អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី៥ សីហា ប្រាក់យ័ន​ចិន​បាន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ដោយ ១ដុល្លារ​ដូរ​បាន​ដល់​ទៅ ៧យ័ន។ គិត​តាំង​ពី​ឆ្នាំ ២០០៨ នេះ​ជា​លើកទី១ ដែល​ប្រាក់យ័ន​ចិន​បាន​បាត់បង់​តម្លៃ​ខ្លាំង​ប្រឈម​នឹង​ប្រាក់ដុល្លារ​អាមេរិក។ ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ពេល​ដែល​សង្រ្គាមពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ព្រឹត្តិការណ៍​ថ្មី​មួយ​នេះ​អាច​ធ្វើ​ឲ្យ​សង្រ្គាមពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។ តើ​ប្រាក់យ័ន​ចិន​ធ្លាក់​ថ្លៃ​ជា​កំហុស​របស់​អ្នក​ណា និង​ថា តើ​រូបិយប័ណ្ណ​ធ្លាក់​ថ្លៃ​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​ខ្លះ?

ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង
ប្រាក់យ័នចិនធ្លាក់ថ្លៃអាចជាកត្តាថ្មីមួយទៀតជំរុញសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកឲ្យធ្លាក់ដុនដាបកាន់តែខ្លាំង REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

១ដុល្លារអាមេរិក​ដូរ​បាន ៧យ័នចិន គឺ​ជា​តម្លៃ​មួយ​មិន​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល ១១ឆ្នាំ​កន្លង​ទៅ ពោល​តាំង​ពី​ឆ្នាំ ២០០៨។ ចិន​តាម​រយៈ​ប្រធាន​ធនាគារ​កណ្តាល​លោក​លី កង់​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ចិន​មិន​បាន​លូក​ដៃ​ចូល​អន្តរាគមន៍​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់យ័ន​ពេល​នេះ​ទេ និង​ថា អត្រា​ប្តូរ​ប្រាក់យ័នចិន​ទល់​នឹង​ប្រាក់ដុល្លារ​អាមេរិក​ឡើង​ចុះ​ពេល​នេះ​បាន​ឆ្លុះបញ្ជាំង​ត្រឹមត្រូវ​នឹង​បរិបទ​សេដ្ឋកិច្ច​ចិន​សព្វថ្ងៃ​ជាមួយ​នឹង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ។ ប្រធាន​ធនាគារកណ្តាល​ចិន​លោក​អ៊ី កង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ចិន​នឹង​មិន​ប្រើ​ប្រាក់យ័ន​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​ជម្លោះ​ខាង​ក្រៅ ដូច​យ៉ាង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទេ។ បន្ទាប់​មក លោក​អ៊ី កង់​បាន​លើក​ឡើង​នូវ​កត្តា​ចំនួន ៣ ដែល​បាន​ធ្វើ​ឲ្យ​ប្រាក់យ័នចិន​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ពេល​នេះ ទី១ ការ​អនុវត្តន៍​នយោបាយ​ឯកតោភាគី ទី២ វិធានការ​ការពារ​និយម និង​ទី៣ ការ​ដំឡើង​តម្លៃពន្ធ។

ទោះ​បី​ជា​លោក​អ៊ី កង់​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​សំដៅ​លើ​សហរដ្ឋអាមេរិក​ដែល​កំពុង​បន្ត​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ប្រាក់យ័ន​ចិន​ធ្លាក់​ថ្លៃ​ខ្លាំង​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ សីហា​ថ្មីៗ​នេះ​ថា លោក​នឹង​ដំឡើង​ពន្ធ ១០% បន្ថែម​លើ​ទំនិញ​ចិន​នាំ​ចូល​សហរដ្ឋអាមេរិក​ដែល​មាន​ទឹកប្រាក់​សរុប ៣០០ ០០០លានដុល្លារ​ចាប់​ពី​ថ្ងៃ​ទី១ កញ្ញា ឆ្នាំ ២០១៩។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ទីផ្សារ​សេរី តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយ​អាស្រ័យ​លើ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ហើយ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន រួម​មាន តុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម អត្រា​ការប្រាក់​នាំ​មុខ​របស់​ធនាគារកណ្តាល ឬ​មួយ​ក៏​អត្រា​អតិផរណា​ជា​ដើម។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា រដ្ឋ​មាន​តួនាទី​ជា​អ្នក​ធានា​ស្ថិរភាព និង​និរន្តរភាព​នៃ​គោលនយោបាយ​អត្រា​ប្តូរប្រាក់។ បើ​ដូច្នោះ​មែន ចុះ​ហេតុអ្វី​បាន​ធនាគារកណ្តាល​ចិន​មិន​ចេញ​អន្តរាគមន៍​ទប់​ស្កាត់ ហើយ​បែរ​ជា​ទុក​បណ្តោយ​ឲ្យ​តម្លែ​ប្រាក់យ័ន​របស់​ខ្លួន​ធ្លាក់​ថ្លៃ​របៀប​នេះ​ទៅ​វិញ។ ទោះ​បី​ជា​ចិន​បាន​លើក​យក​ហេតុផល​អ្វី​ទៅ​ពន្យល់​ក៏​ដោយ​ក៏​លោក​ត្រាំ​មិន​ញញើត​ចោទ​ចិន​ពី​បទ​បាន​ទម្លាក់​តម្លៃប្រាក់យ័ន​របស់​ខ្លួន​ដោយ​ចេតនា។ អ្វី​ដែល​លោក​ត្រាំ​បាន​លើក​ឡើង​ពិត​ជា​មិន​ខុស​ឡើយ ព្រោះ​នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​រដ្ឋាភិបាល​ចិន​បាន​លូកដៃ​អន្តរាគមន៍​នៅ​ក្នុង​អត្រា​ប្តូរ​ប្រាក់យ័ន​ដើម្បី​គាំទ្រ​វិស័យ​នាំ​ចេញ​របស់​ខ្លួន។ ចូរ​កុំ​ភ្លេច​ថា នៅ​ពេល​ដែល​តម្លៃ​រូបិយប័ណ្ណ​មួយ​បាត់បង់​តម្លៃ​របស់​វា តម្លៃ​ទំនិញ​ដែល​ដោះដូរ​ដោយ​រូបិយប័ណ្ណ​នោះ​ក៏​មាន​តម្លៃ​ថោក​ដែរ។ មែនទែន​ទៅ និង​ដើម្បី​មាន​ប្រៀប​ជាង​ដៃគូ​របស់​ខ្លួន ចិន​តែ​អន្តរាគមន៍​លើ​អត្រា​ប្តូរប្រាក់យ័ន​ដើម្បី​ផ្តល់​សន្ទុះ​លើ​វិស័យ​នាំ​ចេញ។

ក្រុង​ប៉េកាំង​យល់​មិន​ច្រឡំ​ទេ​ថា នយោបាយ​ដំឡើងពន្ធ​លើ​ទំនិញ​របស់​ខ្លួន​ពី​សំណាក់​លោក​ត្រាំ​នឹង​ធ្វើ​ឲ្យ​ទំនិញ​នាំ​ចេញ​ពី​ចិន​មាន​តម្លៃខ្ពស់​ជាង​ទំនិញ​របស់​គូប្រជែង។ ដូច្នេះ​មាន​តែ​ការ​ទម្លាក់​តម្លៃ​ប្រាក់យ័ន​ទេ​ទើប​ចិន​អាច​ទប់ទល់​នឹង​ការ​ដំឡើង​ពន្ធ​ពី​សហរដ្ឋអាមេរិក និង​ទាញ​ចំណេញ​ពី​សង្រ្គាមពាណិជ្ជកម្ម​ពេល​នេះ​បាន។ តែ​ទន្ទឹម​នឹង​ហុច​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចជាតិ នយោបាយ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណជាតិ​ក៏​អាច​បំផ្លាញ​សេដ្ឋកិច្ចជាតិ​ដែរ ពិសេស​បង្ខំ​ក្រុម​អ្នកវិនិយោគ​ឲ្យ​យក​លុយ​ទៅ​ទុក​នៅ​បរទេស។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ ធនាគារកណ្តាល​ចិន​បាន​អន្តរាគមន៍​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រាក់យ័ន​ដោយ​បាន​ចំណាយ​លុយ​ដល់​ទៅ​ជាង ១ ០០០ ០០០លានដុល្លារ​ដើម្បី​ប្រមូល​ទិញ​ប្រាក់យ័ន​ពី​ទីផ្សារ។

ក្រៅ​ពី​អាច​បំផ្លាញ​សេដ្ឋកិច្ច​ខ្លួន​ឯង នយោបាយ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​របស់​ចិន​ពេល​នេះ​ក៏​អាច​ជះ​ផលវិបាក​សម្រាប់​សេដ្ឋកិច្ច​ក្នុង​លោក​ដែរ។ តើ​ផលវិបាក​សម្រាប់​សេដ្ឋកិច្ច​ក្នុង​លោក​នឹង​អាច​មាន​កម្រិត​ណា​នោះ គឺ​វា​អាស្រ័យ​លើ​ចម្លើយ​តប​វិញ​របស់​ភាគី​អាមេរិកាំង​នា​ពេល​ខាង​មុខ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ សង្រ្គាមពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​ទាំង​ពីរ​ដែល​កំពុង​បន្ត​តានតឹង​ស្រាប់​អាច​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ