អានតួអត្ថបទ
ភូមា-បង់ក្លាដែស

មាតុភូមិនិវត្តន៍ជនជាតិ​រ៉ូហ៊ីងយ៉ា៖ ភូមា​នឹង​បន្តចរចា​ជាមួយ មេក្រុម​រ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស

អាជ្ញាធរ​ភូមា​នឹង​បន្ត​ចរចា​ស្តីពីការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេចខ្លួន​ពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន និង​ដែល​កំពុង​រស់ជ្រកកោន ក្នុង​ជំរំភៀសខ្លួន​នៅ​ទឹកដី​បង់ក្លាដែស។ នៅថ្ងៃ​អាទិត្យ ទី ២៨​កក្កដា មន្រ្តី​បង់ក្លាដែស​បានអះអាង​ថា ការចរចា​រវាង​ភាគី​ភូមា ហើយ​និង​អ្នកតំណាង​រ៉ូហ៊ីងយ៉ា នៅក្នុង​ជំរំ Cox’s Bazar នឹង​បន្ត​មាន​តទៅទៀត បន្ទាប់ពី​មាន​សញ្ញាវិជ្ជមាន​ស្តីពី​ការវិលត្រលប់​របស់ជនភៀសខ្លួន ទៅ​ប្រទេស​ភូមា។ 

ប្រជាជន​ភៀសខ្លួន រ៉ូហ៊ីងយ៉ា
ប្រជាជន​ភៀសខ្លួន រ៉ូហ៊ីងយ៉ា ©Reuters
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ នេះ​ជា​លើកទី២ ដែល​គណៈប្រតិភូ​ភូមា​ធ្វើដំណើរ​ទៅ​ជំរំជនភៀសខ្លួន ក្នុង​ទឹកដី​បង់ក្លាដែស ដើម្បី បញ្ចុះបញ្ចូល​ប្រជាជន​រ៉ូហ៊ីងយ៉ា ឲ្យ​យល់ព្រម​វិលត្រលប់ ទៅ​រដ្ឋរ៉ាឃីន ភាគខាងជើង​ភូមា។ កាលពី​ខែ តុលា​ឆ្នាំមុន អ្នកតំណាង​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា​ធ្លាប់​បាន​បដិសេធ មិន​ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​មាតុភូមិនិវត្ត​រៀបចំ​ដោយ​អាជ្ញាធរ​ភូមា ដោយហេតុផលថា ពួកគេ​នឹងអាច​ប្រឈមនឹង​គ្រោះថ្នាក់ សន្តិសុខ បើសិន​គ្មាន​ការធានា​ច្បាស់លាស់​ពី​រដ្ឋាភិបាល​ភូមា។

នៅ​ថ្ងៃ​សៅរ៍ គណៈប្រតិភូភូមា ដឹកនាំ​ដោយលេខាអចិន្ត្រៃយ៍​របស់​ក្រសួងការបរទេស និង​អមដំណើរ​ដោយ​អ្នកតំណាង​របស់​ក្រុមប្រទេស​អាស៊ាន បាន​ធ្វើ​ដំណើរ​ទៅ​ជំរំភៀសខ្លួន Cox’s Bazar​ក្នុង​ទឹកដី​បង់ក្លាដែស ដើម្បី ពន្យល់​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា ពី​ដំណើរ​រៀបចំ ធ្វើមាតុភូមិនិវត្តន៍​ទៅ​រដ្ឋរ៉ាឃីន។

តាម​លេខាអចិន្រ្តៃយ៍ របស់​ក្រសួងការបរទេស​ភូមា ការជួបពិភាក្សា​ជាមួយ​មេក្រុម​អ្នកតំណាង​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា កាលពី​ថ្ងៃ​សៅរ៍​ផ្តោតទៅលើ​ទិដ្ឋភាព​បី។ ទី១ គឺ​ការបន្ត​ការចរចា​រវាង​ភាគី​ទាំងពីរ។ ទី២ ការចូលរួម​របស់​គណៈប្រតិភូ​អាស៊ាន ក្នុង​ការពិភាក្សា។ ចំណែក​ទី៣ គឺ​ភូមា​នឹង​បើក​ការពិភាក្សា​ជាមួយ​ក្រសួងបង់ក្លាដែស ដើម្បី​និយាយ​ពី​មាតុភូមិនិវត្តន៍ ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា កាន់​សាសនា​ហិណ្ឌូ ហើយ​និង​រ៉ូហ៊ីងយ៉ា​កាន់​គ្រិស្តសាសនា។

តាម​មេដឹកនាំ​ក្រុមរ៉ូហ៊ីងយ៉ា កាន់សាសនា​អ៊ីស្លាម គេ​បាន​រាយរ៉ាប់ ប្រាប់​គណៈប្រតិភូ​ភូមា ពី​លក្ខខណ្ឌ ចង់បាន​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា នោះ គឺ សញ្ជាតិ សុវត្ថិភាព ហើយ​និង​សន្តិសុខ នៅពេល​ពួកគេ​ត្រលប់​ទៅ​រស់នៅ​រដ្ឋ​រ៉ាឃីន។ មួយវិញទៀត ពួកគេ​ចង់​ត្រលប់​ទៅរស់នៅ​តាម​ភូមិផ្ទះសម្បែង​ចាស់​របស់ពួកគេ ប៉ុន្តែ មិនមែន​នៅក្នុង​ជំរំ​ដែល​រៀបចំឡើង​កងទ័ព​ភូមា​នោះទេ។ មេដឹកនាំ​ក្រុមរ៉ូហ៊ីងយ៉ា កាន់​គ្រឹស្តសាសនា​វិញ ទាមទារ​ចង់​បាន​ការគោរព ប្រតិបត្តិ​សាសនា​ដោយ​សេរី នៅពេល​ត្រលប់​ទៅ​រស់នៅ​រដ្ឋរ៉ាឃីន។

អ្នកតំណាង​ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​លើកឡើង​ពី​សញ្ញាវិជ្ជមាន នៅពេល​គណៈប្រតិភូ​យល់ព្រម​ស្តាប់ និង​ត្រលប់​មក​ផ្តល់​ចម្លើយ នៅ​២ខែ​ខាងមុខ។

ការទន្ទឹង​ចង់បាន​របស់​ជនជាតិរ៉ូហ៊ីងយ៉ា ជាពិសេស​នៅក្នុង​រឿង​ទទួលសញ្ជាតិ ភូមា នឹង​អាច​បរាជ័យ ព្រោះថា ភូមា​រហូតមក បដិសេធ​មិន​ផ្តល់​សញ្ជាតិ ដល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​កងទ័ព​ភូមា​ចាត់ទុក​ជា​ជនអន្តោប្រវេសន៍ ខុសច្បាប់ ឆ្លង​មកពី​ប្រទេស​បង់ក្លាដែស។

អំពើហិង្សា ដែល​កើតឡើង​មកពីការប៉ះទង្គិចគ្នា​រវាង​កងទ័ពភូមា ហើយ​និងឧទ្ទាម​រ៉ូហ៊ីងយ៉ា នៅ​ឆ្នាំ ២០១៧ បាន​ជំរុញ​ឲ្យ​ប្រជាជន​រ៉ូហ៊ីងយ៉ា​ជាង ៧សែននាក់ រត់ចាកចេញ​ពី​រដ្ឋរ៉ាឃីន សំដៅ ប្រទេស​ជិតខាង បង់ក្លាដែស។ ការកកកុញ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅក្នុង​ជំរំ​ស្អេកស្កះ ក្នុង​ទឹកដី​បង់ក្លាដែស​បាន​បណ្តាល​ឲ្យ​ប្រទេស​ជិតខាងទាំងពីរ មើលមុខ​មិន​ចំ។ នៅពេល​បង់ក្លាដែស​អះអាង​ថា នឹង​មិនបង្ខំ​ចាប់បញ្ជូន ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅភូមា រដ្ឋាភិបាល​ភូមា​ឯណោះ កំពុងប្រឈម​ការដាក់​សំពាធ​ពី​សហគមន៍​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​ភូមា​យល់ព្រម​ទទួល និង​ផ្តល់​សញ្ជាតិ ភូមា ដល់​ប្រជាជន​រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ