អានតួអត្ថបទ
ឥណ្ឌា-សហរដ្ឋអាមេរិក

ឥណ្ឌា​បដិសេធ​ថា មិន​បាន​សុំ​ឲ្យ​លោក​ដូណាល់ ត្រាំ អន្តរាគម ក្នុង​ជម្លោះតំបន់​កាស្មៀរ

ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បដិសេធ​ការលើកឡើង​របស់​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ថា នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក ចូលខ្លួន​ធ្វើ​ជាអ្នកសម្របសម្រួល ឬ​អាជ្ញាកណ្តាល​ក្នុង​ជម្លោះ​ទឹកដី​កាស្មៀរ។ នៅ​ថ្ងៃ​ចន្ទ នៅក្នុង​ជំនួប​ទ្វេភាគីជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន នៅ​សេតវិមាន លោកដូណាល់ ត្រាំ បាន​និយាយថា បើសិនជា​អាច លោក​ចង់​ធ្វើ​ជា​សម្របសម្រួល​នៅ​ក្នុង​ជម្លោះ​នៅ​តំបន់​កាស្មៀរ ដែល​ឥណ្ឌា និង​ប៉ាគីស្ថាន បាន​ប្រយុទ្ធ​ដណ្តើមគ្នា អស់ ៧​ទសវត្សរ៍​មកហើយ នោះ។

លោកដូណាល់ ត្រាំ ទទួល​ជួប​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ នៅ​សេតវិមាន នៅថ្ងៃទី ២២​កក្កដា ២០១៩
លោកដូណាល់ ត្រាំ ទទួល​ជួប​ទ្វេភាគី ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ នៅ​សេតវិមាន នៅថ្ងៃទី ២២​កក្កដា ២០១៩ © REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​យ៉ាង​រហ័ស​ទៅ​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ឥណ្ឌា នៅថ្ងៃ​អង្គារ​នេះ​បាន​អះអាងថា គ្មានទេ ការស្នើឡើង របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា ដែល​ចង់​ឲ្យ​លោកដូណាល់ ត្រាំ ដើរតួ ​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះ​នៅ​តំបន់​កាស្មៀរ។

តាម​អ្នកនាំពាក្យ​ដដែល ឥណ្ឌា​នៅតែ​ប្រកាន់ ជំហរ​ចាស់​ដែល​ចង់​ឲ្យ​ការចរចា ដោះស្រាយ​ជម្លោះ​ជាមួយ​ភាគី​ប៉ាគីស្ថាន នៅ​ត្រង់​តំបន់​កាស្មៀរ ធ្វើឡើង​ដោយ​ទ្វេ​ភាគី និង​គ្មាន​ការជ្រៀតជ្រែក អន្តរាគមន៍​ពី​អន្តរជាតិ។

នៅថ្ងៃ​ចន្ទ ម្សិលមិញ នៅ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន នៅសេតវិមាន លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​អះអាង​ចង់​ធ្វើ​ជា​អ្នកសម្របសម្រួល ក្នុង​ជម្លោះ​នៅ​តំបន់​កាស្មៀរ ដែល​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​ធ្វើ​សង្រ្គាមបង្ហូរឈាម ដើម្បី ដណ្តើមគ្នា​គ្រប់គ្រង តាំង​ពី​ឆ្នាំ ១៩៤៧​មក។

តាម​លោកដូណាល់​ត្រាំ គឺ​លោក​នាយករដ្ឋមន្រ្តី ឥណ្ឌា ណារិនដ្រា ម៉ូឌី ដែល​កាល​ពី ២សប្តាហ៍​មុន បាន​សុំ​ឲ្យ​លោក​ធ្វើ​ជា​អ្នកសម្របសម្រួល ឬ​ជាអាជ្ញា​កណ្តាល ដោះស្រាយ​ជម្លោះ​នៅ​តំបន់​កាស្មៀរ។ លោកដូណាល់ ត្រាំ បង្ហាញ​ការជឿជាក់ថា លោកនឹង​អាច​ជួយ​ដោះស្រាយ​ជម្លោះ​ដ៏រ៉ាំរ៉ៃ រវាង​ភាគី​ទាំងពីរ ដោយ​ផ្អែក​ទៅលើ​ទំនាក់ទំនង​ល្អ​រវាង​លោក ហើយនិង​លោកនាយករដ្ឋមន្រ្តី ឥណ្ឌា ហើយ​និង​អនាគត​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ លោកនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន់ ខាន់។

នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន អ៊ីមរ៉ាន់ ខាន់ បាន​លើកដៃ គាំទ្រ​គំនិត​របស់​លោកដូណាល់ ត្រាំ។ សម្រាប់ នាយករដ្ឋមន្រ្តី ប៉ាគីស្ថាន លោកដូណាល់ ត្រាំ នឹង​ទទួល​បាន​ការគាំទ្រ ធ្វើ​បុណ្យ​ឧទ្ទិស​ពី​ប្រជាជន​រាប់ពាន់​លាន​នាក់ បើសិន លោក​អាច​សម្របសម្រួល ដោះស្រាយ​ជម្លោះ​នៅ កាស្មៀរ។

តាំង​ពី​ទទួល​ឯករាជ្យ ពី​អាណានិគមអង់គ្លេស ឥណ្ឌា និង​ប៉ាគីស្ថាន ដែល​ឈ្លោះ ចង់​គ្រប់គ្រង តំបន់​កាស្មៀរ​ទាំងមូល បាន​ប្រយុទ្ធ​ធ្វើ​សង្រ្គាម​នឹង​គ្នា ដល់​ទៅ ២​លើក។ នៅក្នុង​រយៈពេល ៣ទសវត្សរ៍ មកនេះ ការប្រយុទ្ធ បះបោរ​របស់​ក្រុមអ៊ីស្លាម នៅ​ក្នុង​តំបន់​កាស្មៀរ​ឥណ្ឌា បាន​សម្លាប់​មនុស្ស​ច្រើនជាង ៧ម៉ឺននាក់ ដែលនៅក្នុង​នោះភាគច្រើន​ជា​ប្រជាជន​ស៊ីវិល។

ការចូលខ្លួន​ណាមួយ របស់​ភាគី អាមេរិក ក្នុងនាមជា​អ្នកសម្របសម្រួល​ក្នុង ជម្លោះ​នៅតំបន់​កាស្មៀរ អាច​ស បញ្ជាក់​ពី​ការផ្លាស់ប្តូរ​ជំហរ របត់​នយោបាយ​របស់ទីក្រុង​វ៉ាស៊ីនតោន ដែល​រហូតមក ចាត់ទុក ជម្លោះ​នៅ​កាស្មៀរ ថា ជា​ជម្លោះ​ទ្វេភាគី សុទ្ធសាធ​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ សម្រាប់​សមាជិក​សភា មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក ស្តែង​ឲ្យ​ឃើញ ពី​បទពិសោធន៍​ធ្វើ​នយោបាយ​ក្មេងខ្ចី​របស់លោក​ដូណាល់ ត្រាំ ព្រោះ​ថា គ្រប់គ្នា​សុទ្ធ​តែ​ដឹងថា ឥណ្ឌា​ប្រឆាំង​ដាច់ខាត នឹង​ការលូកដៃ​របស់​ភាគី​ទី​៣ ក្នុង​ជម្លោះ​ព្រំដែនជាមួយ​ប៉ាគីស្ថាន ជាពិសេស ជម្លោះតំបន់​កាស្មៀរ។ នេះមិនមែន​ជា​លើកទី​១​ទេ ដែលប្រធានាធិបតី​អាមេរិក ស្នើខ្លួន​ជា​អ្នកសម្រប​សម្រួល​ក្នុង​ជម្លោះ ដែល​គេ​មិនអាច​ដោះស្រាយ​បាន។ កាលពី​ថ្ងៃ​សុក្រ លោក​បាន​បញ្ជាក់ថា លោកត្រៀមខ្លួន ដើម្បី ជួយ​ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ដោះស្រាយ​វិវាទ​ចាស់ ដែលប្រទេស​ទាំងពីរ មាននឹង​គ្នា តាំង​ពី​ក្នុង​សម័យ​សង្រ្គាម​លោកលើកទី ២។

នៅ​ឆ្នាំ ២០១៧ លោក​ធ្លាប់​បាន​ស្នើខ្លួន​ជា​អ្នកសម្របសម្រួល ក្នុង​ជម្លោះនៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ គ្មាន​ប្រទេស ភាគី​ជម្លោះ​ណាមួយ ឆ្លើយ​យល់ព្រម​ ទទួល​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ