ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អាស៊ី

ដកខ្លួនចេញ​​ពី​សន្ធិសញ្ញា អាមេរិក​មានសេរីភាព​ផលិតមីស៊ីល​ចម្ងាយមធ្យម ដូចចិន

media  
អតីតមេដឹកនាំ​សហភាពសូវៀតជាមួយ​ប្រធានាធិបតី​អាមេរិក លោក Ronald Reagan ស្តាំ ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​បានជួយ​បញ្ជៀស​មិន​ឲ្យ​កើតមាន​សង្រ្គាម​នុយក្លេអ៊ែរ នៅ​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់​ឆ្នាំ ១៩៨៧​ REUTERS//File Photo

៦​ខែ​ក្រោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ដកអាមេរិក​ជាផ្លូវការ​ពី​សន្ធិសញ្ញា ស្តី​ពី​អាវុធ​នុយក្លអ៊ែរ​ចម្ងាយមធ្យម នីតិវិធី​ដកខ្លួន​របស់​អាមេរិក បាន​ចូលជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​សុក្រទី ២​សីហា​នេះ។ រុស្ស៊ី ដែល​ជា​ហត្ថលេខី​តែមួយ ជាមួយអាមេរិក​បាន​ចោទ​អាមេរិក​ថា ជាអ្នកសម្លាប់​សន្ធិសញ្ញា ដែល​ធ្លាប់​បានជួយ បញ្ចៀស​មិន​ឲ្យ​កើតមាន​សង្រ្គាម​នុយក្លេអ៊ែរ កាលពី​៤០ឆ្នាំមុន។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ហ្គុយទែរក៍ អង់តូនីញ៉ូ បាន​សំដែងការសោកស្តាយ​ដែលថា ពិភពលោក​បាន​បាត់បង់យន្តការ​ដ៏សំខាន់ ដើម្បី​ប្រយុទ្ធប្រឆាំង​កុំ​ឲ្យមាន​សង្រ្គាមនុយក្លេអ៊ែរ។ សម្រាប់​លោក ការដកខ្លួន របស់​អាមេរិក ហើយ​ការរលាយបាត់​សន្ធិសញ្ញា​ស្តីពី​អាវុធនុយក្លេអ៊ែរ​ចម្ងាយមធ្យម នឹង​ទៅ​ពង្រឹង បង្កើន​ការគំរាមកំហែង​របស់ មីស៊ីល​បាលីស្ទិក ទៅលើ​សុខសន្តិភាព​នៅក្នុង​ពិភពលោក។

 

អាមេរិក​បាន​ដកខ្លួន ជា​ផ្លូវការ និង​ស្របច្បាប់ ពី​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម នៅ​ថ្ងៃនេះ បន្ទាប់ពី​លោកដូណាល់ ត្រាំ​បាន​សម្រេចចិត្ត​ប្រកាស​ដកអាមេរិក​ចេញពី​សន្ធិសញ្ញា ដែល​អាមេរិក បាន​ចុះ​ហត្ថលេខា ជាមួយ សហភាព​សូវៀត ដើម្បី​បញ្ចៀសមិន​ឲ្យ​កើតមាន​​សង្រ្គាម​នុយក្លេអ៊ែរ កាលពី ៤០​ឆ្នាំមុន។

គ្មាន​អាមេរិក ដែល​ជា​ហត្ថលេខី ទ្វេភាគី​ជាមួយ រុស្ស៊ី សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម នឹង​ដួលរំលំ រលាយ បាត់ខ្លួន ដោយ​ស្វ័យប្រវត្តិ និង​ជា​ផ្លូវការ នៅថ្ងៃ​នេះ។ អ្វី​ដែល​គេ​ព្រួយបារម្ភដំបូងគេ គឺ​ការដួលរលំ​សន្ធិសញ្ញា​ប្រវត្តិសាស្រ្ត​មួយនេះ​នឹង​ជំរុញ ឲ្យ​មាន​ការប្រណាំងប្រជែង ខាង​សព្វាវុធ​នុយក្លេអ៊ែរ កាន់តែខ្លាំង​នៅក្នុង​ពិភពលោក។

ភាគី​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រនេះ បាន​និយាយ ទម្លាក់​កំហុស​លើ​អាមេរិក​ថា ជាអ្នក​សម្លាប់​សន្ធិសញ្ញា​អាយុ ៤០ឆ្នាំ​មួយនេះ ព្រោះថា អាមេរិក​ជា​អ្នកសម្រេចចិត្ត​ដក​ខ្លួន​មុនគេ។ ចំណែក​អាមេរិក​វិញ បាន​ចោទប្រកាន់​រុស្ស៊ី សាជាថ្មី ថា បាន​រំលោភ​កិច្ចព្រមព្រៀង ដែល​ភាគី​ទាំងពីរ​បាន​ចុះ​នឹងគ្នា នៅក្នុង​សម័យ​សង្រ្គាម​ត្រជាក់។

ក្នុងហេតុផល​ថា រុស្ស៊ី បាន​រំលោភ​សន្ធិសញ្ញា តាំង​ពី​ឆ្នាំ ២០១៤ ដោយ​បាន​លួចផលិត​មីស៊ីល​ចម្ងាយ​មធ្យម ដែល​ហាមឃាត់​ដោយ​សន្ធិសញ្ញា លោកដូណាល់ ត្រាំ នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំនេះ បាន​ប្រកាស​ដកអាមេរិក​ចេញពី​សន្ធិសញ្ញា មីស៊ីល​បាញ់​ចម្ងាយមធ្យម ដែល​អាច​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ។

សូមអាន៖ ហេតុអ្វី​បានអាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី

សន្ធិសញ្ញា ស្តីពី​មីស៊ីល​ចម្ងាយ​មធ្យម ដួលរលំ​ រលាយបាត់រូប គឺ​ជា​បំណងប្រាថ្នា ចង់​បាន​របស់​ភាគី​ទាំងពីរ តាំង​ពីយូរណាស់​មកហើយ។ នៅ​ឆ្នាំ ២០០៧ លោកប្រធានាធិបតី​រុស្ស៊ី ពូទីន​ធ្លាប់​បាន​ប្រកាស​ថា សន្ធិសញ្ញា ដែល​ចងដៃ រុស្ស៊ី និងអាមេរិក មិន​ឲ្យ​ផលិត​មីស៊ីល​ចម្ងាយមធ្យម លែង​ផ្តល់​ប្រយោជន៍ និង​អយុត្តិធម៌ សម្រាប់រុស្ស៊ី ជាពិសេស​ នៅក្រោយ ពេល​លោកប្រធានាធិបតី​អាមេរិកាំង ប៊ូស នៅ​ឆ្នាំ ២០០២ បាន​សម្រេច​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ដែល​ហាមឃាត់ ការផលិត​ប្រព័ន្ធខែល​មីស៊ីល។

តាំងពី​ពេលនោះមក នៅរាល់​អាមេរិក​ពង្រាយ​ប្រព័ន្ធ​ខែលមីស៊ីល នៅ​ក្នុង​ប្រទេស​សម្ព័ន្ធមិត្ត​​អឺរ៉ុប មន្រ្តីយោធា​រុស្ស៊ី តែង​ចោទសួរ ពី​សារៈប្រយោជន៍​នៃ​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ជាមួយអាមេរិក។ អាមេរិកអះអាងថា ​ប្រព័ន្ធខែល​មីស៊ីល​ដែល​ខ្លួន​ដាក់ពង្រាយ នៅក្នុង​ទឹកដី​អឺរ៉ុប​ក្បែរព្រំដែន​រុស្ស៊ី មាន​គោលដៅ ការពារ​ខ្លួន ប៉ុន្តែ រុស្ស៊ី វិញ និយាយ​ថា ប្រព័ន្ធមីស៊ីល​អាមេរិក គ្រោះថ្នាក់​ខ្លាំង​សម្រាប់ទីតាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី។

រុស្ស៊ី នៅឆ្នាំ ២០០៧ បាន​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នៅ​ទឹកដី​អឺរ៉ុប Conventional weapons in Europe។ ចាប់ពី​ឆ្នាំ ២០១៤ អាមេរិក​ចោទប្រកាន់​រុស្ស៊ី ថា បាន​រំលោភ​សន្ធិសញ្ញា ដោយ​បាន​លួច​ផលិត​មីស៊ីល ចម្ងាយ​មធ្យម បាញ់​ចេញ​ពី​ដី និង​ដែល​មាន​សមត្ថភាព​ពាំនាំ​ក្បាល​គ្រាប់បែក​នុយក្លេអ៊ែរ។ នៅក្នុង​អាណត្តិ​របស់​លោក ប្រធានាធិបតី​អូបាម៉ា ដែល​ស្ថិតក្រោម​សំពាធ​ទាមទារ​របស់សម្ព័ន្ធមិត្ត​អឺរ៉ុប អាមេរិក បាន​ព្យាយាម​ចរចា មិន​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ជាមួយ​រុស្ស៊ី ដើម្បី ជៀសវាង​កុំ​ឲ្យ​មានការប្រណាំងប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ រដ្ឋបាល​ត្រាំ វិញ​មិនគិត​ដូច្នេះ​ទេ ដោយ​បាន​សម្រេច​ជា​ឯកតោភាគី​ដកអាមេរិក​ចេញពី​សន្ធិសញ្ញា ដោយ​មិន​ខ្វល់ពី​ការព្រួយបារម្ភ​របស់​ប្រទេស​នៅ​អឺរ៉ុប ដែល​តាមពិត ជា​ជនរងគ្រោះ ផ្ទាល់ ដោយសារ​សង្រ្គាម ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ រុស្ស៊ី និងអាមេរិក​នោះទេ។

នៅក្រោយ​អាមេរិក​ដកខ្លួន​ជា​ឯកតោភាគី​ពី​សន្ធិសញ្ញា រុស្ស៊ី​ស្នើ​ឲ្យ​មានការផ្អាកបណ្តោះអាសន្ន ការពង្រាយ​គ្រាប់មីស៊ីល របស់ ភាគីទាំងពីរ នៅក្នុង​ទឹកដី​អឺរ៉ុប

នៅក្នុង​រយៈពេល​៦ខែ នៃ​នីតិវិធី​ដក​អាមេរិក ចេញពី​សន្ធិសញ្ញា ស្តីពី​មីស៊ីល ចម្ងាយ​មធ្យម គេ​មិនឃើញ​ភាគី ទាំងពីរ អាមេរិក ឬ​រុស្ស៊ី បង្ហាញ​ឆន្ទៈ ចង់​ស្រោចស្រង់​សន្ធិសញ្ញា​នោះទេ។ នៅក្រោយ​ការប្រកាស​របស់​លោកដូណាល់ ត្រាំ នៅ​ខែ កុម្ភៈ រុស្ស៊ី​នៅ​ស្ងៀម ឈរឱបដៃ​ទុក​ឲ្យ​សន្ធិសញ្ញា ដួលស្លាប់ ដោយសារ​ស្នាដៃរបស់​លោកដូណាល់ ត្រាំ។

ដូច្នេះ នៅពេល​ដែល​រុស្ស៊ី លើកសំណើ​នៅពេលនេះ គឺ​ទាមទារ​ឲ្យ​ភាគី​ទាំងពីរ​ផ្អាក​បណ្តោះអាសន្ន ការពង្រាយ មីស៊ីល​ចម្ងាយមធ្យម យ៉ាងដូច្នេះ រុស្ស៊ី តាមពិត​គ្មាន​ចេតនា​ពិតប្រាកដ ដើម្បី​ដោះស្រាយ​បញ្ហា​នោះទេ។ រុស្ស៊ី​អាច​យកមុខ យកមាត់​ថា ខ្លួន​មិនមែន​ជា​អ្នកទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​ដួលរលំ និង​ថា ខ្លួន​បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​អាមេរិក។ ប៉ុន្តែ គឺ​អាមេរិក​ទេ​ដែល​មិនព្រម។

អាមេរិក​វិញ អះអាងថា ខ្លួន​នឹង​មិន​ពង្រាយ​មីស៊ីល​ដែល​មាន​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​នៅទឹកដី​អឺរ៉ុប ប៉ុន្តែ ក្នុង​រឿង​មីស៊ីល​ធ្វើ​សង្រ្គាម​ធម្មតាវិញ គឺ​មិនទៀងនោះទេ។ អាមេរិក​លែង​ទុកចិត្ត​រុស្ស៊ី តាំង​ពី​ដំបូងទី​ម្ល៉េះ។ នៅពេល​អាមេរិក​ចោទប្រកាន់ថា រុស្ស៊ី​បាន​លួច​ផលិត​មីស៊ីល ដែល​សន្ធិសញ្ញា​ហាមឃាត់ រុស្ស៊ី​បាន​បដិសេធ។ ប៉ុន្តែ នៅក្រោយ ការដេញដោល និង​ភស្តុតាង​ជាបន្តបន្ទាប់ រុស្ស៊ី បាន​ទទួល​ស្គាល់ថា ខ្លួន​បាន​ផលិត​មីស៊ីល​មែន ប៉ុន្តែ មិនបាន​រំលោភ​សន្ធិសញ្ញា​នោះទេ ព្រោះថា មីស៊ីល​របស់ខ្លួន ហោះចម្ងាយ​៤៨០​គីឡូម៉ែត្រ ប៉ុន្តែ​មិនមែន ៥០០ គីឡូម៉ែត្រ​ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​នោះទេ។ ទាំង​អូតង់​និង​អាមេរិកយល់ថា រុស្ស៊ី​កំពុង​និយាយ​កុហក ព្រោះថា មីស៊ីល​ដ៏ទំនើប​របស់​រុស្ស៊ី អាច​ហោះ​បាន​ដល់ទៅ​ចម្ងាយ ១៥០០​គីឡូម៉ែត្រ​ឯណោះ គឺ​គ្រោះថ្នាក់​ណាស់ អាច​វាយប្រហារ​ដល់​គ្រប់​រដ្ឋធានី​របស់​អឺរ៉ុប។ អស់​ពី​សន្ធិសញ្ញា​ស្តីពី​មីស៊ីល​ចម្ងាយមធ្យម រុស្ស៊ី និង​អាមេរិក គឺនៅ​មាន​តែ​សន្ធិសញ្ញា​មួយទៀត ប៉ុណ្ណោះ គឺ​សន្ធិសញ្ញា​ស្តី​ការកាត់បន្ថយ​ក្បាល​គ្រាប់នុយក្លេអ៊ែរ​របស់​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ New Start ដែល​ត្រូវ​ឈាន​ដល់​ទីបញ្ចប់​នៅឆ្នាំ ២០២១។

បើមើលទៅលើ​កាលៈទេសៈ​ បច្ចុប្បន្ន គេ​មិនឃើញ​ភាគីទាំងពីរ​មាន​ជំហរ ឆន្ទៈ ចង់​ចរចា ដើម្បី​ពន្យារ​ជីវិត​របស់​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​នោះទេ។ បើសិន​សន្ធិសញ្ញា​New Start ដួលរលំមួយទៀត នោះ ពិភពលោក នឹង​អាចធ្លាក់ ទៅក្នុង​សង្រ្គាម​នុយក្លេអ៊ែរ​បំផ្លាញ​លោក​គ្រប់​ពេលវេលា។

សូមអាន៖ អាមេរិក ​រំលឹក​រុស្ស៊ី​ឲ្យ​គោរព​សន្ធិសញ្ញា ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ​New Start

ដកខ្លួន​ចេញពី​សន្ធិសញ្ញា អាមេរិក​មានសេរីភាព ផលិត​មីស៊ីល​ចម្ងាយមធ្យម ដូច​ចិន

ដកខ្លួន​ចេញពី​សន្ធិសញ្ញា អាមេរិក​នឹង​ស្រលះខ្លួន មានសេរីភាព ដើម្បី អាច​ត្រលប់​ទៅ​ផលិត​មីស៊ីល​ចម្ងាយមធ្យម បាញ់ចេញពី​ដី ដែល​រហូតមក​ហាមឃាត់​ដោយ​សន្ធិសញ្ញា។ រដ្ឋាភិបាល​អាមេរិក​មិនដែល​លាក់បាំង​ពី​មហិច្ឆតា​ផលិត​មីស៊ីលចម្ងាយ​មធ្យម ដើម្បី​យក​ទៅទប់ទល់​នឹង​ចិន ដែល​មានសេរីភាព ក្នុង​ការផលិតមីស៊ីល ចម្ងាយមធ្យម ទំនើបៗ រហូតមក។ អាមេរិក​ចង់​ផលិត​មីស៊ីល​ចម្ងាយ​មធ្យម បាញ់​ចេញពី​ដី ​មីស៊ីល​បាលីស្ទីក ដើម្បី​យក​ទៅដាក់​ពង្រាយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី ទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល និង​អំណាច​យោធា​របស់​ចិន នៅអាស៊ីប៉ាស៊ីហ្វិក។

តាម​មន្ទីរបញ្ចកោន នៅ​ប៉ុន្មាន​សប្តាហ៍ខាងមុខ អាមេរិក​នឹង​ធ្វើការ​សាកល្បង​មីស៊ីល​ចម្ងាយមធ្យម បាញ់ចេញពី​ដី។ នៅ​ខែ វិច្ឆិកា កងទ័ព​អាមេរិក​មាន​គោលដៅ សាកល្បង​មីស៊ីល​បាលីស្ទីក ចម្ងាយ​មធ្យម។ មីស៊ីល​ទាំងពីរ​ប្រភេទ ជា​មីស៊ីល​ធម្មតា គឺមិនមែន​មីស៊ីល​ដែល​បំពាក់​ដោយ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​នោះទេ។

ប៉ុន្តែ អ្វីដែល​ជា​បញ្ហាប្រឈម​របស់​រដ្ឋបាលលោកត្រាំ គឺ​ថវិកាដើម្បី​អភិវឌ្ឍ ផលិត​មីស៊ីល​ទាំងនោះ ព្រោះថា ផ្ទុយពី​ព្រឹទ្ធសភា ដែល​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច សភាអ្នកតំណាងរាស្រ្ត គ្រប់គ្រង​ដោយបក្ស​ប្រឆាំង ធ្លាប់​បាន​បដិសេធ មិន​ផ្តល់​ថវិកា ៩៦លាន​ដុល្លារ ដើម្បី អភិវឌ្ឍន៍​មីស៊ីល ទៅតាម​ច្បាប់​ថវិកា​កងទ័ព​ឆ្នាំ ២០២០​នោះទេ។ ក្រុមប្រជាធិបតេយ្យ ប្រឆាំង​មិន​ឲ្យ​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ព្រោះ​វា​នឹង​រឹតតែ​ធ្វើ​ឲ្យ​រុស្ស៊ី​បានលេស ផលិត​មីស៊ីល​ដោយ​ចេញមុខ។ ប៉ុន្តែ មន្រ្តីយោធា​អាមេរិកវិញ​សង្ឃឹមថា សភាអាមេរិក ចរចា​ត្រូវគ្នា ដើម្បី ទម្លាក់​ថវិកា ឲ្យ​អាមេរិក​អាច​ផលិតមីស៊ីល សម្រាប់​យកទៅទប់ទល់​ទាំង​រុស្ស៊ី និងចិន ដែល​កំពុង​ពង្រីក​អំណាច​វាតទី នៅក្នុង​តំបន់​ដែល​មាន​ផលប្រយោជន៍ ទាំង​យោធា និង​សេដ្ឋកិច្ច របស់​អាមេរិក៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ