អានតួអត្ថបទ

ហុងកុង បញ្ជូន​បាតុករ​៤៤​នាក់​ទៅ​​​តុលាការពីបទធ្វើ​កុប្បកម្ម

បាតុករ​ជា​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ ចំនួន​៤៤​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​នេះ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​ធ្វើ​កុប្បកម្ម។ សេចក្តី​សម្រេចដែល​ធ្លាក់​មក​​តែ​២៤​ម៉ោង​ក្រោយប្រតិកម្ម​របស់​ប៉េកាំង​​នេះ​ ​អាច​នឹង​​ជំរុញ​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង និង​ការ​ប្រឈម​មុខ​ជា​ថ្មី រវាង​ក្រុម​សកម្មជន​គាំទ្រ​បាតុករនិង​ប៉ូលិស។

បាតុកម្ម​នៅ​ហុងកុង ថ្ងៃទី ២៨ កក្កដា ២០១៩
បាតុកម្ម​នៅ​ហុងកុង ថ្ងៃទី ២៨ កក្កដា ២០១៩ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ហុងកុង​បាន​ប្រកាស​​ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា នៅ​ក្នុង​ចំណោម​បាតុករ​ដែល​ចាប់​ខ្លួន​បាន មាន៤៤​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ នៅ​ថ្ងៃពុធ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ ធ្វើ​កុប្បក​ម្ម។ ការ​ចូល​រួម​ធ្វើ​កុប្បកម្ម​ជា​បទ​ល្មើស​ដែល​អាច​ជាប់​ទោស​ដល់​ទៅ​១០​ឆ្នាំ​ក្នុង​ពន្ធនាគារ។

គ្រាន់​តែ​សេចក្តី​ជូន​ដំណឹង​ត្រូវ​បាន​ប្រកាស​ឡើង​ភ្លាម ភាព​ប្រឈម​បាន​ផ្ទុះ​ឡើង​ភ្លាម​ដែរ នៅ មុខទីស្នាក់ការ​​​​ប៉ូលិសសង្កាត់​ Kwai Chung ទី​ដែល​មាន​ឃុំ​ខ្លួន​បាតុករ​ទាំង​នោះ។ ប៉ុន្តែ​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើហិង្សា​កុប្បកម្ម​​បាន​ប្រើ​មធ្យោបាយ​ធំ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ទៅ​ហ្វូង​បាតុករ​ដែល​មាន​គ្នា​ជា​ច្រើន​រយ​នាក់។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន ដោយ​បាន​រៀប​រាប់​ទៀត​ថា ប៉ូលិស​ប្រដាប់​ដោយ​អាវុធ និង​ខែល បាន​ស្ទុះ​ចេញ​ពី​ទីស្នាក់ការ​ទៅ​បំបែក​ហ្វូង​បាតុករ ដែល​ប្រើដប​ជ័រ​និង​ឆ័ត្រ​​គប់មក​លើ​ប៉ូលិស ​និងដែល​គូសវាសយ៉ាង​ក្រវេមក្រវាម​ពេញ​ជញ្ជាំង​ប៉ុស្តិ៍​ប៉ូលិស​។

ហើយតាំង​ពី​ព្រឹក​​ថ្ងៃ​ពុធ​នេះ ថ្វី​បើ​មាន​ភ្លៀង​ខ្យល់​ខ្លាំង​យ៉ាងណា ក៏​សកម្មជន​ប្រជាធិបតេយ្យ​ជា​ច្រើន​ផ្សេង​ទៀត បាន​មក​ផ្តុំ​ជុំ​គ្នា​នៅក្បែរ​តុលាការ​ ​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​បាតុករ​ជាប់​ចោទ។ នៅ​ខាង​ក្នុង​តុលាការ​វិញ ​បាតុករ​​​ជាប់​ចោទ ​(ជា​និស្សិត គិលានុបដ្ឋាក ជា​អ្នក​បើកបរយន្តហោះ ជា​ជាង​កាត់សក់ ជា​ចុងភៅ ជា​កម្មករ ឬ​ជា​អ្នក​ឥតការងារ​ធ្វើ) ភាគ​ច្រើន សុទ្ធ​តែ​មាន​ទឹក​មុខ​ស្ងប់​ស្ងាត់ នៅ​ដែល​ត្រូវ​​បាន​បង្ហាញ​ខ្លួន​ ម្តង​ម្នាក់ៗ នៅ​ចំពោះ​មុខ​អង្គសវនាការ និង​ចៅក្រម។ តុលាការ​ ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​បាន​ចូល​រួមធ្វើ​កុប្បកម្ម​ កាលពី​ថ្ងៃ​អាទិត្យ​ តែ​បាន​ដោះលែង​បាតុករ​ទាំង​នោះ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​ជា​ថ្នូរ។​​​

សូម​បញ្ជាក់​ថា ហុងកុង​អតីត​ដែន​ដីក្រោម​អាណានិគម​អង់គ្លេស​បាន​ឆ្លង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ ដោយ​មានមហា​​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ តាំង​ពី​ថ្ងៃទី ៩មិថុនា​មក ជាទូទៅ​ដោយ​សន្តិវិធី​ទេ ដើម្បី​ប្រឆាំង​នឹងគម្រោង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន​ប៉េកាំង តែ​ក៏​មាន​ការរាលដាល​​ប៉ះទង្គិចដ៏​ហិង្សា​​ជាមួយ​ប៉ូលិស​ជាមួយ​ក្រុម​សកម្មជនប្រឆាំង​​ជ្រុលនិយម​​។ អំពើ​ហិង្សា​ខ្លាំង​បំផុត​​ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​មុខ​ការិយាល័យ​ទំនាក់ទំនង​ជាមួយ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ