ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

ការចរចា​ពាណិជ្ជកម្ម៖ តើ​ចិន និង​អាមេរិក​នឹង​បិទ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែរឬទេ?

ការចរចា​ពាណិជ្ជកម្ម៖ តើ​ចិន និង​អាមេរិក​នឹង​បិទ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម ដែរឬទេ?
 
ឧបនាយករដ្ឋមន្រ្តី​ចិន លីវ ហឺ ញញឹម​នៅពេល​និយាយ​ជាមួយ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិកលោក Steven Mnuchin នៅក្នុង​ការចរចា​នៅទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ១០ ឧសភា ២០១៩ ©REUTERS/Clodagh Kilcoyne

ជាលើកទី១ នៅក្នុងរយៈពេល ៣ខែ ភាគី​ចិន និង​អាមេរិក​បាន​ត្រលប់​ចូល​តុចរចា​គ្នា ឡើង​វិញ ក្នុង​គោលដៅ​ស្វែងរក កិច្ចព្រមព្រៀង ​បិទបញ្ចប់ សង្រ្គាមពាណិជ្ជកម្ម ដែល​ប្រទេស​ទាំងពីរ បាន​ចាប់ផ្តើម​ជាង​១​ឆ្នាំ​មកហើយ។ នៅក្នុង​ជំនួប​ចរចា​រយៈពេល​២​ថ្ងៃ ដែល​ចាប់ផ្តើម​នៅថ្ងៃ​នេះ នៅទីក្រុង​សៀងហៃ ភាគីអាមេរិក​មាន​ចូលរួម​ពី​រដ្ឋមន្រ្តី​ថវិកា លោក Steven Mnuchin ហើយ​និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer។

 

ការចរចា​ពាណិជ្ជកម្ម​ចិន អាមេរិក​បាន​ចាប់ផ្តើម​ឡើងវិញ នៅថ្ងៃ​អង្គារ​នេះ នៅទីក្រុង​សៀងហៃ បន្ទាប់ពី​ការចរចា​បាន​បរាជ័យ ម្តងហើយ កាលពី ៣​ខែមុន។

ការត្រលប់​ចូល​តុចរចា លើកនេះ ធ្វើឡើង​នៅក្នុង​បរិបទ​មួយ ធូរស្រាល បន្ទាប់ពី ប្រធានាធិបតី​អាមេរិក និង​ចិន នៅ​ក្នុង​ជំនួប ទ្វេភាគី នៅ​ប្រទេស​ជប៉ុន បានយល់ស្រប​គ្នា ផ្អាក​ធ្វើ​សង្រ្គាម ដំឡើងពន្ធ​មួយរយៈ។ ទៅតាម​ការចុះសម្រុងគ្នា​រវាង​លោកដូណាល់ ត្រាំ និង​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង អាមេរិក​ផ្អាក មិន​ដំឡើង​ពន្ធ​លើ​ទំនិញចិន នាំចូលទៅ​អាមេរិក ដែល​មាន​តម្លៃ ៣០០​ពាន់​លាន​ដុល្លារ​ផ្សេងទៀត ចំណែក ចិន សុខចិត្ត​យល់ព្រម បន្ត​ទិញ ផលិតផល​កសិកម្ម​ ជាពិសេស​សណ្តែកសៀង អាមេរិក។

គេ​មិនអាច​សង្ឃឹម ឬ​មាន​សុទិដ្ឋិនិយម​ច្រើនទេថា ការត្រលប់​ទៅ​ចូល​តុ​ចរចា​អាមេរិក ចិន នៅ​ទីក្រុង​សៀងហៃ នៅថ្ងៃនេះ នឹង​អាច​បិទ​បញ្ចប់​ភ្លាម ជម្លោះ​ពាណិជ្ជកម្ម ដែល​រហូតមកដល់ពេលនេះ មាន​អាយុ ១​ឆ្នាំហើយ​នោះទេ។

នៅក្នុង​បរិយាកាស​ដែល​អាមេរិក និង​ចិន មិនសូវ​តានតឹង​ខ្លាំង​ដូចមុន ការចរចា​ពាណិជ្ជកម្ម ចិន អាមេរិក ដែល​មាន​ការចូលរួម​សុទ្ធ​តែ​ពី​មន្រ្តី ជាន់ខ្ពស់ ដូចតួយ៉ាង រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ ហើយនិង​អ្នកតំណាង​ពាណិជ្ជកម្ម នឹង​មិន​ផ្តល់​លទ្ធផល ចេញ​ជា​កិច្ចព្រមព្រៀង​អ្វី​មួយភ្លាម​នោះទេ។ វាជា​ការចរចា​ដែល​សំដៅ ទៅ​ស្រោចស្រង់ ស្តារ​ឲ្យ​មាន​ជំនឿទុកចិត្ត​នឹង​គ្នា​ឡើងវិញសិន។ ការជឿ​ទុកចិត្ត ដែល​បាន​រលាយ​សាបសូន្យ ចាប់តាំង​ពី​ភាគី ទាំងពីរ បាន​ដំឡើងសំឡេង ដំឡើង​ពន្ធ ដាក់​គ្នា​ទៅវិញ ទៅមក។ នៅមុន​ការចរចា​នៅ​ថ្ងៃ​នេះ លោករដ្ឋមន្រ្តី ហិរញ្ញវត្ថុ អាមេរិក Steven Mnuchin ធ្លាប់​បាន​និយាយប្រាប់ ទូរទស្សន៍​អាមេរិក ថា នៅ​មាន​រឿង​ច្រើន​ដែល​គេ​ត្រូវ​ចរចា ចំណែក កាសែត​រដ្ឋ​ចិន​វិញ បាន​សរសេរថា ការចរចា​ពាណិជ្ជកម្ម​នឹង​មាន​រយៈពេល​វែង​យូរតទៅទៀត។

តាម​អ្នកវិភាគ​មួយចំនួន នៅក្នុង​ចរចា​លើកនេះ អាមេរិក ចង់ឲ្យអ្វីៗ ត្រលប់​ទៅ​រក​ស្ថានភាព​ដើម ពោល គឺ​នៅមុន​ពេល​ការចរចា​បាន​ជួប​បរាជ័យ​កាលពី​ខែ ឧសភា។

សូមអាន៖ តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?

ចាប់តាំង​ពីអាមេរិក និង​ចិន​មាន​សង្រ្គាមពាណិជ្ជកម្ម​នឹង​គ្នា នេះជា​លើកទី១២ ដែល​ភាគី​ទាំងពីរ​បាន​បើកការចរចា ក្នុងបំណង​បិទបញ្ចប់​ជម្លោះ ពាណិជ្ជកម្ម ដែល​កំពុងប៉ះពាល់​បណ្តើរៗ សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ។ យ៉ាងណាក៏ដោយ ការចរចា​លើកនេះ នៅទីក្រុង​សៀងហៃ នឹង​អាច​តឹងតែង​ជាងមុន ព្រោះថា នៅ​ខាងភាគី​ចិន ក្រៅតែ​ពី​លោក​លីវ ហឺ ឧបនាយករដ្ឋមន្រ្តី​ចិន ដែល​ធ្លាប់​ជាអ្នក​ដឹកនាំ​ក្រុម​អ្នកចរចា​ចិន នៅ​ទីក្រុង​វ៉ាស៊ីនតោន នឹង​មាន​ការចូលរួម​ពី​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ម្នាក់ទៀត នៅក្នុង​ការចរចា​ជាមួយ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ ហើយ​និង អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក។ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន លោក Zhong Shan ដែលមានតួនាទី​ផងដែរ ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈឹមបក្ស ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​តឹងរ៉ឹងខ្លាំង។ វត្តមាន​របស់​លោក Zhong Shan នៅ​ក្នុង​ការចរចា បញ្ជាក់ពី​ការមិនជឿទុកចិត្ត​របស់​ចិន លើ​អាមេរិក ហើយនិង​ជំហរ​ដាច់ណាត់ របស់​ចិន នៅក្នុង​ការចរចា​ជាមួយ​អាមេរិក។

ការចរចា​ចិន អាមេរិក ដូចជា​រឿង​តម្លង់ ៧សណ្តាន?

ការចរចា​ពាណិជ្ជកម្ម​នៅតែ​ជាប់គាំង ដោយសារ​តែ​ភាគី​ទាំងពីរ នៅតែ​និយាយ​មិនត្រូវ​គ្នា​លើ​ចំណុចទាមទារ រៀងៗ​ខ្លួន។ ត្រូវ​ដឹងថា សង្រ្គាមពាណិជ្ជកម្ម​ចិន អាមេរិក បាន​ចាប់ផ្តើម​ដំបូងឡើយ ដោយសារ​អាមេរិក​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន នាំចូល​អាមេរិក បន្ទាប់ពី​អាមេរិក​ចោទចិន​ថា ធ្វើ​ជំនួញ​មិនស្មោះត្រង់ មិន​យុត្តិធម៌ ជួយ​ក្រុមហ៊ុន​រដ្ឋ និង​រំលោភ​ច្បាប់​កម្មសិទ្ធិបញ្ញា តាមរយៈ​ការលួចចម្លង​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អាមេរិក។

ចិន​បាន​ដំឡើងពន្ធ​លើ​រាល់ទំនិញ អាមេរិក​នាំចូល​ទៅ​ចិនវិញ ដើម្បី សងសឹក​នឹងការរបាំង​ពន្ធគយ​អាមេរិក។ នៅក្នុង​ការចរចា​រហូតមក ចិន​បាន​ទាមទារ​ថា ដើម្បី​បញ្ចប់​សង្រ្គាម​ពាណិជ្ជកម្មរវាងគ្នា អាមេរិក​ត្រូវ​ទម្លាក់ចោល​ទាំងស្រុង របាំងពន្ធ​លើ​ទំនិញ​ចិន​ជាមុន​សិន។ បន្ទាប់​មក​ពី​អាមេរិក ក៏​ត្រូវ ឈប់​រករឿង ក្រុមហ៊ុន​ចិន​Huawei តទៅទៀត។ ការទាមទារ​របស់​ចិន ត្រូវ​បាន​អាមេរិក​មិន​ព្រម​ស្តាប់​ធ្វើ​តាមនោះទេ ព្រោះ​បើតាម​លោកប្រធានាធិបតី ដូណាល់ ត្រាំ ការដំឡើងពន្ធ លើទំនិញចិន ជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធិភាព ដើម្បី ដាក់សម្ពាធ​លើ​ចិន ឲ្យ​ចូល​តុចរចា និង ត្រូវ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​ចាស់ ដែល​មាន​លក្ខណៈ កេងយក​ចំណេញ ពី​ភាគី​អាមេរិក​សុទ្ធសាធ។

ភាគី​ចរចា​ទាំងពីរ នៅតែ​ប្រកាន់ជំហរ ដាច់ណាត់​របស់ខ្លួន ព្រោះថា ចិន បាន​ប្រកាស​រួចហើយថា នៅតែ​ប្រកាន់​គោលការណ៍​ចាស់​របស់ខ្លួន ដោយ​មិនភ័យខ្លាច​នឹង​ការដាក់សំពាធ របស់​អាមេរិក​នោះទេ។

លោកដូណាល់​ត្រាំ រិះគន់​លក្ខន្តិកៈ​របស់ចិន ក្នុង​នាមជា​ប្រទេស កំពុង​អភិវឌ្ឍ នៅ​អង្គការ WTO

ជម្លោះ​ពាណិជ្ជកម្ម​ចិន និង​អាមេរិក មិនងាយ​នឹង​បិទបញ្ចប់​នៅពេលនេះ យ៉ាងហោចណាស់​នៅក្នុង​អាណត្តិ​របស់លោកដូណាល់​ត្រាំ។ លោកដូណាល់ ត្រាំ ផ្ទាល់ ជឿថា គឺ​ភាគី​ចិនដែល ​គ្មាន​ចេតនា ចង់​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​ចប់​នៅពេលនេះ។ នៅថ្ងៃ​សុក្រ​កន្លងទៅ លោកដូណាល់ ត្រាំ បាន​និយាយ​ថា ចិន មិន​ចង់​ចុះ​កិច្ចព្រមព្រៀង នៅ​ពេល​នេះ​ទេ ពោល​គឺ​ចង់​ពន្យារពេល រហូត​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ឆ្នាំ ២០២០។ តាម​លោកដូណាល់ ត្រាំ ចិន​អាច​សង្ឃឹមថា ជំហរ​នយោបាយ​អាមេរិក​នឹង​អាច​ផ្លាស់ប្តូរ ប្រសិន​បើ​អាមេរិក​មាន​ប្រធានាធិបតី​ថ្មី ក្រៅពី​លោកដូណាល់ ត្រាំ។

ពិតណាស់​ថា បើសិន​លោកដូណាល់ ត្រាំ មិនអាច​ជាប់ឆ្នោត នៅ​អាណត្តិ​ទី២ អាមេរិក​របស់​ប្រធានាធិបតី​ថ្មី នឹង​អាច​ប្រកាន់​យក​នយោបាយ​ថ្មី ជាមួយ​ចិន នៅក្នុង​ការចរចា​ពាណិជ្ជកម្ម។ ប៉ុន្តែ នៅមុន​ពេល​អ្វីៗ​អាច​ផ្លាស់ប្តូរ ពោល​គឺ​មុន​នៅ​មាន​ការបោះឆ្នោត ផ្លាស់ប្តូរ​ប្រធានាធិបតី នៅ​ឆ្នាំក្រោយ លោកដូណាល់ ត្រាំ មិន​ចង់ បន្ធូរដៃ ដក​ការសំពាធ ដើម្បី​បាន​សម្បទាន​ពី​ចិន​ក្នុង​ការចរចា​នោះទេ។

នៅមុន​ការចរចា​ពាណិជ្ជកម្ម​ចាប់ផ្តើម​នៅ​សៀងហៃ លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ ដោយ​សំដៅ​ទៅប្រទេស​ចិន បាន​បរិហារ​លក្ខន្តិកៈ របស់​ប្រទេសមួយចំនួន ដែល​ជា​សមាជិក អង្គការ​ពាណិជ្ជកម្ម ពិភពលោក។ លោកដូណាល់ ត្រាំ បាន​ទុកពេល ៣ខែ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោះស្រាយ សើរើ​ ​ប្រទេស​មួយចំនួន ដូចជា​ចិន ជាដើម ដែល​ជាប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ប៉ុន្តែ បានប្រើ​លក្ខន្តិកៈ​របស់ខ្លួន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​កេងយក​ប្រយោជន៍​ពីច្បាប់​ពាណិជ្ជកម្ម​ពិភពលោក។ រឿង​ដាក់សំពាធ​លើ​ចិន នៅមុន​ការចរចា ធ្លាប់​បាន​លោកដូណាល់ត្រាំ ធ្វើម្តងហើយ កាលពី​ខែ​ឧសភាកន្លងទៅ។ ពោល​គឺ​នៅពេល​មន្រ្តី​ចិន និង​អាមេរិក​កំពុង​ចរចា​នៅ​ទីក្រុងវ៉ាស៊ីនតោន លោកដូណាល់ ត្រាំ បាន​គំរាម​ដំឡើង​ពន្ធ​លើទំនិញចិន ២០០ពាន់​លាន​ដុល្លារ បើសិន ការចរចា​ជួបបរាជ័យ។ វិធានការ​ដំឡើងពន្ធ​របស់​លោកដូណាល់​ត្រាំ បាន​ចូលជាធរមាន នៅថ្ងៃ​ដែល​ការចរចា​ជួបបរាជ័យ តែម្តង។

ចិន បរិហារ និង​អះអាង មិន​ចាញ់ ពាក្យ​គំរាម ដាក់​សំពាធ​របស់​អាមេរិក ក្នុង​ការចរចា ចំណែកលោកដូណាល់ ត្រាំ គិតតែ អាង យក​រឿង​ដាក់សំពាធ មក​ធ្វើ​ជាអាវុធដើម្បី​ទាមទារ​ការចង់បាន​របស់ខ្លួន​ពី​ភាគី​ចិន។ បើ​សិន ភាគី​នៅតែបន្ត​ដូច្នេះ សង្រ្គាម​ពាណិជ្ជកម្ម​នឹង​កាន់តែ​យូរអង្វែង ហើយនិង​អាច​ធ្លាក់​ធ្ងន់ធ្ងរ រហូត​ដល់​ជ្រុលដំណើរ ដែលគេនឹង​មិន​អាច​ស្រោចស្រង់ ឲ្យ​បាន​ដូចដើមវិញ៕

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • វ៉ាស៊ីនតោន​និង​ប៉េកាំង​ភ្ជាប់​សំដី​​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

    ស្វែងយល់បន្ថែម

  • សង្រ្គាមពាណិជ្ជកម្ម៖ អត្រាពន្ធ​ថ្មី ដែល​ចិន​ដំឡើង​ទៅ​លើ​ផលិតផល​អាមេរិក ​ចូល​ជា​ធរមាន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ចិន​បង្ហាញ​សៀវភៅ ស ដើម្បី​បញ្ជាក់ជំហរ​មុតមាំ​របស់ខ្លួន ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

    ស្វែងយល់បន្ថែម

  • ចិន​ចោទ​​​អាមេរិក​​​ថា ជា “ភេរវជន​សេដ្ឋកិច្ច”

    ស្វែងយល់បន្ថែម

  • សង្រ្គាមពាណិជ្ជកម្ម៖ ​ចិន​សងសឹក​ដោយ​ប្រកាស​ដំឡើងពន្ធ​លើ​ទំនិញអាមេរិក​៦០ពាន់លានដុល្លារ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ