អានតួអត្ថបទ
ចិន-ហុងកុង

បាតុកម្មហុងកុង៖ ប៉េកាំង​បង្ហាញ​ដំបងដែក និង​រថពាសដែក នៅក្នុង​វីដេអូ​ឃោសនា​ក្រសួង​ការពារ​ជាតិ​ចិន

រថពាសដែក កងទ័ព​ចិន​ប្រដាប់ដោយ​អាវុធ​គ្រប់ដៃ និង​ដំបងដែក​បង្រ្កាប​បាតុករ។ ទាំងនេះ មាន​នៅ​ក្នុង​វីដេអូ ឃ្លីប ឃោសនា​រយៈពេល​៣នាទី ដែល​កងយោធភូមិ​ភាគចិន នៅទីក្រុង​ហុងកុង បាន​បង្ហោះផ្សព្វផ្សាយ កាលពី​ថ្ងៃ​ពុធ ទី៣១ កក្កដា ២០១៩ ថ្ងៃ​ដែល​បាតុករ​ហុងកុង ជាង ៤០នាក់ ឡើង​បង្ហាញ​មុខ នៅ​តុលាការ​ក្នុង​បទចោទប្រកាន់​ចូលរួម ធ្វើ​កុប្បកម្ម នៅក្នុង​អំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋអំណាច​ហុងកុង កាលពី​ដើម​ខែ​កក្កដា។ 

កងយោធភូមិភាគចិន​ប្រចាំ​នៅហុងកុង​ធ្វើ​សមយុទ្ធ​ បង្រ្កាបបាតុកម្ម នៅក្នុង​វីដេអូ​ឃោសនា​មួយ​ដែលបង្ហោះផ្សាយ​តាមអ៊ីនធ័រនែត ថ្ងៃទី ៣១កក្កដា ២០១៩
កងយោធភូមិភាគចិន​ប្រចាំ​នៅហុងកុង​ធ្វើ​សមយុទ្ធ​ បង្រ្កាបបាតុកម្ម នៅក្នុង​វីដេអូ​ឃោសនា​មួយ​ដែលបង្ហោះផ្សាយ​តាមអ៊ីនធ័រនែត ថ្ងៃទី ៣១កក្កដា ២០១៩ ©China's People's Liberation Army (PLA) Hong Kong Garrison / AFP
ផ្សាយពាណិជ្ជកម្ម

វីដេអូឃ្លីប​ឃោសនា​រយៈពេល ៣នាទី ដែល​កងយោធភូមិភាគចិន ប្រចាំ​នៅ​ហុងកុង បង្ហោះ​ផ្សាយ តាម​អ៊ីនធ័រនែត កាលពី​ថ្ងៃ​ពុធ បង្ហាញ ពី​រថពាសដែក ឧទ្ធម្ភាចក្រ មីស៊ីល ហើយ​និង​ក្រុមប្រឆាំង​ភេរវកម្ម នៅ​សមយុទ្ធ មួយ ជាមួយ​នឹង​ពាក្យ​ស្លោក​ថា កងទ័ព​ចិន មាន​ជំនឿទុកចិត្ត ហើយ​និង​សមត្ថភាព​ដើម្បី ធានា​រក្សា សន្តិសុខ​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត ហុងកុង។

នៅ​ក្នុង​សមយុទ្ធ​ដែលធ្វើ​ឡើង នៅ​ភាគខាងត្បូង​ហុងកុង មាន​ផងដែរ ការហាត់សម បង្រ្កាប​ក្រុមបាតុកម្ម ដែល​នៅក្នុង​នោះ ទាហាន​ចិន បំពាក់​ដោយ​អាវុធ គ្រប់ដៃ និង​មាន​ជំនួយ​ពីឡានទឹក បើក​ប្រតិបត្តិការ បង្រ្កាប ទៅលើ​បាតុករ ដោយ​ប្រើ​គ្រាប់បែក​ផ្សែង បង្ហូរទឹកភ្នែក ឬ​ដំបងដែក។ វីដេអូ​ឃ្លីប​បានបិទបញ្ចប់​ជាមួយ​នឹង​ទាហានចិន ចាប់អូស បាតុករ​ដែល​មាន​ដៃ​ជាប់ខ្នោះ​ទៅក្រោយ សំដៅ កន្លែង​ដែល​មាន​ស្លាកសញ្ញា សំគាល់​ថា ជាមន្ទីរ​ឃុំឃាំង។

នេះ​ជាលើកទី១ ដែល យោធភូមិភាគ ចិន នៅ​ទីក្រុង​ហុងកុង បង្ហាញ​វីដេអូ ស្តី​ពី​សមយុទ្ធ​បង្រ្កាប​បាតុកម្ម។ យោធភូមិភាគចិន ដែល​មាន​ប្រមូលផ្តុំ​ដោយ​ទាហាន​ចិន​រាប់ពាន់​នាក់ ត្រូវ​បាន​ប្រទេស​ចិន បង្កើត តាំងទី នៅទីក្រុង​ហុងកុង ចាប់តាំងអង់គ្លេស​ប្រគល់ ហុងកុង ទៅ​ឲ្យ​ចិន គ្រប់គ្រង នៅ​ឆ្នាំ ១៩៩៧។

វីដេអូ​បង្ហាញ​សាច់ដុំ​យោធា​ចិន ទៅលើ​ក្រុមបាតុកម្ម ត្រូវ​បាន​ផ្សព្វផ្សាយ នៅ​មួយ​សប្តាហ៍​ក្រោយ ទីក្រុង​ប៉េកាំង​បាន​គំរាម​ថា នឹង​អាច​ដាក់​ពង្រាយ កងទ័ព​ចិន នៅតាម​ផ្លូវ ក្នុង​ទីក្រុង​ហុងកុង ក្នុងករណី​មាន​សំណើ​ពី​រដ្ឋអំណាច​ហុងកុង។

តាំង​ពី​មាន​មហាបាតុកម្ម​របស់​ប្រជាជន​ហុងកុង ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពីការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅប្រទេស​ចិន ប៉េកាំង នៅស្ងៀម ទុក​ឲ្យ​អាជ្ញាធរ​ហុងកុង ជាអ្នកចាត់ចែង ដោះស្រាយ​វិបត្តិ​នៅហុងកុង​ដោយខ្លួនឯង។ ប៉ុន្តែ ប្រឈម​នឹង​បាតុកម្ម​ហុងកុង ដែលបាន​ប្រែក្លាយ​ជា​បាតុកម្ម​ហិង្សា នៅ​ប៉ុន្មាន​សប្តាហ៍មកនេះ រដ្ឋអំណាច​ចិន​ដីគោក កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ជាថ្មី មិន​អត់ឱន​ឲ្យ​មាន​បាតុកម្ម​ហិង្សា រីកសាយភាយ នៅ​ហុងកុង។ កាលពី​ថ្ងៃ​ពុធ តុលាការ​ហុងកុង​បាន​ចាប់ផ្តើម​សវនាការ ជំនុំជម្រះ បាតុករ ហុងកុង​ជាង ៤០នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ ចូលរួម​ក្នុង​កុប្បកម្ម ប្រព្រឹត្ត​អំពើហិង្សា វាយសម្រុក​ចូល​រដ្ឋសភា ហុងកុង កាលពី​ដើម​ខែ កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ