ក្រោយពីការបើកចំហសេដ្ឋកិច្ចនិងសង្គមចិន ចរន្តនៃការធ្វើដំណើរទៅសិក្សានៅបរទេសរបស់និស្សិតចិនក៏កើតមានឡើង។ គិតត្រឹមឆ្នាំ១៩៧៩ មាននិស្សិតចិនច្រើនជាង៤,៥លាននាក់បានធ្វើដំណើរចាកចេញពីមាតុភូមិរបស់ខ្លួន ហើយនៅឆ្នាំ២០១៨ ចំនួនបានកើនឡើងរហូតដល់ជាង៦៦ម៉ឺននាក់។ តាមការកត់ត្រាក្នុងប្រវត្តិសាស្ត្រ និន្នាការនៃការសិក្សានៅបរទេសគឺជាការរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចចិន ជាពិសេសវាបានរុញច្រានឱ្យសង្គមចិនដើរតាមទាន់គម្លាតចំណេះដឹងយ៉ាងហោចណាស់២០ឆ្នាំ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ជាមួយប្រទេសរីកចម្រើន។
ក្រោយពីបានដាក់ចេញនូវនយោបាយកំណែទម្រង់ប្រទេសចិន ឬជានយោបាយដែលបស្ចិមលោកហៅថា “កំណែទម្រង់និងការបើកចំហប្រទេសចិន” ក្រោមការដឹកនាំរបស់ លោកតេង ស៊ាវពីង នៅឆ្នាំ១៩៧៨ សង្គមចិនបានបើកចំហទៅកាន់ពិភពលោក មិនត្រឹមតែក្នុងវិស័យសេដ្ឋកិច្ច ឬពាណិជ្ជកម្មអន្តរជាតិនោះទេ ក៏ប៉ុន្តែ វាក៏ជាការបើកចំហផងដែរ តាមរយៈការបញ្ចូននិស្សិតរបស់ខ្លួនទៅសិក្សានៅបរទេស ជាពិសេស នៅបស្ចិមលោក។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ១៩៧៩ ពោលគឺជាង៤០ឆ្នាំកន្លងមកហើយ បិតាកំណែទម្រង់សេដ្ឋកិច្ចចិន លោកតេង ស៊ាវពីង បាននិយាយទៅកាន់ លោក លោកហិនរី ឃីស៊ីងហ្គ័រ (Henry Kissinger) ក្នុងកិច្ចប្រជុំផ្លូវការមួយ នៅទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់ថា និស្សិតចិនច្រើនជាង ៤,៥លាននាក់ បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសបស្ចិមលោកផ្សេងទៀត ដើម្បីរៀនសូត្រពីប្រទេសរីកចម្រើនទាំងនោះ និងដើម្បីរួមចំណែកកាត់បន្ថយគម្លាតចំណេះដឹងយ៉ាងហោចណាស់២០ឆ្នាំ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ រវាងប្រទេសចិន និងប្រទេសរីកចម្រើន។
រហូតមកដល់បច្ចុប្បន្ន សម្រាប់ថ្នាក់ឧត្តមសិក្សា គេអង្កេតឃើញថា ចំនួននិស្សិតចិនយ៉ាងច្រើន បាននិងកំពុងបន្តការសិក្សានៅប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អូស្រ្ដាលី ចក្រភពអង់គ្លេស សហភាពអឺរ៉ុប ជប៉ុន កាណាដា និងកូរ៉េខាងត្បូង។ ចាប់តាំងពីឆ្នាំ២០១០ ប្រទេសចិនបានបញ្ចូននិស្សិតរបស់ខ្លួន ក្នុងមួយឆ្នាំៗ ប្រមាណជាង៣០ម៉ឺននាក់ ទៅសិក្សានៅបរទេស ដែលភាគច្រើនជាប្រទេសអភិវឌ្ឍ ហើយចំនួននិស្សិតចិនបានបន្តកើនឡើង រហូតដល់ជាង៦៦ម៉ឺននាក់ នៅឆ្នាំ២០១៨។ ក្នុងនោះ ចំនួនពាក់កណ្តាលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ យោងតាមក្រសួងអប់រំចិន ភាគច្រើននៃនិស្សិតទាំងនោះប្រើប្រាស់ហិរញ្ញវត្ថុខ្លួនឯងផ្ទាល់ ហើយវាតំណាងឱ្យប្រមាណ៩០ភាគរយនៃចំនួនសរុប។ ដូច្នេះ មានតែនិស្សិតប្រហែល១០ភាគរយ ឬត្រឹមប្រមាណ ៦,៦ម៉ឺននាក់ប៉ុណ្ណោះ ដែលទទួលបានការឧបត្ថម្ភពីមូលនិធិសាធារណៈ ឬអាហារូបករណ៍។
អស់រយៈពេលជាច្រើនឆ្នាំ ការផ្លាស់ប្ដូរធនធានមនុស្សរបៀបនេះ ត្រូវគេមើលឃើញថា ជាយុទ្ធសាស្រ្ដឈ្នះ-ឈ្នះ ព្រោះថា រដ្ឋាភិបាលចិនបានមើលឃើញផ្ទាល់ភ្នែកពីការកើនឡើងនូវកម្រិតជំនាញនៃនិស្សិតនិងកម្លាំងពលកម្មរបស់ខ្លួនលើគ្រប់វិស័យ ហើយនិស្សិតចិនក៏ត្រូវអនុញ្ញាតឱ្យសិក្សារៀនសូត្រពីចំណេះដឹង និងការទទួលបានឱកាសដែលមិនធ្លាប់មាននៅក្នុងប្រទេសចិន។ រីឯ បស្ចិមលោកខ្លួនឯងផ្ទាល់ក៏ទទួលបានប្រាក់ចំណូលផងដែរពីនិស្សិតចិន តាមរយៈការបង់ថ្លៃសិក្សា និងការចាយវាយប្រចាំថ្ងៃរបស់ពួកគេ។
កំលុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោមអាណត្តិដឹកនាំរបស់ លោកប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ភាពតានតឹងនយោបាយបានកើតមានឡើង រារាំងដល់និន្នាការនៃការទទួលយកនិស្សិតចិនពីសំណាក់ប្រទេសរីកចម្រើន។ ទោះជាយ៉ាងណា បើយោងតាមអ្នកជំនាញភ្នែកមុតនៅអាស៊ី បង្ហាញថា រហូតមកដល់ពេលបច្ចុប្បន្ន ប្រទេសចិនអាចមានលទ្ធភាពខ្លួនឯងគ្រប់គ្រាន់ ក្នុងការបណ្ដុះបណ្ដាល និងអភិវឌ្ឍចំណេះដឹងលើគ្រប់វិស័យ ទៅកាន់ក្មេងៗជំនាន់ក្រោយ ពីសំណាក់រៀមច្បង ដែលធ្លាប់បានទៅសិក្សារៀនសូត្រនៅបស្ចិមលោក ហើយអាចប្រើប្រាស់វិធីសាស្រ្ដតែមួយដូចគ្នាទៅនឹងប្រទេសរីកចម្រើន។ ជាក់ស្ដែង ពីមួយឆ្នាំទៅមួយឆ្នាំ វីរុសវិជ្ជមានទាំងនោះបានត្រឡប់មកប្រជាជាតិចិនវិញ និងពង្រីករាលដាលវីរុសវិជ្ជមានពេញប្រទេសចិន។
សម្រាប់ជាសក្ខីភាពជាក់ស្ដែង គេអាចអង្កេតឃើញពី ការរីកចម្រើននៃបច្ចេកវិទ្យារបស់ចិនយ៉ាងឆាប់រហ័ស កំលុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជា ការបង្កើតបច្ចេកវិទ្យាថ្មី 5G របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ