អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បញ្ចូន​ទ័ព​​ទៅ​​ព្រំដែន​​ហុងកុង ត្រាំ​​ភ្ជាប់​​​សង្គ្រាម​ពាណិជ្ជកម្ម​​ទៅ​​នឹង​​វិបត្តិ​ហុងកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ សីហា​នេះ ប៉េកាំង​បាន​បញ្ជូន​កង​កម្លាំងទ័ព​យ៉ាង​ច្រើន​ត្រៀម​ត្រា ទៅ​ឈរ​ជើង​នៅ​ស្តាត Shenzhen ជាប់​​ព្រំដែន​ជាមួយ​ដែន​​ដីហុងកុង​ហើយ។ ហើយ​ក្នុង​ពេល​ជា​មួយគ្នា​នេះ​​​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញ​ប្រតិកម្ម​ជា​លើក​ដំបូង ភ្ជាប់​វិបត្តិ​ហុងកុង​ទៅ​នឹង​ជម្លោះ​​ពាណិជ្ជកម្ម ចិន-អាមេរិក។ បើ​តាម​លោក​ត្រាំ ​ប៉េកាំងត្រូវ​ដោះស្រាយ​វិបត្តិ​ហុងកុង​ ដោយ​មនុស្សធម៌​ បើ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

កង​អាវុធហត្ថ​ចិន នៅ​ស្តាត Shenzhen ថ្ងៃទី ១៥ សីហា ២០១៩
កង​អាវុធហត្ថ​ចិន នៅ​ស្តាត Shenzhen ថ្ងៃទី ១៥ សីហា ២០១៩ STR / AFP
ផ្សាយពាណិជ្ជកម្ម

កងកម្លាំង​ទ័ពចិន កំពុង​បង្ហាញ​វត្តមាន​យ៉ាង ត្រៀបត្រា នៅ​ក្នុង​ស្តាត​​Shenzhen ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​មិន​ដល់​៧​គីឡូម៉ែត្រ​ពី​ព្រំដែន​ហុងកុង និង​ ៥៦​គីឡូម៉ែត្រ​ពីអាកាសយានដ្ឋាន​ហុងកុង ពោល​គឺ​ទ័ព​ចិន​ត្រូវ​ការ​ពេល​តែ​១០​នាទីប៉ុណ្ណោះ អាច​ចេញ​ធ្វើ​អន្តរាគមន៍​នៅ​ហុងកុង​បាន​ហើយ។

​កម្លាំង​ទ័ព​ ទាំង​កងៗ ទាំង​ផែន ​កំពុង​ហែជា​ក្បួន ហាត់​រត់​​ ខ្លះ​ទៀតជា​កង​​ម៉ូតូ​ ជិះព័ទ្ធ​ជុំ​វិញ​ស្តាត។ ក្រៅ​ពី​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ក្បួន​ឡាន​កាមីញ៉ុង ព្រម​ទាំង​កង​ដឹកជញ្ជូន​រថពាសដែកទៀត។

កងកម្លាំង​ទាំង​នេះ ទំនង​ជា​ទ័ព​នៃ​កង​អាវុធ​ហត្ថ​ចិន។ កងអាវុធ​ហត្ថ​ មាន​បន្ទុក​ជាចាត់​ចែង​ការពារ​សណ្តាប់​ធ្នាប់​សង្គម និង​ស្ថិត​នៅ​ក្រោម​បង្គាប់​​របស់​គណៈកម្មការ​យោធា​មជ្ឈិម​បក្ស ដែល​ជា​ស្ថាប័ន​ដឹកនាំ​ដោយបុគ្គល​​ប្រធានាធិបតី​ស៊ី ជីនពីង ​ផ្ទាល់​តែ​ម្តង។

ប៉េកាំង​មិន​ឈរអោប​ដៃ​មើល​ហុងកុង​ដាក់​ដុនដាប

គេ​មិន​ដឹង​អំពី​​មូលហេតុ​ពិត​ប្រាកដ​ នៃ​វត្តមាន​កងកម្លាំង​អាវុធហត្ថ នៅមាត់ច្រក​ហុងកុងនេះ​ទេ។ គ្រាន់​តែ​ថា តាំង​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ប៉េកាំង បាន​ព្រលយ បាន​បង្ហោះ​សំដី​ អំពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​យោធា​ ដើម្បី​នាំ​សណ្តាប់​ធ្នាប់​មក​ឱ្យ​ហុងកុង​ តំបន់​ដែនដីដែល​ធ្លាប់​ស្ថិត​ក្រោម​អតីត​អាណានិគម​អង់គ្លេស។

បើ​តាម​Global Times កងអាវុធ​ហត្ថ ធ្វើ​ដំណើរ​មក​ShenZhen ក្នុង​ក្របខ័ណ្ឌ​នៃ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ។ ឯតំណាង​អាមេរិក​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​​អះអាង​​ថា​ចិន​ពិត​ជា​បាន​បញ្ជូន​ទ័ព​ទៅ​ផ្តុំ​ជើង​នៅ​ព្រំដែន​ហុងកុង​មែន តែ​គ្មាន​សញ្ញា​អ្វី​បញ្ជាក់ថា​កងពល​នេះ​នឹង​បន្ត​ដំណើរ​ឆ្លង​ព្រំដែន​ទេ។ ចំណែក​សារព័ត៌មាន​​របស់​បក្ស​​កុម្មុយនិស្ថនិយម​ បាន​រៀប​រាប់​អំពី​តួនាទី​របស់​កងពល​អាវុធ​ហត្ថ​ថា​ មាន​សមត្ថកិច្ច​បង្ក្រាប​​ការ​បះបោរ បង្ក្រាប​កុប្បកម្ម​ ការ​ប៉ះទង្គិច​ហិង្សា ធ្ងន់ធ្ងរ បង្ក្រាប​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយប្រហារភេរវកម្ម​ និង​ហេតុការណ៍​ផ្សេងៗ​ដែល​នាំ​ប៉ះពាល់​​ដល់​សន្តិភាព​សង្គម។ បើ​តាម​កាសែត​​នេះ​ដដែល វត្តមាន​កងអាវុធ​ហត្ថ ជា​សារ​ដ៏​ច្បាស់​សម្រាប់​ក្រុម​កុប្បករហើយ។ ចិន​ពិត​ជា​មិន​ឈរ​អោប​ដៃ​ស្ងៀម​ទេ ប្រសិន​បើ​ស្ថាន​ភាព​នៅ​ហុងកុង​លែង​គ្រប់គ្រង​បាន​។ នេះជា​សំដី​របស់​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​ឡុងដ៍។

ឃើញ​ទាហាន​ មាន​ប្រតិកម្ម​

ពីមុន​មក​គេ​ឮ​ និង​ឃើញ​មាន​ប្រតិកម្ម​ខ្លះ​ដែរ ជុំ​វិញ​វិបត្តិ​នៅហុងកុង​នេះ តែ​ដោយ​គ្មាន​ប្រើ​សំឡេង​និង​ភាសា​ធ្ងន់​ដាក់​ចិន​ទេ។ ប៉ុន្តែ​តាំង​ពី​ម្សិលមិញ​មក ប្រតិកម្ម​នយោបាយ​ចាប់​ផ្តើម​កក្រើក។ បារាំង​ តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​ស្រែក​ប្រកាស​ជំហរ​ចង់​ឃើញ​ចិន​គោរព​និង​ធានា​លក្ខន្តិកៈ​ស្វ័យភាព​ពិសេស​របស់​ហុងកុង។ ក្រសួងការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ​ព្រមាន​ជា​លើក​ទីមួយ​ ជំរុញដោយ​ចំៗ ​ឱ្យ​ប៉េកាំង​គោរពកិច្ចសន្យា​ជាមួយ​អង់គ្លេស ផ្តល់​​​ស្វ័យភាពកំរិត​ខ្ពស់​ឱ្យ​​ហុងកុង​ ដោយ​លម្អិតថា “សេចក្តី​ថ្លែងការណ៍​ចិន-អង់គ្លេស ឆ្នាំ​១៩៨៤ ព្រមប្រគល់​ហុងកុង​ទៅ​ឱ្យ​ចិន​គ្រប់គ្រង​វិញ ចាប់​ពី​ឆ្នាំ១៩៩៧ បាន​ចែង​ថា ហុងក្រុង​ត្រូវ​មានប្រព័ន្ធ​ តុលាការ ច្បាប់ និង​អំណាច​ប្រតិបត្តិ​ជា​របស់​ខ្លួន​ដាច់​ដោយ​ឡែក និង​មាន​​ស្វ័យភាព​កំរិត​ខ្ពស់​ លើក​លែង​តែ​​វិស័យ​ការបរទេស​និង​ការពារ​ជាតិ។

លោក​ត្រាំ ភ្ជាប់​សំណុំ​រឿង​ពាណិជ្ជកម្ម​ទៅ​នឹង​វិបត្តិ​ហុងកុង

​សេណារីយោ​ចិន​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ហុងកុង​លេច​កាន់​តែ​ច្បាស់។ ​ស្ថានការណ៍​ក៏​ចាប់​ប្រែក្រលាស់ ! បើ​មាន​អន្តរាគមន៍​យោធា​ បង្ក្រាប​បាតុករប្រជាធិបតេយ្យមែន​ នោះ​ស្វ័យភាព​របស់​ហុងកុង​នឹង​កាន់​តែ​ធ្លាក់​ចុះ ឬ​អាច​ត្រូវ​បាត់​បង់​តែម្តង​ផង។ ​បើ​​​ស្វ័យ​ភាព​ហុងកុង​ធ្លាក់​ចុះ អាមេរិក​ពិត​ជា​ផល​ប៉ះពាល់ទៅ​លើ​ភាព​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​​​​នៅ​ហុងកុង​។ អ៊ីចឹង​ហើយ​បាន​ជា​លោក​ដូណាល់ ត្រាំ មិន​អាចបិទ​មាត់​​នៅ​ស្ងៀម​បាន​ទៀត។

ប្រឈម​នឹង​ហានិភ័យ​ចិន​ចេញ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ហុងកុង លោកប្រធានាធិបតី​​ក៏​ចាប់​លូក​មាត់​ លូកក​ព្រមាន​ និង​ដាក់​សម្ពាធ​លើ​ចិន ដោយ​យក​​សំណុំរឿងដ៏​​ក្តៅ​​គគុក​ពីរ មក​ភ្ជាប់​គ្នា​ ៖ ការទូត (វិបត្តិហុងកុង) និង​សេដ្ឋកិច្ច (ការចរចាពាណិជ្ជកម្ម)។ លោក​ត្រាំ​បាន​ព្រមាន​ថា ចិន​បាត់បង់ការងារ​អស់​រាប់​លាន ក្រុមហ៊ុន​រាប់​ពាន់​ចាកចេញ​ពី​ចិន ​! ប្រាកដ​ណាស់​ដែល​ថា​ចិន​ត្រូវការ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ (ជាមួយ​អាមេរិក) ដូច្នេះចិន​ត្រូវ​ដោះស្រាយវិបត្តិ​ហុងកុង​តាម​បែប​​មនុស្សធម៌សិន ! នៅ​សារ​ទ្វីត​មួយ​ផ្សេង​ទៀត លោក ត្រាំ បាន​លើក​សរសើរ​លោក​ស៊ី ជីនពីង ថា​ពិត​ជា​អាច​ដោះស្រាយ​វិបត្តិ​ហុងកុង​ តាម​ផ្លូវ​មនុស្សធម៌​បាន ប្រសិន​បើ​លោក​ស៊ី​ចង់។ លោក​ត្រាំ បាន​ណែនាំ​ឱ្យ​លោក​ស៊ីជិនពីង ទៅ​ជួបផ្ទាល់នឹង​បាតុករ នោះ​ស្ថានភាព​នឹង​បាន​ធូរ​ស្បើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ