អានតួអត្ថបទ

ភូមា ៖ ពួកឧទ្ទាម​ប្រដាប់​អាវុធ បើក​ការវាយ​ប្រហារ​លើ​យោធា

ក្រុម​ឧទ្ទាមប្រដាប់​អាវុធភូមា​​ ​ បាន​បើក​ការ​វាយប្រហារ​ជា​ច្រើន នៅ​ភាគ​ខាង​ជើងប្រទេស ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី ១៥​សីហា ២០១៩​នេះ។ ជា​​​លើក​ទី​មួយ សាលា​រៀន​យោធា​មួយ​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីបនៃការ​វាយប្រហារ។ មានស្លាប់​យ៉ាង​ហោច​ណាស់ ១៤នាក់ ខ្លះ​ជា​ប៉ូលិស ខ្លះ​ជា​ទាហាន ព្រមទាំង​ជន​ស៊ីវិល និងអ្នក​រង​​របួស​ជា​ច្រើននាក់ផ្សេង​ទៀត។ តុល្យការ​នៃ​ជន​រងគ្រោះ​អាច​នឹង​ឡើង​ខ្ពស់​ទៀត ព្រោះ​ការ​វាយប្រហារ​នៅ​មិន​ទាន់​បញ្ចប់​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។

សាលាយោធា Pyin Oo Lwin ក្បែរ​ក្រុង​ Mandalay រងការ​វាយប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ ថ្ងៃទី ១៥ សីហា ២០១៩
សាលាយោធា Pyin Oo Lwin ក្បែរ​ក្រុង​ Mandalay រងការ​វាយប្រហារ​ពី​សំណាក់​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ ថ្ងៃទី ១៥ សីហា ២០១៩ AFP Photos/STR
ផ្សាយពាណិជ្ជកម្ម

សាលាយោធា ក្នុង​ក្រុង​ទេសចរណ៍​ Pyin Oo Lwin ក្បែរ​ក្រុង​Mandalay ស្ពាន និង​ប៉ុស្តិ៍​ប៉ូលិស នៅ​ភាគ​ឦសានប្រទេស បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​​ការ​វាយប្រហារ ខ្លះ​ដោយ​ប្រើ​គ្រាប់​រ៉ុកកែតផង។

ជា​ការវាយប្រហារដែល​រៀប​ចំនិង​សហការ​គ្នា​ ដោយ​សម្ព័ន្ធ​ក្រុម​ប្រដាប់​អាវុធ​ភាគ​ខាង​ជើង​ដែល​ជា​បណ្តុំ​ក្រុម​ជនជាតិ​ភាគ​តិចប្រដាប់​អាវុធ មាន​ជាអាទិ៍ ក្រុម​យោធា​រំដោះ​ជាតិ​Taaung នៅ​រដ្ឋ​ចាន់Shan ក្រុម​ប្រដាប់​អាវុធ​អារ៉ាកាន ដែល​បង្ក​សកម្មភាព​ឧទ្ទាម​ប្រឆាំង​នឹង​យោធា​ភូមា តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​ នៅ​រដ្ឋ​អារ៉ាកាន​ ភាគ​ខាង​លិច​ប្រទេស និង​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​ម៊ីយ៉ាន់ម៉ា។ យោធា​ភូមា​ក៏​បាន​សម្រេច​​ចិត្ត​បើ​ប្រតិបត្តិការ​វាយតបតវិញ​។

ពួកឧទ្ទាម​ប្រដាប់​អាវុធ​បាន​ពន្យល់​អំពី​មូលហេតុនៃ​ការ​វាយប្រហារ​នេះ ថា​ជា​ការ​វាយបក​ប្រឆាំង​នឹង​គំនាប​របស់​យោធា​ភូមា មក​លើ​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​តំបន់។ យោធាភូមា តាំង​ពី​ខែ​កក្កដា​មក​ ​ ​បាន​បើក​យុទ្ធនាការ​​ប្រឆាំង​នឹងមជ្ឈមណ្ឌល​ផលិត​​គ្រឿង​ញៀន នៅ​ក្នុង​រដ្ឋ​Shan ដោយ​បាន​រឹប​អូស​គ្រឿង​ញៀន ម៉េតាមហ្វេតាមីន​ ក្នុង​បរិមាណរាប់​សិប​រយគីឡូក្រាម។ តំបន់​ដែល​បាន​ក្លាយ​ជា​ជង្រុក​ផលិត​គ្រឿង​ញៀន​សំយោគ​ដ៏​សំខាន់​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ដោយ​សារ ​គ្រឿង​ញៀន​នេះ ទើប​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ ព្រមទាំង​​ឧទ្ទាម​ជនជាតិ​ភាគ​តិចជា​ច្រើន​ផ្សេង​ទៀត អាច​​លុយ​និង​ឈ្លោះ​គ្នា​តាំង​ពី​ជា​ច្រើនទសវត្សរ៍​មក​ ដើម្បី​បាន​គ្រប់គ្រង​ប្រមូល​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​ក្នុង​តំបន់។ វត្តមាន​ ​ និងគម្រោង​​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​របស់ចិន បាន​ធ្វើ​ក្រុម​ប្រដាប់​អាវុធ​កាន់​តែ​ស្រក់​ទឹក​មាត់​​ចង់​ក្រសោប​ដី​ដែលកាន់​តែមាន​តម្លៃឡើងៗ​ថែម​ទៀត។

កាលពី​ពីរ​បី​ថ្ងៃ​មុន ក្រុម​ឧទ្ទាម​នេះ ធ្លាប់​បាន​គំរាមធ្វើ​ការ​សងសឹក​ម្តងហើយ​ ប្រសិន​បើ​យោធា​មិន​បញ្ឈប់​យុទ្ធនាការបោស​សម្អាត​គ្រឿង​ញៀន​ទេ។ ​យោធាភូមា​បាន​សម្រេច​បន្ត​បទ​ឈប់​បាញ់​ជា​ឯកតោភាគី​​រហូត​ដល់​ដំណាច់​ខែ​សីហា ប៉ុន្តែ​គ្មាន​អ្នក​គោរពទេ នេះ​បើ​តាម​ពាក្យ​ចោទ​របស់​ពួក​ឧទ្ទាម។

ការ​វាយប្រហារ​ថ្មី​នេះ ស្តែង​ឱ្យ​ឃើញ​អំពី​បរាជ័យ​នៃ​ការ​ចរចា​សន្តិភាព។ ថ្វី​បើ​លោក​ស្រី​អ៊ុងសានស៊ូជី ធ្លាប់​បាន​សន្យា​ ប្រឹង​ជំរុញ​ការ​ចរចា​រក​សន្តិភាព តាំង​ពី​​នៅ​ពេល​ឡើង​កាន់​អំណាច​ភ្លាមមែន តែ​ជម្លោះ​ប្រដាប់​អាវុធ​​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ នៅ​តាម​តំបន់​​ជា​ច្រើន​របស់​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ