អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌា​លុបចោល​​ស្វ័យភាពពិសេស​​​របស់​តំបន់​កាស្មៀរ​ ដោយ​ប្រើក្រិត្យប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ដែន​ដី​ជាប់​ជម្លោះ​ជាមួយ​ប៉ាគីស្ថាន ​ភាព​តាន​តឹងកំពុង​ឡើង​​​ខ្លាំង​ជា​លំដាប់​ស្រាប់​ផង នៅ​តែ​ថ្ងៃ​នេះតំបន់​កាស្មៀរ​ឥណ្ឌា​ បាន​បាត់​បង់​លក្ខន្តិកៈ​ពិសេស​របស់​ខ្លួន​ទៀត។ រដ្ឋាភិបាល​​ជាតិ​និយម​ឥណ្ឌូ របស់​លោក ណារិនដ្រា ម៉ូឌី បាន​សម្រេច​លុប​ចោល​ស្វ័យភាព​របស់​រដ្ឋ​ Jammu-et-Cachemire (តំបន់​កាស្មៀរ) ដែល​ធ្លាប់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឥណ្ឌា តាម​រយៈ​​ក្រិត្យប្រធានាធិបតី​។ សេចក្តី​ប្រកាស​ត្រូវ​ធ្វើ​ឡើង​នៅ​សភា​ជាតិ​ឥណ្ឌា ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្រោម​សម្រែក​រិះគន់​របស់​របស់​បក្ស​ប្រឆាំង។

កងកម្លាំង​សន្តិសុខ​ឥណ្ឌា ពង្រាយ​នៅ​តំបន់​កាស្មៀរ ថ្ងៃទី ៥ សីហា ២០១៩
កងកម្លាំង​សន្តិសុខ​ឥណ្ឌា ពង្រាយ​នៅ​តំបន់​កាស្មៀរ ថ្ងៃទី ៥ សីហា ២០១៩ REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ទី ៥ សីហា​នេះ រដ្ឋាភិបាល​​ជាតិ​និយម​ឥណ្ឌូ របស់​លោក ណារិនដ្រា ម៉ូឌី បាន​ចេញ​ក្រិត្យ ​លុប​ចោលលក្ខន្តិកៈ​ពិសេស​របស់​រដ្ឋ​ Jammu-et-Cachemire (តំបន់​កាស្មៀររ) ដែល​ធ្លាប់​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឥណ្ឌា។ ក្រិត្យ​របស់​ប្រធានាធិបតី​ ត្រូវ​ចូល​ជា​ធរមានភ្លាម និងទៅ​​ជំនួស​ច្បាប់​ចាស់​ទាក់ទង​នឹង​រដ្ឋ​Jammu et Cachemire ត្រង់​មាត្រ​៣៧០​ ​​ភ្លាម​តែ​ម្តង។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល។

លក្ខន្តិកៈ​ពិសេស​នៃ​តំបន់​កាស្មៀរ ចំណាស់ ៧ ទសវត្សរ៍

មាត្រា៣៧០​ នៃ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា បាន​ចែង​ផ្តល់​សិទ្ធិ​ពិសេស​ដល់​តំបន់​ កាស្មៀរ និង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដាលី អាច​ចាត់​ចែង​គ្រប់គ្រង​តែ​ក្នុង​វិស័យ​ការពារ​ជាតិ កិច្ចការបរទេស ហិរញ្ញវត្ថុ និង​ទំនាក់ទំនង​ក្នុង​តំបន់។ ឯ​អំណាច​ផ្សេង​ទៀត ត្រូវ​ស្ថិត​នៅ​ក្រោម​ទំនួល​ខុស​ត្រូវ​របស់​សភា​មូលដ្ឋានទាំង​អស់។ សិទ្ធ​ការងារ ឬសិទ្ធិ​ទិញ​ដី ទិញ​​អចលនទ្រព្យ​ និង​ សូម្បី​តែ​ច្បាប់​ព្រហ្មទណ្ឌកាស្មៀរ ក៏​ខុស​ពី​តំបន់​ផ្សេងៗ​របស់​ឥណ្ឌា​ដែរ។ ​ពោល​គឺ​តំបន់​កាស្មៀរ ជា​រដ្ឋ​មាន​ស្វ័យភាព​ច្រើនដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។

ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ តាមរយៈ​ការ​លុប​លក្ខន្តិកៈ​ពិសេស ដោយ​ប្រើ​ក្រិត្យ​ប្រធានាធិបតី រដ្ឋ​Jammu et Cachemire លែង​មាន​ឈ្មោះ​​ជា​រដ្ឋ​សហព័ន្ធ​ទៀត​ហើយ គឺធា្លក់ឋានៈមក​នៅ​​ត្រឹម​តែ​ជា​ដែនដី​សហភាព​តែ​ប៉ុណ្ណោះ។ មាន​ន័យ​ថាតំបន់​នឹង​ត្រូវស្ថិត​នៅ​ក្រោម​អំណាច រដ្ឋបាល​ ផ្ទាល់​របស់រដ្ឋាភិបាល​ក្រុង​​ញូវដាលី​ និង​អស់​​ស្វ័យភាព​ស្ទើរ​តែ​រលីង​។ ប្រធានាធិបតី​បាន​ចុះ​ហត្ថលេខា​អនុម័តរួច​ហើយ ​​ក្រិត្យ​ក៏​ចូល​ជា​ធរមាន បម្រាម​ហាមឃាត់​មិនឱ្យ​អ្នក​ក្រៅ​​ (អ្នក​គ្មាន​ដើម​កំណើត​នៅ​កាស្មៀរ) ទិញ​ដី​ក្លាយ​ជា​ម្ចាស់​​អចលនទ្រព្យ​ក៏​ត្រូវ​រលាយដែរ។

មិន​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី​ ​ណារិនដ្រា ម៉ូឌី បាន​ថែម​ទាំង​លើក​គម្រោង​ច្បាប់​ស្នើ​ទៅ​កាន់​សភា ពុះ​ចែក​រដ្ឋ​Jammu et Cachemire​ទៀត។ រដ្ឋ​Jammu-et-Cachemire ជា​បន្សំ​នៃ​បី​តំបន់ ៖ Jammu ភាគ​ច្រើន​ជា​ពលរដ្ឋ​ហិណ្ឌូ -កាស្មៀរ ជា​បណ្តុំ​អ្នក​កាន់​សាសនា​អ៊ីស្លាម និង​ឡាដា មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា។ Ladakh ដែល​ជា​តំបន់​ប៉ែក​​ខាងកើតរដ្ឋ​ និង​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ នឹង​ត្រូវបំបែក​​​​ចេញ​ពី​រដ្ឋ​Jammu-et-Cachemire។

ពាក្យ​សន្យា​ក្នុងពេល​ឃោសនា​បោះឆ្នោត

​លក្ខន្តិកៈ​ពិសេស​នេះ ត្រូ​វ​បានរដ្ឋាភិបាល​ឥណ្ឌា​ផ្តល់​ឱ្យ​តំបន់​កាស្មៀរ នៅ​​ឆ្នាំ​១៩៤៩​ មួយ​ឆ្នាំ​ក្រោយ​សង្គ្រាមជាមួយ​ប៉ាគីស្ថាន និង​ដោយហេតុ​តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​​កាន់​សាសនា​អ៊ីស្លាម។ សម្រាប់​ប្រជាពលរដ្ឋ​ឥណ្ឌា ភាគ​ច្រើន លក្ខន្តិកៈ​ពិសេស​សម្រាប់​តំបន់​កាស្មៀរ ជា​តំណាង​ភាព​មិន​ប្រក្រតី​​នៃ​រដ្ឋ​ធម្មនុញ្ញ ហេតុដូច្នេះហើយ​បាន​រដ្ឋាភិបាល​ត្រូវ​តែ​បិទ​បញ្ចប់។

ចង់ដាក់​តំបន់​កាស្មៀរ​ ឱ្យស្ថិត​នៅក្រោមការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល គឺ​ជា​បំណង​ប្រាថ្នា​របស់​បក្ស​ជាតិ​និយម​ហិណ្ឌូ តាំង​ពី យូរយារ​ណាស់​មក​ហើយ។ នៅ​ក្នុង​សម័យ​​ឃោសនា​បោះឆ្នោត​ ការ​លុប​លក្ខន្តិកៈពិសេស ដក​ស្វ័យភាព​​ពី​​តំបន់​កាស្មៀរ​ ជាពាក្យ​សន្យាមួយ​​របស់​លោក ណារិដ្រា ម៉ូឌី។ លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​ឈ្នះ​ឆ្នោត ​​ យ៉ាង​ត្រចះ​ត្រចង់​ កាលពី​ខែ​មេសា សម្រាប់​អាណត្តិ​ទីពីរ។

តំបន់​កាស្មៀរ ត្រូវ​ពុះ​​ចែក​ជា​ពីរ​ ម្ខាង​ប៉ាគីស្ថាន ម្ខាង​ឥណ្ឌា នៅឆ្នាំ​១៩៤៧ នៅ​ពេល​ឥណ្ឌា​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​អង់គ្លេស។ ប្រទេស​ទាំងពីរឈ្លោះ​ដណ្តើម​គ្រប់​គ្រង​តំបន់នេះ​ទាំង​មូល ​តែ​ម្នាក់​ឯង​ដូច​គ្នា រហូត​មាន​សង្គ្រាម​ជា​ច្រើន​លើក​ផង និង​បន្ត​មាន​ភាព​តឹង​នឹង​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ។ នៅ​ខាង​ឥណ្ឌា តាំង​ពី​ឆ្នាំ​១៩៨៩​មក​ ចរន្ត​ទាមទារ​ផ្តាច់​ទឹក​ដី​បាន​បះបោរ​ខ្លាំង​ ដែល​បង្ក​​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​មនុស្ស​អស់​ជាង ៧​ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ជន​ស៊ីវិល។ សកម្មភាព​ឧទ្ទាម​បះបោរ​នេះ​ គឺ​ដោយ​មាន​ជំនួយ​ពីយោធា​ប៉ាគីស្ថាន​ នេះ​ជា​ការចោទ​ប្រកាន់​របស់​​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ស្វែង​រក​គ្រប់​មធ្យោបាយ គ្រប់គ្រង​ និង​ក្តោប​តំបន់​នេះក្នុង​​​ដៃ​របស់​ខ្លួន តាម​រយៈ​ការ​លុប​ចោល​លក្ខន្តិកៈ​ពិសេស ចំណាស់​៧​ទសវត្សរ៍​ ពី​តំបន់​កាស្មៀរ​នេះ​ឯង។

ហានិភ័យ​នៃ​ការបះបោរ

ជម្រើស​ប្រើ​វិធានការ​ដក​ស្វ័យភាព​តំបន់​កាស្មៀរ តាមរយៈ​​ក្រិត្យ​ប្រធានាធិបតី ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​សម្ងាត់​បំផុតនោះ ពិត​ជា​នឹង​អាច​បង្ក​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​កាន់​តែ​ខ្លាំង ជាពិសេស​នៅផ្នែក​​តំបន់​កាស្មៀរនៃ​រដ្ឋ​Jammu-et-Cachemire ពី​សំណាក់​សហគមពលរដ្ឋ​​​អ៊ីស្លាម ដែល​មិន​ចូល​ចិត្ត​ឥណ្ឌា​ ជាក់​ជា​មិន​ខាន។

ភ្លាមៗ​នេះ គេសង្កេត​ឃើញ​មាន​ប្រតិកម្ម​ចាប់​ធ្លាក់​មក​ជា​បណ្តើរៗ​ហើយ។ អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ក្នុង​តំបន់បាន​នាំ​គ្នា​បរិហារ​សេចក្តី​សម្រេច​ជា​ឯកតោភាគី​របស់​រដ្ឋាភិបាល​ ថា​ជាការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ ! ផលវិបាក​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​សម្រាប់​ឧបទ្វីប។

ប៉ាគីស្ថាន​ដែលជា​ភាគី​​ជាប់​ជម្លោះផ្ទាល់ បាន​ថ្លែង​ថ្កោល​ទោស​ និង​ច្រាន​ចោល​សេចក្តី​សម្រេច​របស់​ឥណ្ឌា​ ដោយ​បាន​សន្យា​ប្រើ​គ្រប់​អំណាច​ដែល​ខ្លួន​មាន​ប្រឆាំង​នឹង​វិធានការ​ខុស​ច្បាប់​របស់រដ្ឋាភិបាល​ក្រុង​ញូវដាលី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​ប៉ាគីស្ថាន ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កាស្មៀរ​នៅ​ប៉ាគីស្ថាន​ ប្រុងប្រយ័ត្ន​ខ្ពស់។

ឥណ្ឌាបង្ការ​ខ្លួន​ដោយ​ប្រើ​មធ្យោបាយ​ធំ

តែ​​​រដ្ឋាភិបាល​ឥណ្ឌា ក៏​ដឹង​ខ្លួន​ជា​មុន និង​​បាន​ត្រៀម​ជើង​ព្រួល​ ​ដែរ​ ! ក្នុង​ទស្សនៈ​វិស័យ​ទប់​ស្កាត់​ការ​បះបោរ អាជ្ញាធរ​ឥណ្ឌា​បាន​ដាក់​ពង្រាយ​កម្លាំង​រក្សាទាហាន​ ប្រមាណ​ជាង​៨ម៉ឺន​នាក់​បន្ថែម​​ ពី​លើ​ចំនួន​ទាហាន​ជាង​១ម៉ឺន​នាក់​ ដាក់​ពង្រាយ​កាលពី​​១០​ថ្ងៃ​មុន។ នៅ​ថ្ងៃ​ចន្ទ​នេះ​ ពលរដ្ឋ​នៅ​តំបន់​កាស្មៀរ ត្រូវបាន​កាត់​ផ្តាច់​ពី​ពិភពលោក ! ​អ៊ីនធ័រនែតត្រូវ​កាត់​ផ្តាច់​តាំង​ពី​ព្រលឹម​ គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​ ​ទូរស័ព្ទ​ ត្រូវ​បិទ​ខ្ទប់ អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​តាម​មូលដ្ឋាន​ត្រូវ​ឃុំ​ខ្លួន​ក្នុង​គេហដ្ឋាន​រៀងៗ​ខ្លួន។

តាំង​ពី​ល្ងាច​មិញ​មក អាជ្ញាធរ​ឥណ្ឌា បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ហាមឃាត់​មិន​ឱ្យ​មាន​ការ​ជួប​ជុំ ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ទីសាធារណៈរបស់​ Srinagar ក្រុង​ដ៏​ធំ​និង​សំខាន់​ជាង​គេ​របស់​ដែនដី​ ​Jammu et Cachemire និង​តំបន់​ជុំ​វិញ។ សាលា​រៀន មហាវិទ្យាល័យ សកលវិទ្យាល័យ ត្រូវ​បិទ​ទ្វារ​នៅ​ទូទាំង​រដ្ឋ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី។

អ្នក​ទេសចរ អ្នក​ស្វែង​ធម៌ ស្វែង​រក​បុណ្យ និងនិស្សិត កំពុង​ស្លន់​ស្លោ​រត់​ចេញ​ពី​តំបន់កាស្មៀរ តាម​ជើង​យន្តហោះ ឬ​តាម​ផ្លូវ​គោក ក្រោយ​ពី​បាន​ឃើញ​សេចក្តី​​ណែនាំរបស់​រដ្ឋាភិបាល កាលពី​ថ្ងៃ​សុក្រ ឱ្យ​ពួក​គេ​ចាកចេញ​ជា​បន្ទាន់​ពី​ដែន​ដី​នេះ ព្រោះ​មាន​សញ្ញា​នៃ​​ការ​គំរាម​កំហែង​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ