្នុងនាមជាអ្នកសម្របសម្រួលក្នុង ជម្លោះនៅតំបន់កាស្មៀរ អាចស បញ្ជាក់ពីការផ្លាស់ប្តូរជំហរ របត់នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលរហូតមក ចាត់ទុក ជម្លោះនៅកាស្មៀរ ថា ជាជម្លោះទ្វេភាគី សុទ្ធសាធរវាងឥណ្ឌា និងប៉ាគីស្ថាន។ សម្រាប់សមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ស្តែងឲ្យឃើញ ពីបទពិសោធន៍ធ្វើនយោបាយក្មេងខ្ចីរបស់លោកដូណាល់ ត្រាំ ព្រោះថា គ្រប់គ្នាសុទ្ធតែដឹងថា ឥណ្ឌាប្រឆាំងដាច់ខាត នឹងការលូកដៃរបស់ភាគីទី៣ ក្នុងជម្លោះព្រំដែនជាមួយប៉ាគីស្ថាន ជាពិសេស ជម្លោះតំបន់កាស្មៀរ។ នេះមិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីអាមេរិក ស្នើខ្លួនជាអ្នកសម្របសម្រួលក្នុងជម្លោះ ដែលគេមិនអាចដោះស្រាយបាន។ កាលពីថ្ងៃសុក្រ លោកបានបញ្ជាក់ថា លោកត្រៀមខ្លួន ដើម្បី ជួយជប៉ុន និងកូរ៉េខាងត្បូងឲ្យដោះស្រាយវិវាទចាស់ ដែលប្រទេសទាំងពីរ មាននឹងគ្នា តាំងពីក្នុងសម័យសង្រ្គាមលោកលើកទី ២។
នៅឆ្នាំ ២០១៧ លោកធ្លាប់បានស្នើខ្លួនជាអ្នកសម្របសម្រួល ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ប៉ុន្តែ គ្មានប្រទេស ភាគីជម្លោះណាមួយ ឆ្លើយយល់ព្រម ទទួលនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ