តុលាការអាមេរិកចោទប្រកាន់មហាសេដ្ឋីចិន ពីបទបន្លំគេចពន្ធ
មហាសេដ្ឋីចិន ម្ចាស់ក្រុមហ៊ុនអាលុយមីញ៉ូមសំខាន់មួយក្នុងពិភពលោក ត្រូវបានតុលាការអាមេរិក ចោទប្រកាន់ ពីបទ លួចបន្លំ គេចពន្ធអាមេរិក។ តុលាការអាមេរិកនៅទីក្រុង Los Angeles បានសម្រេចចោទប្រកាន់តាំងពីដើមខែឧសភា ប៉ុន្តែ ទើបតែត្រូវបែកធ្លាយ និងចុះផ្សាយក្នុងកាសែតអាមេរិក កាលពីយប់ថ្ងៃអង្គារ។ មហាសេដ្ឋីអាលុយមីញ៉ូមចិនត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារអាមេរិកយ៉ាងតិច ២០ឆ្នាំ ក្នុងករណី តុលាការរកឃើញ ថា លោកពិតជាបានរំលោភច្បាប់អាមេរិកពិតមែន។
ចុះផ្សាយនៅថ្ងៃ៖
មហាសេដ្ឋីអាលុយមីញ៉ូម ចិន លោក លាវ ជុងធាន ត្រូវបានតុលាការក្រុងLos Angeles ចោទប្រកាន់ថា បានគេចវេស មិនបង់ពន្ធ លើអាលុយមីញ៉ូម ចិននាំចូលទៅអាមេរិក។ តាមការប្រកាសរបស់អយ្យការសហព័ន្ធអាមេរិក លោកលាវ ជុងធាន ហើយនិងក្រុមហ៊ុនរបស់លោក បានរៀបចំ ប្រព័ន្ធនាំចូលមួយ ដើម្បី គេចមិនបង់ពន្ធឲ្យរដ្ឋអាមេរិក ប្រមាណ ១៨០០លានដុល្លារ។ សកម្មភាពបន្លំ គេចពន្ធ របស់ក្រុមហ៊ុន លោកលាវ មានចាប់តាំងពីឆ្នាំ ២០០៨មក។
ការសម្រេចចោទប្រកាន់ របស់តុលាការអាមេរិក ធ្វើឡើងដោយកំបាំងមុខ ក្នុងហេតុផលថា លោកលាវ កំពុងស្ថិតនៅប្រទេសចិន។ ចិនដែលគ្មានចុះកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយសហរដ្ឋអាមេរិក។ តាមការចុះផ្សាយរបស់កាសែតអាមេរិក Wall Street Journal តុលាការបានចេញដីកាតាមចាប់ខ្លួន លោកលាវ រួចហើយ។
នៅក្នុងសេចក្តីប្រកាស នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន China Zhongwang របស់លោកលាវ បានបញ្ជាក់ថា លោកលាវ និងក្រុមហ៊ុន នៅមិនទាន់ បានទទួលដំណឹងផ្លូវការពីអាជ្ញាធរអាមេរិកនោះទេ និងថា ក្រុមហ៊ុនបានគោរពយ៉ាងជាប់លាប់ ច្បាប់ចិន ហើយនិងច្បាប់របស់ប្រទេស ដែលក្រុមហ៊ុននាំចូលអាលុយមីញ៉ូម។
ករណីចោទប្រកាន់មហាសេដ្ឋីចិនធ្វើឡើងនៅក្នុងបរិបទដែលកំពុងកើតមានសង្រ្គាមពាណិជ្ជកម្ម ចិន និងអាមេរិក។ ដើម្បីដាក់សំពាធលើប្រទេសចិន ដែលលោកចោទប្រកាន់ថា ធ្វើជំនួញមិនយុត្តិធម៌ និងលួចបច្ចេកវិទ្យាអាមេរិក លោកដូណាល់ត្រាំ បានផ្តើមនយោបាយដំឡើងពន្ធ លើទំនិញចិននាំចូលទៅអាមេរិក ដោយចាប់ផ្តើមដំបូង លើដែក និងអាលុយមីញ៉ូមចិន។
ការចុះផ្សាយ សេចក្តីចោទប្រកាន់របស់តុលាការសហព័ន្ធ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន China Zhongwang ធ្លាក់ចុះ ប្រមាណ ២០% នៅទីផ្សារភាគហ៊ុន នៅហុងកុង។ តាមទស្សនាវដ្តី អាមេរិកាំងForbes លោកលាវ ជុងធាន និងគ្រួសារ មានទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារ។ ក្រៅតែពីគេចពន្ធ លោកលាវ ត្រូវបានតុលាការអាមេរិកចោទប្រកាន់ផងដែរពីបទលាង លុយ ដ៏ធំមួយនៅទឹកដីអាមេរិក។ លោកលាង អាចប្រឈមនឹងការកាត់ទោស ជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំសម្រាប់បទល្មើសមួយករណី ឬរហូតដល់ ៤៦៥ឆ្នាំ សម្រាប់បទល្មើសសរុប៕
China Zhongwang Holdings Chairman Liu Zhongtian toasts during the debut of Zhongwang Holdings at the Hong Kong Stock Exchange May 8, 2009. REUTERS/Bobby Yip/File Photo/File Photo
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ