អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក

តុលាការ​អាមេរិក​ចោទប្រកាន់​មហាសេដ្ឋី​ចិន ពីបទ​បន្លំគេចពន្ធ

មហាសេដ្ឋីចិន ម្ចាស់​ក្រុមហ៊ុន​អាលុយមីញ៉ូម​សំខាន់​មួយ​ក្នុង​ពិភពលោក ត្រូវ​បាន​តុលាការ​អាមេរិក ចោទប្រកាន់ ពីបទ លួចបន្លំ គេចពន្ធអាមេរិក។ តុលាការ​អាមេរិក​នៅទីក្រុង Los Angeles បាន​សម្រេច​ចោទប្រកាន់​តាំង​ពី​ដើម​ខែ​ឧសភា ប៉ុន្តែ ទើបតែ​ត្រូវ​បែកធ្លាយ និង​ចុះផ្សាយ​ក្នុង​កាសែត​អាមេរិក កាលពី​យប់​ថ្ងៃ​អង្គារ។ មហាសេដ្ឋី​អាលុយមីញ៉ូម​ចិន​ត្រូវ​ប្រឈម​នឹង​ទោស​ជាប់ពន្ធនាគារ​អាមេរិក​យ៉ាងតិច ២០ឆ្នាំ ក្នុង​ករណី តុលាការ​រកឃើញ ថា លោក​ពិតជា​បាន​រំលោភ​ច្បាប់​អាមេរិកពិតមែន។ 

ប្រធានក្រុមហ៊ុន​ចិន China Zhongwang លោកមហាសេដ្ឋី Liu Zhongtian កាលពី​ឆ្នាំ ២០០៩
ប្រធានក្រុមហ៊ុន​ចិន China Zhongwang លោកមហាសេដ្ឋី Liu Zhongtian កាលពី​ឆ្នាំ ២០០៩ © REUTERS/Bobby Yip/File Photo
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋី​អាលុយមីញ៉ូម ចិន លោក លាវ ជុងធាន ត្រូវ​បាន​តុលាការ​ក្រុង​Los Angeles ចោទប្រកាន់​ថា បាន​គេចវេស មិនបង់ពន្ធ លើ​អាលុយមីញ៉ូម ចិន​នាំចូល​ទៅអាមេរិក។ តាម​ការប្រកាស​របស់​អយ្យការ​សហព័ន្ធ​អាមេរិក លោក​លាវ ជុងធាន ហើយ​និង​ក្រុមហ៊ុន​របស់​លោក បាន​រៀបចំ​ ប្រព័ន្ធ​នាំចូល​មួយ ដើម្បី គេច​មិនបង់ពន្ធ​ឲ្យ​រដ្ឋ​អាមេរិក ប្រមាណ ១៨០០​លាន​ដុល្លារ។ សកម្មភាព​បន្លំ គេចពន្ធ របស់​ក្រុមហ៊ុន លោកលាវ មាន​ចាប់តាំង​ពី​ឆ្នាំ ២០០៨មក។

ការសម្រេច​ចោទប្រកាន់ របស់​តុលាការ​អាមេរិក ធ្វើឡើង​ដោយ​កំបាំងមុខ ក្នុង​ហេតុផល​ថា លោក​លាវ កំពុង​ស្ថិតនៅ​ប្រទេស​ចិន។ ចិន​ដែល​គ្មាន​ចុះកិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ជាមួយ​សហរដ្ឋអាមេរិក។ តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក Wall Street Journal តុលាការ​បាន​ចេញដីកា​តាមចាប់ខ្លួន លោក​លាវ រួចហើយ។

នៅក្នុង​សេចក្តី​ប្រកាស នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រុមហ៊ុន China Zhongwang របស់​លោកលាវ បានបញ្ជាក់ថា លោក​លាវ និង​ក្រុមហ៊ុន នៅមិនទាន់ បាន​ទទួល​ដំណឹង​ផ្លូវការ​ពី​អាជ្ញាធរ​អាមេរិក​នោះទេ និងថា ក្រុមហ៊ុន​បាន​គោរព​យ៉ាងជាប់លាប់ ច្បាប់​ចិន ហើយនិង​ច្បាប់​របស់​ប្រទេស ដែល​ក្រុមហ៊ុន​នាំចូល​អាលុយមីញ៉ូម។

 

ករណី​ចោទប្រកាន់​មហាសេដ្ឋី​ចិន​ធ្វើឡើង​នៅក្នុង​បរិបទ​ដែល​កំពុង​កើតមាន​សង្រ្គាមពាណិជ្ជកម្ម ចិន និង​អាមេរិក។ ដើម្បី​ដាក់សំពាធ​លើ​ប្រទេស​ចិន ដែល​លោកចោទប្រកាន់ថា ធ្វើជំនួញ​មិន​យុត្តិធម៌ និង​លួចបច្ចេកវិទ្យាអាមេរិក លោកដូណាល់​ត្រាំ បាន​ផ្តើមនយោបាយ​ដំឡើងពន្ធ លើ​ទំនិញ​ចិន​នាំចូលទៅ​អាមេរិក ដោយ​ចាប់ផ្តើម​ដំបូង លើ​ដែក និង​អាលុយមីញ៉ូម​ចិន។

ការចុះផ្សាយ សេចក្តីចោទប្រកាន់​របស់តុលាការ​សហព័ន្ធ បាន​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន China Zhongwang ធ្លាក់​ចុះ ប្រមាណ ២០% នៅ​ទីផ្សារភាគហ៊ុន នៅ​ហុងកុង។ តាម​ទស្សនាវដ្តី អាមេរិកាំង​Forbes លោក​លាវ ជុងធាន និង​គ្រួសារ មាន​ទ្រព្យសម្បត្តិ​ជាង ៣ពាន់​លាន​ដុល្លារ។ ក្រៅតែ​ពី​គេចពន្ធ លោកលាវ ត្រូវ​បាន​តុលាការ​អាមេរិក​ចោទប្រកាន់​ផងដែរ​ពី​បទលាង លុយ ដ៏ធំ​មួយ​នៅទឹកដី​អាមេរិក។ លោក​លាង អាច​ប្រឈម​នឹង​ការកាត់ទោស ជាប់​ពន្ធនាគារ​រយៈពេល ២០ឆ្នាំ​សម្រាប់​បទល្មើស​មួយករណី ឬ​រហូត​ដល់ ៤៦៥​ឆ្នាំ សម្រាប់​បទល្មើស​សរុប៕

China Zhongwang Holdings Chairman Liu Zhongtian toasts during the debut of Zhongwang Holdings at the Hong Kong Stock Exchange May 8, 2009. REUTERS/Bobby Yip/File Photo/File Photo

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ